ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្ក្រាប​មិន​បន្ធូរ​ដៃ​របស់​ខ្លួន


លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។(ឡេង ឡែន/VOA)

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន កំពុង​គំរាមកំហែង​បង្កើន​ការ​បង្ក្រាប​របស់​លោក​លើ​ការ​កើន​ឡើង​នូវ​គំនិត​ប្រឆាំង​រដ្ឋាភិបាល​ចំពោះ​គណបក្ស​ប្រឆាំង ដោយ​លោក​បាន​ព្រមាន​ថា អ្នក​ដែល​បាន​ធ្វើ​ខុស មិន​គួរ​បន្ត​ធ្វើ​ខុស​ទៀត​ទេ ដោយ​ហេតុ​ថា កំហុស​នោះ​នឹង​ជះ​ផល​អាក្រក់​ដល់​អ្នក​ដែល​ធ្វើ​ខុស​នោះ​ជាក់ជា​មិន​ខាន‍។

ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ចំពោះ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​លោក។ ប៉ុន្តែ អ្នក​វិភាគ​បាន​ក្រើន​រំឭក​ថា ដំណោះស្រាយ​តាម​បែប​កណ្ដាប់​ដៃ​ខ្លាំង​របស់​លោក​នាយក​រដ្​ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​មិន​អាច​ជួយ​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នោះ​ទេ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​កម្ពុជា​សព្វថ្ងៃ បាន​បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត បន្ទាប់ពី​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ ២០១៣ កន្លង​មក​នេះ។

ប៉ុន្តែ​គណបក្ស​នេះ​បាន​បាត់បង់​សំឡេង​របស់​ខ្លួន​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ បន្ទាប់ពី​គណបក្ស​ប្រឆាំង​បាន​លើក​យក​បញ្ហា​មិន​សប្បាយ​ចិត្ត​ជា​យូរ​មក​ហើយ​របស់​ប្រជាពលរដ្ឋ ដូចជា​បញ្ហា​អំពើ​ពុករលួយ បញ្ហា​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ និង​បញ្ហា​ដណ្ដើម​ដីធ្លី​ប្រជាពលរដ្ឋ​ជា​ដើម មក​ទាក់ទាញ​សំឡេង​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣។

ការ​ខឹង​សម្បារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នេះ ទំនង​ជា​មិន​ងាយ​បាត់​ភ្លាមៗ​នោះ​ទេ។ ហើយ​ការ​បន្ត​របស់​លោក​នៅ​ក្នុង​ការ​រុកកួន​គណបក្ស​ប្រឆាំង​ដោយ​ប្រើ​កម្លាំង​យោធា​កន្លង​មក​នេះ ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​រដ្ឋាភិបាល​បរទេស និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ធ្វើ​ការ​ថ្កោល​ទោស​ព្រមៗ​គ្នា។

កងកម្លាំង​ប្រដាប់​អាវុធ​ចល័ត​តាម​រថយន្ត​ទៅ​វិញ​ទៅ​មក​នៅ​មុខ​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​លើ​ក្នុង​រាជធានីភ្នំពេញ។ ចំនួន​រថយន្ត​មាន​ប្រហែល​ជិត​៣០​គ្រឿង។
កងកម្លាំង​ប្រដាប់​អាវុធ​ចល័ត​តាម​រថយន្ត​ទៅ​វិញ​ទៅ​មក​នៅ​មុខ​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​លើ​ក្នុង​រាជធានីភ្នំពេញ។ ចំនួន​រថយន្ត​មាន​ប្រហែល​ជិត​៣០​គ្រឿង។

នេះ​ជា​ស្ថានការណ៍ ដែល​មិន​អាច​ធ្វើ​ឲ្យ​ធូរស្រាល​បាន ដោយសារ​តែ​មាន​ភាព​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច ខណៈ​ពេល​ដែល​សារព័ត៌មាន Financial Timesបាន​ចេញ​ផ្សាយ​នូវ​ការ​រាយការណ៍​មួយ​អំពី​កិច្ច​ព្រមព្រៀង​សម្ងាត់​រវាង​បក្ខពួក​របស់​លោក ហ៊ុន សែន និង​អ្នក​ជំនួញ​ជាន់​ខ្ពស់​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដូចជា​លោក Fu Xianting ដែល​គេ​ស្គាល់​ថា បង​ធំ Fu នោះ ជា​ដើម។

បញ្ហា​ដណ្ដើម​ដីធ្លី​ប្រជាពលរដ្ឋ និង​ការ​ធ្វើ​ឃាត​អ្នក​វិភាគ​ឯករាជ្យ​លោក កែម ឡី កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ ក៏​ធ្វើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ។

តុលាការ​នេះ​កំពុង​ពិចារណា​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ការ​ដណ្ដើម​ដីធ្លី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​មាន​ឥទ្ធិពល​គ្រប់គ្រង​អំណាច​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

ឱកាស​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នឹង​បើក​ការ​ស៊ើប​អង្កេត​ផ្លូវការ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ បាន​ឈាន​មួយ​ជំហាន​រួច​មក​ហើយ​កាល​ពី​សប្ដាហ៍​មុន ដោយ​តុលាការ​នេះ​បាន​សម្រេច​ថា អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ អាច​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស សម្រាប់​បទ​ឧក្រិដ្ឋ​ដណ្ដើម​ដីធ្លី​ប្រជាពលរដ្ឋ និង​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន ដូច​ឧក្រិដ្ឋជន​សង្គ្រាម និង​មេដឹកនាំ​ផ្ដាច់ការ​នានា​ដែរ។

លោក វណ្ណ សុផាត អ្នក​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​មកពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​គិត​ថា ចំណាត់ការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC គឺ​ល្អ​ណាស់។ ចំណាត់​ការ​នេះ​គួរ​តែ​អនុវត្ត។ ប្រសិនបើ​ចំណាត់​ការ​នេះ​ឆ្លើយតប​ទៅ​នឹង​ការ​ពិត​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​បញ្ហា​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ អញ្ចឹង​វា​គឺ​ពិតជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់‍»។

វិថី​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត

អ្នក​ជំនួញ​ជាន់​ខ្ពស់​ជនជាតិ​ចិន​ដែល​គេ​ស្គាល់​ថា​បង​ធំ Fu អ្នក​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា​លោក លី យ៉ុងផាត់ និង​សមាជិក​នៃ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ហូរហៀរ​ដោយសារ​តែ​កិច្ច​ព្រមព្រៀង​ដីធ្លី។

ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន មួយ​ផ្នែក ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​អន្តរជាតិ Global Witness រាយការណ៍​ថា​មាន​ចំនួន​យ៉ាង​តិច​២រយ​លាន​ដុល្លារ​អាមេរិក។

ការ​មិន​សប្បាយ​ចិត្ត​របស់​សាធារណជន​ទូទៅ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​របស់​អ្នក​ទាំង​នេះ និង​ការ​ស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC គ្រាន់តែ​ជា​បញ្ហា​ឈឺ​ក្បាល​ផ្នែក​នយោបាយ​តែ​ពីរ​ប៉ុណ្ណោះ ដែល​លោក ហ៊ុន សែន កំពុង​តែ​ប្រឈម។

លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ទ្វីប​អាស៊ី ដោយ​បាន​កាន់​អំណាច​អស់​រយៈពេល​៣១ឆ្នាំ មក​ហើយ​នេះ កំពុង​តែ​ប្រឈម​ជាមួយ​បញ្ហា​ទាំង​ពីរ​នេះ នៅ​ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៧ និង​ការ​បោះ​ឆ្នោត​សភា​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

សមាជិក​របស់​គណបក្ស​សង្រ្គោះ​ជាតិ​លើក​ដៃ​ឡើង​រួម​គ្នា​ដើម្បី​ថត​រូប​នៅ​ទីស្នាក់ការ​របស់​គណបក្ស​នេះ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
សមាជិក​របស់​គណបក្ស​សង្រ្គោះ​ជាតិ​លើក​ដៃ​ឡើង​រួម​គ្នា​ដើម្បី​ថត​រូប​នៅ​ទីស្នាក់ការ​របស់​គណបក្ស​នេះ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

បញ្ហា​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រហែល​ជា​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​កត្តា​ប្រជាសាស្ត្រ​ដែល​មាន​ការ​ប្រែប្រួល។ ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​ចំនួន​៦៥ភាគរយ​មាន​អាយុ​ក្រោម​៣០ឆ្នាំ ហើយ​ពួកគេ​ទាំង​អស់​គ្នា បាន​គាំទ្រ​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​៣ឆ្នាំ​មុន។

យុវជន​ក្មេងៗ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត មាន​បទ​ពិសោធន៍​តិចតួច​ជាមួយ​នឹង​បញ្ហា​សង្គ្រាម និង​បទ​ពិសោធន៍​តិចតួច​ក្នុង​ការ​ឭ​ការ​សរសើរ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ថា លោក​ជា​អ្នក​បញ្ចប់​ជម្លោះ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​៣ទសវត្សរ៍ និង​ដែល​ថា ការ​ដឹកនាំ​តឹងរ៉ឹង​របស់​លោក បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​ល្អ និង​បាន​បង្កើត​ឲ្យ​មាន​នូវ​យុគសម័យ​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ដែល​មិន​អាច​ប្រដូច​បាន។

អ្នក​វិភាគ​ម្នាក់​ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​ខ្លាច​មាន​ការ​គំរាម​កំហែង​ធ្វើ​បាប​ពី​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា៖ «មាន​ពេល​មួយ​នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត អ្នក​ធ្វើ​យុទ្ធនាការ​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ភូមិ​ប្រជាពលរដ្ឋ ដោយ​ពាំនាំ​ទៅ​ជាមួយ​នូវ​អំណោយ​រួម​មាន បាវ​អង្ករ និង​ឡាំង​បារី​ផង​ដែរ‍»។

អ្នក​វិភាគ​រូប​នេះ​បន្ត​ថា៖ «អ្វីៗ​បាន​ប្រែប្រួល​អស់​ហើយ។ យុវជន​កម្ពុជា​ចង់​បាន​ទូរស័ព្ទ​ទំនើប របស់​របរ​ប្រើប្រាស់​ទាន់​សម័យ និង​ការងារ​ប្រាក់​ខែ​ល្អ ដែល​អាច​ឲ្យ​ពួក​គេ​យក​ប្រាក់​ខែ​ទាំង​នោះ​ចំណាយ​ទៅ​លើ​ការ​រស់នៅ​បែប​ទំនើប​របស់​ពួកគេ ហើយ​ពួកគេ​ចង់​ប្រឆាំង​ជាមួយ​នឹង​គំនិត​ចាស់​គំរិល ដោយ​ហេតុ​ថា ការ​គំរាម​កំហែង​របស់​លោក ហ៊ុន សែន ក្នុង​ការ​វិល​ទៅ​រក​សង្គ្រាម​វិញ ប្រសិនបើ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​នោះ ជា​គំនិត​ហួស​សម័យ​ហើយ ហើយ​ចំណុច​មួយ​ផ្សេង​ទៀត​គឺ​ថា ការងារ​ល្អ​ពិបាក​នឹង​ស្វែង​រក​ណាស់‍»។

ពាក្យ​លេច​ឭ​អំពី​ការ​បិទ​រោងចក្រ​កាត់ដេរ​កំពុង​តែ​កើន​ឡើង ហើយ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​ទស្សន​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ​លទ្ធភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​រក្សា​ការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​មក​ឲ្យ​ប្រទេស​កម្ពុជា ដោយ​ជំនួយ​ដែល​ចិន​ផ្ដល់​ឲ្យ​កម្ពុជា​កន្លង​មក​ក្នុង​រយៈពេល​២ ទសវត្សរ៍​ចុងក្រោយ​នេះ មាន​ទឹក​ប្រាក់​ប្រមាណ​១៥ពាន់​លាន​ដុល្លារ​អាមេរិក។

ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ តម្លៃ​ផលិតផល​កសិកម្ម​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ស្រូវ​ជា​ដើម មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៦,៩ភាគរយ​សម្រាប់​ឆ្នាំ២០១៦​នេះ ដែល​តួលេខ​នេះ​មាន​ការ​ធ្លាក់​ចុះ​ពី​តួលេខ​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ចំនួន​ប្រហែល​៨ភាគរយ កាល​ពី​ទសវត្សរ៍​មុន។

កសិករ​ច្រូត​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។
កសិករ​ច្រូត​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

កំណើន​សេដ្ឋកិច្ច​ក្នុង​ចំនួន​៦,៩ភាគរយ​នេះ​ផង​ដែរ ស្ទើរ​តែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​នូវ​ការងារ​ដល់​យុវជន​កម្ពុជា និង​ដល់​កម្លាំង​ពលកម្ម​កម្ពុជា​ដែល​កំពុង​តែ​មាន​ការ​កើន​ឡើង។

អ្នក​វិភាគ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​បន្ថែម​ថា៖ «នេះ​ជា​ព្យុះ​នយោបាយ​ដ៏​អស្ចារ្យ​មួយ។ លោក ហ៊ុន សែន កំពុង​ត្រូវ​បាន​ប្រឈម​ដោយ​ពួក​យុវជន ដោយ​បញ្ហា​សេដ្ឋកិច្ច និង​ទំនង​ជា​អាច​ត្រូវ​បាន​ប្រឈម​ដោយ​រឿង​ក្ដីក្ដាំ​នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ទៀត​ផង ហើយ​លោក ហ៊ុន សែន ឥឡូវ​នេះ​កំពុងតែ​វាយ​ប្រហារ​ចំពោះ​ក្រុម​គណបក្ស​ប្រឆាំង ដែល​ប្រជែង​ចង់​បាន​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក‍»។

ការ​បរាជ័យ​នៃ​កាយវិការ​មិន​ពេញចិត្ត

លោក William Conklin នាយក​មជ្ឈមណ្ឌល​សាមគ្គី​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​ពលកម្ម​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រាកដ​ជា​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ដណ្ដើម​មក​វិញ​នូវ​តួនាទី​នយោបាយ​របស់​ខ្លួន​ដែល​បាន​បាត់បង់​កន្លង​មក ដោយសារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស​កំពុង​លេច​ឡើង​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖

«បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ជា​បញ្ហា​សំខាន់ ជា​ពិសេស​គឺ​បញ្ហា​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ការងារ ហើយ​រួម​ទាំង​បញ្ហា​សិទ្ធិ​ពលរដ្ឋ​ផ្សេងៗ​ទៀត ដែល​បញ្ហា​ទាំង​នេះ មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​កន្លង​មក​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ បញ្ហា​សិទ្ធិ​មនុស្ស​នេះ ជា​បញ្ហា​ដែល​ពលរដ្ឋ​ទូទៅ​ខ្វល់​ខ្វាយ​ខ្លាំង​បំផុត‍»។

ប្រភព​មក​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង បាន​បញ្ជាក់​ថា ពួកគេ​រំពឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​នៅ​តែ​បន្ត​ការ​បង្ក្រាប​របស់​លោក។

ប្រភព​ទាំង​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក ហ៊ុន សែន ចង់​ឃើញ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ការ​ចោទ​ប្រកាន់​នេះ​អាច​ផ្ដល់​នូវ​លេស​ស្រប​ច្បាប់​មួយ​ក្នុង​ការ​រារាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​ឲ្យ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ។

VOA មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ​បាន​ទេ ក្នុង​ការ​ធ្វើ​អធិប្បាយ​ចំពោះ​បញ្ហា​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG