ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​ក្រើន​រំឭក​ជា​លើក​ចុង​ក្រោយ​អំពី​ការ​ប្រើ​គោរមងារ​«សម្តេច‍»


រូបភាព​នៃ​សារព័ត៌មាន​បោះពុម្ព​ក្នុង​ប្រទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០១៦។​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ បាន​ដាក់​កំហិត​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ទាំង​អស់​ត្រូវ​តែ​បញ្ជាក់​គោរមងារ​របស់​ថ្នាក់ដឹក​នាំ​ធំៗ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផងដែរ។ (ហ៊ាន សុជាតា/VOA)
រូបភាព​នៃ​សារព័ត៌មាន​បោះពុម្ព​ក្នុង​ប្រទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០១៦។​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ បាន​ដាក់​កំហិត​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ទាំង​អស់​ត្រូវ​តែ​បញ្ជាក់​គោរមងារ​របស់​ថ្នាក់ដឹក​នាំ​ធំៗ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផងដែរ។ (ហ៊ាន សុជាតា/VOA)

​ក្រសួង​ព័ត៌មាន​បាន​កោះ​ហៅ​ក្រុម​​អ្នក​សារព័ត៌មាន​ដើម្បី​​ណែនាំ​​​ឲ្យ​​បណ្តាញ​ព័ត៌មាន​ប្រើ​គោរមងារ​របស់​មន្ត្រី​រដ្ឋាភិបាល​ ជា​ពិសេស​គោរមងារ​ «សម្តេច‍»។​ មន្ត្រី​ក្រសួង​ព័ត៌មាន​​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​ការ​ណែនាំ​នេះ​គឺ​ជា​ជា​ការ​រំឭក​ចុង​ក្រោយ។​

ក្រសួង​ព័ត៌មាន​ចេញ​សេចក្តី​ណែនាំឲ្យ​បណ្តាញ​ព័ត៌មាន​ទាំងអស់ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ ត្រូវ​ប្រើ​គោរមងារ​ដែល​ព្រះមហាក្សត្រ​ប្រទាន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ ជា​ពិសេស​ងារ«សម្តេច» សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កំពូលៗ។ ​ក្រសួងនឹង​មាន​វិធានការ​ប្រឆាំង​អង្គភាព​ព័ត៌មាន​ដែល​មិនគោរព​តាម​ការ​ណែនាំ​នេះ។​

​ក្រសួង​ព័ត៌មាន​បាន​កោះ​ហៅ​ក្រុមអ្នក​សារព័ត៌មាន​ដើម្បីណែនាំ​ឲ្យបណ្តាញ​ព័ត៌មាន​ប្រើ​គោរមងារ​របស់​មន្ត្រី​រដ្ឋាភិបាល​ ជា​ពិសេស​គោរមងារ​ «សម្តេច‍»។​ មន្ត្រី​ក្រសួង​ព័ត៌មានបាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​ការ​ណែនាំ​នេះ​គឺ​ជា​ជា​ការ​រំឭក​ចុង​ក្រោយ។​

លោក ​ផុស សុវណ្ណ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍នៃ​ក្រសួង​ព័ត៌មាន​ បាន​ព្រមាន​ថា ​ក្រសួង​នឹង​មានវិធាន​ការ​ចំពោះ​អង្គភាព​ព័ត៌មាន​ដែល​មិន​ធ្វើ​តាម​ការ​ណែនាំ​នេះ។ ​វិធានការ​ទាំង​នេះ​រួម​មាន​ ការ​មិន​បន្ត​អាជ្ញាប័ណ្ណ និង​មិន​ចេញ​ប័ណ្ណ​ព័ត៌មាន​សម្រាប់អង្គភាព​ និង​អ្នក​កាសែត​ដែល​មិន​គោរព​តាម​ការ​ណែនាំ​នេះ។​ ក្រៅ​ពី​នេះ​ ក្រសួង​នឹង​ណែនាំមិន​ឲ្យ​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ក្នុង​ស្រុក ​និង​រោង​ពុម្ព​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ប្រើ​គោរមងារ​នេះ។​

ក្រោយ​ពី​ធ្វើ​ការ​ណែនាំ លោក​ អ៊ុក គឹមសេង​ អនុ​រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​នេះជា​សេចក្តី​ណែនាំ​ចុង​ក្រោយ​ ហើយ​វា​មិន​ប៉ះពាល់​សិទ្ធិ​សេរីភាព​ព័ត៌មាន​ទេ។ ​

លោក អ៊ុក គឹមសេង ថ្លែង​ថា៖

«ពេល​នេះ​លើស​ពី​កម្រិត​សម្រប​សម្រួល​ ស្នើសុំ​ហើយ។​ ​យើង​ចូលរួម​ទាំង​អស់​គ្នា។ ហើយ​អ្វី​ដែល​ក្រសួង​សំណូមពរ​នេះ ​វា​ហាក់​ដូច​ជា​មិន​ប៉ះពាល់​សេរីភាព​ព័ត៌មាន​ទេ»។​

លោក​អនុរដ្ឋលេខាធិការ​បាន​បន្ត​ថា ​សំណើ​នេះ​មិន​ហួសហេតុ​ពេក​ទេ។ ការ​មិន​ធ្វើ​តាម​សេចក្តី​ណែនាំ​នេះ​គឺ​ជា​ការ​មិន​គោរព​ព្រះរាជក្រឹត្យ ​ហើយ​វាជា​សេរីភាព​ពុំ​មាន​ព្រំដែន​ ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទំនៀម​ទម្លាប់​ ​ប្រពៃណីខ្មែរ។​

លោក អ៊ុក គឹមសេង បន្ត​ថា៖

«គ្រាន់​តែ​ចូល​ស្ទឹង​តាម​បថ ​ចូល​ស្រុក​តាម​ប្រទេស​នេះ ​យើង​ធ្វើ​មិន​បាន​ ហើយ​យើង​ចង់​ធ្វើ​ការងារ​នៅ​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព​ មាន​ច្បាប់​ទម្លាប់ ​មាន​ប្រពៃណី​គ្រប់យ៉ាង​ យើង​គិត​ថា ​យើង​នាំ​គ្នា​ធ្វើ​អត់​បាន​ ​អ្នក​ម្ចាស់ស្រុក​ក៏​មិន​អាច​ទទួល​បាន​ដូច​គ្នា។ ​កាលណា​យើង​ធ្វើ​ការងារ​ប៉ុណ្ណឹង​មិន​បាន​ បាន​ន័យ​ថា​ យើង​ក៏​មិន​ចាំ​បាច់​នៅ​ទីនេះ។ ​យើង​ត្រូវ​ប្រើ​ពាក្យ​មួយ​ថា​ បើ​មិន​ពេញ​ចិត្ត​ទេ​ ដើរ​ចេញ!»​

​លោក ​អ៊ុក គឹមសេង បាន​ឲ្យ​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន ដែល​មិន​ប្រើ​គោរមងារ​នេះ​ ដូច​ជា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាសែត ​The Cambodia Daily វិទ្យុ​អាស៊ី​សេរី ​ វិទ្យុ​ VOA ​និង​អង្គភាព​ព័ត៌មាន​ផ្សេងទៀត ធ្វើ​ការ​ឆ្លើយ​តប។​

ទោះ​ជា​យ៉ាង​ណាក្ដី​ អ្នក​សារព័ត៌មានមក​ពី​អង្គភាព​ដែល​មិន​ទាន់​ប្រើគោរមងារ​នេះ​ បានលើក​ហេតុ​ផល​ថា​ ពាក្យ​«លោក»​គឺ​ជា​ពាក្យ​សមរម្យ ​និងស្មើភាព​សម្រាប់ទាំងអស់​គ្នា។ ​

លោក ​អ៊ុក គឹមសេង ​ឆ្លើយ​តប​ថា ​មនុស្ស​ក្នុង​សង្គម​មិន​អាច​ស្មើ​គ្នា​ទាំង​អស់​ទេ​ គឺ​ត្រូវ​មាន​អ្នក​តូច ​អ្នកធំ​ ដែល​ជា​អ្នកដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រុងរឿង។​

​ម៉្យាង​វិញ​ទៀត​ ក្រុម​អ្នក​សារព័ត៌មានលើក​ឡើង​ថា ​គោរមងារ​ទាំង​នេះ​ភាគ​ច្រើន​វែង​ ដែល​ផ្ទុយ​ពី​គោលការណ៍​ព័ត៌មាន​ដែល​ត្រូវ​សរសេរ​ខ្លី​ តែ​ជា​ព័ត៌មាន​ដែល​មាន​ន័យ​វែង។​ ក្រុម​អ្នក​សារព័ត៌មាន​ដែល​ចូលរួម ​បានប្រាប់​មន្ត្រី​ក្រសួង​ព័ត៌មាន​ថា ​គេ​នឹង​ពាំនាំ​សេចក្តី​ណែនាំ​នេះ​ប្រាប់​ប្រធាន​អង្គភាព​ដែល​ត្រូវ​ធ្វើ​ការពិភាក្សា។​ ក្រៅ​ពី​នេះ​ និពន្ធ​នាយក​កាសែត​ក្នុង​ស្រុក​លើក​ឡើង​ថា​ ពាក្យ​«សម្តេច» ​«ឯកឧត្តម»​នេះ ​បាន​សាបរលាប​អត្ថន័យ​របស់​វា​ទៅ​ហើយ។​

លោក មឿន ឈានណាឫទ្ធិ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារ​ព័ត៌មានបានប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការណ៍​ដែល​អ្នក​សារព័ត៌មានប្រើ ​ឬ​មិន​ប្រើ​ពាក្យ​«សម្តេច» «ឯកឧត្តម»​ជាដើមនោះ​ មិន​មែន​ជា​រឿង​ធ្ងន់​ស្រាល​អ្វី។​ រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ក៏​មិន​បាន​ដាក់​កំហិត​ឲ្យ​ប្រើ​គោរមងារ​ទាំង​នេះ​ដែរ។​ ​

លោក មឿន ឈានណាឫទ្ធិ​ បញ្ជាក់​ប្រាប់ VOA ថា៖

«ខ្ញុំ​ថា ​គួរ​ជា​ជម្រើស​របស់​អង្គភាព​សារព័ត៌មាន ​ឬ​អ្នក​សារ​ព័ត៌មាន​ទៅ​វិញ​ទេ​ ថា​តើ​គាត់​គួរតែ​ប្រើ​ ឬ​មិន​ប្រើ?​ អញ្ចឹង​ទុក​ឲ្យ​សាធារណជន​វាយ​តម្លៃ។​ បើ​សាធារណ​ជន​យល់​ថា ​កាសែត​មួយ ​វិទ្យុ​មួយ ​ឬ​ទូរទស្សន៍​មួយ​ មិន​ប្រើ​គោរមងារ​ ​អញ្ចឹង​គេ​អត់​ចូល​ចិត្ត​ អញ្ចឹង​គេ​លែង​អាន​កាសែត ​គេ​លែង​ស្តាប់​វិទ្យុ​ ឬ​មើល​ទូរទស្សន៍​ហ្នឹង។​ អញ្ចឹង​អង្គភាព​សារព័ត៌មាន​ហ្នឹង​ត្រូវ​ដួល​រលំ​ដោយ​ខ្លួន​ឯង។ ​អាហ្នឹង​បើ​សិន​យើង​និយាយ​អំពី​គោលការណ៍​វិជ្ជាជីវៈ​និង​សេរីភាព​សារព័ត៌មាន»។ ​

​ម៉្យាង​វិញ​ទៀត​ ​ក្រុម​អ្នក​សារព័ត៌មាន​នៃ​អង្គភាព​ដែល​មិន​បាន​ប្រើ​គោរមងារ​«សម្តេច» ​បាន​សុំ​ឲ្យ​ក្រសួងធ្វើ​អន្តរាគមន៍ ​ទប់ស្កាត់​ការ​រើស​អើង​អ្នក​យក​ព័ត៌មាន​ ដែល​ត្រូវ​ស្ថាប័ន​រដ្ឋាភិបាល​មិន​ឲ្យ​ចូល​យក​ព័ត៌មាន ​ខណៈ​ដែល​ស្ថាប័ន​ទាំង​នេះ​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌មាន​មក​ពី​ស្ថាប័ន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ចូល​យក​ព័ត៌មាន​កន្លែង​តែ​មួយ​នោះ។ ​

​ក្រុម​អ្នក​យក​ព័ត៌មាន​ដែល​បាន​ចូលរួម​ស្តាប់​ការ​ណែនាំ​នេះបង្ហាញ​ចំណាប់​អារម្មណ៍​ច្រើន​លើ​ប្រធានបទ​ទី​២​ គឺ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន។​

លោក អ៊ុក គឹមសេង​ បន្ត​ថា ​មាន​អ្នក​សារ​ព័ត៌មាន​សរសេរ​អត្ថបទដែល​មាន​ខ្លឹមសារ​ថា​ «អ្នក​នេះ​ខុស ​អ្នក​នោះ​ត្រូវ»​ ដែល​ខុស​ពី​តួនាទី​សារ​ព័ត៌មាន​ដែល​គ្រាន់​តែ​ជា​អ្នក​ផ្តល់​ព័ត៌មាន។

​លោក​ មឿន ឈានណាឫទ្ធិ ​ដែល​មាន​ការ​យល់ដឹង​ច្បាស់លាស់​អំពី​ក្រម​សីលធម៌​ព័ត៌មាន​ បានសង្កេត​ឃើញ​ថា ​ក្រម​សីលធម៌ព័ត៌មាន​មាន​ការ​ធ្លាក់​ចុះ នៅ​ពេល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើងៗ​ប្រឈម​នឹង​ព័ត៌មាន​លឿនៗ​តាម​បណ្តាញ​សង្គម។​

លោក​ពន្យល់​ថា៖

«យើង​ជា​អ្នក​សារ​ព័ត៌មាន ​យើង​មាន​តួនាទី​មួយ​កាត់​បន្ថយ​នូវ​ភាព​រងគ្រោះ​ចំពោះ​ជន​រងគ្រោះ។ ​អញ្ចឹង​ បើ​យើង​ដឹង​ថា ​ការ​ផ្សាយ​ព័ត៌មាន​ទៅ ​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​រងគ្រោះ​ដោយសារ​យើង​ យើង​គួរ​តែ​ចៀសវាង។​ ហើយ​យើង​មាន​តួនាទី​មួយ​ទៀត ​គឺ​យើង​មាន​តួនាទី​ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​សង្គម។ ​អញ្ចឹង​ បើ​សិន​ជា​យើង​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​អសន្តិសុខ ​អា​ហ្នឹង​ជា​កំហុស​ក្រម​សីលធម៌​វិជ្ជាជីវៈ​មួយ​ដែរ»។

លោក​សង្កេត​ឃើញ​ថា ​អ្នក​សារព័ត៌មាន​មួយ​ចំនួនបាន​លុះដោយអគតិបួន​យ៉ាង​គឺ ឆន្ទាគតិ​ (លម្អៀង​ដោយ​ស្រឡាញ់) ទោសាគតិ (លម្អៀង​ដោយ​ស្អប់)​ មោហាគតិ ​(លម្អៀង​ដោយ​ល្ងង់) ​និង​ភយាគតិ ​(លម្អៀង​ដោយ​ភ័យ​ខ្លាច)៕​

XS
SM
MD
LG