ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​និង​ជនរងគ្រោះ​រំឭក​ក្ដី​ឈឺចាប់​ក្នុង​ខួប​២០ឆ្នាំ​នៃ​ការ​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧


អ្នកស្រី​ ពៅ ហេង​ វ័យ​៧០ឆ្នាំ​ ដែល​មាន​កូនស្រី​ឈ្មោះ​យង់ សុខនៅ​ និង​ក្មួយស្រី​ឈ្មោះ​ យង់ ស្រី​មកពី ខេត្ត​កណ្តាល បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧។ រូបនេះ ថត​នៅ​ថ្ងៃទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នកស្រី​ ពៅ ហេង​ វ័យ​៧០ឆ្នាំ​ ដែល​មាន​កូនស្រី​ឈ្មោះ​យង់ សុខនៅ​ និង​ក្មួយស្រី​ឈ្មោះ​ យង់ ស្រី​មកពី ខេត្ត​កណ្តាល បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧។ រូបនេះ ថត​នៅ​ថ្ងៃទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រុមគ្រួសារនិង​ជន​រង​គ្រោះ​ក្នុងហេតុការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ​នៅ​តែ​មាន​ក្តី​ឈឺ​ចាប់​និង​ចិញ្ចឹម​ចិត្ត​ទង្ទឹង​រក​យុត្តិធម៌​ បើ​ទោះ​ជា​ហេតុការណ៍​នោះ​កន្លង​ផុត​ទៅ​២០ឆ្នាំ​ក៏​ដោយ។

យង់ ​សុខនៅ ​គឺ​ជា​សិស្ស​និង​កូនស្រី​ដ៏​ល្អ​ម្នាក់។​ ​ចាប់​តាំង​ពី​អាយុ១៤​ឆ្នាំ​ នាងបាន​ជួយ​សម្រាល​បន្ទុក​របស់​ម្តាយ ដោយ​បាន​ខិតខំ​ជួយ​រក​ចំណូលមក​ផ្គត់ផ្គង់​ក្រុមគ្រួសារ។ លុះ​ដល់​ពេញ​វ័យ យង់ ​សុខនៅ បាន​ធ្វើ​ជា​កម្មការនី​រោងចក្រ​កាត់​ដេរ​និង​ក្លាយ​ជា​សកម្ម​ជន​សិទ្ធិ​ការងារ​ដ៏​សកម្ម​មួយ​រូប​ផង​ដែរ។

នៅ​ថ្ងៃទី​៣០​ខែ​មីនា​ឆ្នាំ​១៩៩៧​ ​យង់ សុខនៅ​ ​ដែល​ពេល​នោះ​មាន​វ័យ​២០ឆ្នាំ​និង​ប្អូនស្រី​ជីដូន​មួយ​របស់​នាង​ ​បាន​ចូល​រួម​បាតុកម្ម​នៅ​ខាង​មុខ​អតីត​រដ្ឋ​សភាជាតិ​ ​ដែល​ដឹក​នាំ​ដោយ​ ​លោក ​សម រង្ស៊ី​ ​ដើម្បី​ទាមទា​ឱ្យ​តុលាការ​កម្ពុជា​ មាន​ភាពយុត្តិធម៌។​ ប៉ុន្តែ ជា​អកុសល ចាប់​ពី​ថ្ងៃ​នោះ​មក នាង ​លែង​មាន​ឱកាស​ត្រឡប់​មក​ផ្ទះ​វិញជា​រៀងរហូត ដោយសារតែ​គ្រាប់បែក​ដែល​ត្រូវ​គេ​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​នៅ​ពេល​នោះ។​

​អ្នកស្រី ពៅ ហេង​ ម្តាយ​ជរា​របស់​ ​យង់ សុខនៅ​ បាន​រំឭកហេតុ​ការណ៍​ថ្ងៃទី​៣០មីនា​ឡើង​វិញ​យ៉ាង​ដូច្នេះ៖

«ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើ​ការ​ទៅៗ​ ​ម៉ោង​ប្រហែល​៩​ ​វា​ទៅ​ពីរ​នាក់។​ ​មក​ប្រឡាក់​ឈាម​មក៖​ ​យាយ​ហ្អើយ​យាយ​បាត់ ​សុខនៅ​ ហើយ​!​ ​គេ​បោក​គ្រាប់បែក!​ ​ខ្ញុំរត់​ទម្រាំ​តែ​រួច​ ​បាត់​សុខ​នៅ​ហើយ សុខនៅ​ ​ប្រហែល​ជា​ស្លាប់​ហើយ! ​ត្បិតអី​វា​នៅ​ជិត​ខ្ញុំ ​ហើយ​គេ​ដួល​ឡើង​រេល​ទាំង​អស់»។

អ្នកស្រី​ ពៅ ហេង​ វ័យ​៧០ឆ្នាំ​ ដែល​មាន​កូនស្រី​ឈ្មោះ​យង់ សុខនៅ​ និង​ក្មួយស្រី​ឈ្មោះ​ យង់ ស្រី​មកពី ខេត្ត​កណ្តាល បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧។ រូបនេះ ថត​នៅ​ថ្ងៃទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នកស្រី​ ពៅ ហេង​ វ័យ​៧០ឆ្នាំ​ ដែល​មាន​កូនស្រី​ឈ្មោះ​យង់ សុខនៅ​ និង​ក្មួយស្រី​ឈ្មោះ​ យង់ ស្រី​មកពី ខេត្ត​កណ្តាល បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧។ រូបនេះ ថត​នៅ​ថ្ងៃទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អង្គុយ​ក្នុងផ្ទះឈើ​មួយក្នុង​ស្រុកអង្គស្នួល​ខេត្ត​កណ្តាល ​ស្ត្រី​វ័យ៧០ឆ្នាំ​រូប​នេះ បាន​រៀបរាប់​ប្រាប់​VOA​ថា​អ្នកស្រី បាន​បាត់​បង់កូនស្រី​បង្កើត​មួយ​រូប​និង​ក្មួយ​ស្រី​ក្នុង​ព្រឹតិ្តការណ៍​ដ៏​រន្ធត់​នោះ។​ ​សាក​សព​អ្នក​ទាំង​ពីរ​ ត្រូវ​បាន​រក​ឃើញ​ ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក្នុង​វត្ត​មួយ​ក្នុងរាជធានី​ភ្នំពេញ។​

យង់ សុខនៅ​ ​គឺ​ជា​ជនរង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​១៦នាក់ ​រួមទាំង​កុមារ​ផងដែរ​ ​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​គប់​គ្រាប់​បែក​ជា​ច្រើនគ្រាប់​ចូល​ក្នុង​ហ្វូង​បាតុករ ដែល​កំពុង​តវ៉ា​នៅ​ខាង​មុខ​អតីត​រដ្ឋ​សភាជាតិ​ ​ក្បែរ​ព្រះ​បរម​រាជ្យវាំង​ កាល​ពី​២០​ឆ្នាំមុន​នោះ។​ ​យ៉ាង​ហោច​ណាស់​ ​មាន​អ្នក​តវ៉ា​ជាង​១០០​នាក់​ផ្សេង​ទៀត​ ក៏​បានរង​របួស​ក្នុង​ហេតុការណ៍​ដដែល​នោះ។

ក្រុមគ្រួសារនិង​ជន​រង​គ្រោះ​ក្នុងហេតុការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ​នៅ​តែ​មាន​ក្តី​ឈឺ​ចាប់​និង​ចិញ្ចឹម​ចិត្ត​ទង្ទឹង​រក​យុត្តិធម៌​ បើ​ទោះ​ជា​ហេតុការណ៍​នោះ​កន្លង​ផុត​ទៅ​២០ឆ្នាំ​ក៏​ដោយ។

​អ្នក​ស្រី​ ពៅ ហេង ថ្លែងថា៖​

«និយាយ​ពី​កូន!​ ខ្ញុំ​នឹក​ដល់​កូន​ខ្ញុំ​ ខ្ញុំ​ទឹក​ភ្នែក​ហើយ!​ បើ​កុំ​ឲ្យ​រំលឹក​ខ្ញុំ​អត់​នឹក​ហ្អេ។ ខ្ញុំ​នឹក​កូន​ខ្ញុំ​ ​គិត​ដល់​ជីវភាព​កម្សត់​របស់​ខ្ញុំ!​ ​ទប់​អត់​បាន​ហ្អេ។​ ​ជីវភាព​ខ្ញុំក្រីក្រ។ ចេញ​មក​កូនខ្ញុំ​ចេញ​មក​លក់​នុំ​យក​លុយ​ទៅ​រៀន​ ​បើ​រំលឹក​នឹក​ដល់​កូន​ខ្ញុំ ​ខ្ញុំ​ទប់​អត់​បាន​ហ្អេ​ក្មួយហ្អើយ​។ កូន​ខ្ញុំ​កម្សត់​ ​បង​គេ! លក់​នុំ​យក​លុយ​ទៅ​រៀន!​ ​ដើម្បី​ទៅ​រៀន​! ស្វះ​ស្វែង​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​ ​ក៏​កូន​ខ្ញុំ​ទៅ​ដែរ»។

អ្នក​ស្រី​ ពៅ ហេង​ដែល​សព្វថ្ងៃ​ ​រស់​នៅ​ដោយ​ការ​ធាក់​កង់​លក់​ថ្នាំ​ខ្មែរ​បូរាណ ​បាន​ប្រាប់​VOA​ ​បន្ថែម​ថា​ការ​ស្លាប់របស់​ ​យង់ សុខនៅ​ដែល​ជាកូនស្រី​ដែល​រៀន​បាន​ចេះ​ដឹង​ជាង​គេ​ក្នុង​ចំណោម​កូន​ទាំងបីនាក់របស់​អ្នក​ស្រី គឺ​ធ្វើ​ឲ្យ​ជីវិត​គ្រួសារអ្នកស្រី ​ធ្លាក់​ក្នុង​ភាព​លំបាក​តោក​យ៉ាក។​

ភាពឈឺចាប់ មិន​ត្រឹម​តែ​កើត​ឡើង​ ​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាត់​បង់​ជីវិត​នោះ​ទេ​ ​ក៏ប៉ុន្តែ​វា​ក៏បាន​កើត​មាន​ឡើង​ចំពោះ​អ្នក​ដែល​នៅ​រស់រាន​ជីវិត​ ​ពី​អំពើ​ហិង្សា​នោះ​ផងដែរ។​

អ្នកស្រី​ រស់ កាន​ ជា​មន្ត្រី​នៃ​អង្គការលើកកម្ពស់សិទ្ធិការងារមួយ និងជា​ជនរងគ្រោះ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ។ រូបថតនេះ ថត​នៅ​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៧។ (
អ្នកស្រី​ រស់ កាន​ ជា​មន្ត្រី​នៃ​អង្គការលើកកម្ពស់សិទ្ធិការងារមួយ និងជា​ជនរងគ្រោះ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ។ រូបថតនេះ ថត​នៅ​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៧។ (

អ្នកស្រី​ ​រស់ កាន​ ​វ័យ​៤៤ឆ្នាំ​ បាន​រស់​នៅ​ជា​មួយ​អំបែង​គ្រាប់បែក​ដែល​នៅ​ខាំជាប់​នឹង​ឆ្អឹងខ្នង​របស់​គាត់​រយៈពេល​២០ឆ្នាំ​មក​ហើយ​ ក្រោយ​ពី​ហេតុ​ការណ៍​នោះ។​

អ្នកស្រី ​រង​របួស​នៅ​គ្រាប់​ទី​ពីរ​ ពេល​ដែល​កម្លាំង​គ្រាប់បែក​ ​បោក​គាត់ផ្ទប់​ទៅ​នឹង​ដី​ជា​មួយ​និង​អ្នក​ចូល​រួម​ផ្សេង​ទៀត។​ ​ក្រោយ​ពីរង​របួស​ ​អ្នកស្រី​ ​ចំណាយ​ពេល​ ​ជាង​៦ខែ​សម្រាប់​សំរាក​ព្យាបាល​និង​ជាច្រើន​ខែ​ទៀត​សម្រាប់​ការហាត់​ដើរ​ឲ្យ​មាន​លំនឹង​ឡើងវិញ។​

«ខ្ញុំ​គ្រាន់​តែ​លឺ​សំឡេង​ផ្គរលាន់​ខ្ញុំ​ខ្លាច​បាត់​ហើយ ខ្ញុំ​ស្លុត​បាត់​ហើយ មិន​ចាំបាច់ប្រើកាំភ្លើង​ទេ។​ រឿង​មួយ​គឺ​ស្មារតី​របស់​ខ្ញុំ​ គឺត្រូវ​បាន​បាត់បង់។ ខ្ញុំ​នៅ​តែ​ស្លុត​ ខ្ញុំ​នៅ​តែ​ភ័យ​ខ្លាច!​ នេះគឺជា​ជម្ងឺ​របស់​ខ្ញុំ​មួយ។ ​ហើយ​រាង្គកាយ​របស់​ខ្ញុំ ​នៅ​តែ​ប្រើ​ថ្នាំ​រហូត​មក​ដល់​ថ្ងៃ​នេះ​ គឺ​ខ្ញុំ​នៅ​តែ​យក​ថ្នាំ​តាម​ខ្លួន​រហូត»។​

​វេជ្ជបណ្ឌិត​ប្រាប់​អ្នកស្រី​ថា​ អ្នកស្រី​អាច​ប្រឈម​នឹង​ពិការភាព ​ប្រសិន​បើ​ធ្វើការ​វះកាត់​យក​អំបែង​គ្រាប់​ចេញ​ពីឆ្អឹង​ខ្នង​របស់អ្នកស្រី​នោះ។​ ​ជា​លទ្ធផល ​ភ្នែក​ឆ្វេង​របស់​អ្នកស្រី​ រស់ កាន​ ត្រូវ​ពិការ​ ​ហើយ​ត្រូវ​ប្រឈម​នឹង​ជម្ងឺ​ផ្សេងៗ​ទៀត​ដែល​អាច​ជ្រៀតជ្រែក​ចូល​រាង្គកាយ​ដោយ​ងាយ​ស្រួល។

«គេថា​ ​Eclat​ ​[អំបែង​គ្រាប់]​ហ្នឹង​គឺ​វា​អាច​អណ្តែត​បាន​នៅ​ក្នុង​ខ្លួន​យើង​ ​ប៉ុន្តែ​សំរាប់​ខ្ញុំ​តាំងពី​ឆ្នាំ​៩៧​រហូត​មក​ដល់​ឆ្នាំ​២០១៧​ គឺ​មិន​បាន​អណ្តែត​នោះ​ទេ ព្រោះ​ពេទ្យ​គាត់​ថា​វា​ជាប់​នៅ​ចំណុច​ខ្នង​ខ្ញុំ​តែម្តង។​ អញ្ចឹង​ស្បែក​មុខ​យើង​វា​ប៉ះពាល់​ ​ទាំ​ងស្បែក​យើង​ និង​គ្រឿង​ក្នុង​យើង​វា​ប៉ះពាល់​ ព្រោះ​ចំហាយ​ក្តៅ​ ចំហាយEclat​ហ្នឹងវាចូលក្នុងខ្លួន​យើង​សព្វ។ វាក្តៅ​!​ ហើយ​ស្បែក​របស់​យើង​វា​ក្រៀម​ ហើយ​ភ្នែក​របស់​យើង​ក៏​មាន​ប៉ះពាល់​ដែរ»។​

​អ្នកស្រី​ ​រស់ កាន​ ​បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​អំឡុង​ឆ្នាំ​២០០០​ ​ក៏ប៉ុន្តែ​ជីវិត​គូស្វាមី​មិន​អាច​រស់​នៅ​បាន​សុខ​ដោយ​សារតែ​ការយាយី​នៃ​អំបែង​គ្រាប់​ ​ដែល​តែងតែ​បង្ក​ភាព​ឈឺចាប់​ជា​ញឹក​ញយ។​ ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ​អ្នកស្រី ក៏​សម្រេច​ចិត្ត​លែងលះ​ជាមួយ​ស្វាមី​ ​ដោយ​បន្សល់​ទុក​កូនស្រី​មួយ​រូប។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​អ្នក​ស្រី រស់ កាន​ ​មិនមាន​ការ​សោកស្តាយ​ចំពោះ​ការ​ចូលរួម​ក្នុង​បាតុកម្ម​អហិង្សា​នា​ឆ្នាំ​១៩៩៧​នោះ​ទេ។​ ​សកម្មជន​សិទ្ធិការងារ​រូប​នេះ អះអាង​ថា​អ្នកស្រី​នៅ​តែបន្ត​ការងារ​ជួយ​លើក​កម្ពស់​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ដដែល។​

អ្នកស្រី​បន្ថែម​ថា៖

«សកម្មភាព​ពី​ធម្មជាតិ​របស់​បង​គឺ​បង​ស្រលាញ់​វិស័យសង្គម​ ​និង​យុត្តិធម៌​ ហើយ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គឺ​យើង​ឃើញ​ថា​ វិស័យកម្មករ​ វិស័យ​ការងារ​នៅ​តែ​ប្រឈម​ដដែល។​ ​អញ្ចឹង​ដោយ​សារកាលពី​ជំនាន់​ហ្នឹង​បង​បានរៀន​ពី​ច្បាប់​ការងារ​ខ្លះៗ​ ​ហើយ​បង​យល់​អំពី​បទ​ពិសោធន៍​ចរន្ត​ការងារ​ខ្លះៗ​ ​បង​សម្រេច​ចិត្ត​មក​ធ្វើការងារ​បែប​នេះ​ ​ដើម្បី​ជួយ​សង្គម​តទៅ​ទៀត»។

​យ៉ាងណា​ក៏​ដោយ​ ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នៃ​ការ​គ្រប់គ្រាប់​បែក​ក្នុង​ឆ្នាំ១៩៩៧​ ​នៅ​តែ​ស្រពិច​ស្រពិល​នៅ​ឡើយ។​

ការិយល័យ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ឬ​FBI​ ​បាន​ធ្លាប់​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រឿង​ក្តី​បោក​គ្រាប់បែក​នេះ​ដែរ​ ​ក្រោយពី​ជនជាតិ​អាមេរិកកាំង​មួយ​រូប​គឺ​លោក រ៉ន អែបនី (Ron Abney) អតីត​ប្រធាន​វិទ្យាស្ថានសាធារណរដ្ឋ​អន្តរជាតិ ឬIRI​ បាន​រងរបួស​ក្នុង​ការ​វាយ​ប្រហា​នា​ឆ្នាំនោះ។​ ​ប៉ុន្តែ​លោក​ ​Ron Abney​ ​បាន​លាចាក​លោក​នៅ​ឆ្នាំ​២០១២​ នៅឯ​សហ​រដ្ឋអាមេរិក។

ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧។ រូបថត​នេះ ថត​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧។ រូបថត​នេះ ថត​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

អ្នក​នាំពាក្យ​នៃ​ក្រសួង​មហាផ្ទៃ​គឺ​លោក​នាយឧត្តមសេនីយ៍​ ​ខៀវ សុភ័ក​ ​បាន​ប្រាប់​ VOA​ ​តាម​ទូរស័ព្ទ​ថា​កម្ពុជា​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​រឿងក្តី​នេះ​ត​ទៅ​ទៀត​ ក៏ប៉ុន្តែមិន​មាន​តំរ៉ុយ​អ្វីថ្មី​នោះ​ទេ​ ​ក្រោយ​ពី​ជនសង្ស័យ​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា«ប្រេស៊ិល»​បាន​ស្លាប់​តែ​ប៉ុន្មាន​ខែ​ ក្រោយ​ពី​ហេតុការណ៍​គាប់​គ្រាប់បែក​នោះ។​

«អើ!​ បើមាន​អីទៀត​យើង​រក​ទៀត។ បើ​ឥឡូវ​ អា​អ្នក​គប់​ក៏​ងាប់​បាត់ទៅ​ទៀត​នោះ​ ចង់​និយាយ​អញ្ចឹង​យើង​ទៅ​រក​ឯណា​ទៀត។​ ​អា​អ្នក​គប់​វា​ងាប់​បាត់​ទៅ​ទៀត​ ​យើង​រក​អត់​ឃើញ​ហើយ។​ ​បើ​អា​អ្នក​គប់​វា​នៅ​រស់​ ចាប់​វា​មក​សួរ​វា​ទៅ​ ​យើង​ដឹង​ថា​អ្នក​ណា​ប្រើ​វា​ហើយ។ តែ​បើ​ឥឡូវ ​អា​អ្នកគប់ ​វា​ងាប់​បាត់​ហើយ​ អា​ប្រេស៊ីល​ងាប់​បាត់​ទៅ​ហើយ»។​

​អ្នកស្រី​ រស់ កាន​ និង​អ្នកស្រី ​ពៅហេង​ ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ឲ្យ​បាន​ជាក់​លាក់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ និង​អន្តរជាតិ​ ដើម្បី​រក​ចម្លើយ​និង​យុត្តិធម៌​ដល់​ជន​រងគ្រោះ។​ ​

អ្នកស្រី​ រស់ កាន​ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គប់គ្រាប់​បែក​ឆ្នាំ​១៩៩៧​ ថ្លែង​ថា៖​

«ទី​មួយ​ខ្ញុំ​សុំឲ្យ​រដ្ឋាភិបាល​ហ្នឹង​ ​គឺ​ឲ្យ​គាត់​គិត​ឡើង​វិញ​ទាក់ទង​រឿង​គ្រោះថ្នាក់​ឆ្នាំ​៩៧​ហ្នឹង ហើយ​ក៏​សុំ​ឲ្យ​អន្តរជាតិ​មួយ​ចំនួន​ សុំ​ឲ្យ​គាត់​ជួយ​ស្រាវជ្រាវ​រឿង​ហ្នឹង​ឡើង​វិញ។​ ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​នៅ​តែ​អត់​សប្បាយ​ចិត្ត ​ខ្ញុំ​នៅ​តែ​ឈឺ​ ខ្ញុំ​នៅ​តែ​ឈឺ​ចាប់​ចំពោះ​ប្រព័ន្ធ​ដោះ​ស្រាយ​រឿង​បែប​នេះ»។​

អ្នក​ស្រី ​ពៅ ហេង​ ​ក៏​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ដែរ​ថា៖

​«ខ្ញុំ​អាយុ​ច្រើន​ហើយ​ ​រាល់​ថ្ងៃ​ខ្ញុំ​រង់ចាំ​មើល​ ​ខ្ញុំ​រក​ចាំ​មើល​ ​រកនែ៎​អាជន​ដៃ​ដល់​បោកគ្រាប់​បែក​កូន​ខ្ញុំ​ហ្នឹង​ខ្ញុំ​រង់ចាំ​មើល។​ ​រាល់ថ្ងៃ​ជានិច្ច​ជា​កាល​ ខ្ញុំ​រង់ចាំ​មើល ​ដើម្បី​ឲ្យ​អង្គការ​អន្តរជាតិ​ចូល​រួម​និង​តុលាការ​ស្រុក​ខ្មែរ​យើង​ហ្នឹង។​ ​ខ្ញុំ​មិន​ជឿជាក់​ថា​តុលាការ​ស្រុក​ខ្មែរ​យើង​ហ្នឹង​ ​រក​បាន​ហ្អេ!​ ​បើ​គេ​រក​បាន​ ​គេ​រក​ឲ្យ​យើង​បាត់​ហើយ។ គេ​មិន​រក​ឲ្យ​ទេ!​ ​ឥឡូវ​ខ្ញុំ​សូម​ប្តឹង​ទៅ​អន្តរជាតិ»។

អ្នកស្រី​ ណាលី​ ពីឡុក​ នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ផ្តល់​បទសម្ភាសន៍​អំពីយុត្តិធម៌​ និង​ជន​រងគ្រោះ​ ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧ ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​នេះ ថត​នៅ​ថ្ងៃទី ០៧​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នកស្រី​ ណាលី​ ពីឡុក​ នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ផ្តល់​បទសម្ភាសន៍​អំពីយុត្តិធម៌​ និង​ជន​រងគ្រោះ​ ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧ ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​នេះ ថត​នៅ​ថ្ងៃទី ០៧​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

​អ្នកស្រី​ ​ណាលី ភីល័រ​ (Naly Pilorge) នាយិការ​នៃ​អង្គការ​សិទ្ធិមនុស្ស​ ​Licadho​ ​មាន​ប្រសាសន៍​ថា​អ្នកស្រី​ ​មិន​មាន​ការភ្ញាក់​ភ្អើល​នោះ​ទេ​ចំពោះ​ការយឺតយ៉ាវ​ក្នុង​ការ​ស៊ើប​អង្កេត​និង​ផ្តល់​ចម្លើយ​ដល់ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ដ៍រន្ធត់​នោះ។​

«អ្វី​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​បាតុកម្ម​អហិង្សា​នោះ​គឺ​ជា​ឧទាហរណ៍​ ​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​និង​ជា​ទម្រង់​មួយ​នៃ​វប្បធម៌​មាន​គ្មាន​ទោស​ពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក​ម្លេះ។​ ​វា​គ្មាន​ចម្លើយ​ដែល​គួរ​ឲ្យ​ជឿជាក់​បាន។ គ្មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ ​ហើយ​ក៏​គ្មាន​ចម្លើយ​ណា​មួយ​សម្រាប់​ផ្តល់​ជូន​ទៅ​ដល់​គ្រួសារ​នៃ​ជន​រង​គ្រោះ​ ​ក៏​ដូច​ជា​សាធារណៈជន​ផង​ដែរ»។

អ្នកស្រី​បន្ត​ថាករណី​បោក​គ្រាប់​បែក​ក្នុង​ឆ្នាំ១៩៩៧​នេះ​ មិនមែន​ជា​ករណីទីមួយ​នោះ​ទេដែល​ជន​រងគ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នោះ។​ ក្នុង​រយៈ​ពេល​ជាង​៣០ឆ្នាំ​ចុង​ក្រោយនេះ​ ​មាន​ជន​រងគ្រោះ​ជា​ច្រើន​កំពុង​រង់ចំា​ចម្លើយ​និង​យុត្តិធម៌​សម្រាប់​ហេតុការណ៍​ហិង្សា​ដែល​កើត​មាន​ឡើង​លើពួកគេ​និង​សមាជិក​គ្រួសារ​របស់​ពួកគេ៕​

XS
SM
MD
LG