ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល ​ការពារ​ខ្លួន​និង​ចោទ​រដ្ឋាភិបាល​បរទេស​ថា ​មាន​ចេតនា​ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា


រូបឯកសារ៖ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អ​ន្តរជាតិ។ (នូវ ពៅលក្ខិណា/VOA)

«សហ​រដ្ឋ​អាមេរិក​ បាន​ផ្ដល់​មូលនិធិ​គាំទ្រ​ដល់​សកម្មភាព​ក្រៅ​ប្រទេស ​ក្នុង​គោល​បំណង​ដើម្បី​ផ្លាស់ប្ដូរ​របប​ដែល​រដ្ឋាភិបាល​អាមេរិក​មិន​ពេញ​ចិត្ត»។

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការចោទប្រកាន់​រដ្ឋាភិបាលបរទេស​ ​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​អំពី​បេសកកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ថា​មាន​គោល​បំណង​ចង់​ឲ្យ​មាន​ភាព​រង្គោះ​រង្គើ​ និង​ការ​ផ្លាស់ប្ដូរ​របប ​ដែល​មិន​គោរព​តាម​ឆន្ទៈ​ប្រជាជន​ភាគ​ច្រើន។​

ការចោទប្រកាន់​នេះ ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​មួយ​ក្រោម​ចំណង​ជើង​ថា «ប្រាប់ពីការពិត»​ ដែល​ចុះ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ឯក​សារ​ជា​លាយលក្ខណ៍អក្សរ​ដែល​មាន​កម្រាស់ ១៧ ​ទំព័រ​ជា​ភាសា​ខ្មែរ ​និង​មាន​ជា​ភាសា​អង់គ្លេស​ផង​នោះ ​បាន​លើក​ឡើង​ថា៖

«ជាច្រើន​ឆ្នាំ​មក​ហើយ ​ប្រទេស​កម្ពុជា​គឺ​ជា​ប្រធាន​បទ​នៃ​ការ​ធ្វើ​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន ​ដឹក​នាំ​ដោយ​រដ្ឋាភិបាល ​និង​អង្គការ​បរទេស​មួយ​ចំនួន​ ដែល​បាន​មូល​បង្កាច់​អំពី​តថភាព ​និង​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ ​ក្នុង​គោល​បំណង​បង្ហាញ​រូបភាព​អវិជ្ជមាន​អំពី​កម្ពុជា ​និង​ដាក់​កំហុស​មក​លើ​រាជ​រដ្ឋាភិបាល»។

ឯកសារ​នេះ បកស្រាយ​សម្រង់​សម្ដី​របស់អតីត​សមាជិក​សភា​អាមេរិក​ម្នាក់​គឺ​លោក​ Ron​ Paul​ ពី​ខាង​គណបក្ស​សាធារណរដ្ឋ ដោយ​សង្ខេប​ថា៖​

«សហ​រដ្ឋ​អាមេរិក​ បាន​ផ្ដល់​មូលនិធិ​គាំទ្រ​ដល់​សកម្មភាព​ក្រៅ​ប្រទេស ​ក្នុង​គោល​បំណង​ដើម្បី​ផ្លាស់ប្ដូរ​របប​ដែល​រដ្ឋាភិបាល​អាមេរិក​មិន​ពេញ​ចិត្ត»។

ក្រៅ​ពីសំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក ​តាម​រយៈ​ឯកសារ​នោះ​ដែរ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​អង្គការ​សង្គម​ស៊ីវិល ​និង​បណ្ដាញ​សារ​ព័ត៌មាន​មួយចំនួន​ទៀត​ផង​ដែរ។

លោក ​David ​Josar ​អ្នក​នាំ​ពាក្យ​រង​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បញ្ជាក់​ពី​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក ​ដែល​ជា​ប្រទេស​មហា​អំណាច​មួយ​ក្នុង​សាកល​លោក​ និង​ដែល​តែងតែ​ផ្ដល់​ជំនួយ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា​ ​អាមេរិក​គាំទ្រ​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ​ជា​ទូទៅ​ដោយ ​មិន​ប្រកាន់​ថា​ ជា​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ តាម​សារ​អេឡិចត្រូនិក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«យើង​មាន​មោទនភាព​ចំពោះ​ភាព​ជា​ដៃ​គូ​ដ៏​យូរ​អង្វែង​ជាមួយ​នឹង​ប្រជាជន ​និង​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បង្កើន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​នូវ​សេវា​សុខ​ភាព​ ការ​អភិវឌ្ឍ​ជីវភាព​ប្រជាជន​តាម​ជនបទ​ ​ការ​គាំទ្រ​សិទ្ធិ​មនុស្ស ​ការ​ការពារ​បរិស្ថាន ​និង​ភាព​ជោគជ័យ​ លើ​គោលដៅ​សំខាន់ៗ ​ដែល​ប្រជាជន​យក​ចិត្ត​ដាក់​អំពី​វា»។

លោក​បន្ត​ទៀត​ថា ​សហរដ្ឋ​អាមេរិក​រំពឹង​ថា ​នឹង​បន្ត​កិច្ច​ពិភាក្សា​ជា​ដៃគូ​ដ៏​ល្អ ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​«ដើម្បី​ពង្រឹង​ចំណង​មិត្តភាព»។​

​ឯកសារ​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ​ បាន​លើក​យក​ទឡ្ហីករណ៍ ​ជា​ច្រើន​មក​បកស្រាយ​បំភ្លឺ​អំពីគោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ទៅ​លើ​សេចក្ដី​រាយការណ៍ ​ឯក​សារ​ស្រាវ​ជ្រាវ ​ព្រឹត្តិការណ៍​នានា ​និង​ការ​ថ្លែង​ជា​លាយលក្ខណ៍អក្សរ ​ឬ​ដោយ​ផ្ទាល់​មាត់ ​របស់​អង្គការ​សិទ្ធិមនុស្ស ​អង្គការ​សង្គម​ស៊ីវិល ​រាជ​រដ្ឋាភិបាល​បរទេស ​និង​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​មួយ​ចំនួន​ ដោយ​ចាត់​ទុកស្ថាប័ន​ទាំង​នោះ​ ថា​ធ្វើការ​បក​ស្រាយ​ដោយ​មិន​ឆ្លុះ​បញ្ចាំង​ភាព​ពិត​នៃ​ស្ថាន​ភាព​សង្គម​កម្ពុជា​នោះ​ទេ។

អ្នកស្រី ​ធីតា ​ឃឹះ ​ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្នុង​ប្រទេស​កម្ពុជា ​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន ​ដែល​ភ្ជាប់​នឹង​ឯកសារ ​«ប្រាប់​ពី​ការ​ពិត» ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​នេះ។

លោកស្រី ​បញ្ជាក់​ពី​គោលជំហរ ​និងនិន្នាការ​អង្គការ​សង្គម​ស៊ីវិល ​ថា​ការងារ​អង្គការ​ទាំង​នេះ​ ផ្ដោត​ទៅ​លើ​តែ​ការ​បំពេញ​បន្ថែម​ទៅ​លើ​ចំណុច​ខ្វះ​ខាត​ក្នុង​បញ្ហា​សង្គម​នៅ​កម្ពុជា។

«ខ្ញុំ​យល់​ឃើញ​ថា ​ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់​ ដែលក្រសួង​ការ​បរទេស ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទាំង​មូល ​អត់​យល់​អំពី​អង្គការ​សង្គម​ស៊ីវិល ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល ​បំពេញ​កន្លែង​ដែល​ខ្វះ​ខាត​នៃ​ស្ថានការណ៍​ក្នុង​ស្រុក។ ​កន្លែង​ដែល​មាន​ការ​ខ្វះ​ខាត​ អត់​មាន ​បាន​គេ​ធ្វើ។ ​បើ​ទាំង​អស់​គ្នា​ដើរ​និយាយ​អួត​ថា រដ្ឋាភិបាល​កម្ពុជាល្អ ប្រទេស​កម្ពុជា​ល្អ ​ជា​ឋានសួគ៌​ វា​មិន​មែន​ជា​ការ​ពិត​ ​គ្មាន​អ្នក​ណា​ជឿ​ផង»។​

រូបឯកសារ៖ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

រូបឯកសារ៖ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

អ្នកស្រី​ប្រាប់​ VOA​ បន្ត​ទៀត​ថា ​ការ​ព្យាយាម​រក​ដំណោះ​ស្រាយ​នៃ​បញ្ហា​នានា​ក្នុង​សង្គម​ ទើប​អាច​លុប​បំបាត់​ភាព​អវិជ្ជមាន​ទាំង​ឡាយ​របស់​កម្ពុជា៖

«បើ​ចង់​ឲ្យ​គេ​យល់​ពី​ស្រុក​ខ្មែរ​មិន​ទៅ​ថា​ទាល់​តែ​បង្កាច់​បង្ខូច​អី​ទេ ​បញ្ហា​ជា​រឿង​ធម្មតា។​ ប៉ុន្តែ ​បញ្ហា​កើត​ទៅ​រឿង​មិន​ធម្មតា​នៅ​ពេល​ដែល​យើង​និយាយ​ហើយ ​រដ្ឋាភិបាល​មិន​ព្រម​ដោះ​ស្រាយ ​អា​នោះ​បាន​ជា​រឿង​មិន​ធម្មតា។ ​ការ​យក​អាកប្ប​កិរិយា​របៀប​ហ្នឹង​មិន​សូវ​ជា​ជួយ​ប្រទេស​ជាតិ​ប៉ុន្មាន​ទេ ​តែ​ធ្វើ​ឲ្យ​ជា​ការងារ​ហ្នឹង​ទៅ​ជា​មិន​ធម្មតា​ទៅ​វិញ»។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​កម្ពុជា ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រយៈ​ពេល​ប្រមាណ​ជិត​២​ខែ​ខាង​មុខ ​ហើយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​ឆ្នាំ​ក្រោយ​ឆ្នាំ​២០១៨ ។ ​

ប្រមាណ​ពីរសប្ដាហ៍​កន្លង​មក ​ការិយាល័យឧត្ដមស្នង​ការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ហៅ​កាត់ថា OHCHR ​បានចេញសេចក្ដីវិភាគអំពីវិសោធន​កម្មច្បាប់ស្ដីពីគណបក្ស​នយោបាយ។ ​

សេចក្ដី​វិភាគ​នេះ ​បង្ហាញ​ថា​សុចរិត​ភាព​នៃ​ការ​បោះ​ឆ្នោត​នានា ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ​មិន​ត្រូវ​បាន​ធានា​ទេ ​ប្រសិន​បើ​គណបក្ស​នយោបាយ​មិន​អាច​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​ក្នុង​ការ​ស្វែង​រក និង​ទទួល​បាន​ព័ត៌មាន​ដែល​មិន​លម្អៀង។ ​

លោក ​សុខ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំណាច ​មិន​អាច​បញ្ជាក់​អំពី​គោល​បំណង​នៃ​ការ​ចេញ​ផ្សាយ​ឯក​សារ​ ដែល​មាន​ចំណង​ជើង​ថា «ប្រាប់​ពី​ការ​ពិត» ​នោះ​បាន​ទេ។

​លោក​បញ្ជាក់​ថា កន្លង​មក​ការ​វិភាគ ​និង​ការ​បក​ស្រាយ​មួយ​ចំនួន​អំពី​បញ្ហា ​លទ្ធិប្រជាធិបតេយ្យ ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា ​មិនឆ្លុះ​បញ្ចាំង​តថភាព​ពិត​របស់​សង្គម​ខ្មែរ​នោះ​ទេ ​តែ​មាន​ទំនោរ​ទៅ​តាម​និន្នាការ​នយោបាយរបស់​បរទេស។ ​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

«អស់​លោក​មួយ​ចំនួន​មិន​វាយ​តម្លៃ​ទៅ​តាម​ការ​ជាក់ស្ដែង​នៃ​សភាព​ការណ៍​របស់​ប្រទេស​ជាតិ​ទេ ​ច្រើន​តែ​វាយ​ផ្អែក​ទៅ​លើ​និន្នាការ​នយោបាយ ​ឬ​ក៏​សតិ​អារម្មណ៍​ ប្រឆាំងនឹងរាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ​ដូច​បញ្ហា​សិទ្ធិ​មនុស្ស​នៅកម្ពុជា​អញ្ចឹង។ បើ​មើល​ពី​ក្រៅ​ប្រទេស​កម្ពុជា​មក​ខាង​ក្នុង ​ប្រទេស​កម្ពុជា​ហ្នឹង​មិន​ដឹង​សាហាវ​យ៉ាងណា​ទេ ​វា​លើស​ខ្មែរ​ក្រហម​ទៅ​ទៀត ​តែ​យើង​ឃើញ​ហើយ​ ថា​ការ​ពិត​មិន​ដូច​គាត់​និយាយ​ទេ»។

លោក ​ឈាង​ វណ្ណារិទ្ធិ​ សាស្ត្រាចារ្យ​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៣​ និង​ក្រោយ​ពេល​ហេតុ​ការណ៍​មួយ​ចំនួន​ បាន​កើត​ឡើង​នៅ​បស្ចិម​ប្រទេស ​ដែល​កើត​ឡើង​ពី​ការ​លូក​ដៃ​ពី​ប្រទេស​ផ្សេង​នោះ ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ភ័យ​ខ្លាច ​អំពី​ស្ថាន​ការណ៍​នានា​ដែល​អាច​កើត​ឡើង។​

«កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា​មាន​លក្ខណៈ​ភ័យ​ខ្លាច​ច្រើន ​(Paranoid) ​ទាក់​ទង​ទៅ​ហេតុ​ការណ៍ ​Arab Spring​ ​គឺ​បដិវត្តន៍​ពណ៌​នៅ​បស្ចិម​ប្រទេស ​លីប៊ី ​បច្ចុប្បន្ន​ស៊ីរី។ ​ឃើញ​អញ្ចឹង​គាត់​មាន​ការ​ភ័យ​ខ្លាច​ស្ថាន​ការណ៍​នៅ​កម្ពុជា។ ​ជាពិសេស​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៣ មាន​បាតុកម្ម​ទៅ គាត់​ភ័យ​ខ្លាច​ច្រើន។ ​ការ​ភ័យ​ខ្លាច​ច្រើន ធ្វើ​ឲ្យ​គាត់​ហ៊ាន​សម្រេច​ចិត្ត ​គ្រប់​គ្រងNGOs ​និង​ការ​លូក​ដៃ​ពី​បរទេស»។

រូបឯកសារ៖ លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធិនាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និង​សន្តិភាព

រូបឯកសារ៖ លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធិនាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និង​សន្តិភាព

កន្លង​មក​ ​ការ​គោរព​សិទ្ធិមនុស្ស សេរីភាព​សារព័ត៌មាន​ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថា​ មាន​លក្ខណៈ​ទន់​ខ្សោយ​ខ្លាំង។​

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ដែរ​រដ្ឋាភិបាល​បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​សារ​ព័ត៌មាន​មួយ​ចំនួន​ដូចជា ​វិទ្យុ​អាស៊ី​សេរី​ (RFA), ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​(VOA) កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) ​និង​ ព្រឹត្តិបត្រ​ព័ត៌មាន ដឺ​ខេមបូឌា​ដេលី​(Cambodia Daily)​ ថា ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នេះ​មាន​សេរីភាព​ខ្លាំង​ណាស់​ក្នុង​ការ​រិះគន់​ខ្លាំងៗ​ និង​ចោទ​ប្រកាន់​«ដោយ​គ្មាន​មូលដ្ឋាន»​លើ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​លោក ​ហ៊ុន​ សែន។

សេចក្ដីប្រកាសព័ត៌មាននោះសរសេរត្រង់​ចំណុច​នេះ​ថា៖​

«ការ​បោះ​ពុម្ព​ផ្សាយ​កាសែត​គឺ ​មាន​លក្ខណៈ​សេរី​ខ្លាំង​ណាស់​រហូត​ដល់​កាសែត​ខាំបូឌា​ដេលី និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ជា​កាសែត​ភាសា​អង់គ្លេស​ដ៏​ធំនិង​មាន​បកប្រែ​ជា​ភាសាខ្មែរ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ​នូវ​ការ​រិះគន់​ខ្លាំងៗ​ ព្រម​ទាំង​មាន​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​ផ្អែក​លើ​ការ​សង្ស័យ​សុទ្ធ​សាធ»។

លោក មឿន​ ​ឈាន​ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន ​បាន​ប្រាប់​ VOA ​ថា​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​កាន់​លទ្ធិសង្គមនិយម​ដែលនៅ​ក្បែរ​ខាង។

«បើ​យើង​ប្រៀប​ធៀប​នឹង​បរិបទ​ប្រទេស​ជិត​ខាង ​ឡាវ និង​វៀតណាម ​ដែល​ជា​ប្រទេស​ដែល​កាន់​លទ្ធិសង្គមនិយម។ ​តែបើយើង​ប្រៀប​ធៀប​ទៅ​នឹង​បរិបទបណ្ដាប្រទេស​អាស៊ាន​ទាំង​មូល ​ដូច​ជា​ប្រទេស​ហ្វីលីពីន​អី ​យើង​ហាក់​ដូច​ជា​ដើរ​ក្រោយ​បន្តិច បើ​និយាយ​ពី​សេរីភាព​សារព័ត៌មាន​នេះ»។

លោក ​Stuart ​White ​និពន្ធ​នាយក​ស្ដីទី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​អង់គ្លេស ​បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិក​ ប្រាប់​VOA​ថា៖​

«ក្នុង​រយៈ​ពេល​ជាង​២៥ឆ្នាំ​មក​នេះ ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ប្ដេជ្ញា​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​សារព័ត៌មាន ​ទាំង​ជា​ភាសា​ខ្មែរ ​និង​ភាសា​អង់គ្លេស»។

លោក​និពន្ធ​នាយក​ជនជាតិ​អាមេរិក​រូប​នេះ​បន្ត​ទៀត​ថា៖

«បេសកកម្ម​យើង ​គឺ​រាយ​ការណ៍ ​ដោយ​ស្មើភាព​ និង​មិន​លម្អៀង ​ហើយ​យើង​បន្ត​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​នោះ ​ទទួល​ខុស​ត្រូវ ​ដើម្បី​ផល​ប្រយោជន៍​នៃ​តម្លា​ភាព​ និងផលប្រយោជន៍សាធារណៈ​មតិ​ទាំង​មូល»។

នៅ​ក្នុង​អត្ថបទ ​«ប្រាប់​ពី​ការ​ពិត» ​ដដែល​នោះ ក្រសួង​ការ​បរទេស​ក៏​បាន​វាយ​ប្រហារ​ទៅលើ​ លោក​ស្រី ​Wan ​Hea ​Lee តំណាងប្រចាំ​ប្រទេស​កម្ពុជា​ នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​OHCHR ​ដែរ​ ថា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពី​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា ​មាន​លក្ខណៈលម្អៀង។ ​

VOA ​ពុំ​ទទួល​បាន​ការ​អត្ថាធិប្បាយ​ពី​លោក​ស្រី Wan Hea Lee​ ទេ។

ក្នុង​ឯកសារ​ដែល​ចេញ​ដោយ ​ក្រសួង​ការ​បរទេស​ដដែល​នេះ ​រដ្ឋាភិបាល​បាន​ការពារ​ ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ឃុំខ្លួន ​អ្នក​ទោស​២៦​រូប ​ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ហៅ​ថា​ជា​ «អ្នក​ទោស​នយោបាយ» ដោយ​រដ្ឋាភិបាលថ្លែង​ថា​ អ្នក​ទាំង​នោះ​បាន​រំលោភ​ច្បាប់។​

VOA ​មិន​អាច​ទាក់​ទង​លោក ជុំ សុន្ទរី ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​នោះ​ទេ៕

XS
SM
MD
LG