ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកផលិត​ខ្សែភាពយន្ត​ខ្មែរ​ស្វែង​រក​ការទទួល​ស្គាល់​ទូលំទូលាយ​ជាង​មុន


ភាពយន្ត​ខ្មែរ​ដែល​​ធ្លាប់​តែ​រស់រវើក​និង​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​ នរោត្តម​ សីហនុ ដែល​ចូលចិត្ត​វិស័យ​ខ្សែភាពយន្ត​នេះ ​បាន​ធ្លាក់ចុះ​អស់​មួយ​រយៈពេល​វែង ​ប៉ុន្តែ​ឥឡូវ​នេះ​ វិស័យ​នេះ​កំពុង​តែ​ងើប​ឡើង​មក​វិញ​ហើយ។

ភាពយន្ត​ខ្មែរ​ដែលធ្លាប់​តែ​រស់រវើក​និង​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​ នរោត្តម​ សីហនុ ដែល​ចូលចិត្ត​វិស័យ​ខ្សែភាពយន្ត​នេះ ​បាន​ធ្លាក់ចុះ​អស់​មួយ​រយៈពេល​វែង ​ប៉ុន្តែ​ឥឡូវ​នេះ​ វិស័យ​នេះ​កំពុង​តែ​ងើប​ឡើង​មក​វិញ​ហើយ។

កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការលើកចិត្ត​ដល់​អ្នកផលិត​ខ្សែភាពយន្ត​ក្នុង​ស្រុក​កំពុង​តែ​ចាប់​ផ្តើម​ទទួល​ផ្លែផ្កា​មកវិញ ខណៈ​ពេល​ដែល​អ្នកផលិត​ខ្សែភាពយន្ត​ក្រៅស្រុក​ជា​ច្រើន​កំពុង​តែ​ងាក​មក​យកចិត្ត​ទុកដាក់​លើ​រឿង​ដែល​ទាក់ទង​នឹង​កម្ពុជា។

វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ Hollywood ​មាន​ការកត់​សម្គាល់​ផង​ដែរ។ ហើយ​ឆ្នាំ​នេះ​ លោកស្រី​ Angelina Jolie-Pitt ​បាន​ជួយ​ទាញ​ការចាប់​អារម្មណ៍​តាមរយៈ​ការផ្តល់​កិត្តិយស​ធ្វើ​ជា​គណៈអធិបតី។

លោក​ស្រី​ Angelina ​បាន​ជួយ​សម្របសម្រួល​បើក​កម្មវិធី​មហោស្រព​ភាពយន្ត​នៅ​សាល​មហោស្រព​ចតុមុខ ​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​មាន​ការចូលរួម​ពី​អ្នកដឹកនាំ​រឿង​ខ្មែរ​ដ៏​ល្បី​បំផុត​គឺ​លោក ​ប៉ាន់​ រិទ្ធី ​និង​ជំនួយការ​របស់​លោក​២​នាក់​ផង​ដែរ។​

លោកស្រី​ Angelina ​បាន​ថ្លែង​ទៅ​កាន់​ទស្សនិកជន​ថា៖ «​ប្រទេស​នេះ[កម្ពុជា] ​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ»។ លោក​ស្រី Angelina បាន​ថ្លែង​យ៉ាង​ដូច្នេះ មុន​ពេល​ដែល​លោកស្រី​ពិចារណា​ទៅ​លើ​ការថត​ខ្សែភាពយន្ត​ដែល​ដកស្រង់​ចេញ​ពី​សៀវភៅ​បែប​ជីវប្រវត្តិ​ដែល​មាន​ចំណង​ជើង​ថា «ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​របស់​ខ្ញុំ» ដែល​ជា​ស្នា​ដៃ​របស់លោក​ស្រី អ៊ុង លឿង​ ហើយ​បច្ចុប្បន្ន​នេះ លោក​ស្រី Angelina កំពុង​តែ​ដឹកនាំ​ខ្សែភាពយន្ត​នេះ ​ជាមួយ​នឹង​ផលិតករ ​គឺ​លោក រិទ្ធី ​ដែល​នឹង​បង្ហាញ​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក​អំពី​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​របស់​ខ្មែរ»។

លោកស្រី​ Angelina​ដែល​បាន​សុំ​កូន​ខ្មែរ​ម្នាក់​ធ្វើ​ជា​កូន​ចិញ្ចឹម​ និង​បាន​បង្កើត​គម្រោង​សប្បុរសធម៌​នានា​ ត្រូវ​បានរដ្ឋាភិបាល​កម្ពុជា​ប្រគល់​សញ្ជាតិ​កម្ពុជា​ឲ្យ​ ហើយ​លោកស្រី​បាន​ចាប់ផ្តើម​ស្រឡាញ់​ប្រទេស​កម្ពុជា បន្ទាប់​ពី​លោកស្រី​បាន​ថត​ខ្សែភាពយន្ត​ Tomb Raider នៅ​កម្ពុជា​កាល​ពី​១៥​ឆ្នាំ​មុន។

លោក​ ឆន ប៊ុនហម ​ដែល​ជា​អ្នកផលិត​ខ្សែ​ភាពយន្ត​ខ្មែរ​អូស្រ្តាលី ​ដែល​ភាពយន្ត​ឯកសារ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «ជំរំ​លេខ​៣២‍» ​ជា​ខ្សែភាពយន្ត​មួយ​ដែល​មាន​ភាព​លេចធ្លោ​នៅ​ក្នុងមហោស្រព​ភាពយន្ត​នោះ​ដែរ ​បាន​មាន​ប្រសាសន៍​ថា វត្តមាន​របស់​លោក​ស្រី Angelina ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​ក្នុងនាម​ជា​គណៈអធិបតី គឺ​ជា​កិត្តិយស​ដ៏​ធំ​មួយ។

លោក​ ឆន ប៊ុនហម បាន​បន្ត​ថា​ «ខ្ញុំ​មក​នៅ​ទី​នេះ​មួយ​រយៈ​មក​ហើយ​ ហើយ​វិស័យ​ភាពយន្ត​បាន​រីក​លូតលាស់​ពី​តូច​ទៅ​ជា​ធំ​យ៉ាង​សម្បើម។ ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ​ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក​ វា​គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ខ្មែរ​ទទួល​យក​ក្នុង​ពេល​នេះ ​ហើយ​ខ្ញុំ​ក៏​កត់​សម្គាល់​ឃើញ​ថា ​តាមរយៈ​វត្តមាន​នៅ​ទីនេះ​ដែល​ភាពយន្ត​របស់​យើង​ត្រូវ​បាន​យក​ទៅ​បញ្ចាំង​នៅ​ប្រទេស​ផ្សេង​ទៀត​ផង»។

រំលឹក​របប​ខ្មែរ​ក្រហម

លោក ប៊ុនហម ​ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ ឡូយ៩ ​ដែល​ជា​កម្មវិធី ​«កំសាន្ត​បែប​អប់រំ» ​និង​ទទួល​បាន​ប្រជាប្រិយ​យ៉ាង​ច្រើន​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា​ជាមួយ​នឹង​អត្រា​អ្នក​មើល​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាង​២​លាន​ដង​ក្នុង​មួយ​សប្តាហ៍ ​ដោយកម្មវិធី​នេះ​មាន​ការគាំទ្រ​ពី​ទូរទស្សន៍ ​BBC ​បាន​មាន​ឱកាស​មើល​និង​ផ្តល់​យោបល់​ដល់​កម្មវិធី​ទេពកោសល្យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ភាពយន្ត​របស់​លោក ប៊ុនហម ពណ៌នា​ពី​ការរត់គេច​ចេញ​ពី​ជំរំ​ពលកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ដ៏​តក់​ស្លុត​ដែល​មនុស្ស​ភាគច្រើន​បាន​បំភ្លេចទៅ​ហើយ។ ខ្សែភាពយន្ត​របស់​លោក ប៊ុនហម បាន​ប៉ះទង្គិច​ផ្លូវ​ចិត្ត​របស់​លោក​និង​ក្រុមគ្រួសារ​របស់​លោក​យ៉ាង​ខ្លាំង​នៅ​ពេល​នោះ។ ទោះបី​ជា​ដូច្នេះ​ក្តី ​លោក ប៊ុនហម ​នៅ​តែ​ជំរុញ​ទៅមុខ ​និង​លើកទឹក​ចិត្ត​ដោយសារ​លោក​ដឹង​ថា ប្រសិន​បើ​លោក​មិន​ផលិត​ខ្សែភាពយន្ត​នេះ​ទេ ​ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​នោះ​នឹង​យក​ជ័យ​ជម្នះ​លើ​រូប​លោកដោយ​ធ្វើ​ឲ្យ​លោក​នៅ​ស្ងាត់ស្ងៀម។

លោក​ ប៊ុនហម ​មាន​ជំនឿ​ថា​ ការធ្វើ​ជា​ម្ចាស់​លើ​ប្រវត្តិសាស្រ្ត​និង​វប្បធម៌​ដែល​អ្នក​ដទៃ​បាន​ព្យាយាម​បដិសេធ​មនុស្ស​ គឺ​ការលើកទឹកចិត្ត​ដ៏​ខ្លាំងក្លា​ដែល​នៅ​ពី​ក្រោយ​សំឡេង​ដ៏​ច្នៃប្រឌិត​កម្ពុជា​ជា​ច្រើន​ ទាំង​ក្មេង​និង​ចាស់។

លោក​ ប៊ុនហម ​បាន​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​នេះ​យើង​ឃើញ​មាន​ការផ្លាស់ប្ដូរ ​ព្រោះ​ថា ​ដូច​ដែល​យើង​ធ្លាប់​ជួប​ប្រទះ​ពេល​វេលា​ដ៏​អាក្រក់​នេះ​ក្នុង​របប​ខ្មែរ​ក្រហម ​ហើយ​៥​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​គិត​ថា​ ការគិត​របស់​ប្រជាជន​ខ្មែរ​យើង​មាន​ការផ្លាស់ប្ដូរ។ ហើយ​យើង​មិន​ចង់​ឲ្យ​ពិភពលោក​ស្គាល់​យើង​តាមរយៈ​រឿង​សាហាវ​ឃោរឃៅ​ទៀត​នោះ​ទេ ប៉ុន្តែ​យើង​ចង់​ឲ្យ​ពិភពលោក​ស្គាល់​យើង​តាមរយៈ​ស្នាដៃ​សិល្បៈ​របស់​យើង​វិញ»។

ការផ្តោត​លើ​សំឡេង​របស់​ស្ត្រី

ចំពោះ​នាង​ ងឿម ផល្លី ​ដែល​ជា​អ្នកដឹកនាំ​ថត​ខ្សែភាពយន្ត​ក្នុង​វ័យ​២៦​ឆ្នាំ ​ការផលិត​ខ្សែភាពយន្ត​ផ្តល់​ដល់​នាង​នូវ​មាគ៌ា​ក្នុង​ការដោះស្រាយ​បញ្ហា​គាបសង្កត់​មួយ​ទៀត​លើ​សំឡេង​របស់​ស្រ្តី​នៅ​ក្នុង​វប្បធម៌​មួយ​ដែល​បាន​ដាក់សម្ពាធ​លើ​ស្រ្តី​មិន​ឲ្យ​ជ្រើសរើស​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ។

នាង​ផល្លី ​ដែល​អង្គុយ​នៅ​ជិត​លោក​ស្រី ​Angelina ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​នោះ​ បាន​ប្រាប់​ដល់​ទស្សនិកជន​ថា នាង​បាន​ប្រឆាំង​នឹង​ការយល់ឃើញ​របស់​គ្រួសារ​របស់​នាង​ទៅ​លើ​ការងារ​ដែល​សក្តិសម​សម្រាប់​ស្ត្រី។

នាង​បាន​និយាយ​ប្រាប់​ទស្សនិកជន​ថា «គេ​ប្រាប់​ខ្ញុំ​ថា ការងារ​ជា​អ្នកផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មិនមែន​ជា​ការងារ​របស់​មនុស្ស​ស្រី​នោះ​ទេ ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ដូចជា​មនុស្ស​ប្រុសនិង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ជា​ញឹកញាប់។ ខ្ញុំ​នឹង​មិន​មាន​ពេល​វេលា​នៅ​ផ្ទះ​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ខ្ញុំ​ត្រូវ​ការពារ​កិត្តិយស​គ្រួសារ​ទៀត​ផង»។​នាង​ផល្លី បាន​ដឹកនាំ​ផលិត​ខ្សែភាពយន្ត​ជិត​១០​រឿង​ទៅ​ហើយ ហើយ​នាង​ក៏​ជា​អ្នក​ចូលរួម​សរសេរ​ភាពយន្ត​ឯកសារ​ដ៏​ល្អ​មួយដែល​មាន​ចំណងជើង​ថា ​«មេខ្យល់» ​ដែល​រឿង​នេះ​ត្រូវ​បានចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ បារាំង​អាល្លឺម៉ង់​ ARTE ​និង​ទូរទស្សន៍ PBS ​របស់​សហរដ្ឋអាមេរិក​ថែម​ទៀត​ផង។

ភាពយន្ត​របស់​នាង​ ដែល​មាន​ចំណង​ជើង​ថា «ក្មេង​ប្រុស​ជា​មគ្គុទ្ទេសក៏» ដែល​ជា​ខ្សែភាពយន្ត​ខ្លី​ឆ្លុះ​បញ្ចាំង​អំពី​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ ដែល​បម្រើការ​ជា​មគ្គុទ្ទេសក៏​ទេសចរណ៍​ ដើម្បី​ជួយ​ឪពុក​របស់​ខ្លួន​ ក៏​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ឆ្នាំ​នេះ​ផង​ដែរ។

ការបង្កើត​ទីតាំង​ថត​ភាពយន្ត​ក្នុង​ស្រុក

ថ្វី​ដ្បិត​តែ​មាន​ការកើនឡើង​នូវ​ចំនួន​អ្នកផលិត​ខ្សែភាពយន្ត​វ័យក្មេង​នៅ​កម្ពុជា​ជា​ច្រើន​ក៏​ដោយ ក៏​ខ្សែភាពយន្ត​ដែល​ដឹកនាំ​ថត​នៅ​ក្នុង​ស្រុក​នៅ​តែ​មាន​ចំនួន​តិច​តួច​ក្នុង​ចំណោម​ខ្សែភាពយន្ត​ជាង​១៣០​ដែល​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ​ទោះបី​ជា​ភាពយន្ត​ជា​ច្រើន​ផ្តោត​លើ​ប្រទេស​កម្ពុជា​ក៏​ដោយ។

អ្នកគ្រប់គ្រង​មហោស្រព​ភាពយន្ត​នេះ លោក Cedric Eloy ​មាន​ប្រសាសន៍​ថា អ្នកផលិត​ខ្សែភាពយន្ត​ក្នុង​ស្រុក​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន ​ចាប់​តាំង​ពី​មហោស្រព​ភាពយន្ត​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១០​មក ​ក៏​ប៉ុន្តែ​ជំហាន​បន្ទាប់​គឺ​ត្រូវ​ជួយ​ពួកគេ​ក្នុង​ការបង្កើត​ផលិតកម្ម​ដែល​មាន​មហិច្ឆតា​ខ្ពស់ជាង​នេះ។

លោក Eloy ​បាន​មាន​ប្រសាសន៍​ថា​ «​វា​ចាំបាច់​ក្នុង​ការ​ដែល​ធ្វើ​ឲ្យ​អ្នកផលិត​ខ្សែភាពយន្ត​នៅ​ទីនេះយល់ថា ​ការផលិត​ខ្សែភាពយន្ត​គឺ​ដើម្បី​ឧស្សាហកម្ម​មួយ ​ដូច្នេះ​ពួកគេ​គួរ​តែ​ទាញ​យក​អត្ថប្រយោជន៍​ពី​មហោស្រព​ភាពយន្ត​នេះ​ដើម្បី​មើល​ភាពយន្ត​មួយ​ចំនួន ​ដើម្បី​ជួប​មនុស្ស​មួយ​ចំនួន ​និង​ដើម្បី​រៀន​ ហើយ​វា​ជា​គោលដៅ​ចម្បង​នៃ​មហោស្រព​ភាពយន្ត​នេះ មុន​ពេល​ផ្គាប់​ចិត្ត​ទស្សនិកជន»។

​លោក Eloy ​បាន​បន្ថែម​ថា «ខ្ញុំ​ចង់​មាន​ន័យ​ថា ពួកគេ​ទាំង​នេះ​មាន​បំណង​ឈាន​ទៅ​ធ្វើ​គម្រោង​ដ៏​មាន​មហិច្ឆតា​ជាង​នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ ហើយ​អ្នក​នឹង​មើល​ឃើញ​ ភាពយន្ត​ឯកសារ​ដែល​ពួកគេ​ទាំង​នេះ​នឹង​ផលិត​ជាមួយ​នឹង​កម្រិត​បទដ្ឋាន​អន្តរជាតិ ពីព្រោះ​ពួកគេ​បាន​រៀនសូត្រ​អំពី​ភាពយន្ត​ឯកសារ​កាល​ពី​ឆ្នាំ​មុន»។

ប្រែសម្រួលដោយ នាង ហុង ចិន្តា

XS
SM
MD
LG