ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពាណិជ្ជកម្ម​នៅ​កម្ពុជា​សង្ឃឹម​ថា​ផ្លាស់ប្ដូរ​មុខមាត់​​ជាមួយ​​វេទិកា​​សេដ្ឋ​កិច្ច​ពិភពលោក


កម្មករ​ឈរ​នៅ​លើ​រន្ទា​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ក្បែរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

សេដ្ឋកិច្ច​​ដែល​​មាន​ស្ថិរភាព​ឡើង​វិញ​យ៉ាង​លឿន​របស់​កម្ពុជា នឹង​ទទួល​បាន​ការ​ជំរុញ​បន្ថែម​ទៀត នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី​មួយ​​​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ (WEF) ប្រចាំ​តំបន់ ក្នុង​សប្ដាហ៍​នេះ ដោយ​មាន​នឹង​ថ្នាក់​ដឹក​នាំ ពាណិជ្ជកម្ម​ ដែល​កំពុង​សម្លឹង​​រក​ឱកាស​ពង្រីក​ឧស្សាហកម្ម​នានា​ដែល​កំពុង​លូត​លាស់​របស់​ប្រទេស​មួយ​នេះ។​

មេធាវី​អាមេរិកាំង និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក Brett Sciaroni បាន​និយាយ​ថា​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅតែកើន​ឡើង​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន​កំណើនផលិត​ក្នុង​ស្រុក​សរុប​ជាង ៧% ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។

វិស័យ​កាត់​ដេរ ទេសចរណ៍ សំណង់ និង​កសិកម្ម គឺជា​គន្លឹះ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ប្រទេស ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​ចង់​ឃើញ​វិស័យ​ទាំង​អស់​រីក​ចម្រើន​ប្រកប​ដោយ​និរន្តភាព។

លោក​បាន​និយាយ​ថា៖ «យើង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួល​បាន​ ឧស្សាហកម្មធន់​ស្រាល​ ច្រើន​ជាង​នេះ​ ក្នុង​ពេល​អនាគត ពីព្រោះ​យើង​ត្រូវ​ការសេដ្ឋកិច្ច​ចម្រុះ។ ឥឡូវ​នេះ​យើង​មាន​វិស័យ​កសិកម្ម​ និង​វិស័យ​កាត់​ដេរ​រឹង​មាំ ប៉ុន្តែ​យើង​ចង់​ឲ្យ​វិស័យ​ឧស្សាហកម្ម​ធន់​ស្រាល​ បែក​ចេញ​ពី​ឧស្សាហកម្ម​កាត់​ដេរ និង​ក្លាយ​ខ្លួន​ជា​អ្វី​ផ្សេង»។

ការ​ធ្វើ​ឲ្យ​មុខមាត់​ប្រទេស​កម្ពុជា​ប្រសើរ​ឡើង

នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ មាន​អគារ​ចម្រុះ​ពណ៌ សួន​ច្បារ​ត្រូវ​បាន​សម្អាត​ និង​រៀប​ចំ​តែង​លម្អ ដើម្បី​ទទួល​គណៈប្រតិភូ ៧០០ នាក់ មកពី ៤០ ប្រទេស សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ពី​ថ្ងៃ​ទី ១០ ដល់​ទី ១២ ខែ​ឧសភា ដែល​ផ្ដោត​សំខាន់​លើផ្នែក​បច្ចេកវិទ្យា​ ការ​រីកចម្រើន និង​យុវជន។

លោក Sciaroni និយាយ​ថា វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ជំនួស​មុខ​ឲ្យ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) នឹង​ជួយ​លើក​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដែល​ជា​ទូទៅ​ត្រូវ​បាន​បង្កាច់​បង្ខូច​ដោយ​អំពើ​ពុក​រលួយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម។

លោក​និយាយ​ថា៖ «ទស្សនៈ​ចាស់​គំរឹល​របស់​កម្ពុជា ពិបាក​នឹង​ផ្លាស់​ប្ដូរ​ណាស់។ ដូច្នេះ​ខ្ញុំ​គិត​ថា នៅ​តែ​មាន​អ្នក​គិត​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម អំពើ​ប្រល័យ​ពូជ​សាសន៍ខ្មែរ​ក្រហម និង​គ្រាប់​មីន​ជា​ដើម»។

លោកបន្ថែម​ថា៖ «ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ពួកគេ​បើក​ភ្នែក​ធំៗ​តែ​ម្ដង។ ពួកគេ​ឃើញ​អគារ​ខ្ពស់​ត្រដែត​ជាច្រើន ពួក​គេ​ឃើញ​មាន​ការ​អភិវឌ្ឍជា​ច្រើន​កំពុង​ដំណើរ​ការ»។

សេដ្ឋកិច្ច​គឺជា​ចំណុច​ខ្លាំង​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​បក្ស​កាន់​អំណាច ក៏​ដូចជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​នៅ​ខែ​ក្រោយ និង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ ក្នុង​ខែ​កក្កដា ឆ្នាំក្រោយ។

ការ​ដឹក​នាំ​របស់​ លោក ហ៊ុន សែន ដែល​តែង​តែ​ត្រូវ​បាន​គេ​រិះគន់ បាន​គ្រប់​គ្រង​រដ្ឋាភិបាល​អស់​រយៈ​ពេល​ប្រមាណ ៣០ឆ្នាំមកហើយ ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៩៨ ជា​ពេល​ដែល​កម្ពុជា​ខំ​ប្រឹង​ស្ដារ​មុខ​មាត់​ពី​ប្រទេស​ដែល​បរាជ័យ​មួយ។ ចាប់​តាំង​ពី​ពេលនោះ​មក លោក ហ៊ុន សែន បាន​ត្រូវ​បាន​គេ​ទទួល​ថាមាន​ស្នាដៃ​ ក្នុង​ការ​ធានា​ឲ្យ​មាន​សន្តិសុខក្នុង​ប្រទេស​ ដែលមានកំណើន​សេដ្ឋកិច្ច មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក។

ការ​លើក​ឡើង​របស់​លោក Sciaroni ត្រូវ​បាន គាំទ្រ​ដោយ លោក David Totten ប្រធាន​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ផ្នែក​ទីផ្សារ (Emerging Market Consulting) ដែល​មាន​ទី​តាំង​នៅ​រាជ​ធានី​ភ្នំពេញ។ លោក​ David បាន​និយាយ​ថា​ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក គឺ​ជា​គំនិត​ដ៏​ល្អ​មួយ។

លោក​ David ថា៖

«ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​ការណ៍​ដែរ​មិន​ល្អ​ឥត​ខ្ចោះ​ មិន​មែន​មាន​ន័យ​ថា​អាក្រក់​នោះ​ទេ។ នៅ​ក្នុង​ឧស្សាហកម្ម​ជាច្រើន និង​វិស័យ​ជាច្រើន អ្នក​នឹង​ឃើញ​ភាព​មមាញឹក ហើយ​សហគមន៍​របស់​សហគ្រិន​កំពុង​បង្កើត និង​ធ្វើ​ជំនួញ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ និង​រីក​ចម្រើន​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។

មិន​មែនមនុស្ស​គ្រប់​គ្នា​សប្បាយ​ចិត្ត​នឹង​វេទិកា​នេះ​ទេ

យ៉ាង​ណា​ក៏​ដោយ គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ និង​សកម្មជន​សិទ្ធិ​មនុស្ស មិន​គាំទ្រ​ការ​ធ្វើ​ជា​ម្ចាស់​នៃ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​រាជ​ធានី​ភ្នំពេញ​នេះ​ឡើយ។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា៖ «ប្រទេស​កម្ពុជា​គួរ​តែ​ជា​ប្រទេស​ចុង​ក្រោយ​មួយ ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត ដែល​គួរ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កម្ម​វិធី​ប្រជុំ​ធំៗ ដូច​ជា​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នេះ​ជា​ដើម ហើយ​លោក​បានបន្ថែម​ថា​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ «ស្ថិត​ក្នុង​ភាព​បរាជ័យ»។

លោក​ក៏​បាន​កត់​សម្គាល់​ថា​ អាជ្ញាធរ​កម្ពុជា បំភាន់​ភ្នែក​សហគមន៍​អន្តរជាតិ ដោយការ​ប្រមូលជន​ក្រី​ក្រ គ្មាន​ផ្ទះ​សម្បែង ​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ​ទៅ​ទុក​មួយ​កន្លែង ​ហើយកន្លង​មក​អ្នក​ទាំង​នោះធ្លាប់​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង ដែល​ជា​ផ្នែក​មួយ​នៃ​ «យុទ្ធនាការ​ស្ដារ​មុខ​មាត់​ទីក្រុង» មុន​ពេល​មាន​ព្រឹត្តិការណ៍​ធំៗ នៅ​ក្នុង​ទីក្រុង។

លោក​ ហ៊ុន សែន ក៏​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង​ក្នុង​រយៈ​ពេល ១៨ខែ​កន្លង​មក​នេះ។ អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​បរិហារកេរ្តិ៍ និង​បទ​ចោទ​ប្រកាន់​ដទៃ​ទៀត​ ស្រប​ពេល​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង ក៏​រង​ការ​គំរាម​ផ្នែក​ច្បាប់​ និង​ការ​គំរាម​ចាប់​ដាក់​ពន្ធនាគារ ដែល​អាច​រារាំង​ពួក​គេ​មិនឲ្យ​កាន់​តំណែង​ក្នុង​ស្ថាប័ន​សាធារណៈ។

លោក​ Robertson បាន​និយាយ​ថា វេទិកា​សេដ្ឋកិច្ច​ពិភព​លោក គួរ​តែ​ផ្ដោត​ទៅ​លើបញ្ហា​ទាំង​អស់​នេះ ស្រប​ពេល​ដែល​លោក​ស្រី មូរ សុខ​ហួរ សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា​បញ្ហា​សិទ្ធិមនុស្ស​គួរ​តែ​ជា​ផ្នែកមួយ​នៃ​ការ​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច និង​ប្រទេស​ដូច​កម្ពុជា​ គួរ​តែ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សិន មុន​នឹង​ត្រូវ​ផ្ដល់​បុព្វសិទ្ធិ​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក។​

អ្នកនាំ​ពាក្យ​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក និង​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​មិន​អាច​ទាក់ ទង​សុំ​យោបល់​ទាក់ទង​នឹង​បញ្ហា​នេះ​បាន​ទេ។

យុវជន​កម្ពុជា

ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​ឆាប់​រហ័ស ដូច​គ្នា​ទៅ​នឹង​សេដ្ឋកិច្ច​របស់​ខ្លួន​ ស្រប​ពេល​ដែល​ប្រទេស​នេះ​មាន​ជំនាន់​យុវជនកើត​ក្រោយ​សង្គ្រាម កំពុង​វិវត្តន៍​ទៅ​រក​ភាព​ចាស់​ទុំ។ អ្នក​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​កត់​សម្គាល់​ថា អាយុ​ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា​គឺ ២៣,៨ ឆ្នាំ ហើយ​មនុស្ស​វ័យ​ក្មេង​ទាំងនេះ កំពុង​ទាម​ទារក​ការងារ​ដែល​មាន​ប្រាក់​កម្រៃ​ខ្ពស់ ការ​ងារ​ដែល​មាន​ជំនាញ​ច្បាស់​លាស់ និង​ជីវិត​បែប​ស៊ីវិល័យ។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត ២០១៣ យុវជន​ជា​ច្រើន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ជា​លទ្ធផល លោក​ ហ៊ុន សែន នៅ​តែ​ឈ្នះ និង​កាន់​អំណាច ដោយ​គ្រាន់​បាត់​បង់​ការ​គាំទ្រ​មួយ​ភាគ​ធំ។

ទោះ​បី​ជា​មាន​បញ្ហា​នយោបាយ​ក៏​ដោយ លោក មួយ ពិសិដ្ឋ អ្នកនាំ​ពាក្យ​សហព័ន្ធ​និស្សិត​បញ្ញាវ័ន​កម្ពុជា បាន​និយាយ​ថា កម្ពុជា​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ហើយ​ការណ៍​នេះ​អាចលើក​មុខ​មាត់​ប្រទេស​ជាតិ និង​អាច​ទាក់ទាញ​ដៃគូ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ។

លោក​លើក​ឡើង​ថា៖ «ប្រទេស​កម្ពុជា​ត្រូវ​ការ​ការ​វិនិយោគ​ និង​កិច្ច​សហប្រតិបត្តិការ​។ កង្វះខាត​ធន​ធាន​មនុស្ស និង​ទំនើបភាវូប្បនីយកម្ម បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​កម្ពុជា​ត្រូវ​ធ្វើ​វា​ឲ្យ​ប្រសើរ​ឡើង»៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG