ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួនាទី​ជា​តំណាងរាស្ត្រ​របស់​ស្ត្រី​ខ្មែរ​សញ្ជាតិ​តៃវ៉ាន់​ជួយ​ពង្រឹង​វប្បធម៌​ចម្រុះ​នៅ​តៃវ៉ាន់


រូប​ឯកសារ៖ អ្នក​ស្រី លីន លីចាន់ ដែលជា​ស្រ្តី​ខ្មែរ​ដែល​មាន​សញ្ជាតិ​តៃវ៉ាន់ និងជា​តំណាងរាស្ត្រ​នៃ​សភា​កោះតៃវ៉ាន់ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ក្រុង Changhua កោះតៃវ៉ាន់ កាល​ពី​ថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០១៦។
រូប​ឯកសារ៖ អ្នក​ស្រី លីន លីចាន់ ដែលជា​ស្រ្តី​ខ្មែរ​ដែល​មាន​សញ្ជាតិ​តៃវ៉ាន់ និងជា​តំណាងរាស្ត្រ​នៃ​សភា​កោះតៃវ៉ាន់ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ក្រុង Changhua កោះតៃវ៉ាន់ កាល​ពី​ថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០១៦។

បរិបថ​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​កោះ​តៃវ៉ាន់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ បន្ទាប់​ពី​ស្ត្រី​ខ្មែរ​សញ្ជាតិ​តៃវ៉ាន់​ម្នាក់​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​សភា​កោះ​តៃវ៉ាន។

ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គោល​នយោបាយ​អន្តោប្រវេសន៍​របស់​កោះ​តៃវ៉ាន់​មាន​ភាព​បើក​ចំហរ​ខ្លាំង ដោយ​សារ​តម្រូវការ​ខាង​កម្លាំង​ពលកម្ម​ដើម្បី​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច​របស់​ខ្លួន។ ការណ៍​ដែល​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​មាន​សញ្ជាតិ​តៃវ៉ាន់​ត្រូវ​បាន​ជ្រើសតាំង​ជា​តំណាង​រាស្ត្រ​ម្នាក់​របស់​គណបក្ស​ Kuomintang នឹងបន្ត​ជួយ​ពង្រឹង​វប្បធម៌​ចម្រុះ​របស់​កោះ​តៃវ៉ាន់។

បរិបថ​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​កោះ​តៃវ៉ាន់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ បន្ទាប់​ពី​ស្ត្រី​ខ្មែរ​សញ្ជាតិ​តៃវ៉ាន់​ម្នាក់​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​សភា​កោះ​តៃវ៉ាន។ កាល​ពី​ឆ្នាំ​១៩៩៧ អ្នកស្រី លីន លីចាន់ (Lin Li-Chan) មាន​អាយុ​២០ឆ្នាំ នៅ​ពេល​ដែល​ម្តាយ​របស់​អ្នក​ស្រី​បាន​សម្រេច​ចិត្ត​ឲ្យ​អ្នក​ស្រី លីចាន់ រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ដោយសារ​ជីវភាព​គ្រួសារ។

«‍ខ្ញុំ​ក៏​មិន​ដឹង​ថា អ្វី​ទៅ​ការ​មក​តៃវ៉ាន់ ព្រោះ​ខ្ញុំ​អត់​ស្គាល់​តៃវ៉ាន់​នៅ​ណា។ អត់​ដែរ​ឮ។ ប៉ុន្តែ ម៉ាក់​ជា​អ្នក​ឲ្យ​ការ​មក។ បងប្អូន​ខាង​ប៉ា​ថា កុំ​ការ​ទៅ។ គេ​កុហក់ ហើយ​ការ​ទៅ ប្រហែល​ជា​គេ​យក​យើង​ទៅ​ណា​យើង​អត់​ស្គាល់។ ប៉ុន្តែ​ម៉ាក់​នៅ​តែ​ឲ្យ​ការ​មក»។

គោល​នយោបាយ​ដែល​អ្នក​ស្រី លីន លីចាន់​ ផ្តោត​សំខាន់​គឺ​លើ​បញ្ហា​អន្តោប្រវេសន៍ ដូច​ជា​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​តៃវ៉ាន់​របស់​ជន​អន្តោប្រវេសន៍​ជា​ដើម។ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់ VOA ថា អ្នក​ស្រី​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សង្គម​តៃវ៉ាន់ ដោយ​ធ្វើការ​ជាមួយ​នឹង​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ចិន​ដី​គោក វៀតណាម និង​កម្ពុជា។

‍«ខ្ញុំ​ធ្លាប់​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​តៃវ៉ាន់ ដូច្នេះ​គោលនយោបាយ​ខាង​បក្ស​ពួក​ខ្ញុំ​នេះ​ច្រើន​តែ​ផ្តោត​លើ​អ្នក​[ចំណាកស្រុក]​មក​ពី​ស្រុក​ផ្សេងៗ​មក​កាន់​តៃវ៉ាន់ ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​ពួក​គេ​បាន​រស់នៅ​សុខ​សប្បាយ និង​ចូល​[សមាហរណកម្ម]​ក្នុង​សង្គម​តៃវ៉ាន់​បាន​លឿន»។

អ្នក​ស្រី​បាន​បន្ថែម​ថា អ្នក​ស្រី​នឹង​ធ្វើការងារ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​តៃវ៉ាន់​ស្គាល់​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ជន​អន្តោប្រវេសន៍​ដែល​មក​ពី​ប្រទេស​ផ្សេងៗ។

សួរ​ទាក់ទង​នឹង​គោល​ជំហរ​របស់​គណបក្ស Kuomingtang របស់​អ្នក​ស្រី​មក​លើ​បញ្ហា​ជន​អន្តោប្រវេសន៍ អ្នកស្រី លីន លីចាន់ បដិសេធ​មិន​បកស្រាយ​លម្អិត​ ដោយសារ​តែ​នេះ​គឺ​ជា​គោលនយោបាយ​បក្ស​ទាំង​មូល។ អ្នកស្រី លីន លីចាន់ គឺជា​ជន​អន្តោប្រវេសន៍​ទីមួយ​បង្អស់​ដែល​ជាប់​ជា​តំណាងរាស្ត្រ​របស់​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​កោះ​តៃវ៉ាន់​នេះ។

អ្នកស្រី លីចាន់ បាន​ឲ្យ​ដឹង​ថា ច្បាប់​អន្តោប្រវេសន៍​របស់​កោះ​តៃវ៉ាន់​ត្រូវបាន​ធ្វើ​វិសោធនកម្ម​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដោយ​មាន​ការ​បើក​ចំហរ​ឲ្យ​ជន​អន្តោប្រវេសន៍​មាន​សិទ្ធិ​ធ្វើការ និង​សម្រួល​ដល់​ដំណើរការ​ឯកសារ​ស្នើ​សុំ​សញ្ជាតិ​តៃវ៉ាន់​ជា​ដើម។

«‍ប្រហែល​ជា​១០ឆ្នាំ​មុន ការ​ចូល​មក​រស់នៅ​តៃវ៉ាន់​បាន​ លុះត្រាតែ​[ជន​អន្តោប្រវេសន៍]​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​ឯង​វិញ​ក្រោយ​ពី​បាន​រស់នៅ​តៃវ៉ាន់​បាន​កន្លះ​ឆ្នាំ ដើម្បី​[សុំហត្ថលេខា​លើ​ឯកសារ]។ ហើយ​ការ​មក​ដល់​តៃវ៉ាន់ ទាល់​តែ​អ្នក​នោះ​មាន​កាត [ប័ណ្ឌ​ការងារ] ទើប​អាច​ធ្វើការ​បាន។ ក្រោយ​មក​[ច្បាប់​នេះ]​ត្រូវបាន​កែ​ឡើង​វិញ។ ឲ្យ​តែ​មាន​កាត​ធ្វើការ​បាន​ហើយ។‍ ទី២​ពី​មុន​ បើ​ចង់​បាន​សញ្ជាតិ​តៃវ៉ាន់ លុះត្រា​តែ​យើង​មាន​ទ្រព្យ​សម្បត្តិ​ប៉ុន្មាន ទើប​យក​សញ្ជាតិ​តៃវ៉ាន់​បាន។ ដល់​ឥឡូវ ច្បាប់​ហ្នឹង​ក៏​កែ​ដែរ»។

គោល​នយោបាយ​អន្តោប្រវេសន៍​ដ៏​ទាក់ទាញ​នេះ​ត្រូវបាន​តាក់តែង​ឡើង ដោយសារ​មួយ​ផ្នែក​ធំ​នៃ​ប្រជាជន​សរុប​របស់​កោះ​តៃវ៉ាន់​មាន​វ័យ​ចំណាស់​ខ្លាំង។ ការណ៍​នេះ​ជំរុញ​ឲ្យ​តៃវ៉ាន់​ទាញ​យក​កម្លាំង​ពលកម្ម​ពី​ជន​អន្តោប្រវេសន៍​ ដើម្បី​ជួយ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ពឹង​ផ្អែក​សំខាន់​លើ​វិស័យ​កម្មន្តសាល និង​ការ​នាំ​ចេញ។

អ្នកស្រី​ថា៖ «‍ប្រជាជន​គ្រប់គ្រាន់ ប៉ុន្តែ​ប្រជាជន​តៃវ៉ាន់ កម្លាំង​ការងារ​ខ្លះ​ប្រជាជន​តៃវ៉ាន់​ធ្វើ​មិន​បាន។ ឧទាហរណ៍​ថា​ការងារ​រៀង​ធ្ងន់ធ្ងរ ដូចថា​ការងារ​នៅ​តាម​រោងចក្រ​ធំៗ​ខ្លះ ហើយ​យើង​រក​តែ​កម្មករ​តៃវ៉ាន់​យើង​មិន​គ្រាន់​ទេ។ ម្លោះហើយ​តៃវ៉ាន់​នៅតែ​ត្រូវការ​កម្មករ​មក​ពី​ស្រុក​ក្រៅ​កាន់​តែ​ច្រើន»។

អ្នកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​តៃវ៉ាន់​ក៏​បង្កើត​គម្រោង​គាំទ្រ​ជន​អន្តោប្រវេសន៍ ដោយ​ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ ក៏​ដូចជា​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ខាង​ភាសា និង​ជំនាញ​ដោយ​មិន​យក​កម្រៃ និង​កម្មវិធី​អាហារូបករណ៍​ដល់​ជន​អន្តោប្រវេសន៍ជា​ដើម។

អ្នក​ស្រី​បាន​បញ្ជាក់​ថា៖ «‍តាម​ការ​ពិត រដ្ឋ​នៅ​តៃវ៉ាន់ អ្នក​ដែល​មក​ពី​ស្រុក​ក្រៅ​ដោយ​ត្រូវបាន​គេ​ការ​មក​តៃវ៉ាន់ យើង​ទៅ​រៀន​មិន​បាច់​អស់​លុយ។ ពេល​ដែល​យើង​ទៅ​រៀន​ខាង​បច្ចេកទេស ច្បាប់​ខ្លះ​គេ​ឧបត្ថម្ភ​ឲ្យ​យើង​ទៀត ក្នុង​មួយ​ខែ​ប្រហែល​ជា​មួយ​ម៉ឺន​តៃវ៉ាន់។ ឲ្យ​យើង​ទៅ​រៀន ហើយ​បាន​លុយ។ ហើយ​បើ​យើង​មាន​កូន​តូច ហើយ​យើង​ទៅ​រៀន ហើយ​អត់​មាន​អ្នក​មើល​កូន​ឲ្យ គេ​មើល​កូន​ឲ្យ​យើង​ទៀត ដើម្បី​ឲ្យ​យើង​បាន​ទៅ​រៀន​សូត្រ»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

កោះ​តៃវ៉ាន់​កំពុង​តែ​មាន​ចំនួន​ជន​អន្តោប្រវេសន៍​កាន់តែ​ច្រើន​ឡើង ហើយ​គិត​មក​ត្រឹម​ឆ្នាំ​២០១៤ ជន​អន្តោប្រវេសន៍ និង​មនុស្ស​ជំនាន់​ទី២​នៃ​ជន​អន្តោប្រវេសន៍​នេះ​មាន​ចំនួន​ច្រើន​ជាង​ជនជាតិ​ដើម​តៃវ៉ាន់ ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​ជាង​២៣​លាននាក់។ អ្នក​ស្រី លីន លីចាន់ បាន​ឲ្យ​ដឹង​ថា ទាំង​ជន​អន្តោប្រវេសន៍ និង​ជនជាតិ​តៃវ៉ាន់​បាន​គាំទ្រ​ការងារ​របស់​អ្នក​ស្រី ដែល​ជួយ​ឲ្យ​អ្នក​ស្រី​ក្លាយ​ជា​តំណាង​រាស្ត្រ​តៃវ៉ាន់​ម្នាក់។

«‍អ្នក​អន្តោប្រវេសន៍​ភាគ​ច្រើន​គាំ​ទ្រ​យើង។ ហើយ​អ្នក​តៃវ៉ាន់​ក៏​គាំទ្រ​យើង​ដែរ ពីព្រោះ​ថា​យើង​ធ្វើ​ការងារ​សង្គម ដើម្បី​ជួយ​អ្នក​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ផ្សេងៗ ឲ្យ​គាត់​រឹងមាំ​ឡើង ហើយ​ក៏​ជួយ​អ្នក​ផ្សេង​ទៀត។ ម្ល៉ោះ​ហើយ​យើង​ច្រើន​តែ​ទៅ​ជួយ​ដល់​អ្នក​តៃវ៉ាន់។ ដូច្នេះ​អ្នក​តៃវ៉ាន់​គេ​រាប់អាន​យើង និង​ស្វាគមន៍​យើង»។

កាល​ពី​ឆ្នាំ២០០៨ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​អនុសារណៈ​យោគយល់​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​រៀប​អាពាហ៍ពិពាហ៍​ដោយ​ស្រប​ច្បាប់​ជាមួយ​នឹង​ជនជាតិ​តៃវ៉ាន ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​មក​លើ​ស្ត្រី​ខ្មែរ​ដែលបាន​រៀបការ​ទៅ​រស់នៅ​កោះ​តៃវ៉ាន់។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ស្រី លីន លីចាន់ បាន​បញ្ជាក់​ប្រាប់ VOA ថា អ្នកស្រី​មិន​បាន​ស្វែង​យល់​ច្បាស់​ពី​បញ្ហា​ការ​ផ្អាក​អនុសារណៈ​នេះ​ទេ ក៏​ប៉ុន្តែ​ថា អ្នក​ស្រី​នឹង​ផ្តោត​លើ​បញ្ហា​នេះ​នា​ពេល​ខាង​មុខ​នេះ។

អ្នកស្រី លីន លីចាន់ មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ។ អ្នកស្រី មាន​បងប្រុស​ពីរនាក់ និង​ប្អូន​ប្រុស​ម្នាក់។ ម្តាយ​របស់​អ្នកស្រី​បាន​បាត់បង់​ជីវិត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ សព្វថ្ងៃនេះ អ្នក​ស្រី​មាន​កូន​ពីរនាក់ កូនស្រី​មួយ និង​កូន​ប្រុស​មួយ។

អ្នកស្រី លីន លីចាន់ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ខាង​សម្អាង​ការ ហើយ​បាន​ប្រឡូក​ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សង្គម​តៃវ៉ាន់​ជា​ច្រើន ដូច​ជា​ជួយ​កាត់​សក់​ឲ្យ​កុមារ​តូចៗ និង​មនុស្ស​ចាស់ៗ​របស់​តៃវ៉ាន់ ដែល​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​ជា​ដើម។

បន្ទាប់​មក​ទៀត អ្នក​ស្រី​ក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ខាង​គោល​នយោបាយ​សាធារណៈ ដោយ​ផ្តោត​លើ​ការ​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​បាន​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​លើ​បញ្ហា​ជន​អន្តោប្រវេសន៍​នៅ​តៃវ៉ាន់។

ការ​ប្រឡូក​ចូល​ក្នុង​វិស័យ​នយោបាយ​របស់​អ្នក​ស្រី​បាន​ចាប់​ផ្តើម​ចេញ​ជា​រូបរាង​ឡើង នៅ​ពេល​ដែល​អ្នក​ស្រី​បាន​ធ្វើ​ការ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ដល់​ក្រសួង​មហាផ្ទៃ​តៃវ៉ាន់ ទាក់ទង​នឹង​បញ្ហា​សង្គម និង​អន្តោប្រវេសន៍។

«‍ក្រោយ​ពី​ធ្វើ​ការងារ​សង្គម​មក ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ឲ្យ​ក្រសួង​មហាផ្ទៃ​ជា​អ្នក​ឲ្យ​យោបល់​ដល់​ក្រសួង​ពី​បញ្ហា​ជន​អន្តោប្រវេសន៍​ថា​តើ អ្នក​អន្តោប្រវេសន៍​ត្រូវការ​អ្វី​ខ្លះ។ ក្រសួង​ផ្សេងៗ​មាន​ហៅ​ខ្ញុំ​ទៅ​ធ្វើ​ដែរ ទៅ​ផ្តល់​យោបល់​អញ្ចឹង​ទៅ។ ក្រោយ​មក​មេ​ក្រសួង​ហ្នឹង សួរ​ខ្ញុំ​ថា៖ ជួយ​សង្គម​ និង​ជួយ​អ្នក​អន្តោប្រវេសន៍​បាន​ទេ ហើយ​ថា​នេះ​គឺជា​ឱកាស​ជួយ​តៃវ៉ាន់​ដូច​គ្នា ដែល​នេះ​គឺជា​ឱកាស​ឲ្យ​យើង​ជួយ​បាន​កាន់​តែ​ច្រើន​ជាង​មុន»។

ការ​រស់នៅ​កោះ​តៃវ៉ាន់​ ក៏​ដូច​គ្នា​នឹង​ការ​រស់នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ដែរ គឺ​ជួប​នឹង​កត្តា​ប្រឈម​ខាង​ភាសា វប្បធម៌ និង​ចំណេះដឹង​ដើម្បី​ស្វែង​រក​ការងារ​ល្អ​នៅ​តៃវ៉ាន់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី លីន លីចាន់ ហើយ​អ្នកស្រី​បាន​ស្នើឲ្យ​អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​មក​កោះ​តៃវ៉ាន់ ស្វែង​យល់​ដឹង​ពី​ភាសា និង​វប្បធម៌​របស់​តៃវ៉ាន់។

«‍បើ​សិន​ជា​គាត់​ចង់​មក​ស្រុក​តៃវ៉ាន់ សូម​ឲ្យ​គាត់​ស្រាវជ្រាវ​ឲ្យ​ច្បាស់។ ទី២​បើ​ចង់​ទៅ​ប្រទេស​ណា យើង​គួរ​តែ​រៀន​ភាសា​ខ្លះៗ ពី​ទម្លាប់​នៅ​ប្រទេស​ហ្នឹង និង​ធាតុ​អាកាស​ដែរ និង​បញ្ហា​សេដ្ឋកិច្ច​នៅ​ប្រទេស​ហ្នឹង​យ៉ាង​ម៉េច​ដែរ»។

អ្នក​ស្រី លីន លីចាន់ កំពុង​ធ្វើការ​ស្រាវជ្រាវ​លើ​កិច្ចការ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ហើយ​អ្នក​ស្រី​សង្ឃឹម​ថា​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​ពលរដ្ឋ​តៃវ៉ាន់ និង​ពលរដ្ឋ​ខ្មែរ៕

XS
SM
MD
LG