ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​កម្ពុជា​វៀតណាម​ប្ដេជ្ញា​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​អប់រំ​


នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ៊្វុក​ (Nguyen Xuan Phuc) (ឆ្វេង) ​និយាយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​មួយ នៅ​ការិយាល័យ​នាយករដ្ឋ​មន្ត្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។ ((REUTERS/Samrang Pring)

លោក​ កៅ គឹមហួន​ និយាយ​ថា ​ថា​ រដ្ឋាភិបាល​វៀតណាម បាន​ផ្ដល់​ថវិកា​ចំនួន​២លាន​ដុល្លារ​អាមេរិក​ ដើម្បី​កសាង​ផ្សារ​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រួល​ការ​ធ្វើ​ជំនួញ​តាម​ព្រំដែន។

មេដឹកនាំ​ប្រទេស​កម្ពុជា​ និង​វៀតណាម​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាច្រើន​ក្នុង​នោះ​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ និង​បានប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​ខ្សែ​បន្ទាត់​ព្រំដែន​រួមគ្នា​ ឲ្យ​ដល់​៥.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ​ដែល​មាន​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ ង្វៀន សួន​ហ៊្វុក​ (Nguyen Xuan Phuc)​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ បាន​ផ្ដើម​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ក្នុង​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​ចូលរួម​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ត​ភ្ជាប់​ជ្រៃ​ធំ​ ខេត្ត​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​ និង​ឡុងប៊ិញ ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀតណាម​ ដែល​មានតម្លៃ​ប្រមាណ​ជាង​ ៣៦​លាន​ដុល្លារ​អាមេរិក។

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ ង្វៀន សួន​ហ៊្វុក​ (Nguyen Xuan Phuc)​ បាន​ចូល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ​យោគ​យល់​គ្នាជាច្រើន​រួមមាន ការ​សិក្សា​រួមគ្នា​អំពី​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​ និង​ផ្លូវ​ល្បឿន​លឿន​ ហូជីមិញ​ ម៉ក់​បៃ ការ​ឧបត្ថម្ភ​ការ​សាងសង់​មហាវិថី​ ​ភ្នំពេញ-ហាណូយ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​វៀតណាម ការ​កសាង​មជ្ឈមណ្ឌល​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ និង​ការ​បន្ត​អនុស្សរណៈ​យោគ​យល់​ ស្ដីពី​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជលផល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ​ កៅ គឹមហួន ​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។​

លោក​ កៅ គឹមហួន​ ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​របស់​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​ថា​ មេដឹកនាំ​ទាំងពីរ ​បានពិភាក្សា​គ្នា​ទាក់​ទិន​ ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ ការ​អភិវឌ្ឍ​នៅ​តាម​ខ្សែ​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ និង​បញ្ហា​ភាព​ស្រប​ច្បាប់​នៃជន​ជាតិ​វៀតណាម​ ដែល​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថា​ រដ្ឋាភិបាល​វៀតណាម បាន​ផ្ដល់​ថវិកា​ចំនួន​២លាន​ដុល្លារ​អាមេរិក​ ដើម្បី​កសាង​ផ្សារ​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រួល​ការ​ធ្វើ​ជំនួញ​តាម​ព្រំដែន។

«សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ បាន​ចាត់​ទុក​ត្រឡប់​មក​វិញ​ រឿង​ព្រំដែន​ថា​ អ្វី​ដែល​សំខាន់​រឿង​ព្រំដែន​នេះ​ យើង​ត្រូវ​ប្រែក្លាយ​ឲ្យ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នេះ​ ជា​ព្រំដែន​ប្រកបដោយ​មិត្ត​ភាព​ កិច្ច​សហ​ប្រតិបត្តិការ​ ប្រទេស​ភូមិ​បង​របង​ជាមួយ​គ្នា​ និង​ការ​អភិវឌ្ឍន៍។ ដូច្នេះ ជា​ព្រំដែន​មួយ​ដែល​មាន​សុខ​សន្តិភាព»។

លោក​ កៅ គឹមហួន បាន​ឲ្យ​ដឹង​បន្ត​ថា​ មេដឹកនាំ​ប្រទេស​វៀតណាម​ បាន​ស្នើ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ឲ្យ​មានការ​បង្កើត​សទ្ទានុក្រម​ភាសា​ខ្មែរ​ និង​វៀតណាម​ ដើម្បី​ការ​សិក្សា​ស្រាវជ្រាវ​ និង​កសាង​ធនធាន​មនុស្ស​រវាង​ប្រទេស​ទាំងពីរ។

«នេះ​ជា​ការ​គាំទ្រ​របស់​សម្ដេច​ដែរ​ គឺ​ថា​ លោក​គាំទ្រ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ហើយ​និង​វិស័យ​អប់រំ​នេះ»។

លោក​ កៅ​ គឹមហួន​ បាន​បន្ថែម​ថា មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​ឯកភាព​គ្នាក្នុង​ការ​បន្ត​កសាង​ស្ពាន​នៅ​តំបន់​ផ្សេងទៀត​ ដើម្បី​តភ្ជាប់​ប្រទេស​ទាំងពីរ។ លោក​បញ្ជាក់​បន្ត​ទៀត​ថា​ ភាគី​ទាំងពីរ​បាន​យល់​ព្រម​លើ​ការ​បន្ត​ស្វែង​រក​អដ្ឋិធាតុ​របស់​ទាហាន​វៀតណាម​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

បន្ទាប់ពី​ជំនួប​ជាមួយ​លោក​ ហ៊ុន សែន​ លោក​ ង្វៀន សួន​ហ៊្វុក​នាយករដ្ឋមន្ត្រី​វៀតណាម​ បាន​ចូល​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ជាមួយ​ លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា។ លោក​ ង្វៀន សួន​ហ៊្វុក ក៏​គ្រោង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ និង​ចូល​ថ្វាយ​បង្គំ​សម្ដេច​ព្រះសង្ឃ​រាជ​ ទេព ​វង្ស ​ផង​ដែរ។

លោក​ មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ប្រាប់​ VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ផែនការ​អភិវឌ្ឍនៅ​តាម​ព្រំដែន​ ជា​យន្ត​ការ​មួយ​នៃ​ការ​រក្សា​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។ យ៉ាង​ណា​ក៏ដោយ​ លោក​ថា​ ប្រទេស​វៀតណាម​ នឹង​ធ្វើ​កិច្ច​ការ​នេះ​ បាន​ល្អ​ប្រសើរ​ជាង​ប្រទេស​កម្ពុជា។

«យើង​ឃើញ​កន្លងមក​ បើ​សិន​ជា​គេ​និយាយ​ថា​ ឥឡូវនេះ​ ព្រំដែន​គេ​ហ្នឹង​កម្រិត​បង្គោល​ព្រំដែន​គេ​ ដល់​ប៉ុណ្ណា​ គឺ​ការ​អភិវឌ្ឍ​គេ​ គេ​ធ្វើ​ឲ្យ​ដល់​ត្រង់​ហ្នឹង​ ទោះ​បី​ជា​មិន​ទាន់​មានការ​ព្រមព្រៀង​ហើយ​ក៏​គេ​អាច​ រៀបចំ​ការ​អភិវឌ្ឍ​ហ្នឹង​ជា​រួចស្រេច​ទៅ​ហើយ​នៅ​ខាង​គេ។ ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​ ព្រួយ​តែ​ខាង​ខ្មែរ​យើង​ ព្រោះ​ខ្មែរ​យើង​ ពីមុន​មក​ដល់​ឥឡូវនេះ វា​ច្រើន​តែថា​ច្រើន​ជាង​ធ្វើ។ នេះ​ជា​ការ​សង្កេត​ឃើញ​សម្រាប់​ការ​អភិវឌ្ឍ​ព្រំដែន»។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។
រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។

លោក មាស​ នី​ ​បាន​បន្ត​ថា​ ការ​កសាង​ស្ពាន​ និង​ផ្លូវថ្នល់​ដើម្បី​ត​ភ្ជាប់​ប្រទេស​ទាំងពីរ​ នឹង​បើក​ផ្លូវ​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ​ បង្កើន​ល្បឿនពាណិជ្ជកម្ម។ តែ​លោក​បារម្ភ​ថា​ ប្រទេស​កម្ពុជា​ នឹង​រង​សំពាធ​ខាង​ពាណិជ្ជកម្ម​ពី​វៀតណាម ដោយសារ​ផលិត​កម្ម​ក្នុង​ស្រុក​នៅ​កម្ពុជា​ នៅ​មាន​កម្រិត​និង​តម្លៃ​ទាប​នៅ​ឡើយ​ ដែល​នឹង​មិន​អាច​ឆ្លើយតប​លំហូរ​ផលិតផល​របស់​ប្រទេស​វៀតណាម។

ប្រទេស​វៀតណាម ​បាន​ចូល​ឈ្លានពាន​កម្ពុជា​កាលពី​ឆ្នាំ១៩៧៩ ​ដើម្បី​បណ្ដេញ​ក្រុម​ខ្មែរ​ក្រហម​ ហើយ​លើក​បន្តុប​រដ្ឋាភិបាល​កម្ពុជា​មួយ​ ចេញ​ពី​ក្រុម​ខ្មែរក្រហម​មួយ​ផ្នែក ដែល​វៀតណាម​គាំទ្រ។​ នេះ​បើ​យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន។ ទំនាក់​ទំនង​ដ៏​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ​ ក្រោយ​មក ត្រូវ​គេ​មើល​ឃើញ​ថា ​ហាក់​ដូច​ជា​ចុះ​ខ្សោយ​បន្តិច​ម្តងៗ ​នៅ​ពេល​កម្ពុជា​បាន​បង្កើន​ទំនាក់ទំនង​ដល់​កម្រិត​ខ្ពស់​ជាមួយ​នឹង​ចិន​ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច។

ការ​មក​បំពេញ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​នៅ​កម្ពុជា​ កើត​មាន​ឡើង​តែ​ជាង​មួយ​សប្ដាហ៍​ ក្រោយ​លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ជា​ពិសេស​យុវជន​អាន​សៀវភៅ​ស្ដី​ពី​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ក្នុង​ការ​ដឹកនាំ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​រាប់​ទសវត្សរ៍ ដើម្បី​រៀន​សូត្រ​ពី​ចំណុច​សំខាន់ៗ​យក​ទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​សង្គម​កម្ពុជា៕

XS
SM
MD
LG