\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ ខ្មែរ​អាមេរិកាំង​ថា​ជំនាញ​ STEM ចាំ​បាច់​សម្រាប់​វិស័យ​បច្ចេកវិទ្យា​​ជាន់​ខ្ពស់​របស់​កម្ពុជា​


លោក Allen Dodgson Tan នាយក​គម្រោង​បច្ចេកវិទ្យា​អនុវត្ត​នៃ​មូលនិធិ​សប្បុរសធម៌ Golden West ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA ក្រោយ​ពេល​ដែល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​តំណាង Congressional Cambodia Caucus នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦។ (សឹង សុផាត/VOA)

លោក Allen Dodgson Tan នាយក​គម្រោង​បច្ចេកវិទ្យា​អនុវត្ត​នៃ​មូលនិធិ​សប្បុរសធម៌ Golden West ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA ក្រោយ​ពេល​ដែល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​តំណាង Congressional Cambodia Caucus នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦។ (សឹង សុផាត/VOA)

វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថាវិស័យ​នេះ​មានទំហំ​ប្រមាណ​៨០០​លាន​ដុល្លារ​និង​ផ្តល់​ការងារ​ដល់​អ្នក​ជំនាញ​ IT ចំនួន​៣០.០០០​នាក់។ ប៉ុន្តែ​ដើម្បី​បំពេញ​តម្រូវ​ការ​ធនធាន​មនុស្ស​សម្រាប់​វិស័យ​បច្ចេកវិទ្យាដែល​នឹង​កើន​ឡើង​នេះ កម្ពុជា​ត្រូវ​វិនិយោគ​ខ្លាំង​ទៅ​ក្នុងកម្មវិធី​អប់រំនិង​ការងារ​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា វិស្វកម្ម​ និង​គណិតវិទ្យា ឬហៅ​កាត់​ថា STEM។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Allen Dogson Tan នាយកគ្រប់គ្រង​នៃ​អង្គការ STEM Cambodia​ ដែល​ជា​អង្គការ​ថ្មី​មួយដែល​មានគោលដៅ​ធ្វើ​ឲ្យ​ប្រសើរ​នូវជំនាញ STEM នៅ​កម្ពុជា។ អង្គការ​នេះ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Microsoft ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​យុវជន​កម្ពុជា។ លោក សឹង សុផាត នៃ VOA បាន​សាកសួរ​លោក Allen Tan នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​យុទ្ធសាស្ត្រ​របស់​អង្គការ STEM Cambodia មហោស្រព​វិទ្យាសាស្ត្រ និង​តួ​នាទី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្នុង​ការ​ជំរុញ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា។​

តើ​លោក​ចាប់​អារម្មណ៍​នឹង​បញ្ហា STEM និង​ប្រទេស​កម្ពុជា​តាំង​ពី​ពេល​ណា ហើយ​តើ​បញ្ហា​ទាំង​ពីរ​នេះ​ស៊ី​សង្វាក់​គ្នា​ដោយ​របៀប​ណានិង​នៅ​ត្រង់​ណា?

នេះ​ជា​សំណួរ​វិល​ចុះ​វិល​ឡើង​ ហើយ​រឿង​ហ្នឹង​កើត​ឡើង​ចេញ​ពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ។ ការងារ​របស់​ខ្ញុំ​គឺ​ថា​ ខ្ញុំ​បាន​ចាប់​ផ្តើម​មន្ទីរ​ពិសោធន៍​ផលិតផល​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​មូលនិធិ Golden West Humanitarian Foundation ហើយ​យើង​ជួល​វិស្វករ​ខ្មែរ​ឲ្យ​ធ្វើ​ការ​ជាមួយ​យើង​អភិវឌ្ឍ​ផលិតផល​ ហើយ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​នោះ​គឺ​ថា វា​ពិបាក​នឹង​ស្វែង​រក​វិស្វករ​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ណាស់។​ នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ព្យាយាម​មើល​លើ​បញ្ហា​ប្រព័ន្ធ​អប់រំ​បែប​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ហៅ​កាត់​ថា STEM នេះ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្វី​ដែល​ខ្ញុំ​រក​ឃើញ​គឺ​ថា ក្នុង​ចំណោម​នយោជក​ មាន​រឿង​មួយ​ដែល​អ្នក​នឹង​ឮ ជា​ពិសេស​ពី​នយោជក​អន្តរជាតិ។ នោះ​គឺ​ការ​ប្រឈម​នឹង​បញ្ហា​ធនធាន​មនុស្ស ឬ​កង្វះ​ធនធាន​មនុស្ស ជា​ពិសេស​នៅ​ក្នុង​ជំនាញ​បច្ចេកទេស។ ហើយ​ខ្ញុំ​ក៏​ព្យាយាម​ពិនិត្យ​មើល​បញ្ហា​នេះ​បន្ត​ទៀត ខ្ញុំ​ក៏​ឃើញ​ថា ក្រសួង​អប់រំ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ហង់ ជួនណារ៉ុន ដែល​ជា​រដ្ឋមន្ត្រី​អ្នកកែទម្រង់​ថ្មី​មួយ​រូប​ ក៏​ខិតខំ​បង្កើន​ឲ្យ​មាន​ធនធាន​ផ្នែក STEM នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​ប្រទេស​នេះ​ដែរ។ រឿង​ទាំង​២​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ក្នុង​នាម​ជា​បុគ្គល​មួយ​រូប ក៏​ប៉ុន្តែ​អាច​បញ្ចូល​គំនិត​ខ្លះ​អំពី​របៀប​ដែល​យើង​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​អភិវឌ្ឍ​ជាមួយ​នឹង​ជំនាញ STEM និង​គំនិត​របស់​ក្រសួង​អប់រំ។​

លោក​បាន​លើក​ឡើង​ថា អង្គការ STEM Cambodia ​មាន​បេសកកម្ម​គឺ​ចង់​បំពេញ​ចន្លោះ​ និង​បង្កើន​គុណភាព​នៃ​ការ​សិក្សា​ជំនាញ STEM និង​ការងារ​ផ្នែក​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តើ​លោក​នឹង​ធ្វើ​យ៉ាង​ណា?

STEM Cambodia គឺជា​អង្គការ​មិនរក​កម្រៃ​ក្នុង​ស្រុក​មួយ​ដែល​ចុះ​បញ្ជី​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ។ គោល​បំណង​ចម្បង​របស់​អង្គការ​នេះ​គឺ​លើក​កម្ពស់​មុខវិជ្ជា​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដូច្នេះ​ យើង​កំពុង​ធ្វើ​ការ​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​ការងារ​ផ្នែក STEM ហើយ​និង​ជួយ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ឲ្យ​យល់​ថា​ ការងារ​ទាំង​នេះ​ជា​ការងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ជួយ​ឲ្យ​ពួកគេ​ស្វែងរក​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ​ក្នុង​ជំនាញ​ទាំង​នេះ។ ដូច្នេះ កម្មវិធី​ស្នូល​មួយ​របស់​យើង​ដែល​តំណាង​បេសកកម្ម​នេះ​ និង​ដែល​ជំរុញ​ឲ្យ​ចាប់​ផ្តើម​បង្កើត​អង្គការ​នេះ គឺ​មហោស្រព​ជាតិ​ស្តី​ពី​វិទ្យាសាស្រ្ត​និង​វិស្វកម្ម​កម្ពុជា ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ហើយ​វា​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ​ថា​ជា​ព្រឹត្តិការណ៍​ជាតិ​សម្រាប់​លើក​កម្ពស់​មុខវិជ្ជា​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។​ តាម​ពិត​ទៅ វា​ត្រូវ​បាន​ក្រសួង​អប់រំ​យក​ធ្វើ​ជា​កម្មវិធី​ផ្លូវការ​មួយ​របស់​ក្រសួង។ ព្រឹត្តិការណ៍​នេះ​ជា​ការ​លើក​កម្ពស់​មុខវិជ្ជា​ទាំង​អស់​ដែល​ហៅ​ថា STEM។ នេះ​មិន​មែន​ជា​គំនិត​ថ្មី​នោះ​ទេ។ តាម​ពិត កម្មវិធី​នេះ​ទទួល​បាន​ការជំរុញ​គំនិត​ពី​លោក Larry Bock​ ដែល​ជា​ស្ថាបនិក​នៃ​មហោស្រព​ស្តី​ពី​វិទ្យាសាស្រ្ត​និង​វិស្វកម្ម​របស់​សហរដ្ឋ​អាមេរិក។ គាត់​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្ទាល់​ខ្លួន​មួយ​រូប ដែល​បាន​ទទួល​មរណភាព​កាល​ពី​ប៉ុន្មាន​ខែ​មុន។ មហោស្រព​វិទ្យាសាស្រ្ត​និង​វិស្វកម្ម​របស់​អាមេរិក​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ។ វា​ជា​កម្មវិធី​វិទ្យាសាស្រ្ត ​និង​វិស្វកម្ម​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​២៥០.០០០​នាក់​ចូល​រួម។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​ថា វា​ច្របាច់​បញ្ចូល​គ្នា​នូវ​ការ​បង្ហាញ​ពី​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ជាមួយ​នឹង​ការ​កម្សាន្ត និង​ការ​សប្បាយ​រីករាយ​ ពីព្រោះ​ថា អ្នក​រៀបចំ​កម្មវិធី​ដឹង​ថា មនុស្ស​វ័យ​ក្មេង​អាច​ចាប់​អារម្មណ៍​នឹង​វា អញ្ចឹង​យើង​ត្រូវ​មាន​ការ​លាយឡំ​ជាមួយ​នឹង​ការ​កម្សាន្ត​សប្បាយ ហើយ​ដែលជំរុញ​ឲ្យ​ពួកគេ​មាន​ការ​ងឿង​ឆ្ងល់។ កម្មវិធី​ទាំង​អស់​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្មេងៗ​ចាប់​អារម្មណ៍។ នេះ​ហើយ​ជា​របៀប​នៃការ​សិក្សា​ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​លើ​មុខ​វិជ្ជានេះ​សិន។ នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ងឿង​ឆ្ងល់​ ហើយ​ចាប់​ផ្តើម​សួរ​សំណួរ​បន្ត​ទៀត​ថា ហេតុ​អ្វី​បាន​អញ្ចឹង ហើយ​សួរ​ដូច្នេះ​រហូត។ នេះ​ហើយ​ជា​ស្មារតី​របស់​វិទ្យាសាស្រ្ត។

លោក​បាន​លើក​ឡើង​ថា មហោស្រព​ជាតិ​ស្តី​ពី​វិទ្យាសាស្រ្ត​និង​វិស្វកម្ម​ហ្នឹង​មាន​អ្នក​ចូលរួម​កើន​ពី​១០.០០០នាក់​ទៅ​៧០.០០០នាក់​នៅ​ក្នុង​ឆ្នាំ​ទី២។ លោក​ក៏​បាន​លើក​ឡើង​ថា ការ​អប់រំ​ជំនាញ STEM នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​ពិបាក​រក​ទិន្នន័យ​ក្នុង​វិស័យ​នេះ ប៉ុន្តែ​បើ​តាម​តួលេខ​ដែល​លោក​បាន​លើក​ឡើង តើ​វា​មាន​ន័យ​ថា យុវជន​កម្ពុជា​ក្មេងៗ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​សិក្សា​ជំនាញ STEM និង​ការងារ​ផ្នែក​នេះ​ដែរ​ឬ​ទេ?

ខ្ញុំ​គិត​ថា យើង​កំពុង​បោះជំហាន​ក្នុង​វិស័យ​នេះ។ នៅ​ពេល​បញ្ចប់​មហោស្រព​វិទ្យាសាស្រ្ត​លើក​ទី១​ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ២០១៥ ខ្ញុំ​បាន​ជួប​សិស្ស​ក្មេង​ម្នាក់។ យើង​ធ្វើ​កម្មវិធី​ហ្នឹង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ សិស្ស​ក្មេង​ម្នាក់​ហ្នឹង​ដើរ​មក​ជួប​ខ្ញុំ ហើយ​និយាយ​ថា «ខ្ញុំ​មិន​ដែល​ដឹង​ថា មុខ​វិជ្ជា​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ទាក់ទង​គ្នា​ទាល់​តែ​សោះ»។ ហើយ​ខ្ញុំ​ក៏​និយាយ​តប​ថា «អូ បាទ មែន​ហើយ។ នេះ​ហើយ​ជា​គោលបំណង​របស់​កម្មវិធី​នេះ»។ សិស្ស​នោះក៏​និយាយ​ថា «មែន​ហើយ ប៉ុន្តែ​ខ្ញុំ​និស្សិត​ឆ្នាំ​ទី៣​ទៅ​ហើយ» ហើយ​នៅ​តែ​មាន​ការ​យល់​ដឹង​ពី​ STEM ហ្នឹង​តិចតួច​នៅ​ឡើយ។ អញ្ចឹង នៅ​ឆ្នាំ​បន្ទាប់ នៅ​ពេល​យើង​ធ្វើ​កម្មវិធី​ក្នុង​ឆ្នាំ២០១៦ យើង​ឃើញ​មាន​អ្នក​ចូលរួម​កើន​ឡើង ហើយ​យើង​ក៏​ឃើញ​ដែល​យល់​ដឹង​ពី​មុខវិជ្ជា​ហ្នឹង និង​ទំនាក់ទំនង​របស់​មុខវិជ្ជា​ទាំង​នោះ​ជាមួយ​នឹង​ការងារ ​ក៏​បាន​កើន​ឡើង​ដែរ។ កត្តា​ជំរុញ​មួយចំពោះ​ការ​អប់រំ​ខាង​ STEM នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ត្រូវ​មើល​ថា​ តើ​ជំនាញ​ទាំង​នេះ​អាច​ជួយ​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ងាក​ចេញ​ពី​ការ​ពឹង​ផ្អែក​ទៅ​លើ​ឧស្សាហកម្ម​កាត់​ដេរ ​ដែល​ជា​ប្រភេទ​ផលិតកម្ម​ផ្តល់​ការងារ​តម្លៃ​ទាប ​ដោយ​របៀប​ណា។ យើង​រីករាយ​ដែល​មាន​ការងារ​ទាំង​នោះ​ ប៉ុន្តែ​វា​ជា​ការងារ​ដែល​ទទួល​បាន​ប្រាក់​ខែ​ទាប ហើយ​យើង​ព្យាយាម​មើល​ថា​តើ​កម្ពុជា​នឹង​ចាកចេញ​ពី​ឧស្សាហកម្ម​កាត់ដេរ​ដោយ​របៀប​ណា? មាន​ឧទាហរណ៍​ច្រើន​ណាស់​ ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ប្រទេស​ជិត​ខាង​របស់​កម្ពុជា។ ប្រសិន​បើ​អ្នក​មើល​ប្រទេស​វៀតណាម និង​ថៃ ដែល​ធ្លាប់​ពឹង​ផ្អែក​លើ​ផលិតកម្ម​សម្លៀកបំពាក់​ពី​មុន​ដែរ ហើយ​អ្នក​នឹង​ឃើញ​ការ​ផ្លាស់ប្តូរ​ទៅ​កាន់​ការងារ​កម្រិត​មួយ​ខ្ពស់​ជាង​ហ្នឹង​គឺផលិកម្ម​តំឡើង​គ្រឿង​យន្ត។ វៀតណាម​ជា​ឧទាហរណ៍​ល្អ​មួយ​ទៀត។ វៀតណាម​មាន​អ្នក​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​ជាង​១០០.០០០​នាក់​ក្នុង​មួយ​ឆ្នាំ អញ្ចឹង​យើង​អាច​មើល​ឃើញ​ថា វៀតណាម​វិនិយោគ​ខ្លាំង​មែន​ទែន​ទៅ​លើ​ជំនាញ​នេះ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​គេ ហើយ​ក៏​ទទួល​បាន​ប្រយោជន៍​ច្រើន​ដែរ។ ដូច្នេះ​ យើង​ក៏​ចង់​ឃើញ​ការ​រីកចម្រើន​នេះ​សម្រាប់​កម្ពុជា​ដែរ ពីព្រោះ​ថា​ កម្ពុជា​មាន​ភូមិសាស្ត្រ​ល្អ ដែល​នេះ​ក៏មូលហេតុ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ក្នុង​វិស័យ​កាត់ដេរ​ក្នុង​ពេល​កន្លង​មក។ នោះ​គឺ​ថា កម្ពុជា​ស្ថិត​នៅ​ចន្លោះ​លោក​ខាង​លិច និង​ប្រទេស​ចិន ដូច្នេះ​សង្វាក់​ផ្គត់ផ្គង់​គឺ​នៅ​ទី​នេះ ហើយ​កម្ពុជា​ក៏​មាន​ពលរដ្ឋ​វ័យ​ក្មេង​ច្រើន​ដែរ។ ដូច្នេះ​ប្រជាសាស្រ្ត​ក្នុង​ប្រទេស​នេះ​ល្អ​ខ្លាំង​ណាស់។ ឥឡូវ យើង​គ្រាន់​តែ​ត្រូវផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដែល​ត្រឹមត្រូវ​ដល់អ្នកទាំង​នេះ។

ខ្ញុំ​យល់​ថា ប្រិយមិត្ត​របស់​យើង​អាច​យល់​ថា ការ​អប់រំ​ខាង​ជំនាញ​បច្ចេកវិទ្យា​ទំនើប​បែប​នេះ​ជា​រឿង​នៅ​របស់​ប្រទេស​អភិវឌ្ឍ​ដូចសហរដ្ឋ​អាមេរិក មិន​មែន​កម្ពុជា​ទេ។ ហេតុ​អ្វី​បាន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា​ត្រូវ​ផ្តល់​អាទិភាព​ការ​អប់រំ​ប្រភេទ​នេះ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ? តើ​លោក​នឹង​ពន្យល់​ពួកគាត់​តាម​វិធី​សាមញ្ញ​យ៉ាង​ដូច​ម្តេច?

ខ្ញុំ​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ ដែល​ជា​អង្គការ​មួយ​មាន​អ្នក​ជំនួញ​គ្រប់​ប្រភេទ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍​ធំៗ​ផង​ដែរ។ ខ្ញុំ​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​ផ្នែក​អប់រំ​សម្រាប់​សភា​ពាណិជ្ជកម្ម​នេះ​ផង​ដែរ។ ដូច​ខ្ញុំ​បាន​រៀបរាប់​មុន​នេះ​អញ្ចឹង ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ទាំង​អស់​សម្រាប់​ក្រុមហ៊ុន​ធំៗ​ដើម្បី​ដំណើរការ​ប្រភេទ​ប្រតិបត្តិការ​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​កម្ពុជា គឺ​បញ្ហា​កង្វះ​ធនធាន​មនុស្ស។ អញ្ចឹង​មាន​ការ​ខ្វះ​ខាត​វិស្វករ មនុស្ស​ដែល​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ចំណី​អាហារ មិន​ថា​តែ​អ្នក​បច្ចេកទេស ឬ​អ្នក​ជំនាញ​ខាង​គីមីវិទ្យា​នោះ​ទេ។ ជា​ឧទាហរណ៍​ ឥឡូវ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​មើល​ឃើញ​ផលិតផល​កសិកម្ម​ច្រើន។ តម្លៃ​កើន​ឡើង​នៅ​ពេល​វា​ត្រូវ​បាន​នាំ​ចេញ​ទៅ​ថៃ ឬ​វៀតណាម។ យើង​អ្នក​មើល​ឃើញ​ស្ថានភាព​បែប​នេះ​ជាមួយ​នឹង​ផ្លែឈើ។ ផ្លែ​ឈើ​ត្រូវ​បាន​ដាំ​នៅ​កម្ពុជា បន្ទាប់​មក​នាំ​ចេញ​ទៅ​ថៃ ឬ​វៀតណាម ដើម្បី​ផលិត​ទៅ​ជា​ផ្លែឈើ​ក្រៀម​ដែល​មាន​គុណភាព​ខ្ពស់ ដែល​ជា​លក្ខណៈ​ពិសេស​បន្ថែម ហើយ​នាំ​ចេញ​ទៅ​បរទេស។ តម្លៃ​នៅ​ទី​នោះ​កើន​ឡើង​ ដែល​តាម​ពិត​កសិករ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​តែ​បន្តិច​តែ​ប៉ុណ្ណោះ។ ដូច្នេះ សេដ្ឋកិច្ច​កម្ពុជា​ខាត​បង់​នូវ​ឱកាស​ផ្តល់​តម្លៃ​បន្ថែម​បែប​នេះ ដោយសារ​ផលិតផល​នេះ មិន​ថា​ក្នុង​ការ​ផលិត​ចំណី​អាហារ ឬ​ការ​ផ្គុំ​តំឡើង​គ្រឿង​អេឡិចត្រូនិច​នោះ​ទេ។ រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល​ខ្ញុំ​អាច​ចែក​រំលែក​គឺ​ អ្នក​ឮ​មនុស្ស​ម្នា​និយាយ​នឹក​អាល័យ​ដល់​សម័យ​ដែល​របស់របរ​ផលិត​ដោយ​ដៃ។ យើង​តែង​ឮ​គេ​ថា៖ «អូ ខ្ញុំ​គិត​ថា វា​ធ្លាប់​ត្រូវ​បាន​ផលិត​ដោយ​ដៃ»។ តាម​ពិត​អ្វី​ដែល​ពួកគេ​មិន​បាន​ដឹង​គឺ​ថា ទូរស័ព្ទ​នៅ​ក្នុង​ហោប៉ៅ​របស់​ពួកគេ​ហ្នឹង​ក៏​ផលិត​ដោយ​ដៃ​ដែរ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ផលិត​ដោយ​ដៃ។​ វា​ត្រូវ​តំឡើងនៅ​អាស៊ី ប៉ុន្តែ​មិន​មែន​នៅ​កម្ពុជា​នោះ​ទេ សម្រាប់​ឧបករណ៍​ភាគច្រើន។ ទាំង​នោះ​ជា​ការងារ​ដែល​ប្រសើរ​ជាង ហើយ​ខណៈ​ដែល​យើង​ឃើញ​ថា ចិន​កំពុង​បោះជំហាន​ទៅ​កាន់​សេដ្ឋកិច្ច​សេវាកម្ម ការងារ​ផលិតកម្ម​របស់​ពួកគេ​មាន​ការ​ប្រកួត​ប្រជែង​តិច​ជាង​មុន។ អ្នក​អាច​ឃើញ​ប្រទេស​ដូចជា​វៀតណាម​កំពុង​ចាប់​យក​ការងារ​ទាំង​នេះ។ អញ្ចឹង​ហើយ​បាន​ជា​ទូរស័ព្ទ Samsung ជាច្រើន ត្រូវ​បាន​ផលិត​នៅ​វៀតណាម។ ហើយ​កម្ពុជា​ក៏​គួរ​តែ​អាច​មាន​រោងចក្រ​ផលិត​បែប​នេះ​ដែរ​យ៉ាង​ងាយ។

ហើយ​លោក​ជឿជាក់​ថា​កម្ពុជា​អាច​ធ្វើ​បាន?

បាទ ខ្ញុំ​មានការ​ជឿជាក់​យ៉ាង​ដូច្នេះ។ ខ្ញុំ​គិត​ថា កម្ពុជា​មាន​មហិច្ឆតា​ និង​ឆន្ទៈ​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ចំណូល​មធ្យម ហើយ​ខ្ញុំ​គិត​ថា កម្ពុជា​អាច​ធ្វើ​បាន ហើយ​មនុស្ស​វ័យ​ក្មេង​នៅ​កម្ពុជា​ជា​ការ​ជំរុញ​ទឹក​ចិត្ត និង​កម្លាំង​ដល់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​មាន​សុទិដ្ឋិនិយម​ណាស់​សម្រាប់​អនាគត​កម្ពុជា ដោយសារ​ខ្ញុំ​ធ្វើ​ការ​ច្រើន​ជាមួយ​មនុស្ស​វ័យ​ក្មេង​នៅ​អង្គការ STEM Cambodia។ អញ្ចឹង ខ្ញុំ​គិត​ថា យើង​អាច​ធ្វើ​បាន។

លោក​បាន​លើក​ឡើង​ថា គុណភាព​នៃ​ការ​អប់រំ​ខាង​ជំនាញ STEM នៅ​កម្ពុជា​គឺ​ទាប​មែនទែន។ ហេតុ​អ្វី​បាន​ជា​វា​អញ្ចឹង? តើ​អ្វី​ជា​កត្តា​ចម្បង?

ខ្ញុំ​គិត​ថា គុណភាព​អប់រំ​ជា​ទូទៅ​នៅ​មាន​កម្រិត ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​មាន​ធនធាន​តិចតួច​សម្រាប់​ការ​អប់រំ។ ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា វា​មិន​មែន​ជា​កំហុស​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ​ដែល​គុណភាព​អប់រំនៅ​កម្ពុជានៅ​ ព្រោះ​មិន​មែន​ការ​អប់រំ​នេះ​ធ្លាប់​មាន​កម្រិត​ខ្ពស់​ពី​មុន​ឯ​ណា។ ដូច្នេះ​មិន​មែន​ឥឡូវ​វា​ទាប ហើយ​អ្នក​ណា​ម្នាក់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។ ទេ វា​មិន​មែន​អញ្ចឹង​នោះ​ទេ។ កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​កំពុង​រីកចម្រើន​ចេញ​ពី​សម័យ​សង្គ្រាម​ស៊ីវិល ដូច្នេះ​ប្រទេស​នេះ​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ។ វា​តាម​ពិត​ទៅ​ល្អ​ហើយ​ដែល​សម្រេច​បាន​ត្រឹម​នេះ​ក្រោយ​ពីចាប់​ផ្តើម​ពី​ចំណុច​សូន្យ​នោះ។ កម្ពុជា​គ្រាន់​តែ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត មុន​ពេល​ដើរ​ដល់​ស្តង់ដារ​អន្តរជាតិ​មួយ​។ មាន​ករណី​លើក​លែង​មួយ​ចំនួន ហើយ​សាលា​តិចណូ​ជា​សាលា​មួយ​ក្នុង​ចំណោម​សាលា​ផ្សេង​ដែល​មាន​កម្មវិធី​គុណភាព​ខ្ពស់​ទៅ​ហើយ។ ជា​ជាង​និយាយ​ពី​គុណភាព​ STEM យើង​ក៏​ត្រូវ​និយាយ​ពី​ការ​ខ្វះខាត​កម្មវិធី​អប់រំ​ជំនាញ​ STEM នៅ​កម្ពុជាតែ​ម្តង។ មាន​សាកលវិទ្យាល័យ​តិច​ណាស់​ដែល​ផ្តល់​កម្មវិធី​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ក្រៅ​តែ​ពី សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​សាលា​តិចណូ និង​សាលា​កសិកម្ម។ សម្រាប់​ជំនាញ​ព័ត៌មានវិទ្យា​អាច​មាន​ជម្រើស​ច្រើន។ នេះ​ជា​រឿង​ល្អ ដោយសារ​តែ​ជំនាញ​ព័ត៌មានវិទ្យា​ក៏​ស្ថិត​ក្នុង​ជំនាញ​ STEM ដែរ ហើយ​វា​ជា​ជំនាញ​ដែល​មាន​ឱកាស​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា ដោយសារ​តែ​វា​មាន​ឧបសគ្គ​តិច​ក្នុង​ការ​ប្រឡូក​ក្នុង​ទីផ្សារ​ការងារ​ ពីព្រោះ​ថា​ វា​មិន​ត្រូវ​ការរចនាសម្ព័ន្ធ​អ្វី​ច្រើន​នោះ​ទេ។ ក្មេង​ប្រុស​ឬ​ក្មេង​ស្រីម្នាក់​ដែល​មាន​កុំព្យូទ័រ​យួរ​ដៃ​មួយ អាច​សរសេរ​កម្មវិធី​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ app មួយ​ឲ្យ​ដំណើរការ​បាន។ វា​ងាយស្រួល​បើ​និយាយ​ពី​សម្ភារៈ ប៉ុន្តែ​មិន​ងាយស្រួល​នោះ​ទេ បើ​និយាយ​ពី​របៀប​ធ្វើ​ការ​នោះ។ ប៉ុន្តែ​ក្រៅ​ពី​ផ្នែក​ព័ត៌មាន​វិទ្យា ជំនាញ​ STEM ផ្សេង​ទៀត យើង​ត្រូវ​ការ​ឧបករណ៍​មួយ​ចំនួន​ដូច​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​គីមី ឬ​មន្ទីរ​ពិសោធន៍​ជីវវិទ្យា​ដែរ។ នេះ​ជា​ការងារ​ដែល​ត្រូវ​ការ​ធនធាន​ច្រើន ប៉ុន្តែ​មូលហេតុ​ដែល​ខ្ញុំ​ជឿ​ថា មិន​សូវ​មាន​កម្មវិធី​ទាំង​នេះ​នៅ​សាកលវិទ្យាល័យ​គឺ​ដោយសារ​តែ​តម្រូវការ​មិន​សូវ​មាន។ នេះ​ហើយ​ជា​បញ្ហា​ផ្នត់​គំនិត​ក្នុង​វប្បធម៌​មួយ។ លោក​ក៏​បាន​លើក​ឡើង​ពី​ឪពុកម្តាយ​ដែរ​អំបាញ់មិញ។ យើង​ទទួល​ស្គាល់​ថា នៅ​កម្ពុជា ឪពុកម្តាយ​ជា​កត្តា​សំខាន់​មួយ​នៃ​ការ​សម្រេច​ចិត្ត​របស់​កូនៗ​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​រៀន។ ក្រសួង​អប់រំ​បាន​រក​ឃើញ​ថា មាន​សិស្ស​ច្រើន​ពេក​ដែលដែល​សិក្សា​ជំនាញ​ពាណិជ្ជកម្ម ធនាគារ ហិរញ្ញវត្ថុ គណនេយ្យ ដែល​ជា​ចំនួន​ច្រើន​ហួស​សម្រាប់​ទីផ្សារ​ការងារ​ដើម្បី​ទទួល​យក​ពួកគេ។ មិន​សូវ​មាន​ការងារ​ច្រើន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​នោះ​ទេ ទោះ​ណា​វិស័យ​នេះ​រីកចម្រើន​ខ្លាំង​ក៏​ដោយ។ អ្នក​ទំនង​ជា​ពិបាក​ស្វែងរក​ការងារ​ប្រភេទ​នេះ។

លោក​បាន​ប្រើ​ពាក្យ​ «ផ្នត់​គំនិត» តើ​លោក​មាន​ន័យ​ថា វា​ជា​ផ្នត់​គំនិត​មើល​ខុស​របស់​រដ្ឋាភិបាល​ផង​ដែរ​មែន​ទេឬ? ដោយសារ​តែ​រដ្ឋាភិបាល​គួរ​តែ​អាច​ទស្សន៍ទាយជា​មុន​ពី​ជំនាញ​អ្វី​ដែល​គេ​ត្រូវការ​ឲ្យ​សមស្រប​នឹង​ទីផ្សារ​ការងារ។​

ត្រឹមត្រូវ​ណាស់។ វា​តែង​ជា​តុល្យភាព​ដ៏​ពិបាក​មួយ រឿងថា ​តើ​រដ្ឋាភិបាល​គួរ​មាន​តួនាទី​ប៉ុន្មាន​និង​ក្នុង​កម្រិត​ណា​នោះ។ ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​សង្គម​និយម​មួយ​ចំនួន​ទៀត​ព្យាយាម​កំណត់​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​ឲ្យ​ត្រូវ​ជាមួយ​នឹង​ការងារ​ដែល​ខ្លួន​បាន​ទស្សន៍ទាយ។ ពួកគេ​ព្យាយាម​ធ្វើ​ឲ្យ​សិស្ស​រៀន​តាម​ការ​តម្រង់​ផ្លូវ​ជំនាញបែប​នេះ​តាំង​ពី​ក្មេង ក្នុង​កម្មវិធី​សាលា​របស់​ខ្លួន ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក​ យើង​ស្ទើរ​តែ​មិន​ធ្វើ​រឿង​ទាំង​អស់​នោះ​ទាល់​តែ​សោះ។ អ្នក​មាន​សេរីភាព​ក្នុង​ការ​រៀន​អ្វី​ដែល​អ្នក​ចូលចិត្ត។ ដូច្នេះ​ បើ​និយាយ​ពី​ការ​បង្ខំ​ក្មេងៗ​ឲ្យរៀន​នូវជំនាញ​ឲ្យ​សម្រប​នឹង​ទី​ផ្សារការងារ​នា​ពេល​អនាគត រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​អញ្ចឹង​ទេ។ ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​អាមេរិកាំង​មួយ​រូប ខ្ញុំយល់​ថា ការ​បង្ខំ​ក្មេង​ឲ្យ​រៀន​មុខវិជ្ជា​ជាក់លាក់​ណា​មួយ​ មិនមែន​ជា​ជម្រើស​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​តាម​រយៈ​ក្រសួង​អប់រំ​គឺ​មិន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​សាកលវិទ្យាល័យ​ថ្មីៗ​ ប៉ុន្តែ​ថា​មាន​សាកលវិទ្យាល័យ​ច្រើន​ហើយ​នៅ​កម្ពុជា​ដែល​ផ្តល់​កម្មវិធី​គ្រប់គ្រង​ និង​គណនេយ្យ។ ក្រសួង​មិន​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​ឲ្យ​ស្ថាប័ន​ទាំង​នេះ​ទេ ហើយ​លើក​ទឹកចិត្ត​ឲ្យ​មាន​វិទ្យាសា្ថន​បច្ចេកទេស​ថ្មី​បើក​បន្ថែម​វិញ។ ដូច្នេះ​ ខ្ញុំ​គិត​ថា នេះ​ជា​វិធី​ដ៏​ត្រឹមត្រូវ។ នេះ​ជា​វិធីសាស្រ្ត​របស់​រដ្ឋាភិបាល។ អ្វី​ដែល​អង្គការ STEM Cambodia កំពុង​តែ​ធ្វើ​គឺ​ យើង​កំពុង​ធ្វើ​ឲ្យ​មាន​តម្រូវការ​នោះ​កាន់​តែ​ច្រើន ​នៅ​ពេល​សិស្ស​និង​ឪពុកម្តាយ​របស់​ពួកគេ​ចាប់​ផ្តើម​ទាមទារ​ឲ្យ​មាន​កម្មវិធី​ទាំង​នេះ ដោយសារ​តែ​សាកលវិទ្យាល័យ​ទាំង​នេះ​ជា​សាកលវិទ្យាល័យ​ឯកជន។ ពួកគេ​ជា​ស្ថាប័ន​ស្វែង​រក​ប្រាក់​ចំណេញ។ អញ្ចឹង​ នៅ​ពេល​សិស្ស​សួរ​រក​កម្មវិធី​សិក្សា​ STEMទាំង​នេះ សាកលវិទ្យាល័យ​នឹង​ចាប់​ផ្តើម​ឆ្លើយ​តប​ដោយ​បង្កើត​កម្មវិធី​ទាំង​នេះ ដោយសារ​តែ​នេះ​ជា​ជំនួញ​របស់​ពួកគេ។

ខ្ញុំ​ចង់​និយាយ​ពី​យុវជន​កម្ពុជា​ក្មេងៗ​ឆ្នើមៗ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ។ អ្នក​ខ្លះជា​ស្រ្តី​វ័យ​ក្មេង​ដែល​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្ពស់ ហើយ​ចូលចិត្ត​បច្ចេកវិទ្យា។ ខ្ញុំ​ដឹង​ថា ស្រ្តី​ក្នុង​បច្ចេកវិទ្យា​ជា​បញ្ហា​ដ៏​ធំ។ រឿង​មួយ​ក្នុង​ចំណោម​រឿង​ជាច្រើន​ដែល​គាត់​បាន​ប្រាប់​ខ្ញុំ​គឺ​ថា ស្រ្តី​មាន​បញ្ហា​ច្រើន​ជាង​បុរស​ក្នុង​ការ​ចូលរួម​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេកវិទ្យា និង​ការងារ​ទាំង​នេះ។ បុរសៗ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ជាង។ មាន​ការ​ខ្វះ​ខាត​ស្រ្តី​កម្ពុជា​ដែល​ជា​គំរូ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដែល​នេះ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​កម្ពុជា​ដែល​មាន​ចំនួន​ពាក់​កណ្តាល​នៃ​យុវជន​កម្ពុជានោះ​ ​ឲ្យ​ចូលរួម​ក្នុង​វិស័យ​នេះ​ឡើយ។ តើ​លោក​យល់​យ៉ាង​ណា ហើយ​ តើ​លោក​នឹង​ធ្វើ​ដូច​ម្តេច​ដើម្បី​លើក​ទឹកចិត្ត​ដល់​និស្សិត​ស្រី​ក្មេងៗ​ឲ្យ​ចូលរួម​ក្នុង​វិស័យ​នេះ?

វា​ជា​បញ្ហា​នៃ​ការ​ចូលរួម​មិន​បាន​គ្រប់​គ្នា ឬ​ខ្វះ​ការ​ចូលរួម។ អត្រា​ទាប​នៃ​ចំនួន​ស្រ្តី​ក្នុង​ការងារ​ STEM គឺ​ជា​បញ្ហា​ដែល​យើង​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​ភាគច្រើន ហើយ​វា​ជា​បញ្ហា​មួយ។ នៅ​កម្ពុជា យើង​មាន​ស្រ្តី​ដែល​ខ្លាំង​ និង​ពូកែ ដូច្នេះ​ពួកគេ​ពិត​ជា​សក្តិសម​នឹង​ការងារ​ STEM ណាស់។ អ្វី​ដែល​អង្គការ STEM Cambodia កំពុង​តែ​ធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ គឺ​ធានា​ឲ្យ​បាន​ថា​ កម្មវិធី​របស់​ពួក​យើង​ត្រូវ​តែ​រួម​មាន​ស្រ្តី​ដែល​ជា​គំរូ។ យើង​មាន​កម្មវិធី​ដែល​សហការ​ជាមួយ​នឹង​ស្ថានទូត​អង់គ្លេស។ វា​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី១ ខែវិច្ឆិកា ហើយ​វា​ជា​រថយន្ត​ក្រុង​មួយ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​វិទ្យាល័យ​តាម​ខេត្ត នៅ​ក្រៅ​ភ្នំពេញ និង​នាំ​យក​ភាព​សប្បាយ​រីករាយ​នៃ​មហោស្រព​វិទ្យាសាស្រ្ត និង​វិស្វកម្ម ទៅ​វិទ្យាល័យ​ទាំង​នោះ។ យើង​ពិត​ជា​រីករាយ​ចំពោះ​កម្មវិធី​នេះ​ណាស់។ វា​ត្រូវ​បាន​រៀបចំ​ និង​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា។ វា​ចាប់​ផ្តើម​ពី​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ថ្ងៃទី១ ខែ​វិច្ឆិកា ហើយ​ប្រធាន​ក្រុម​នៃ​កម្មវិធី​នេះ​គឺ​និស្សិត​ស្រី​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វករ​គីមី​ពី​សាលា​តិចណូ នៅ​ឆ្នាំ​នេះ។ នឹង​មាន​ស្រ្តី​ម្នាក់​ទៀត​យ៉ាង​ហោច​ណាស់ នៅ​ក្នុង​ក្រុម​នេះ។ គាត់​ក៏​ជា​មនុស្ស​ល្អ​បំផុត​សម្រាប់​ការងារ​នេះ​ដែរ។ តាម​ពិត​ទៅ យើង​មិន​កំណត់​ថា​ យើង​ត្រូវ​ការ​មនុស្ស​ប្រុស ឬ​ស្រី​ទេ។ យើង​ស្វែងរក​មនុស្ស​ល្អ​បំផុត​ ហើយ​គាត់​ជា​មនុស្ស​ល្អ​បំផុត។

តើ​លោក​មាន​ការ​ភ្ញាក់ផ្អើល​មែន​ទេ?

ខ្ញុំ​មិន​អាច​និយាយ​ថា ខ្ញុំ​ភ្ញាក់​ផ្អើល​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​គាត់​ដើរ​ចូល​មក​អង្គការ​យើង​ ហើយ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដូច​នេះ។ ខ្ញុំ​ចង់​បាន​ន័យ​ថា គាត់​ជា​មនុស្ស​ដែល​មាន​ចំណូល​ចិត្ត​ខ្លាំង ដូច​អ្នក​ស្ម័គ្រ​ចិត្ត​ជាច្រើន​ទៀត​ដែរ​ដែល​ធ្វើ​ការ​ជាមួយ​អង្គការ​ខ្ញុំ។ ​ជា​ថ្មី​ម្តង​ទៀត នេះ​ហើយ​បាន​ខ្ញុំ​និយាយ​ថា ខ្ញុំ​មាន​សុទិដ្ឋិនិយម​ដោយសារ​យុវជន​នោះ។ ​

គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ ពេល​ខ្លះ​វា​មិន​មែន​ជា​រឿង​វប្បធម៌​ទាំង​ស្រុង​ទេ បើ​យើង​និយាយ​ពី​ផ្នត់​គំនិត​ចំពោះ​ស្រ្តី។ តើ​លោក​មិន​គិត​ថាកត្តា​ផ្នត់​គំនិត​នេះ​ ​ជា​កត្តាខ្លាំង​មួយ​ដែល​រារាំងស្ត្រី​ក្នុង​ជំនាញ STEM នៅ​កម្ពុជា​ទេ?

ខ្ញុំ​មិន​គួរ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ខុស​នោះ​ទេ។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​ស្រ្តី​កម្ពុជា​ ដូច្នេះ ខ្ញុំ​មិន​អាច​និយាយ​ជំនួស​ពួកគេ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ឮ​ថា មាន​របាំង​ផ្នត់​គំនិត​មួយ​ចំនួន​ដែល​និយាយ​ថា ការងារ STEM ជា​ការងារ​របស់​បុរសៗ ហើយ​ពួកគេ​អាច​នឹង​យល់​យ៉ាង​ដូច្នេះ។ ខ្ញុំ​គិត​ថា យើង​ប្រាកដ​ប្រឈម​នឹង​បញ្ហា​ផ្នត់​គំនិត​ចំពោះ​ស្ត្រី។ បើ​និយាយ​អំពីរឿងឪពុកម្តាយ​និង​ជំនាញ​ STEM វិញ​គឺ​យើង​ពិត​ជា​ប្រឈម​នឹង​បញ្ហា​នេះ​មែន ហើយ​មាន​គំនិត​ហួស​សម័យ​អំពី​ថា​អ្វី​ទៅជា​ការងារ​ល្អ ដូច​ជា​ការងារ​ក្នុង​ការិយាល័យ​ ការងារ​ក្នុង​ធនាគារ ឬ​ការងារ​គណនេយ្យ​ជាដើម។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​ការ​ដើម្បី​ដោះស្រាយ​ ដោយ​ប្រើមហោស្រព​វិទ្យាសាស្រ្ត និង​វិស្វកម្ម​ និង​កម្មវិធី​រថយន្ត​ STEM គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ឪពុកម្តាយ​ និង​សហគមន៍​ឲ្យ​មក​ចូលរួម​ព្រឹត្តិការណ៍​ទាំង​នេះ ដោយសារ​យើង​ទទួល​ស្គាល់​ថា ក្នុង​ចំណោម​យុវជន​១០០នាក់​ អាច​មាន​១ ឬ​២​ដែល​សម្រេច​ចិត្ត​សិក្សា​ជំនាញ STEM ប៉ុន្តែ​អ្នក​ទាំង​នោះ​ត្រូវ​ការ​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ។ ប្រសិន​បើ​ពួកគេ​និយាយ​ថា ខ្ញុំ​នឹង​រៀន​ជំនាញ​វិស្វកម្ម ហើយ​មិត្តភក្តិ​របស់​ពួកគេ​និយាយ​ថា «អូ នេះ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ណាស់។ នេះ​មិន​មែន​ជា​ផ្លូវ​នាំ​ទៅ​រក​ការងារ​ល្អ​នោះ​ទេ។ នេះ​ជា​រឿង​ឆ្កួតៗ។ អ្នក​គួរ​តែ​រៀន​អ្វី​ផ្សេង​ទៅ»។ ពួកគេ​ទំនង​ជា​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​រៀន​ជំនាញ​ STEM ​នេះ​ទេ។ ពួកគេ​ចង់​ឲ្យ​មិត្តភក្តិ​និយាយ​ថា «វា​ពិបាក​ណាស់។ ខ្ញុំ​មិន​អាច​ធ្វើ​ការ​រៀន​ជំនាញ​ STEM ដូច​អ្នក​អញ្ចឹង​បាន​ទេ ប៉ុន្តែ​ខ្ញុំ​សរសើរ​អ្នក​ឯង​ដែល​សម្រេច​ចិត្ត​ដូច​នេះ ហើយ​វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​អាច​ធ្វើ​បាន​យ៉ាង​ដូច្នេះ»។ យើង​មិន​ត្រឹម​តែ​និយាយ​ពី​សិស្សមួយ​ចំនួន​តូច​ដែល​ចុង​ក្រោយ​ជ្រើសរើស​ជំនាញ STEM នោះ​ទេ។ យើង​និយាយ​ពី​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​សហគមន៍។ អ្នក​អាច​និយាយ​បាន​ថា នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​មក​យល់​វិញ​ថា អ្នក​ចូលចិត្ត​រៀន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យាគឺ​ឡូយ​អស្ចារ្យ​ដែល​ចាប់​មានក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ យើងឃើញ​រឿង​នេះ​កើត​ឡើង​នៅ​ចំពោះ​មុខ​យើង។ កាល​ពី​ពេល​ដែល​ខ្ញុំ​ទៅ​រៀន​នៅ​វិទ្យាល័យ​ ខ្ញុំ​ក៏​បាន​រៀនកម្មវិធី​មនុស្ស​យន្ត​នៅ​សាលា។ ដូច្នេះ​ ខ្ញុំ​ជា​សមិទ្ធិផល​នៃ​កម្មវិធី​ជំរុញ STEM របស់​នរណា​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក។

ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ហើយ​ខ្ញុំ​ទើប​តែ​បញ្ចប់​ការ​ធ្វើ​ដំណើរ​មួយ ដោយ​បាន​រក​ឃើញ​ថា មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ច្រើន​ណាស់​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ហើយ​ចង់​នាំ​យក​ជំនាញ​នេះ​ទៅ​កម្ពុជា។ ខ្ញុំ​ដឹង​ថា អង្គការ​លោក​ទើប​តែ​សហការ​ជាមួយ​ក្រុមហ៊ុន Microsoft ដែល​ជា​ក្រុមហ៊ុន​អាមេរិកាំង។ តើ​លោក​មើល​ឃើញ​តួនាទី​សំខាន់​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ការ​អប់រំ​ជំនាញ STEM យ៉ាង​ដូច​ម្តេច?

ខ្ញុំ​គិត​ថា កម្ពុជា​មាន​សំណាង​ណាស់​ដែល​ មាន​ជនជាតិ​ខ្មែរ​ច្រើន​នៅ​គ្រប់​ប្រទេស ដែល​មិន​ត្រឹម​តែ​មាន​បទ​ពិសោធន៍​ចម្រុះ​គ្នា​នោះ​ទេ​ ប៉ុន្តែ​នៅ​ពេល​ណា​មួយ​ក៏អាច​នាំ​យក​ធនធាន​មក​វិនិយោគ​ចំពោះ​គំនិត​ថ្មីៗ។ មាន​មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​យ៉ាង​លឿន​នៅ​កម្ពុជា ក៏​ខ្ញុំ​ឃើញ​មាន​គំនិត​សហគ្រិនភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា​ផង​ដែរ។ មាន​អ្នក​ជំនួញ​ខ្មែរ​អាមេរិក​ល្បីៗ​ដែល​ឥឡូវ​កំពុង​ធ្វើ​ការ​នៅ​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា ដោយ​ធ្វើ​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ ឬ​កម្មវិធី app ទូរស័ព្ទ ធ្វើ​ការងារ​ជំនួយ​ក្រៅ​ប្រទេសឲ្យ​ក្រុមហ៊ុន​អាមេរិក​ធំៗ បង្កើត​កម្មវិធី​របស់​ពួកគេ​ពី​ការិយាល័យ​ផលិត​កម្មវិធី​នោះ​ជាច្រើន​នៅ​កម្ពុជា។ ខ្ញុំ​ក៏​ស្គាល់​ពលរដ្ឋ​បារាំង​កំណើត​ខ្មែរ​ដែល​ត្រឡប់​មក​ពី​បារាំង​វិញ ហើយ​កំពុង​តែ​ធ្វើ​ការងារ​នេះ និង​ពលរដ្ឋ​អូស្រ្តាលីកំណើត​ខ្មែរ​ផង​ដែរ។ ដូច្នេះ កម្ពុជា​មាន​សំណាង​ដែល​មាន​សហគមន៍​នៅ​បរទេស​ទាំង​នេះ​ដែល​អាច​ជួយ​ប្រទេស​នេះ។ ខ្ញុំ​គិត​ថា វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹង​មាំ។

រឿង​នេះ​ប្រហែលពិត​ប្រាកដ​ជា​ពិសេសសម្រាប់​វិស័យ​បច្ចេកវិទ្យា និង​ជំនាញ STEM​ តែ​ម្តង ​ជាង​វិស័យ​ផ្សេងៗ​ទៅ​ទៀត។ តើ​លោក​យល់​ស្រប​ដែរ​ឬ​ទេ?

បាទ ខ្ញុំ​គិត​អញ្ចឹង​ដែរ។ យើង​បាន​ពិភាក្សា​អំពី​ជំនាញ​ដែល​អាច​ផ្ទេរ​បាន​ដោយ​ស្រួល។ វិស័យ​មួយ​ចំនួន​ដែល​មាន​របាំង​តិចតួច​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ គឺ​មានការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ជា​ឧទាហរណ៍​មួយ។ ខ្ញុំ​មិន​ចង់​និយាយ​ថា ស្រួល​ទេ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​អ្នក​ជំនួញ​ទាំង​នោះ​យល់​ថា ខ្លួន​មាន​សារៈសំខាន់​តិច​ជាង​គេ។ វា​មិន​ស្រួល​ទេ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ពូកែ​ខាង​សរសេរ​កម្មវិធី​កុំព្យូទ័រ​អាច​នាំ​យក​ជំនាញ​នេះ​ចូល​មក​កម្ពុជា ហើយ​ដោយសារ​ពួកគេ​មាន​ជំនាញ​ខាង​ភាសា​ស្រាប់ ពួកគេ​គ្រាន់​តែបណ្តុះបណ្តាល​មនុស្ស​មួយ​ក្រុម រួច​អាច​អាច​ចាប់​ផ្តើម​ក្រុមហ៊ុន​មួយ​បាន​ហើយ។ ខ្ញុំ​គិត​ថា​ នេះ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ណាស់។

អត្ថបទ​ទាក់ទង

XS
SM
MD
LG