ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​អាមេរិកាំង​ជំទាស់នឹង​បទបញ្ជា​ប្រធានាធិបតី​រឿង​ហាមឃាត់​ជនអន្តោប្រវេសន៍

  • សុខ ខេមរា

លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើក​បង្ហាញ​បញ្ជា​ប្រធានាធិបតី​មួយ​ដែលលោក បានចុះហត្ថលេខានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៧។ (AP Photo/Pablo Martinez Monsivais)

លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើក​បង្ហាញ​បញ្ជា​ប្រធានាធិបតី​មួយ​ដែលលោក បានចុះហត្ថលេខានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៧។ (AP Photo/Pablo Martinez Monsivais)

បទបញ្ជា​បណ្តោះអាសន្ននេះ ​គឺកើតឡើង​ក្នុងគោល​បំណង​ទប់ស្កាត់​អំពើ​ភេរវកម្ម​និងការ​គិតគូ​ពីសន្តិសុខ​របស់​ពលរដ្ឋ​អាមេរិកាំង​និង​ប្រទេស​អាមេរិក​មិនឲ្យ​មានការ​វាយប្រហារ​អំពើ​ភេរវកម្ម។​

ពលរដ្ឋខ្មែរ​អាមេរិកាំង​មួយចំនួន​មិនចូល​ចិត្តនឹង​វិធានការ​រយៈពេលខ្លី ​របស់​លោក ប្រធានាធិបតី​ សរអ ​ដូណាល់ ត្រាំ​ទាក់ទងនឹង​ការហាម​ឃាត់​ជន​អន្តោប្រវេសន៍​និង ជន​ភៀសខ្លួន​ចូលមក​ក្នុងទឹកដី​អាមេរិក​ ហើយបាន​ចាត់ទុក​ថា​ជាវិធានការ​មិន សមរម្យ។

ភ្លាមៗ​បន្ទាប់ពី​បានចូល​កាន់មុខ​តំណែង​ជា​ប្រធានាធិបតី​សរអ​ទី៤៥​កាល​ពីថ្ងៃទី​២០ មករា​លោក ​ដូណាល់ ត្រាំ ​បានបង្ហាញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​និង​ពិភព​លោក​ភ្ញាក់ផ្អើល​នឹង​ចំណាត់ការ​របស់​លោក​ជាច្រើន​រួមទាំង​បញ្ហា​ជន​អន្តោប្រវេសន៍​ ដោយ​លោក​បាន ចេញ​បទ​បញ្ជា​កាលពី​ថ្ងៃទី២៧ ​ខែមករា​ ឆ្នាំ២០១៧ ​ហាមឃាត់​ជនភៀសខ្លួន​និងជន អន្តោប្រវេសន៍​មកពី​ប្រទេស​ចំនួន៧​ ភាគច្រើន​ចេញមក​ពីប្រទេស​កាន់​អ្នក​កាន់ សាសនា​ឥស្លាម​ មិនឲ្យ​ចូលមក​ក្នុងទឹកដី​អាមេរិក​ចំនួន​៩០ថ្ងៃ។ ​បទបញ្ជា​បណ្តោះអាសន្ននេះ ​គឺកើតឡើង​ក្នុងគោល​បំណង​ទប់ស្កាត់​អំពើ​ភេរវកម្ម​និងការ​គិតគូ​ពីសន្តិសុខ​របស់​ពលរដ្ឋ​អាមេរិកាំង​និង​ប្រទេស​អាមេរិក​មិនឲ្យ​មានការ​វាយប្រហារ​អំពើ​ភេរវកម្ម។​ វិធានការ​នេះ​បានធ្វើ​ឲ្យមាន​ការបារម្ភ​និងការ​ជជែក​ដេញដោល​គ្នាផ្នែក ច្បាប់​យ៉ាងច្រើន​ថាផ្ទុយ​ពីច្បាប់​ទម្លាប់​អាមេរិកាំង​ដែលជា​ប្រទេស​កើតចេញ​ពីជនអន្តោ​ប្រវេសន៍​និងជន​ភៀស​ខ្លួន។

លោក គុជ ច័ន្ទលី អ្នក​វិភាគ​ឯករាជ្យ​នៅ​រដ្ឋ​ម៉ារីឡែន សហរដ្ឋ​អាមេរិក។

លោក គុជ ច័ន្ទលី អ្នក​វិភាគ​ឯករាជ្យ​នៅ​រដ្ឋ​ម៉ារីឡែន សហរដ្ឋ​អាមេរិក។

លោក​ គុជ ច័ន្ទលី​ ពលរដ្ឋ​នៅក្នុង​រដ្ឋម៉ារីលែន ​បានថ្លែងថា​ វិធានការ​របស់​លោក ប្រធានាធិបតី​វាប៉ះពាល់​ដល់​សីលធម៌​និងច្បាប់​ទម្លាប់​របស់​អាមេរិកាំង ​កិត្តិយស និងផល​ប្រយោជន៍​សរអ។

«ខ្ញុំយល់​ឃើញថា​រឿងនេះ​វាប៉ះពាល់​ខ្លាំង​ចំពោះ​តម្លៃនៃ​សរអ​ទាំងមូល​ពីព្រោះថា​ប្រវត្តិ របស់​សរអ​គឺកើត​ឡើងចេញ​ពីជន​អន្តោប្រវេសន៍​និងជន​ភៀសខ្លួន ​ហើយ​ម្យ៉ាងទៀត​ជន ភៀសខ្លួន​ទាំងឡាយ​ដែលមាន​ច្បាប់​មានទម្លាប់​ចូលមក​ក្នុងសរអ​នេះពុំមែន​សុទ្ធ​តែជា ជន​ដែលបង្កើត​ភេរវកម្ម​នៅក្នុង​សរអ​នេះទេ‍»។

រយៈពេល​២០ឆ្នាំ​កន្លង​មក​ក្រុម​ភេរវជន​ដែលបង្ក​ជាគ្រោះ​ថ្នាក់​ផ្សេងៗ​ដល់​សហគមន៍ អាមេរិកាំង​គឺចេញ​មកពី​ប្រទេស​ផ្សេង​ដទៃ​ទៀត​ដែល​ពុំមែន​ស្ថិត​នៅក្នុង​ចំណោម​៧ ប្រទេស​ដែល​ប្រធានាធិបតី​ដូណាល់ ត្រាំ​បានឃាត់​ឃាំង​មិនឲ្យ​ចូលនោះ​ទេ។

«ក៏ប៉ុន្តែ​ការឃាត់​ឃាំង​ដូច្នេះ​វាធ្វើឲ្យ​ភាពរំជើប​រំជួល​ជាងមុន​ទៅវិញទេ​ ហើយ​ម្យ៉ាង​ទៀត ការឃាត់​ឃាំង​ជនជាតិ​ក្នុងប្រទេស​ទាំង៧​ដែលកាន់​សាសនា​មូស្លីម(ឥស្លាម)​ដូច្នេះ ​លោក ​ប្រធានាធិបតី ​ដូណាល់ ត្រាំ​គាត់​ហាក់​ដូចជា​បង្ហាញ​ជំហរ​ថាគាត់​ហ្នឹងផ្តល់​តម្លៃ​ទៅលើ ​ក្រុមអាយស៊ីស​ ក្រុមកាន់​សាសនា​មូស្លីម​និយម​ថានេះ​ហើយជា​ការស្អប់ខ្ពើម ​ដែល ​អាមេរិកាំង​ស្អប់ខ្ពើម​ទៅលើ​ជនជាតិ ​អ្នកកាន់​សាសនា​មូស្លីម​(ឥស្លាម)ទៅវិញ។​ដូច្នេះ​វាអាច​បង្ក​បង្កើត​កំហឹង​និងការ​សងសឹក​របស់​ក្រុម​អ្នកកាន់​សានាមូស្លីម​ហ្នឹងមក​លើសរអ​នេះ​ ជាច្រើន»។

ក្រៅពីបាន​អះអាង​ថា​វិធាន​ការ​នេះ​នឹងធ្វើ​ឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​និង​អ្នក​ជំនាញ​នានា​នោះ​ លោក​ច័ន្ទលី​បាន​បន្ថែមថា​ការដាក់​កំហិត​របស់​ប្រធានាធិបតី​មុនៗ​ គឺមិន​សំដៅ​ទៅលើ​ប្រទេស​ជាតិ​និង​អ្នកកាន់​សាសនាទេ​ តែសំដៅ​ទៅលើ​បុគ្គល​និង ក្រុម​តែប៉ុណ្ណោះ។

លោក ​យ័ប គឹម ទឹង​ ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋវីជីនៀ​ បានថ្លែងថា​វិធានការ​របស់​លោក ប្រធានាធិបតី ​ដូណាល់ ត្រាំ ​ជារឿង​តក់​ក្រហល់។

«ខ្ញុំមើល​ទៅប្រទេស​មួយៗ​គេមាន​សិទ្ធិ​ធ្វើច្បាប់​អន្តោប្រវេសន៍​អញ្ចឹង​ដើម្បី​ឃាត់​ឃាំង ប្រជាជន​ មកពី​ប្រទេស​ផ្សេងៗ​ទៀតចូល​មកប្រទេស​គេ។​ តែខ្ញុំ​សង្កេត​មើលទៅ​របៀប ប្រធានាធិបតី​អាមេរិកាំង​ថ្មីគាត់​ធ្វើបទបញ្ជា​ថ្មីៗនេះ​ គឺធ្វើ​រហ័សពេក ​ដល់ពេល​អញ្ចឹង ទៅមិនមាន​ផែនការ​ឲ្យបាន​ត្រឹមត្រូវ ​អញ្ចឹងទៅ​វាធ្វើឲ្យ​សកម្មភាព​មិនមាន​ដំណើរការ​ល្អ ធ្វើឲ្យ​គេមើល​មកប្រទេស​អាមេរិក​ធ្វើការ​ដូចមិន​បាន​ម្មត់ចត់‍»។

លោកបាន​បន្ថែម​ពីការ​មើលឃើញ​បញ្ហានឹង​កើតឡើង​នាពេល​ខាងមុខ​ថា៖

«គាត់ចង់​ធ្វើអញ្ចឹង​ដើម្បីថា​គាត់ហ្នឹង​គិតគូ​ពីរឿង​ប្រជាជន​គាត់ច្រើន​ជាងអ្នក​ដទៃ​ ធ្វើឲ្យ​ប្រជាជន​របស់​គាត់ហ្នឹង​សប្បាយ​ចិត្ត ​ខ្ញុំថា​គោល​បំណង​របស់គាត់​អញ្ចឹង។​ ជួនកាល​យើងចង់​ធ្វើអញ្ចឹង​គោល​បំណង​ធំបំផុត​យើងចង់​ជួយ​ប្រជាជន​គាត់​ តែលទ្ធផល ​គឺថា​ពេលយើង​មានចិត្ត​ចង្អៀត​ជួនកាល​ យើងធ្វើ​ទៅ​ ធ្វើឲ្យ​គេខឹង​ គេមាន​ចិត្តចង្អៀត​មក លើ​យើងវិញទៅ​។​លទ្ធផល​ចុងក្រោយ​ធ្វើឲ្យ​លទ្ធផល​ហ្នឹង​មិនបាន​សម្រេច‍»។

សរអ​ទទួល​រងការ​វាយប្រហារ​អំពើ​ភេរវកម្ម​កាលពី​ថ្ងៃ១១ ​ខែកញ្ញា​ ឆ្នាំ២០០១​ ដោយ បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង​៣០០០នាក់​ ហើយលោក​ដូណាល់ ត្រាំ​បាន​បង្ហាញ សារ​របស់​លោក​ពីការ​គិតគូរ​រឿង​សន្តិសុខ​ជាសំខាន់។​ នៅក្នុង​បទបញ្ជា​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​សង្កត់​ធ្ងន់ថា៖

«វាជា​គោល​នយោបាយ​របស់​សរអ​ក្នុងការ​ការពារ​ពលរដ្ឋ​របស់​ខ្លួន មិនឲ្យ​ទទួល​រងការ​វាយប្រហារ​ពីជនបរទេស​ ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​ការវាយ​ប្រហារ​ភេរវកម្ម​ក្នុង​ប្រទេសអា​មេរិក ​ហើយ​ហាមឃាត់​មិនឲ្យ​ជនបរទេស​ដែលមាន​បំណង​ឆ្លៀត​ឳកាស​ប្រើប្រាស​ច្បាប់​អន្តោប្រវេសន៍​សរអ​ដើម្បី​សម្រេច​គោលបំណង​អាក្រក់​នានា‍»។ លោក ត្រាំ​ក៏បាន​បញ្ជាក់​បន្ថែម​ទៀតថា៖

«ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិកាំង​ សរអ​ត្រូវតែ​ធានា​ថា​ជនណា​ដែលចូល​មក​កាន់ ប្រទេស​អាមេរិក ​មិនត្រូវ​ប្រកាន់​ឥរិយាបទ​ជាសត្រូវ​ចំពោះ​សរអ​ ហើយនឹង​គោល ការណ៍​គ្រឹះ​របស់​សរអ​ទេ។ ​សរអ​មិនអាច​និងមិន​ត្រូវអនុញាត​ឲ្យ​ជនណា​ដែលមិន​គាំទ្រ​រដ្ឋធម្មនុញ្ញ​ឬជនណា​ដែលដាក់​មនោគមន៍វិជ្ជា​បែបហិង្សា​លើច្បាប់​អាមេរិកាំង​ទេ‍»។

លោក ​ម៊ុយ ចំរើន ​អ្នក​សាធារណរដ្ឋ​និយម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បានគាំទ្រ​ជំហរ លោក​ដូណាល់ ត្រាំ​នៃគណបក្ស​សាធារដ្ឋថា​ជារឿង​ត្រឹមត្រូវ​សម្រាប់​ប្រទេស ​ហើយ​បានបន្ទោស​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ឬ Democrat ​ថាមិន​សប្បាយ​ចិត្ត​និង​កិច្ចការ​ល្អ។

«ឲ្យតែ ​ដូណាល់ ត្រាំ​ធ្វើកិច្ចការ​បាន​ជោគជ័យ​ច្រើន ​ក្រុម​អ្នកឆ្វេង​និង​ស្តាំនិយម​នៃ គណបក្ស​ប្រជាធិបតេយ្យ ​ឬ Democrat ​មានកំហឹង​ខ្លាំងឡើង ​ក្តៅខ្លួន​ខ្លាំង។​ម្ល៉ោះ​ហើយ ឲ្យតែ​ដូណាល់ ត្រាំ​ធ្វើល្អ ​Democrat ​ឈឺក្បាល‍»។

លោកថ្លែង​ថាលោក ​ដូណាល់ ត្រាំ​គ្រាន់តែ​ធ្វើការ​ឃាត់ឃាំង​មួយរយៈ​ពេលខ្លី​ប៉ុណ្ណោះ ដោយលោក ​ចោទសួរថា​ហេតុអ្វី​បានជា​ក្រុមអ្នក​ប្រជាធិបតេយ្យ​ទើបតែ​ស្រឡាញ់ ក្រុម​អ្នកកាន់​សាសនា​ឥស្លាម​ពេលនេះ។​ លោកថា​រដ្ឋាភិបាល​ អ្នក​នយោបាយ​កន្លង មក​មានការ​ខ្លាចរអា​នឹងសិទ្ធិស្រ្តី​ សិទ្ធិជន​ស្បែកខ្មៅ​ និងជន​ភៀសខ្លួន​ តែ​លោក​ ត្រាំ ប្រឈម​មុខនឹង​បញ្ហា​អស់នោះ ដោយ​មិន​ខ្លាច​រអា។

«ឥឡូវនេះ​លោក ​ដូណាល់ ត្រាំ​ប្រើពាក្យ​ថាសំអាត​ភក់ជ្រាំ។​ នោះជា​អ្វីដែល​គាត់​ធ្វើ ដូច្នេះ​វាជា​រឿងល្អ​សម្រាប់​គាត់​ពេលនេះ។​ ហើយ​យោបល់​របស់ខ្ញុំ​វាជា​វិធីល្អ​ណាស់ ដែល​លោក ត្រាំ​ធ្វើដូច្នេះ​ព្រោះថា​បើមើល​ទៅក្នុង​ប្រទេស​បារាំង​គឺត្រូវ​ដឹកនាំ​ដោយ​ក្រុម​កុំម្មុយនិស្ត​អស់ជា​ច្រើនឆ្នាំ​ ដែលមិន​មានដំណើរ​ការល្អទេ។​ មេដឹកនាំទី​នោះនិង​ លោក អូបាម៉ា​ដូចគ្នាទេ ​គឺរហូត​ទាល់តែ​មានការ​បាញ់​នៅក្នុង​ក្រុមបារីស​ ប៊ែលហ្ស៉ិក​ ហើយនឹង​ប្រទេស​នានា​ទើបគេ​ភ្ញាក់ខ្លួន‍»។

រដ្ឋបាល​លោក ​ប្រធានាធិបតី​ ដូណាល់ត្រាំ ​ក្រោយ​ពេល​ចេញ​បទបញ្ជា​រឿង​ហាម ឃាត់​ពលរដ្ឋ​ធ្វើដំណើរ​តាម​យន្តហោះ​មកពី​ប្រទេស​ចំនួន៧​ប្រទេស​មិនឲ្យចូល​ទឹកដី​សរអ​នោះ​ បានប្រឈម​នឹង​បាតុកម្ម​ដែលជា​កំហឹង​របស់​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន ជាពិសេស​នៅមុខ​សេតវិមាន​និង​ព្រលាន​យន្តហោះ​ពាស​ពេញ​ប្រទេស ​ប៉ុន្មាន​ថ្ងៃ​ចុង ក្រោយ​នេះ។ ​ពលរដ្ឋ​មកពី​ប្រទេស​ទាំង៧ដែល​ត្រូវហាម​ឃាត់​មិនឲ្យចូល​មករសរអ​បណ្តោះ​អាសន្ន​នោះ​មានដូច​ជាប្រទេស​ សូម៉ាលី​ (Somalia) ​អីរ៉ាក់​ (Iraq) ​អីរ៉ង់ ​(Iran) ស៊ីរី (Syria) ​យេមែន​ (Yemen)​ លីប៊ី (Libya) ​និងស៊ូដង់ ​(Sudan)៕

XS
SM
MD
LG