ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​ការហាមឃាត់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​បក្ស​ប្រឆាំង


លោក ខេន គីវ តំណាង​នៃ​ក្រុម​យុវជន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត​ផ្តល់ឲ្យដោយ ខេន គីវ)
លោក ខេន គីវ តំណាង​នៃ​ក្រុម​យុវជន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត​ផ្តល់ឲ្យដោយ ខេន គីវ)

មាត្រា​ទី២៩​ថ្មី​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​​​​បាន​ហាមឃាត់​មិន​ឱ្យ​មាន​ការផ្តល់​វិភាគទាន​ទោះជា​ក្នុង​រូបភាព​ណា​ក៏​ដោយ​ពី​ស្ថាប័ន​បរទេស​ ក្រុមហ៊ុន​បរទេស​ ជនបរទេស​ឬ​អង្គការ​ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស។ ​

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​និងដាក់​ឱ្យ​ប្រើប្រាស់​នៅដើម​ខែ​មីនា​នេះបាន​នាំ​ឱ្យ​មាន​ក្តី​ព្រួយ​បារម្ភ​នៅក្នុង​ចំណោម​អ្នក​គាំទ្រគណបក្ស​ប្រឆាំង​នៅ​សហរដ្ឋ​អាមេរិក​លើ​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​សកម្មភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

ដូចជា​នៅក្នុង​កម្មវិធី​នៅថ្ងៃ​អាទិត្យ​នេះ​ដែល​ លោកហូ វ៉ាន់ ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្សសង្គ្រោះ​ជាតិ​នឹង​មក​ជួបអ្នកគាំទ្រ​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោនដើម្បី​សំណេះសំណាល​ពី​ស្ថានភាពនយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នោះ​វា​ក៏​ជា​ឱកាស​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អាច​នឹង​ប្រមូល​ថវិកា​ដើម្បី​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ប៉ុន្តែខុសពី​សព្វ​ដង​ អ្នក​រៀបចំមានការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​និយាយ​ដល់​ថវិកា​នៅ​លើក​នេះ។

លោក​ខេន គីវ​ អ្នករៀបចំ​កម្មវិធី​ជួបជុំ​និង​ជា​អ្នកតំណាង​ឱ្យ​ក្រុម​សំឡេង​យុវជន​នៅរដ្ឋ​ធានី​វ៉ាស៊ីនតោនបាន​បញ្ជាក់​ថា៖

«រឿង​លុយកាក់​យើង​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ ពីព្រោះ​ស្រេចតែ​បងប្អូន​ខ្មែរ​យើង​ទាំងអស់​គ្នា​លៃយ៉ាង​ណា​ជួយ​ខាង​មណ្ឌល​គីរី​ហ្នឹង​ដែល​មាន​ភាពក្រីក្រ​ច្រើន​ហ្នឹង​គឺថា​អាច​ជួយ​ដោយ​ប្រការណាមួយ​ក៏​យើង​មិន​មាន​គម្រោងការ​អ្វី​ច្បាស់​លាស់​នៅ​ក្នុងការជួយ​ហ្នឹង​ដែរ​តែ​គ្រាន់​ថា​បងប្អូន​មាន​ចិត្ត​រួមគំនិត​គ្នា​ធ្វើ​ដោយ​ប្រការ​ណាមួយ​ក៏​យើង​ទទួល​និង​លើក​ទឹកចិត្ត​គ្នា​ដែរ‍»។​

មាត្រា​ទី២៩​ថ្មី​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយបាន​ហាមឃាត់​មិន​ឱ្យ​មាន​ការផ្តល់​វិភាគទាន​ទោះជា​ក្នុង​រូបភាព​ណា​ក៏​ដោយ​ពី​ស្ថាប័ន​បរទេស​ ក្រុមហ៊ុន​បរទេស​ ជនបរទេស​ឬ​អង្គការ​ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស។ ​

លោករីទ្ធី អ៊ុង ​ប្រធាន​សាខា​នៃគណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​កិច្ច​ការ​ចម្បង​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ខាងមុខ​នេះ​គឺ​ត្រូវ​ពន្យល់​ដល់​អ្នកគាំទ្រ​ពីច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មី​និង​ខិតខំ​ស្វែង​រក​ថវិកា​ដើម្បី​ជួយ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ក្នុង​ការត្រៀម​រៀបចំ​បោះឆ្នោត​នៅថ្ងៃទី​៤ខែមិថុនា​។​

លោក​យល់​ថា​មាត្រា​២៩ថ្មី​នេះ​គឺមិន​សំដៅ​លើ​អ្នកគាំទ្រ​ខ្មែរ​អាមេរិកាំង​ទេ។ ​

«ក្នុង​នាម​ជា​សមាជិក​ អ្នកគាំទ្រ​ក្តី​ សាខាក្តី​យើង​មាន​សិទ្ធិ​ក្នុង​ការ​ជួយគាំទ្រ​គណបក្ស​យើង​ដូចជា​គណបក្ស​ប្រជាជន​ផងដែរ​គឺ​យើង​ឃើញ​ហើយ​ក៏​មាន​សាខា​ខាងក្រៅ​ប្រទេស​ដែរ​ ម៉្លោះហើយ​គេ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ជួយ​គណបក្ស​ប្រជាជន​របស់​គេ​ដែរ​ ម្ល៉ោះហើយ​ក្នុងនាម​ជាខ្មែរ​ក្នុង​ប្រទេស​ក្តី​ក្រៅប្រទេស​ក្តី​ ហើយ​ក្នុងនាម​ជាសមាជិកបក្ស​គឺ​ថា ​យើង​មាន​សិទ្ធិ​ជួយគាំទ្រ​គណបក្ស​របស់​យើង​‍»។​

លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​ កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)
លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​ កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)

​លោកសុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់អំណាចបាន​ជម្រះការព្រួយបារម្ភ​ទាំងនោះ​ហើយ​បញ្ជាក់ថា​ ច្បាប់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ការចូលរួម​វិភាគទានរបស់ពលរដ្ឋ​ខ្មែរ​រស់​នៅក្រៅ​ប្រទេស ដែល​គាំទ្រ​គណបក្ស​នយោបាយ​ទេ។

«សូម​បង​ប្អូន​កុំ​មាន​ការព្រួយ​បារម្ភ​អី​ បើ​មាន​លុយ​ច្រើន​មក​ជួយគណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ច្រើន​មក​ស្រួល​គេ​យក​ទៅ​ចាយ។ បងប្អូន​ធ្វើការ​បាន​លុយ​ច្រើន​គួរតែ​ជួយ​ដែរ​ ព្រោះ​គណបក្ស​ប្រជាជន​មិន​ថ្នាំង​ថ្នាក់​អ្វីទេ​។ បងប្អូន​មាន​សិទ្ធិ​ជួយ​គណបក្ស​ណា​ទៅតាម​ការយល់​ឃើញ​របស់​បងប្អូន​ដោយ​សម្រេច​ដោយ​ឯករាជ្យ​មិន​មាន​បញ្ហា​អ្វីទេ‍»។​

ប៉ុន្តែ​លោក​សុខ ឥសាន​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​បរទេស ​និង​ជនបរទេស​មិន​អាច​ជួយ​ដល់​គណបក្ស​នយោបាយ​ទេ​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ៖

«ខ្ញុំ​យល់​ថា​ ជន​បរទេស​មិន​មាន​បំណង​អី​ត្រូវ​រៀនសូត្រ​ពី​កម្ពុជា​ទេ ​មាន​តែ​ប្រដៅ​កម្ពុជា​ ចឹង​ទេ​ខ្ញុំ​យល់​ថា​ ច្បាប់​ហាមឃាត់​ ហើយ​ទោះ​បី​ថវិកា​ក៏​ដោយ​សម្ភារៈ​មធ្យោបាយ​ផ្សេងៗ​ក៏ដោយ​ពីជន​បរទេស​ គឺ​ហាម​មិន​ឱ្យ​មានការ​ទទួល​ទេ‍»។​

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

មាន​គណបក្ស​នយោបាយ​ចំនួន​១២បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ។ ប៉ុន្តែ​មាន​តែគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​មាន​លទ្ធភាព​ដាក់​បេក្ខភាព​ក្រុមប្រឹក្សា​នៅឃុំ-សង្កាត់​ចំនួន​១.៦៤៦​នៅទូទាំង​ប្រទេស​ដូចគ្នា។ គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច ​និង​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​មាន​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-សង្កាត់​ប្រហាក់​ប្រហែលគ្នា​ គឺ​នៅ​លំដាប់​ទីពីរ​ដោយ​ដាក់​បេក្ខជន​ប្រហែល​ពាក់​កណ្តាល​នៃ​ចំនួន​សរុប។

លោកងឹម ញេង​ អ្នកតំណាងរាស្រ្ត​នៃ ​គណបក្ស​សង្គ្រោះ​ជាតិបាន​បញ្ជាក់​ថា ​ធនធាន​ហិរញ្ញវត្ថុ​ពី​ខាង​ក្រៅ​និង​ក្នុង​ប្រទេស​មាន​សារៈសំខាន់​ចំពោះ​គណបក្ស​។ ​

«ជា​ការពិត​កន្លង​មក​គណបក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​គឺ​អត់​ដែល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ខាង​រដ្ឋ​ឬ​រាជរដ្ឋាភិបាល​ទេ​ គឺ​យើង​សង្ឃឹម​ទៅ​លើ​បងប្អូន​ខ្មែរ​យើង​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ជួយ​ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ គណបក្ស​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ អីចឹង​នៅក្នុង​ប្រទេស​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹង​ចង់​ឱ្យ​មាន​ការផ្លាស់​ប្តូរ​សុទ្ធ​តែ​ស្ម័គ្រ​ចិត្តលះបង់​ធនធាន​ផ្ទាល់​ខ្លួន​បន្តិច​ៗ​ម្នាក់​ដើម្បី​ជួយ​ជំរុញ​ធ្វើ​ម៉េច​ឱ្យ​ការ​ផ្លាស់​ប្តូរ​ហ្នឹង​រីក​ចម្រើនទៅមុខ‍»។​

លោកងឹម ញេង​បាន​រិះគន់​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ថា​ មាន​គោល​ដៅ​រឹត​បន្តឹង​តែ​លើ​គណបក្ស​ប្រឆាំង​ក្នុង​ពេល​ដែល​គណបក្ស​កាន់​អំណាច​ដែល​មាន​ធនធាន​យ៉ាង​សម្បូរ​ហូរហៀរ​មិន​មាន​ការ​កំហិត​លើ​ការ​ចាយ​វាយ​ទេ។

Ngim Nheng is an opposition lawmaker of Pursat province. (Courtesy Photo)
Ngim Nheng is an opposition lawmaker of Pursat province. (Courtesy Photo)

«ខ្ញុំ​យល់​ថា ​ការកែប្រែ​ច្បាប់​នយោបាយ​នេះ​ គឺវា​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ធ្ងន់​ធ្ងរ​ណាស់​។ ជាពិសេស​ត្រង់​ចំណុច​ការហាម​មិន​ឱ្យ​ទទួល​ជំនួយ​ពីបរទេស​ក្តី​ហ្នឹង​គឺ​គួរតែ​ចែង​ពីការ​ធ្វើ​សវនកម្ម​ទៅលើ​គណបក្ស​នយោបាយ​ផងដែរ​ ពីព្រោះ​វា​មាន​ភាព​លម្អៀង​ខ្លាំង​ដោយ​សារ​គណបក្ស​កាន់​អំណាច​រាល់​រដូវកាល​បោះឆ្នោត​ម្តងៗ​ចាយ​លុយ​ច្រើន​ណាស់ ​ប៉ុន្តែ​យើង​អត់​ដឹង​ថា ​គេ​ចាយ​អស់​ប៉ុន្មាន​ទេ។ វា​អត់​មាន​តុល្យភាព​អំពីការ​ចំណាយ​ទៅ​លើ​សកម្មភាព​នយោបាយ​ការប្រកួត​ប្រជែង​របស់​គណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ​គឺ​មាន​ភាព​លម្អៀង​ខ្លាំង​មែនទែន‍»។​

សម្រាប់​ការជួបជុំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នាចុងសប្តាហ៍​នេះ​ក្រុមអ្នករៀបចំ​ក៏​នឹងមានការ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​រវាង​អ្នកគាំទ្រ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ទៅ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខេត្ត​មណ្ឌល​គីរី​ផង​ដែរ។ ពួកគេ​យល់​ថា​ នេះ​ជា​វិធី​មួយ​ដែល​ពលរដ្ឋ​នៅក្រៅ​ប្រទេស​អាច​ជួយ​ដល់​ជនរួម​ជាតិ​របស់​គេ​នៅក្នុង​ស្រុក​ឱ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​បាន។​

លោក​ខេន គីវ ​អ្នករៀបចំ​កម្មវិធី​បាន​បន្ថែម​ទៀតថា៖

«គោលការណ៍​ដែល​យើង​មាន​គម្រោង​ការធ្វើ​ខេត្តមណ្ឌល​គីរី​នេះ​ផ្ទាល់​ដោយសារ​យើង​យល់​ថា​ ខេត្ត​មណ្ឌល​គីរី​នេះ​គឺ មាន​ការខ្វះខាត​ច្រើន​ជាង​ខេត្ត​ដទៃ​ៗទៀ​ត​ ហើយ​មានការ​ឆ្ងាយ​ពី​ទីក្រុង​ឆ្ងាយ​ពី​ពេទ្យ​ឆ្ងាយ​ពី​អ្វី​ដែល​មាន​ការរីកចម្រើន​ដូចក្នុង​ប្រទេស​យើង​វាឆ្ងាយ​ដាច់​ប្រយាល​ពីគេ​ម្ល៉ោះហើយ​ខ្វះខាត​ច្រើន​ដូច្នេះ​បាន​ជាយើង​យល់​ថា​យើង​ចង់​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ហ្នឹង​ក្នុង​អាណត្តិនេះ​ដើម្បី​ឱ្យ​លើកស្ទួយ​ជីវភាព​ឱ្យ​បានធូរធា​ដូចជា​ខេត្ត​ដទៃៗ​ទៀត‍»។​

មានពលរដ្ឋ​ខ្មែរ​-អាមេរិកាំងជាង​៣០​ម៉ឺន​នាក់​កំពុង​រស់​នៅ​តាម​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក។ ភាគច្រើន​នៃ​ពួកគេ​រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ ម៉ាស្សាឈូសិត ​វ៉ាស៊ីនតោនស្តេត ​ផេនស៊ីលវេនៀ ​និង​តិចសាស៕

XS
SM
MD
LG