ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​កម្ពុជា​គំរាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដោយ​ភ្ជាប់​ហេតុផល​នឹង​ការ​ព្រមាន​​របស់​លោក​ Trump​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ


រូបភាព​ឯកសារ៖ លោក​ផៃ ស៊ីផាន អង្គុយ​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ២០១២។

រដ្ឋាភិបាល​កម្ពុជា​បាន​គំរាម​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ VOA ​ផង​ដែរ ​និង​បាន​ប្រើ​ប្រាស់​ការ​រិះគន់​របស់​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ Donald Trump ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ ជា​ហេតុផល​សមស្រប​ក្នុង​រឿង​នេះ។​

នៅ​ក្នុង​សារ​បង្ហោះ​លើ​ប្រព័ន្ធ ​Facebook ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ​លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​គំរាម​ «ចាត់​វិធានការ» ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ​ដែល​លោក​បាន​និយាយ​ថា ​កំពុង​គំរាម​កំហែង​ដល់​សន្តិភាព ​និង​ស្ថិរភាព​របស់​ប្រទេស។​

នេះ​ទំនង​ជា​លើក​ទី​មួយ​ហើយ​ ដែល​រដ្ឋាភិបាល​បរទេស​បាន​ប្រើ​ប្រាស់​ការ​លើក​ឡើង​របស់​លោក Trump ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជា​មូលហេតុ​សម្រាប់​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​បិទ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ​ដែល​នេះ​ជា​អ្វី​ដែល​អង្គការ​តាមដាន​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ព្រមាន​ថា ​អាច​នឹង​កើត​ឡើង។​

លោក ​Trump ​បាន​ហៅ​ការ​រាយការណ៍​ព័ត៌មាន​ដែល​លោក​មិន​ចូលចិត្ត​ថា​ ជា​ «ព័ត៌មាន​ក្លែងក្លាយ»​ ដោយ​បញ្ជាក់​ថា ​ព័ត៌មាន​ទាំង​នោះ​ជា ​«សត្រូវ​របស់​ប្រជា​ពលរដ្ឋ»។ ​កាល​ពី​សប្ដាហ៍​មុន​ សេតវិមាន​បាន​ហាម​ឃាត់​ទីភ្នាក់ងារ​ព័ត៌មាន​ជា​ច្រើន ​ដែល​ក្នុង​នោះ​មាន​ទាំង​កាសែត​ The New York Times ​និង​បណ្តាញ​ព័ត៌មាន ​CNN ​ផង​ដែរ ​មិន​ឲ្យ​ចូលរួមសន្និសីទ​ក្រៅ​ផ្លូវការ​ជាមួយ​នឹង​លោក ​Sean Spicer​ ទីប្រឹក្សា​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​របស់​រដ្ឋបាល​លោក​ Trump។​

សេតវិមានបាន​បញ្ជាក់​ថា ​ខ្លួន​បាន​ព្យាយាម​បញ្ចូល​អ្នក​សារ​ព័ត៌មាន​បន្ថែម​ទៀត​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្រៅ​ផ្លូវការ​នេះ។ ​ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​រិះគន់​យ៉ាង​ខ្លាំង​ថា​ ជា​ការ​ប្រមាថ​មាក់​ងាយ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ។​

នៅ​ក្នុង​សារ​បង្ហោះ​លើ​ប្រព័ន្ធ ​Facebook ​របស់លោក​ ​ លោក​ផៃ ស៊ីផាន​ទំនង​ជា​និយាយ​យោង​ទៅ​លើ​វិធានការ​របស់​សេតវិមាន​ក្នុង​ការ​មិន​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​ចំនួន​ចូលរួមសន្និសីទ​ព័ត៌មាន​ក្រៅ​ផ្លូវការ​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ព័ត៌មាន​នៅ​ឯ​សេតវិមាន ​ដោយ​លោក​បាន​លើក​ឡើង​ថា ​វិធានការ​នេះ​បាន​ផ្ញើ​ «សារ​យ៉ាង​ច្បាស់» ​ថា ​ការ​រាយ​ការណ៍​របស់​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​ «មិន​បាន​បង្ហាញ​ពី​ការណ៍​ពិត» ​នោះ​ទេ។​

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖​

«លោក​ប្រធានាធិបតី ​Donald Trump ​យល់​ឃើញ​ថា ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយស្ថាប័ន​ទាំង​នោះ មិន​បាន​ឆ្លើយតប​នឹង​ការណ៍ពិត​ជាក់​ស្ដែង ​ដែល​ជា​បន្ទុក​ទទួល​ខុស​ត្រូវ​របស់​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ទេ បាន​សេចក្ដី​ថា ​សេរីភាព​នៃ​ការ​បញ្ចេញ​យោបល់​ត្រូវ​តែ​ស្ថិត​នៅ​ក្នុងព្រំដែន​ច្បាប់ ​និង​ត្រូវតែ​គោរព​ព្រំដែន​អំណាច​រដ្ឋ»។​

លោក​ផៃ ស៊ីផាន​មាន​គោល​បំណង​ជា​ពិសេស​និយាយ​សំដៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​VOA ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​សេរី​ ដោយ​និយាយ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ពីរ​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក។ ​លោក​ក៏​មាន​គោល​បំណង​សំដៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំឡេង​ប្រជាធិបតេយ្យ ​VOD​ ដែល​ជា​ស្ថានីយ​វិទ្យុ​ឯករាជ្យ​មិន​រក​ប្រាក់​កម្រៃ​ផង​ដែរ។​

ទោះបីជា​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​មាន​ចែង​ពី​សេរីភាព​ព័ត៌មាន​ក៏​ដោយ ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រយោល​ដោយ​រដ្ឋ ​និង​ត្រូវ​បាន​តាម​ដាន​យ៉ាង​ជិត​ដិត​ផង​ដែរ។​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​មក​ហើយ​នោះបាន​រិះគន់​ថា​ ​ ប្រព័ន្ធ​ផ្សព្វផ្សាយ ​VOA ​និង​អាស៊ី​សេរី​បាន​បង្ក​ឲ្យ​មាន​អស្ថិរភាព។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អង្គុយ​នៅ​ក្នុង​រដ្ឋសភាជាតិ​មុន​កិច្ច​ប្រជុំ​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ស្នើ​ទៅ​កាន់​តុលាការ​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ណាមួយ​ចោល នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អង្គុយ​នៅ​ក្នុង​រដ្ឋសភាជាតិ​មុន​កិច្ច​ប្រជុំ​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ស្នើ​ទៅ​កាន់​តុលាការ​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ណាមួយ​ចោល នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅ​ក្នុង​សារ​បង្ហោះ​លើ​ប្រព័ន្ធ ​Facebook ​របស់​លោក ​លោក​ផៃ ស៊ីផាន​បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​ថា ​ជា ​«ភ្នាក់ងារ​បរទេស» ​និង​បាន​និយាយ​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​ត្រូវ​តែ «ពិចារណា​សារ​ជា​ថ្មី» ​ចំពោះ​ការ​ប្រើប្រាស់​រលក​អាកាស​ផ្សាយ​ មុន​ពេល​ដែល​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ណា​មួយ។​

រឿង​នេះ​ដំបូង​ត្រូវ​បាន​សារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ​ដែល​ជា​សារព័ត៌មាន​ឯករាជ្យ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផ្សាយ។​ បន្ទាប់ពី​មាន​ការ​ប្រកាស​នូវ​ការ​ព្រមាន​នេះ ​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​លោក​ផៃ ស៊ីផាន ​ដែល​បាន​និយាយ​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​ដែល​មិន​ធ្វើ​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​បិទ​មិន​ឲ្យ​ដំណើរ​ការ។​

លោក​ផៃ ស៊ីផាន​ថ្លែង​ថា​ ជា​រឿង​សាមញ្ញ​បំផុត​គឺ​បិទ​ប្រព័ន្ធ​ព័ត៌មាន​ទាំង​នោះ។​

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ ​ លោក Jing Zhang ​ប្រធាន​ស្ដីទី​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ VOA​ បាន​បដិសេធ​ថា ​VOA ​មិន​មែន​ជា​ «ភ្នាក់ងារ​បរទេស» ​នោះ​ទេ។​

លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖​

«VOA ​ជា​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រាយ​ការណ៍​ព័ត៌មាន​ត្រឹមត្រូវ ​និង​មិន​លម្អៀង។ ​អ្នក​ស្ដាប់ VOA ​និង​អ្នក​គាំទ្រ ​VOA​ តាម​ Facebook ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​បញ្ជាក់​ពី​សុច្ចរិត​ភាព​របស់ ​VOA»។​

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ឆ្លើយតប​ចំពោះ​ការ​ទាក់ទង​របស់ ​VOA ​សុំ​យោបល់​លើ​រឿង​នេះ​នៅ​ឡើយ​ទេ។​

ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ និង​អតីត​អ្នក​ការទូត​នានា​បាន​ព្រមាន​ថា ​នេះ​ប្រហែល​មិន​មែន​ជា​ពេល​ចុង​ក្រោយ​ដែល​រដ្ឋាភិបាល​ផ្ដាច់​ការ​បាន​ដក​ស្រង់​ការ​លើកឡើង​របស់​រដ្ឋបាល​លោក ​Trump​ ធ្វើជា​ហេតុផល​សម្រាប់​ការ​បង្ក្រាប​របស់​ខ្លួន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ។​

លោក ​Tom Malinowski ​អតីត​អនុ​រដ្ឋមន្ត្រី​ការបរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ប្រជាធិបតេយ្យ ​និង​ពលកម្ម ​បាន​ប្រាប់ ​VOA ​ថា៖​

«វា​ពិត​ជា​ពិបាក​ក្នុង​ការ​ធ្វើ​ជា​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ ​ដូចជា​ប្រទេស​កម្ពុជា​ជា​ដើម នៅ​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​មិន​ដើរ​តួ​ជា​គំរូ​ល្អ​មួយ»។​

លោក​ Malinowski ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Barack Obama ​បាន​បន្ថែម​ថា៖​

«ឥឡូវ​នេះ ​រាល់​មេដឹកនាំ​ផ្ដាច់ការ​ណា​មួយ ​ដែល​ចង់​ហាម​ឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ ​ដែល​ខ្លួន​មិន​ចូល​ចិត្ត​ អាច​និយាយ​ថា ​លោក ​Trump ធ្វើ​រឿង​នេះ ​ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ធ្វើ​បាន​នោះ?»។​

លោក​ប្រធានាធិបតី Donald Trump មើល​ទៅ​អ្នក​សារព័ត៌មាន​ក្នុង​ពេល​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump មើល​ទៅ​អ្នក​សារព័ត៌មាន​ក្នុង​ពេល​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ​គណៈកម្មាធិការ​ដើម្បី​អ្នក​សារ​ព័ត៌មាន ​ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ បាន​ព្រមាន​ថា ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ​Trump ​អាច​តំណាង​ឲ្យ​ការ​គំរាម​កំហែង​ដែល​ «មិន​ដែល​មាន​ពី​មុន​មក» ​ចំពោះ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ។

សេចក្ដី​ប្រកាស​របស់​គណៈកម្មាធិការ​ដើម្បី​អ្នក​សារព័ត៌មាន​នេះ​បាន​បញ្ជាក់​ថា៖​

«ផលវិបាក​សម្រាប់​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​មុន។ ​ការ​បរាជ័យ​ណា​មួយ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​គោរព​ទៅ​តាម​បទដ្ឋាន​របស់​ខ្លួន​ នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​នានា​ហ៊ាន​រារាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ»។​

ក្រុម​មន្ត្រី​សេតវិមានបាន​ទទូច​ថា​ លោក ​Trump ​គោរព​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដោយ​បាន​និយាយ​ថា ​លោក ​Trump ​គឺ​គ្រាន់តែ​តតាំង​ប្រឆាំង​ជាមួយ​នឹង​អ្វី​ ដែល​ពួកគេ​មើល​ឃើញ​ថា ​ជា​ការ​រាយ​ការណ៍​មិន​ត្រឹមត្រូវ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែ​ប៉ុណ្ណោះ។​

លោក​ Spicer ​ប្រធាន​អ្នក​នាំ​ពាក្យ​របស់​លោក​ Trump ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​បាន​ការពារ​សេចក្ដី​សម្រេច​ចិត្ត​របស់​លោក​នៅ​ក្នុង​ការ​រារាំង​ទីភ្នាក់ងារ​ព័ត៌មាន​ជា​ច្រើន​មិន​ឲ្យចូលរួម​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្រៅ​ផ្លូវការ​ជាមួយ​នឹង​លោក​ ដោយ​លោក​បាន​និយាយ​ថា ​លោក​ធ្វើ​នេះ​គ្រាន់តែ​ព្យាយាម​បញ្ចូល​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត ​គឺ​មិន​មែន​មិន​ឲ្យ​ពួកគេ​ចូលរួម​នោះ​ទេ។​

លោក ​Spicer ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖​

«យើង​មាន​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​ក្រុម​រួច​ហើយ​ដែល​ចូលរួម​នៅ​ក្នុង​ការ​សួរ​ឆ្លើយឆ្លង​ក្រៅ​ផ្លូវការ​នេះ ហើយ​បន្ទាប់មក​ យើង​បាន​ពង្រីក​វា ​ដោយ​យើង​បាន​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​ចំនួន​ទៀត​បាន​ចូលរួម​ដែរ។ ​យើង​នឹង​គិតគូរ​ឡើង​វិញ​ឲ្យ​បាន​ខ្លាំងក្លា​អំពី​រឿង​នេះ។ ​ យើង​មិន​គ្រាន់តែ​អង្គុយ​ស្ងៀម ​និង​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ការ​រាយ​ការណ៍​មិន​ត្រឹមត្រូវ​ទាំង​នេះ​ទេ»៕​

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG