ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អរគុណ​អាមេរិក​ចំពោះ​ការប្រគល់​​បដិមា​ចំនួន​២​និង​ការ​ជួយ​ទាមទារ​បដិមា​មួយ​ទៀត


​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថើបរូប​ថត​រូប​ចម្លាក់​ ហើយ​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក។​
​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថើបរូប​ថត​រូប​ចម្លាក់​ ហើយ​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក។​
មេដឹកនាំ​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ជាផ្លូវការ​ដល់​សារមន្ទីរ​មួយ​ក្នុង​ទីក្រុង​ញូយ៉ក ដែល​បាន​ប្រគល់​រូប​ចម្លាក់​ចំនួន២​មក​កម្ពុជា​វិញ​ ហើយ​ក៏​អរគុណ​រដ្ឋាភិបាលសហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​ជួយ​ទាមទារ​រូប​ចម្លាក់​មួយ​ទៀត​ដែល​កំពុងស្ថិត​ក្នុង​ការ​ប្តឹង​ផ្តល់​ក្នុង​តុលាការ​ជាមួយ​សារ​មន្ទីរ​ Sotheby's។​

នៅ​ក្នុង​ពិធី​ប្រគល់​រូប​បដិមា​ចំនួន​២​ជាផ្លូវការ​ដោយ​សារ​មន្ទីរ​ Metropolitan Museum of Art មក​ឲ្យ​កម្ពុជា​វិញ ​នៅក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​អរគុណ​ដល់​សារ​មន្ទីរ​នេះ​ចំពោះ​កាយ​វិការ​ដ៏​សម្បុរសនេះ។​

លោក​និយាយថា៖ «ខ្ញុំ​សូម​ឆ្លៀត​យក​ឳកាស​នេះ​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សារ​មន្ទីរ ​Metropolitan ​នៃទីក្រុងញូយ៉ក ដែល​តំណាង​ដោយ​លោកស្រី Emily Rafferty​ ដែល​បាន​សម្រេច​ចិត្ត​ប្រគល់​ជូន​កម្ពុជា​វិញ​នូវ​រូបបដិមា​ពីរ​អង្គ។ កាយ​វិការ​នេះ​បង្ហាញ​ឲ្យ​ឃើញ នូវ​ស្តង់ដារ​ក្រម​សីលធម៌​កម្រិត​ខ្ពស់​របស់​សារ​មន្ទីរ​Metropolitan»។​

បដិមា​ទាំង​ពីរ​អង្គ​ដែល​មាន​ឈ្មោះ​ថា សហទេព និង​នកុល​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​ការ​ប្រកាស​របស់​សារមន្ទីរ​ Metropolitan កាលពី​ខែ​ឧ​សភា​ថា​ នឹង​ប្រគល់​រូប​ចម្លាក់​ទាំង​ពីរ​មក​ឲ្យ​កម្ពុជា​វិញ។​
រូប​ចម្លាក់​ខ្មែរ​ក្នុង​សតវត្សន៍​ទី១០​ទាំង​ពីរ​នេះ​ត្រូវ​បាន​លួច​យក​ចេញ​ពី​ប្រាសាទក្នុង​តំបន់​កោះកេរ​ដ៏​ដាច់​ស្រយាល​របស់ខេត្ត​ព្រះវិហារ នាអំឡុង​ពេល​សង្រ្គាម​ស៊ីវិល​ក្នុង​ស្រុក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។​

លោក​ស្រី Emily Rafferty គឺ​ជា​ប្រធាន​សារមន្ទីរ ​Metropolitan Museum of Art នៅ​ទីក្រុង​ញូយ៉ក។​
អ្នកស្រីនិយាយថា៖ «ទោះបីជា​បដិមា​ទាំង​ពីរ​ត្រូវ​បាន​ប្រគល់​ឲ្យ​សារ​មន្ទីរ Metropolitan ​កាល​ពី​២០​ឆ្នាំ​មុន​ក៏ដោយ​ នៅពេល​ដែល​របាយ​ការណ៍​នៃ​ការ​ស្រាវជ្រាវ​ថ្មីៗ​នៅ​ក្នុង​តំបន់​កោះកេរ​បាន​មក​ដល់​ពួក​យើង​ យើង​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ ហើយក៏​បាន​សន្និដ្ឋាន​ថា ​រូបចម្លាក់​ទាំង​ពីរ​គួរ​តែ​ត្រូវ​បាន​ផ្ទេរ​មក​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ»។​

Tess Davis​ គឺ​ជា​អ្នក​ស្រាវជ្រាវ​និង​ជា​មេធាវី​នៃ​សាកល​វិទ្យាល័យ Glasgow ដែល​កំពុង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​វត្ថុបុរាណ​របស់​កម្ពុជា​ដោយ​ខុសច្បាប់។​

អ្នកនាងឲ្យដឹងថា៖ «ការ​សម្រេច​ចិត្ត​របស់​សារមន្ទីរ​ Metropolitan គឺ​គួរ​ឲ្យ​ស្ងប់ស្ងែង​មែនទែន ហើយ​យើង​គួរ​តែ​ផ្តល់​ការ​កោត​សរសើរ​ដ៏​អស្ចារ្យ​ដល់​ពួក​គេ ចំពោះ​ការ​ធ្វើ​អ្វីមួយ​ដែលត្រឹមត្រូវ​ ហើយ​មិន​ចាំបាច់​រង់ចាំ​ឲ្យ​មាន​ពាក្យ​បណ្តឹង ឬ​ការ​បង្គាប់​ពីតុលាការ​ទេ ប៉ុន្តែ​គ្រាន់តែ​ធ្វើអ្វី​មួយ​ដែល​ត្រឹមត្រូវ ពីព្រោះ​វា​ជា​ភាព​ត្រឹមត្រូវ​ដែល​ត្រូវ​តែ​ធ្វើ»។
ទាញ​យក​ពី​តំណភ្ជាប់​ដើម


នៅ​ពេល​ថ្លែង​ទៅ​កាន់​ក្រុមប្រតិភូ​ជាង​១ពាន់​នាក់​មក​ពី​ជុំវិញពិភព​លោក​ដែល​កំពុង​ចូលរួម​ក្នុង​កិច្ច​ប្រជុំពេញអង្គ​លើក​ទី​៣៧​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។​

លោក​នាយក​រដ្ឋ​មន្ត្រី​បន្ថែម​ថា៖ «ខ្ញុំ​ក៏​សូម​អរគុណ​ផងដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ទាមទារ​យក​មក​វិញ​នូវ​បដិមា ​ទុរយោធន៍ ដែល​កំពុង​ស្ថិតនៅ​ជា​ប្រធាន​បទ​នៃ​ការ​ប្តឹងផ្តល់​នៅ​តុលាការ​នៃ​ទីក្រុង​ញូយ៉ក»។​

នៅ​ឆ្នាំ​២០១១ សារ​មន្ទីរ​ Sotheby's ​នៅ​ទីក្រុង​ញូយ៉ក បាន​ត្រៀម​លក់​រូប​បដិមា​ដ៏ធំ​ក្នុង​សតវត្ស​ទី​១០​មួយ​នេះ ក្នុង​តម្លៃ​៣លាន​ដុល្លារ​អាមេរិក​តំណាងឲ្យ​ម្ចាស់​រូប​ចម្លាក់​នេះ ដែល​ជា​ជនជាតិ​ប៊ែលហ្សិក។​ ប៉ុន្តែ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា រូបចម្លាក់​នេះ​ត្រូវ​បាន​លួច​យក​ចេញ​ពី​តំបន់​កោះកេរ​ដូចគ្នា​ក្នុង​អំឡុងពេល​សង្រ្គាម​ស៊ីវិល​ក្នុង​ស្រុក ហើយ​ក៏​បាន​ស្នើរ​ឲ្យ​សហ​រដ្ឋ​អាមេរិករឹប​អូសរូប​ចម្លាក់​នេះ​ទុក។​

ដោយ​តំណាង​ឲ្យ​កម្ពុជា មន្ត្រី​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​នៅក្នុង​តុលាការ​សហ​ព័ន្ធ​ប្រឆាំង​នឹង​សារមន្ទីរ ​Sotheby's ​នោះ។​

ការ​កាត់​ក្តី​ត្រូវ​គេ​រំពឹង​ថា​ នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ។​

Tess Davis និយាយថា៖«Sotheby's និយាយ​ឲ្យ​ចំ​ទៅ គឺមាន​ឥទ្ធិពល​ខ្លាំង​ណាស់ ហើយ​ក៏​ជា​ក្រុមហ៊ុន​ដ៏​មាន​សម្បើមណាស់​ដែរ ហើយ​វា​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​បាន​នៅលើ​ខ្នង​ប្រទេស​ជាច្រើន​ ដូចជា​កម្ពុជា​ជាដើម។ ក្រុមហ៊ុន​នេះ​កំពុង​ប្រើ​លុយ​រាប់​លាន​ដុល្លារ​ដែល​បាន​មក​ពី​ប្រទេស​នានា​ ដូចជា​កម្ពុជា​ជាដើម ដើម្បី​វាយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក​ ដើម្បី​កុំឲ្យ​ពួកគេ​អាច​យក​រូប​ចម្លាក់​ដូចនេះ វិល​ត្រឡប់​មក​វិញ​បាន។ ដូច្នេះ វា​នឹង​ក្លាយ​ជា​ការ​ប្រយុទ្ធ​ដ៏​លំបាក​មួយ ប៉ុន្តែ​កម្ពុជា​មាន​ច្បាប់​និង​ការណ៍​ពិត​ឈរ​នៅ​ខាង​ខ្លួន។ ដូច្នេះ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ និង​ជឿជាក់​ថា នៅ​ទី​បញ្ចប់​ កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ»។​

សារមន្ទីរ Sotheby's ត្រូវ​បាន​កាសែត​ The New York Times ដកស្រង់​សម្តី​មក​ចុះ​ផ្សាយ​ដោយ​និយាយ​ថា ខ្លួន​មិន​ដឹង​ថា ​រូប​ចម្លាក់​នេះ​គឺ​ជា​វត្ថុ​ដែល​ត្រូវគេ​លួច ឬ​ជា​កម្ម​សិទ្ធិ​របស់​កម្ពុជា​ទេ។​ ប៉ុន្តែ​ខ្លួន​បាន​អនុវត្ត​តាម​បទដ្ឋាន​សមស្រប​គ្រប់​បែប​យ៉ាង មុន​ពេល​យល់ព្រម​លក់​រូប​ចម្លាក់​នេះ។​

តែ​ទោះ​ជាយ៉ាងនេះ​ក្តី Tess Davis និយាយ​ថា ​សារមន្ទីរ​ទាំងអស់​ដែល​មាន​វត្ថុ​សិល្បៈ​ខ្មែរ នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន គួរ​តែ​យក​គម្រូ​តាម​សារ​មន្ទីរ​ Metropolitan Museum of Art​ ដោយ​ការ​ប្រគល់វត្ថុ​ទាំង​នោះ​មកវិញ ប្រសិន​បើ​វា​ជា​ផលិត​ផល​ដែល​បាន​ពីសង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​នោះ។​

«ដោយសារ​ឥឡូវ​ជម្លោះ​របស់​កម្ពុជា​បាន​ចប់​ទៅ​ហើយ ដូច្នេះ​វាដល់​ពេល​ដែល​វត្ថុ​ទាំង​នោះ​វិល​ត្រឡប់​មក​មាតុភូមិ​របស់​ខ្លួន​វិញហើយ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG