ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​បដិសេធ​សំណើ​របស់​លោក​អ៊ុំ សំអាន​សុំ​នៅ​ក្រៅ​ឃុំ​​


រូបឯកសារ៖ លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា ​​អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​​ លោក អុំ សំអាន ត្រូវបាន​​តុលាការ​ឧទ្ទរណ៏​ធ្វើការ​សាកសួរ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ ទី១៧ ខែ​ឧសភា ឆ្នាំ២០១៦។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា ​​អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​​ លោក អុំ សំអាន ត្រូវបាន​​តុលាការ​ឧទ្ទរណ៏​ធ្វើការ​សាកសួរ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ ទី១៧ ខែ​ឧសភា ឆ្នាំ២០១៦។ ​(ឡេង ឡែន/VOA)

ការ​ប្រកាស​សាលដីកា​កំបាំង​មុខ​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​​ពន្យារ​ពេល​ប្រកាស​សាល​ដីកា​ចំពោះ​សំណើ​​របស់​សមាជិក​សភា​គណបក្ស​ប្រឆាំង​រូប​នេះ​​ដែល​កាល​ពី​សប្តាហ៍​មុន ​បាន​សុំ​ស្ថិត​នៅ​ក្រៅ​ឃុំ។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ តុលាការ​កំពូល​កម្ពុជា​បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន ​តំណាងរាស្ត្រគណបក្ស​ជំទាស់​មណ្ឌល​សៀមរាប។​ តុលាការ​កំពូលសំអាង​ថា​ ការ​សម្រេច​របស់​តុលាការ​ដំបូង​និង​តុលាការ​ឧទ្ធរណ៍​កន្លង​មក​គឺ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​និង​នីតិវិធី។​ ការ​ប្រកាស​សាលដីកា​កំបាំង​មុខ​នេះ​ធ្វើ​ឡើង​ក្រោយ​ការពន្យារ​ពេល​ប្រកាស​សាល​ដីកា​ចំពោះ​សំណើរបស់​សមាជិក​សភា​គណបក្ស​ប្រឆាំង​រូប​នេះដែល​កាល​ពី​សប្តាហ៍​មុន ​បាន​សុំ​ស្ថិត​នៅ​ក្រៅ​ឃុំ។​

ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ​លោក​ សំ សុគង់ ​មេធាវីលោក អ៊ុំ សំអាន ​ថ្លែង​ថា ​តុលាការ​កំពូល​លើក​ឡើង​ថា សេចក្តី​សម្រេច​របស់​តុលាការ​ដំបូង​កាល​ពី​ខែ​មេសា​ និង​តុលាការ​ឧទ្ធរណ៍​កាល​ពី​ខែ​ឧសភា​កន្លង​មក​គឺ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ និង​នីតិវិធី។​

«ទាក់ទង​នឹង​លោក​ អ៊ុំ សំអាន ​គឺ​តុលាការ​កំពូល​បាន​សម្រេច​ចេញ​សាលដីកា​មួយ​គឺ​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ មាន​ន័យ​ថា​ ​ទាក់ទង​នឹង​ការ​ឲ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង​ គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ។​ ​តុលាការ​កំពូល​សំអាង​លើ​សាល​ដីកាហ្នឹង​គឺ​ជា​ការ​សំអាង​ថា ​ទុក​ជន​ជាប់​ចោទ​ឲ្យ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់»។​

លោក​បន្ត​ថា​ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​អ៊ុំ សំអាននឹង​បន្ត​តស៊ូ​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​ក្រុងម្តងទៀត​ដើម្បីឲ្យ​លោក អ៊ុំ សំអាន​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ និង​បាននៅ​ក្រៅ​ឃុំ ​ នៅពេល​តុលាការបើក​សវនាការ​ជម្រះក្តី​សំណុំ​រឿង​នេះ​ នា​ដើម​ខែ​កញ្ញា​ខាង​មុខ។​

កាល​ពី​ថ្ងៃទី​១២ ​ខែ​មេសា​កន្លងទៅ ​លោក​អ៊ុំ សំអាន​ ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ និង​ជាតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ក្រុង​ភ្នំពេញពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍»​ និង​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ​បន្ទាប់​ពី​លោកអ៊ុំ សំអាន​បាន​ធ្វើ​ការ​អធិប្បាយ​នានា​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អំពី​ការ​ប្រើប្រាស់​ផែន​ទី​ និង​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា ​និង​វៀតណាម​ កាលពី​ឆ្នាំ​២០១៥​នោះ។​

ក៏​ប៉ុន្តែ​ គណបក្ស​ជំទាស់​កន្លង​មកបាន​អះអាង​ថា​ ការ​សរសេរ​របស់​លោក​អ៊ុំ សំអាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ គ្រាន់​តែ​ជាការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ឡើយ។

លោក ​អ៊ុំ សំអាន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ ​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ទី​៩​ខែ​មេសា​ ឆ្នាំ​២០១៦​ គឺ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ស.រ.អា.​ វិញ។​

លោក​ស៊ុន ឆ័យ ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ប្រាប់​ VOA​ ថា ​ការ​សម្រេចឃុំ​ខ្លួន​លោក​អ៊ុំ សំអាន​ ដែលជា​តំណាងរាស្ត្រ​នៅមាន​អភ័យ​ឯកសិទ្ធិ​បែប​នោះ​គឺ​ជា​ការ​រំខាន​ដល់​ការ​បំពេញ​ការងារ​របស់​តំណាង​រាស្ត្រ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា។​ លោក​ថា​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យសហគមន៍​អន្តរជាតិ​ និង​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​មិន​ពេញ​ចិត្ត។​

«យើង​ឃើញ​ហើយ​ថា​ អ្វី​ដែល​រដ្ឋាភិបាល​មិន​បាន​សម្រួល​ដល់​ការ​អនុញ្ញាត​ឲ្យ​លោក​អ៊ុំ សំអាន ​នៅ​ក្រៅឃុំ​គឺ​បង្ហាញ​ថា​ ទាំង​តុលាការ ​ទាំង​រដ្ឋាភិបាល​មិន​បាន​គោរព​ទៅតាម​គោល​ការណ៍​ច្បាប់។​ ហើយ​ការ​បង្កើត​លក្ខខណ្ឌ​យក​អំណាច​គណបក្ស​ អំណាច​រដ្ឋាភិបាល​យក​ទៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​នយោបាយ​ និង​សង្គម​ស៊ីវិល​ក្នុង​ការ​បំពេញ​ការងារ​នោះ​ ជា​ទង្វើ​ខុស​ច្បាប់»។​

កន្លង​មក​ តុលាការ​លើក​ឡើង​ថា​ ​ការ​ដោះ​លែង​ឲ្យ​លោក ​អ៊ុំ​ សំអាន​នៅ​ក្រៅ​ឃុំ​អាច​បង្ក​ឲ្យ​«មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម» ​ដោយ​សំអាង​លើ​មាត្រា​២០៥ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។​

ចំណុច​ទី​៦ ​ក្នុង​មាត្រា​២០៥​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​ចែង​ថា​...ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អាច​ត្រូវ​បាន​បង្គាប់​ កាល​ណា​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នេះ​ជា​ការ​ចាំបាច់​ ដើម្បី​ធានា​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​កុំ​ឲ្យ​មាន​ការ​ច្របូក​ច្របល់​ ដែល​បណ្តាល​មកពី​បទ​ល្មើស។​

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ ​បាន​ប្រាប់ ​VOA​ ថា​ ជាទូទៅ​មាន​មូលហេតុ​សំខាន់​ខ្លះៗ ដែល​តុលាការ​សម្រេច​មិន​ឲ្យ​ជន​សង្ស័យនៅ​ក្រៅ​ឃុំ ​ដូចជា​ការ​បារម្ភ​ថា​ ជន​ជាប់​ចោទ​មិន​ចូល​ខ្លួន​ក្នុង​សវនាការ​ សកម្មភាព​បន្ត​ការ​ប្រព្រឹត្ត​បទ​ល្មើស​ និង​ករណី​ការ​គំរាម​កំហែង​ដល់​សាក្សី​ជាដើម។ ​ក៏​ប៉ុន្តែ​លោក​អ៊ូ វីរៈ​បន្ត​ថា​ មូលហេតុ​ទាំង​នេះ​ទំនង​ជា​មិន​អាច​កើត​ឡើង​ចំពោះ​ករណី​លោក​អ៊ុំ សំអាន​នោះ​ទេ។​

«ខ្ញុំ​ថា ការ​សម្រេច​ខុស​តាំង​ពី​តុលាការ​ដំបូង​ម្ល៉េះ​ ព្រោះ​អី​គាត់​ចូល​មក​ គាត់​ដឹង​ថា​ គាត់​ប្រឈម​នឹង​ការ​ចាប់​ហើយ​ តែ​គាត់​ចូល​មក​កម្ពុជា។ ​អញ្ចឹង​បាន​ន័យ​ថា​ គាត់​គ្មាន​ឆន្ទៈ​ក្នុង​ការ​រត់។ ​ទី២​ តាម​ពិត​អាច​ដក ​Passport​ ​(លិខិត​ឆ្លងដែន)​របស់​គាត់​បាន។ ​មើល​ទៅ​គាត់​គួរ​តែ​អាច​នៅ​ក្រៅ​ឃុំ​បាន។​ នៅ​ស្រុក​ខ្មែរ​យើង​ភាគ​ច្រើន​គឺ​ឲ្យ​នៅ​ជាប់ឃុំ​ច្រើន​ជាង​នៅ​ក្រៅឃុំ។​ តុលាការ​អត់​ការពារ​សិទ្ធិ​ជន​ជាប់​ចោទ​ដែល​មិនទាន់ចាត់​ទុក​ថា ​ជា​ជន​ល្មើស​នៅ​ឡើយ​នោះ»។​

ក្រៅ​ពី​លោក ​អ៊ុំ សំអាន ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ បច្ចុប្បន្ន​នេះ​មាន​សមាជិក​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់​១៧​រូប​ហើយបាន​ជាប់​ឃុំឃាំង ​ក្នុង​នោះ​ក៏​មាន​លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​ដែល​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ផែនទី ​និង​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ដូច​លោក​អ៊ុំ សំអាន​ដែរ។ ​ហើយ​ការ​សម្រេច​របស់​តុលាការ​ បដិសេធការ​សំណើ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​សុំនៅ​ក្រៅ​ឃុំនេះ​ ​ជា​រឿយៗ​រង​ការ​រិះ​គន់​ពី​អ្នក​តាមដាន​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ដែល​ថា​ តុលាការ​កម្ពុជា​មាន​និន្នាការ​នយោបាយ​ និង​រំលោភ​ច្បាប់៕​

XS
SM
MD
LG