ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធ​សភា​​អនុម័ត​ច្បាប់​អង្គការ​ថ្វីបើ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ពហិការ​និង​​តវ៉ា​

ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

ព្រឹទ្ធ​សភានៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ ទោះ​បី​ជា​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​អន្តរជាតិ​សម្ដែងការ​មិន​ចង់​បាន​សេចក្ដី​ព្រាងច្បាប់​នេះ​ហើយ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ធ្វើ​ពហិការ​ក៏​ដោយ។​

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដោយ​សមាជិក​ព្រឹទ្ធ​សភា៤៤រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូល​រួម​ពី​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​សម រង្ស៊ីទាំង​១១​រូបនោះ​ទេ​ ហើយ​ក៏​គ្មាន​ការ​ជជែកពិភាក្សា​ សួរ​ដេញដោល​គ្នា​ផង​ដែរ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​រយៈពេល​២​ម៉ោង​នោះ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​កាន់​អំណាច​៨​នាក់​បាន​សម្តែងការ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ ដោយ​ពួក​គេ​បាន​ផ្តល់​យោបល់​ផ្សេងៗ​គ្នា​ថា​ ច្បាប់​នេះ​នឹង​ជួយ​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ដំណើរ​ប្រតិបត្តិ​ការ​របស់​សមាគម​ និង​អង្គការមិន​មែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ។​

ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

លោក​ អ៊ុក គង់​ សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ផ្តល់​ការ​គាំទ្រ​ទាំង​ស្រុង​ដល់​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​ថ្លែង​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​រួម​ចំណែក​ដល់​ការ​រក្សា​ស្ថិរភាព​សង្គម​ និង​ការ​ពារ​សាមគ្គី​ភាព​របស់​ជាតិ។

«ច្បាប់​នេះ​ការពារ​សិទ្ធិ​សេរីភាព​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជា​ពលរដ្ឋ។​ ជាមួយ​គ្នា​នេះ​ ច្បាប់​នេះ​ក៏​ការពារ​នូវ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ និង​ឯកភាព​ជាតិ»។​

លោក​ អ៊ុក គង់​បាន​ពន្យល់​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​ឲ្យ​ដឹង​ពី​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​បំបាត់​បក្ខពួក​និយម​នៅ​តាម​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ផង​ដែរ។​ លោក​មាន​ប្រសាសន៍​ថា៖​

«ម៉្យាង​ទៀត​ ក៏​អាច​បំបាត់​នូវបក្ខ​ពួក​និយម ​គ្រួសារ​និយម ​ឬ​ក៏​ប្រការ​ចាយ​វាយ​មិន​ត្រឹម​ត្រូវ​ដែល​អាចមាន​នៅ​ក្នុង​អង្គការ​ខ្លះ»។​

សមាជិក​ព្រឹទ្ធ​សភាមួយ​រូប​ទៀត​គឺ​លោក​អុង​ ទី​បាន​និយាយ​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​មាន​ភាព​ធូរស្រាល​ជាង​ច្បាប់​របស់​ប្រទេស​ដទៃ​ ដែល​តម្រូវ​ឲ្យ​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចុះ​បញ្ជី​ឡើង​វិញ។​

«ខ្ញុំ​ជឿថា​ ច្បាប់​ហ្នឹង​ស្រាល​ជាង​ច្បាប់​អន្តរជាតិ។ ​ខ្ញុំ​បាទ​គិត​ថា​ ច្បាប់​របស់​ប្រទេស​គេ​ផ្សេង។ ចំពោះ​យើង​ ​អង្គការ​ដែល​មាន​ដំណើរ​ការ​ហើយ​អាច​បន្ត។ ​ ប្រទេស​គេ​អត់​ទេ​ ត្រូវ​ចុះ​បញ្ជី​ឡើង​វិញ»។​ ​

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានិយាយនៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមានការលើកយកសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបានអនុម័តដោយសម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ដែល​អនុម័ត​ដោយ​សមាជិក​ព្រឹទ្ធ​សភាមក​ពី​គណបក្ស​កាន់​អំណាច​នេះ​ មាន​៩​ជំពូក​ និង​៣៩​មាត្រា។​

លោក​ប៉ុល លឹម​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អ្នក​តំណាង​ឲ្យ​រដ្ឋាភិបាល​ដើម្បី​ការពារ​សេចក្តី​ព្រាងច្បាប់​នេះ​ បាន​លើក​ឡើង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​គ្រប​ដណ្តប់​លើ​សហគមន៍​មូលដ្ឋាន​ប្រមាណ​ជា​៤.០០០​ទៅ​៥.០០០​សហគមន៍​នោះ​ឡើយ។​

លោក​សង្កត់​ធ្ងន់​ថា​ សេចក្តី​ព្រាង​ច្បាប់​ដែល​តម្រូវ​ឲ្យ​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចុះ​បញ្ជី​នៅ​ស្ថាប័ន​មាន​សមត្ថ​កិច្ចនេះ​ មាន​គោល​បំណង​ធ្វើ​ឲ្យ​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នានា។​

«ខ្ញុំ​បាទ​សូម​បំភ្លឺ​ពី​ទី​នេះ​ទៅ​ជូន​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​ឡាយ ​ដែល​លោក​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​តាម​ការ​កំណត់​នៅ​ក្នុង​ច្បាប់​នេះ​ មាន​ន័យ​ពីរ​យ៉ាង​ធំៗ​ មាន​ន័យ​ថា​ ​លោក​មិន​អាចសម្តែងឆន្ទៈ​តាម​ផ្លូវ​ច្បាប់​បាន​ឡើយ»។​

បន្ទាប់​ពី​អង្គ​ប្រជុំ​ព្រឹទ្ធសភា​បាន​បញ្ចប់​ទៅ​ ​លោក​ម៉ម ប៊ុននាង​ សមាជិក​ព្រឹទ្ធ​សភា និង​ជា​អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ត្រូវ​បាន​កែប្រែ ​ក្រោយ​ពី​ការ​ធ្វើ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នៅ​រដ្ឋ​សភា​កាល​ពី​ដើម​ខែ​កក្កដា​នេះ។​

«អ្វី​ដែល​យើង​កែប្រែ​ យើង​បាន​ធ្វើ​សិក្ខា​សាលា​នៅ​រដ្ឋ​សភា។​ យើង​បាន​កែប្រែ​មួយ​ចំនួន​ ហើយ​អ្វី​ដែល​យើង​ពិនិត្យ​ពិចារណា​គឺ​ទម្រង់​ច្បាប់ ​និង​គតិ​ច្បាប់​ គឺ​សុទ្ធ​តែការ​ពារ​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ ដល់​សមាគម ដល់​អង្គការ​សង្គម​ស៊ីវិល​ ដែល​មិនមែន​នៅ​ក្នុងរដ្ឋាភិបាល»។​

ការប៉ះទង្គិចរវាងប៉ូលីសនិងសកម្មជន ខណៈមានការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)

ការប៉ះទង្គិចរវាងប៉ូលីសនិងសកម្មជន ខណៈមានការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)

ដោយ​ឡែក​ ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​២០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ព្រឹទ្ធ​សភា​ ដោយ​មាន​កាន់​ប៉ោងៗ​ និង​បិទ​ស្ទីកគ័រ​នៅ​លើ​មុខ​ និង​ខោអាវ​ ដែល​សរសេរ​ថា​ «ទេ​ ច្បាប់​សហជីព​ សមាគម​និង​អង្គការ។​ ​ ពួក​គេត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។​ ការ​រុញច្រាន​គ្នា​ទៅវិញ​ទៅ​មក​រវាង​ក្រុម​អ្នក​តវ៉ា ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​កើត​ឡើង​ ប៉ុន្តែ​ពុំ​មាន​ការ​បង្ក​របួស​ស្នាម​នោះ​ទេ។​

ទោះ​ជាសមាជិក​ព្រឹទ្ធសភារបស់​គណបក្ស​កាន់​អំណាច​បាន​បក​ស្រាយ​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ភាព​ស្អាតស្អំ​ក៏ដោយ​ ក៏​អ្នកស្រី​រស់ សុភាព​ នាយិកា​អង្គការ​យេនឌ័រ​ និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ សេចក្តី​ព្រាង​ច្បាប់​ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធ​សភា​នេះ​នឹង​មិន​បម្រើ​ផល​ប្រយោជន៍​ស្រ្តី​ដែល​ត្រូវ​ការ​ជំនួយ​ផ្នែក​ច្បាប់ ​និង​ការ​តស៊ូ​មតិ​ផ្សេង​ទៀត​នោះ​ទេ ​ដោយ​សារ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ខ​និយាយ​ពី​ការ​អភិរក្ស​ប្រពៃណី​ និងវប្បធម៌។​

«វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ទៅ​លើ​ស្រ្តី​ដែល​កំពុង​តែ​ទទួល​ផល​ ឬ​ក៏​កំពុង​តែ​ត្រូវការ​ជំនួយ​ផ្នែក​ការពារ​សិទ្ធិ​របស់​ពួក​គេ​ បច្ចុប្បន្ន​ហ្នឹង»។​

ជាមួយគ្នា​នេះ​ដែរ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ Amnesty ​International ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​សេក្តី​ថ្លែង​ការណ៍​ស្នើ​សុំ​ឲ្យ​អង្គ​ព្រះ​មហាក្សត្ស​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ច្រាន​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​ផង​ដែរ។​ ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ថ្លែង​ថា​ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​មែន​នោះ​ ​ នោះ​ច្បាប់​នេះ​នឹង​រំលោភ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស៕

XS
SM
MD
LG