ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​យល់​ថា​ លោក​អូបាម៉ា​ ជា​មេដឹកនាំ​គួរ​ឱ្យ​គោរព ​តែ​យល់​ខុស​គ្នា​លើ​សមិទ្ធិផល​របស់​លោក


រូបឯកសារ៖ លោកប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​បាន​ប្រារព្ធ​ឡើង​នៅ​រមណីយដ្ឋាន Sunnylands នៅ​ទីក្រុង Rancho Mirage កាល​ពីថ្ងៃច័ន្ទ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (AP/Pablo Martinez Monsivais)

រូបឯកសារ៖ លោកប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​បាន​ប្រារព្ធ​ឡើង​នៅ​រមណីយដ្ឋាន Sunnylands នៅ​ទីក្រុង Rancho Mirage កាល​ពីថ្ងៃច័ន្ទ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (AP/Pablo Martinez Monsivais)

ក្រុម​អ្នក​នយោបាយ ​អ្នកវិភាគ ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​យល់ឃើញ​ផ្សេងៗ​គ្នា​ពី​កេរ្តិ៍​ដំណែល ​និង​ជោគជ័យ​នៃ​ការ​ដឹកនាំ​របស់​លោក​បារ៉ាក់ អូបាម៉ា ​ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នេះ។

កាល​ពី​ឆ្នាំ​២០០៨ ​លោក​បារ៉ាក់ អូបាម៉ា ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទីមួយ​របស់​សហរដ្ឋ​អាមេរិក។ ក្រោយ​ការដឹកនាំ​របស់​លោក​បាន​៤​ឆ្នាំ ​លោក​ត្រូវ​បាន​ប្រជាពលរដ្ឋ​អាមេរិកាំង​បោះឆ្នោត​ឱ្យ​បន្ត​ដឹកនាំ​សហរដ្ឋ​អាមេរិក​១​អណត្តិ​ទៀត​ ដែល​គ្រប់​ចំនួន​អណត្តិ​អនុញ្ញាត​ដោយ​ច្បាប់​អាមេរិក។

ក្នុង​ការ​ដឹកនាំ​រយៈពេល​៨​ឆ្នាំ​ មេដឹកនាំ​ពិភពលោក​រូប​នេះ​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ និង​ការ​ចងចាំ​មួយ​ចំនួន​សម្រាប់​ពិភព​លោក​ក៏ដូចជា​កម្ពុជា​ផងដែរ។

ទន្ទឹម​នឹង​ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​យល់ឃើញ​ជា​វិជ្ជមាន​ចំពោះ​លោក​អូបាម៉ា ក្រុម​អ្នក​នយោបាយ ​អ្នកវិភាគ ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​យល់ឃើញ​ផ្សេងៗ​គ្នា​ពី​កេរ្តិ៍​ដំណែល ​និង​ជោគជ័យ​នៃ​ការ​ដឹកនាំ​របស់​លោក​បារ៉ាក់ អូបាម៉ា ​ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នេះ។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA)

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA)

លោក សុខ ឥសាន ​មន្ត្រី​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​យល់​ថា​ ការ​ដឹកនាំ​របស់​លោក​បារ៉ាក់ អូបាម៉ា ​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ​ ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​បោះឆ្នោត​ឱ្យ​លោក​ដឹកនាំ​ដល់​ទៅ​២​អណត្តិ។ លោក​បន្ត​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​អូបាម៉ា ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក ​កាន់​តែ​ល្អ​ដោយ​លោក​យល់​ថា លោក​អូបាម៉ា​មាន​ទស្សនៈ​ល្អ​ជាមួយ​កម្ពុជា។

លោក សុខ ឥសាន ​បន្ត​ទៀត​ថា ​លោក​អូបាម៉ា ​បាន​បន្សល់​ទុក​អនុស្សាវរីយ៍​មួយ​ចំនួន​ជាមួយ​កម្ពុជា​ ដូចជា​ការ​ធ្វើ​ដំណើរ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ​២០១២ នៅពេល​ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ ​និង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​-អាស៊ាន​នៅ​ក្នុង​ទឹក​ដី​អាមេរិក។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក សុខ ឥសាន ​បន្ត​ថា ​ក្រៅពី​គុណសម្បត្តិ​ទាំង​នេះ ​លោក​អូបាម៉ា ​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ពិសេស​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។ ​លោក​សុខ ឥសាន​ យល់​ថា ​លោក​អូបាម៉ា ​បាន​ពឹងផ្អែក​ខ្លាំង​ពេក​ទៅ​លើ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​ប្រឆាំង ​ដែល​នាំ​ឱ្យ​លោក​មិន​បាន​ដឹង​ការ​ពិត​ជាក់ស្ដែង​នៅ​កម្ពុជា។

«ការ​រំលោភ​ច្បាប់​ដែល​គាត់​មិន​បាន[​សិក្សា]​ស៊ីជម្រៅ​ចំពោះ​សភាពការណ៍​ពិត​ជាក់ស្ដែង​នៅ​កម្ពុជា ​ដែល​មន្ត្រី​គណបក្ស​ប្រឆាំង​ហ្នឹង​ គឺ​លោក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ​ដល់​ទៅ​ពេល​មាន​បញ្ហា​ពាក់ព័ន្ធ​ឱ្យ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់។ អាហ្នឹង​ក៏​មាន​បញ្ហា​រិះគន់​ខ្លះ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា»។

ទោះបីជា​យ៉ាងណា​ក៏ដោយ ​លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​យល់ថា លោក​អូបាម៉ា ​មាន​ការ​បរាជ័យ​ច្រើន​ជាង​ជោគជ័យ ​ទាំង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ ក៏​ដូចជា​បញ្ហា​សេដ្ឋកិច្ច។ លោក​ថា ការ​បរាជ័យ​នៃ​ការ​ដឹកនាំ​របស់​លោក​អូបាម៉ា ​ត្រូវ​បាន​បញ្ជាក់​តាម​រយៈ​ការ​ចាញ់​ឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​ថ្មីៗ​នេះ។

«ខ្ញុំ​យល់​អីចឹង​ ដោយសារ​តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​រវាង​គណបក្ស​គាត់​ ដែល​គាត់​សុខចិត្ត​ទាំង​គ្រួសារ​ ទាំង​ជំទាវ​ទី​មួយ​របស់​អូបាម៉ា​ចូល​ទៅ​រួម​ ដើម្បី​ធ្វើ​យុទ្ធនាការ​គាំទ្រ​លោក​ជំទាវ ​ហ៊ីលឡារី​ គ្លីនតុន ​ដែល​ជា​[បេក្ខជន​]ប្រធានាធិបតី ​ហើយ​ពុំ​ទទួល​បាន​ការ​គាំ​ទ្រ​ បាន​បរាជ័យ មិន​មែន​បរាជ័យ​ជា​បុគ្គល​នៃ​បេក្ខជន​ជា​ប្រធានាធិបតី​ទេ គឺ​បរាជ័យ​ទាំង​ប្រធានាធិបតី​ ដែល​នៅ​ក្នុងតំណែង​ទៅ​ទៀត»។

ក៏​ប៉ុន្តែ​ លោក​ផៃ ស៊ីផាន ​យល់​ថា ​លោក​អូបាម៉ា​ ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​ដែល​មាន​អត្តចរិត​គួរ​ឱ្យ​គោរព ​ហើយ​លោក​ក៏​រក្សា​បាន​ល្អ​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភព​លោក​ រាប់បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ។ ក៏ប៉ុន្តែ ​លោក​ផៃ ស៊ីផាន ​អះអាង​ថា ​លោក​អូបាម៉ា បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការ​អាក់អន់​ចិត្ត​ ដោយសារ​លោក​មិន​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្ដម សីហនុ ​ដូច​មេដឹកនាំ​ប្រទេស​ដទៃទៀត​នោះ​ទេ ​បើទោះជា​លោក​បាន​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ​២០១២ ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​កាន់ទុក្ខ​ក្ដី។

រូបឯកសារ៖ លោក​សុន ឆ័យ អ្នក​តំណាងរាស្រ្តជាន់ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិថ្លែង​ទៅកាន់​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​បក្ស​សង្រ្គោះជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

រូបឯកសារ៖ លោក​សុន ឆ័យ អ្នក​តំណាងរាស្រ្តជាន់ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិថ្លែង​ទៅកាន់​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​បក្ស​សង្រ្គោះជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

លោក​សុន ឆ័យ ​តំណាងរាស្ត្រ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​យល់ថា ​ការណ៍​ដែល​លោក​អូបាម៉ា ​ក្លាយ​ទៅ​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​របស់​អាមេរិក​ បាននាំ​មក​នូវ​ក្ដី​សង្ឃឹម​ដល់​ប្រជា​ពលរដ្ឋ​គ្រប់ពណ៌​សម្បុរ​នៅក្នុង​ពិភពលោក​ក្នុង​ការ​ក្លាយ​ទៅ​ជា​មេដឹកនាំ។

លោក​សុន ឆ័យ​ បន្ត​ថា ការ​ដឹកនាំ​របស់​លោក​អូបាម៉ា បាន​ធ្វើ​ជា​គំរូ​នៃ​ការ​ប្រកាន់​យក​គោលការណ៍​នៃ​ការ​សម្រប​សម្រួល​ ជាជាង​ការ​ប្រើ​កម្លាំង​ដែល​អាច​រក្សា​បាន​នូវ​ទំនាក់​ទំនង​ល្អ​ និង​ស្ថិរភាព​នៅក្នុង​ពិភពលោក។ លើសពី​នេះ​លោក​ថា ​លោកអូបាម៉ា បាន​យកចិត្ត​ទុកដាក់​លើ​មតិយោបល់​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្តណា​មួយ។

លោក​សុន ឆ័យ ​អះអាង​ថា​ ជាមួយ​នឹង​គោលនយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ និង​រដ្ឋបាល​របស់​លោក​អូបាម៉ា​ ក្នុង​ការ​ប្រើប្រាស់​យន្តការ​សម្រប​សម្រួល​ សហរដ្ឋ​អាមេរិក​មិន​បាន​ជួយ​ប្រទេស​កម្ពុជា​ច្រើន​នោះ​ទេ។​

«ជា​ការ​រំពឹង​របស់​ពលរដ្ឋ​ខ្មែរ​ ជាទូទៅ​តែងតែ​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ដើរ​តួ​កាន់​តែ​សកម្ម​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​សេរីភាព​ ឱ្យ​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​របស់​ពិភព​លោក ​ជាពិសេស​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ​ដែល​មាន​ការ​គាប​សង្កត់ ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ ហើយ​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ គឺ​ហាក់ដូចជា​ឃើញ​ថា​ ក្រោម​ការ​ដឹកនាំ​របស់​អូបាម៉ា​នេះ​ ហាក់​ដូចជា​មិន​បាន​ប្រើ​ឥទ្ធិពល​ឱ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ដល់​ការ​តស៊ូ​ក្នុង​ការ​ទាមទារ​នូវ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ»។

សម្រាប់​លោក​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​យល់​ថា ​ការ​ដឹកនាំ​របស់​លោក​អូបាម៉ា ​រយៈពេល​៨​ឆ្នាំ​បាន​នាំ​ផល​វិជ្ជមាន​ច្រើន​ដល់​សហរដ្ឋ​អាមេរិក​ និង​ពិភព​លោក។ លោក​បន្ត​ថា​ លោក​អូបាម៉ា​ បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​ក៏​ដូចជា​ពិភព​លោក​មាន​ភាព​ប្រសើរ​ឡើង ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច។

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក​អ៊ូ វីរៈ ​បន្ត​ថា ​ជាមួយ​នឹង​ការ​ប្រើប្រាស់​«គោលនយោបាយ​ស្លូត​» លោក​អូបាម៉ា បាន​ជួយ​ច្រើន​ក្នុង​ការ​ជួយ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​ពិភពលោក​ បើ​ទោះជា​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ក្ដី។ យ៉ាងណា​ក៏ដោយ ​លោក​ថា​ គោលនយោបាយ​បែប​នេះ​ក៏បាន​នាំ​មកនូវ​ផល​អវិជ្ជមាន​ផង​ដែរ។

«​គោល​នយោបាយ​គាត់​ហ្នឹង​ គេហៅ​ថា​គោលនយោបាយ​ស្លូត ​ហើយ​ដោយសារ​គោលនយោបាយ​ស្លូត​ហ្នឹង​យើង​មើល​មាន​ស្ថិរភាព​ច្រើន។ ប៉ុន្តែ​ទន្ទឹម​គ្នា​នឹង​ស្ថិរភាព​ហ្នឹង​គឺ​ ដោយសារ​គោលនយោបាយ​ស្លូត​ក៏​គាត់​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ និង​ប្រទេស​មួយ​ចំនួន​ដូច​រុស្ស៊ី​ឡើង​កាង​ខ្លាំង​ដែរ។ ចឹង​វា​អាច​ជា​គ្រោះថ្នាក់​នា​ពេល​បច្ចុប្បន្ន​ និង​គ្រោះថ្នាក់​នាពេល​អនាគត​ផងដែរ»។

លោក​អ៊ូ វីរៈ ​បន្ត​ថា ​លោក​អូបាម៉ា​ បាន​ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ ទាំង​ប្រទេស​ប្រជាធិបតេយ្យ​ និង​ប្រទេស​មិន​ប្រជាធិបតេយ្យ ​ដែល​នេះ​អាច​ជា​កេរ្តិ៍​ដំណែល​នយោបាយ​ល្អ​មួយ។

សម្រាប់​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ លោកអ៊ូ វីរៈ ​យល់​ថា រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ​មិន​បាន​បង្កើត​ជា​សមិទ្ធិផល​អ្វី​ធំដុំ​នោះ​ទេ​ ហើយ​ក៏​មិន​បាន​បង្ក​ការ​ប៉ះទង្គិច​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ដែរ។

លោក​ឈិត​ សំអាត នាយក​អង្គការ​មូល​និធិ​សត្វ​ព្រៃ​ពិភពលោក​ (World Wildlife Fund) ​ហៅ​កាត់​ថា​ WWF​ មាន​ប្រសាសន៍​ថា រដ្ឋបាល​របស់​លោក​អូបាម៉ា ​បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​បញ្ហា​បរិស្ថាន​ ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ និង​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ដូច​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ផ្ដល់​ជំនួយ​ដល់​ប្រទេស​ទាំងនេះ​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

លោក​ឈិត សំអាត ​បន្ត​ទៀត​ថា ​ខណៈពេល​ដែល​ពិភព​លោក​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ធនធាន​ធម្មជាតិ​នេះ​ជា​រឿង​សំខាន់។ ហើយ​លោក​អូបាម៉ា រក្សា​បាន​នូវ​តុល្យភាព​រវាង​កត្តា​សេដ្ឋកិច្ច ​សង្គម ​និង​បរិស្ថាន។

«​វា​មាន​សារៈសំខាន់​ច្រើន​ មិនមែន​សម្រាប់​តែ​ប្រទេស​នីមួយ​នោះ​ទេ។ សម្រាប់​ប្រទេស​ដែល​នៅ​លើ​ពិភព​លោក​នេះ ​ដើម្បី​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ​ដើម្បី​ធ្វើ​ម៉េច​ការពារ​ភព​ផែនដី​យើង​ហ្នឹង ​ដើម្បី​ទប់ស្កាត់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​មាន​លំនឹង​បរិស្ថាន ​ធម្មជាតិ​ជាមួយ​នឹង​មនុស្ស​ហ្នឹង។ អានេះ​គឺ​ថា​ជា​ចំណុច​មួយ​ដែល​ល្អ​ ដែល​អ្នក​ដឹកនាំ​គួរ​តែ​គិត​គូរ​ឱ្យ​បាន​ស៊ីជម្រៅ​សម្រាប់​ការងារ​នេះ​ ដែល​អ្នក​ខ្លះ​គាត់​គិត​ពី​បញ្ហា​សេដ្ឋកិច្ច​ពេក​ភ្លេច​បញ្ហា​សង្គម គិត​សង្គម​ពេក​ ភ្លេច​បញ្ហា​ធនធាន​ធម្មជាតិ។ ចឹង​បញ្ហា​ទាំងអស់​នេះ​ គឺ​ខ្ញុំ​យល់​ថា​ គាត់​មាន​ការ​គ្រប់គ្រង​ល្អ ហើយ​មាន​តុល្យភាព ​Balance ក្នុង​ការងារ​របស់​គាត់»។

លោក​អូបាម៉ា ​នឹង​បញ្ចប់​តួនាទី​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ខាង​មុខ​នេះ។ ​លោក​ ដូណាល់​ ត្រាំ​ មហាសេដ្ឋី​អចលនទ្រព្យ​មក​ពី​គណបក្ស​សាធារណរដ្ឋ​របស់​អាមេរិក​នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៥បន្ត​ពី​លោក។

ទាំង​លោក​ឈិត សំអាត ​និង​លោក​សុន ឆ័យ ​យល់ថា ​លោក​អូបាម៉ា​ ជា​ថ្នាក់​ដឹកនាំ​មួយ​រូប ​ដែល​អាច​ជា​គំរូ​សម្រាប់​ថ្នាក់​ដឹកនាំ​នានា​នៅ​ក្នុង​ពិភព​លោក ​ទាំង​ចក្ខុវិស័យ​និង​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ដឹកនាំ៕

XS
SM
MD
LG