ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​លុប​ចោល​បម្រាម​ការ​ផ្សាយ​មុន​ពេល​បោះឆ្នោត​ជាតិ


សចេក្តី​ណែនាំ​របស់​ក្រសួងព័ត៌មាន​ឲ្យ​ម្ចាស់​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស។
សចេក្តី​ណែនាំ​របស់​ក្រសួងព័ត៌មាន​ឲ្យ​ម្ចាស់​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស។
រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ជា​ថ្មី​ឱ្យ​មាន​ការ​ផ្សាយ​បន្ត​តាម​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​នូវ​កម្មវិធី​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​ដែល​មាន​ដូច​ជាវិទ្យុ​វីអូអេ​និង​វិទ្យុ​អាស៊ី​សេរី​ បន្ទាប់​ពី​មាន​ការ​ជំទាស់យ៉ាង​ខ្លាំងក្លា​ពី​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ។

នេះ​ជា​ការ​សម្រេចដែល​បញ្ច្រាស​ទៅ​នឹង​ការ​ហាម​ឃាត់​ដែល​បាន​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ដាក់​បម្រាម​ចំនួន​៣១​ថ្ងៃ​សម្រាប់​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​យប់​ថ្ងៃ​សៅរ៍​បាន​បញ្ចាក់​ថា៖​ «យោង​តាម​សំណូម​ពរ​សុំ​ឱ្យ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឱ្យ​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​ការផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ជា​ខេមរភាសា​តាម​រយៈ​វិទ្យុអេហ្វអឹម​ក្នុង​ស្រុក ក្រសួង​ព័ត៌មាន​សម្រេច​អនុញ្ញាត​ឱ្យ​វិទ្យុ​អេហ្វអឹម​ទាំង​អស់​ដែល​ជួល​ម៉ោង​ផ្សាយ​បន្ត​ឱ្យ​ស្ថានីយ​វិទ្យុ​បរទេស​បន្ត​ការ​ផ្សព្វផ្សាយ​តាម​ធម្មតា​ដូច​ដើម​ឡើង​វិញ​ចាប់​ពី​ពេល​នេះ​តទៅ»។

សេចក្តី​ប្រកាស​នោះ​ក៏​បន្ថែម​ទៀត​ថា ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី​២១​ខែ​មិថុនា​របស់​លោក​ខៀវ កាញារិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​គឺ​នៅ​មាន​សុពលភាព​ដដែល។

«ទន្ទឹម​នឹង​នេះ​ ក្រសួង​ព័ត៌មាន​សូម​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់​ត្រូវ​យក​ចិត្ត​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​លេខ​០៤​ពម​សណន​ ចុះ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៣​ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន»។​

នៅ​ក្នុង​សេចក្តី​ណែនាំ​របស់​លោក​ ខៀវ កាញារិទ្ធ​ បាន​ប្រាប់​គ្រប់​បណ្តាញ​ឃោសនា​ឱ្យ​«បញ្ឈប់​ការ​ផ្សព្វផ្សាយ​និង​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំង​អស់ ​ពី​ការ​ស្ទង់​មតិ​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ទាក់​ទង​នឹង​ដំណើរការ​បោះឆ្នោត​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត​ រួម​ទាំង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឃោសនា​អ្វី​ទាំង​អស់​អំឡុង​ពេល​២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត»។ ​

ការ​ផ្សាយ​របស់​វីអូអេ​ត្រូវ​បាន​ដក​ចេញ​ពី​ស្ថានីយ​ដៃគូ​ក្នុង​ស្រុក​របស់​ខ្លួន​ដែល​មាន​វិទ្យុ​សំបុក​ឃ្មុំ​អេហ្វអឹម​១០៥ វិទ្យុ​របស់​មណ្ឌល​ព័ត៌មាន​ស្រ្តី​អេហ្វអឹម​១០២ និង​អង្គរ​រដ្ឋា​អេហ្វអឹម​៩៥,៥​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​មាន​លិខិត​មួយចុះ​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ដោយ​លោក​អ៊ុក ប្រាថ្នា ​រដ្ឋមន្ត្រី​ស្តី​ទី​នៃ​ក្រសួង​ព័ត៌មាន​បញ្ជា​មិន​ឱ្យ​ស្ថានីយ​ទាំង​នោះ​បន្តផ្សាយ​លើ​រលក​ធាតុ​អាកាស​របស់​ខ្លួនហើយគំរាម​ថា​បើ​មិន​អនុវត្ត​តាមអាច​ប្រឈម​មុខ​នឹង​វិធានការ​តាម​ផ្លូវ​ច្បាប់។

លិខិត​នោះ​ត្រូវ​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​នានា​ទទួល​បាន​យ៉ាង​តក់​ក្រហល់​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២៨​ខែ​មិថុនា​ ហើយ​ម្ចាស់​ស្ថានីយ​បាន​បង្ខំ​ចិត្ត​ផ្អាក​ការ​ផ្សាយ​បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ​នឹង​កង្វះ​កម្មវិធី​ដែល​ត្រូវ​មក​បំពេញ​ម៉ោង​នោះ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​មាន​ប្រតិកម្ម​រិះគន់​ភ្លាមៗ​នៅ​លើ​ទំព័រ Facebook របស់​វីអូអេ ​ទៅ​នឹង​ព័ត៌មាន​នៃ​បម្រាម​របស់​ក្រសួង​ព័ត៌មាន។ (២៩ មិថុនា ២០១៣)
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​មាន​ប្រតិកម្ម​រិះគន់​ភ្លាមៗ​នៅ​លើ​ទំព័រ Facebook របស់​វីអូអេ ​ទៅ​នឹង​ព័ត៌មាន​នៃ​បម្រាម​របស់​ក្រសួង​ព័ត៌មាន។ (២៩ មិថុនា ២០១៣)
ការ​ហាមឃាត់​នោះ​បាន​នាំ​ឱ្យ​មាន​ការ​តវ៉ា​និង​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​ស្តាប់​វិទ្យុ​និង​អ្នក​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ជា​ដើម​ រហូត​ដល់​មាន​ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​អំពាវនា​សុំ​មិន​ឱ្យបោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច​បើ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ពួកគេ​ត្រូវ​បាន​ដក​ហូត​តាំង​ពី​មុន​ពេល​ការ​បោះឆ្នោត​មក​ដល់។​

កាល​ពី​ថ្ងៃ​សុក្រ ​សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ប្រទេស​កម្ពុជា​ក្នុង​ការ​ហាម​ប្រាម​មិន​ឱ្យផ្សព្វផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​នៅ​តាម​ស្ថានីយ​អេហ្វអឹម​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ថា​ជា​ការ​រំលោភធ្ងន់ធ្ងរ​នឹង​សេរីភាព​សារព័ត៌មាន​និង​សេរីភាព​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ ហើយ​បាន​ព្រមានថា​ ​ចំណាត់ការនេះ​នឹងនាំ​ឱ្យ​ការ​បោះឆ្នោត​នេះ​មិន​មាន​លក្ខណៈ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។

លោក​ Patrick Ventrell ​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «ក្នុង​ខណៈ​ពេល​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជានៅ​កម្រិត​កំពូលបាន​សម្តែង​ជា​សាធារណៈនូវ​ចេតនា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​សេរី​និង​យុត្តិធម៌ ការរឹតត្បិត​សារព័ត៌មាន​នេះ​និង​ការខិតខំ​ប្រឹងប្រែង​ដទៃ​ទៀត​ក្នុង​ការ​កំហិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ដល់​ចេតនា​និង​ភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​នៃ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោតនេះ»។​

ព័ត៌មាន​ពី​ការ​ហាម​ឃាត់​នោះ​បាន​ត្រូវ​ផ្សព្វផ្សាយ​យ៉ាង​រហ័សដោយសារ​តែ​បណ្តាញ​ផ្សព្វផ្សាយឯករាជ្យ​ដែល​មាន​តែ​ពីរ​បីសម្រាប់​កម្ពុជាបាន​ប្រឈម​មុខ​នឹង​ការ​បំបិទ​មាត់​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ដ៏​សំខាន់​មួយ។ ​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​អ្នក​គាំទ្រ​របស់​លោក​គ្រប់​គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ដែល​មាន​វិទ្យុ​និង​ទូរទស្សន៍​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ប្រទេស។

ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណត្តិទី៥​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃទី​២៨​ខែ​កក្កដា​ខាងមុខ​នេះ​ហើយ​ការ​ឃោសនា​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​២៧​ខែ​មិថុនាមក។ មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចុះ​ឈ្មោះ​ចូលរួម​ការបោះឆ្នោត​នេះ​ប៉ុន្តែ​គេ​សង្កេត​ឃើញ​មាន​តែ​គណបក្ស​ពីរប៉ុណ្ណោះ​ដែល​មាន​សំទុះ​ខ្លាំង​ជាង​គេគឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹមសុខា។​ ​

លោក ​ស្ទីវ​ រ៉េដឌីស (Steve Redish) និពន្ធ​នាយក​របស់​វីអូអេ​បាន​ថ្កោលទោស​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ណា​មួយ​ក្នុង​ការ​បំបិត​មាត់​សារព័ត៌មាន។

លោក​រ៉េដឌីស​បាន​បន្ថែម​ថា​ ដំណឹង​និង​ព័ត៌មាន​ដែល​មាន​តុល្យភាព​ត្រឹមត្រូវ​និង​គួរ​ឱ្យ​ទុកចិត្ត​បាន​គឺ​មាន​សារៈសំខាន់​ណាស់​ដែល​ត្រូវការ​ជា​ចាំ​បាច់​នៅ​មុន​ការ​បោះឆ្នោត។​

លោក​បាន​បន្ថែម​ថា៖ «ការ​សម្រេច​ដក​កម្មវិធី​របស់​វីអូអេ​ចេញ​ពី​ស្ថានីយ​អេហ្វអឹម​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ការ​ដកហូត​នូវ​សិទ្ធិ​របស់​អ្នក​ស្តាប់​មិន​ឱ្យ​ដឹង​នូវ​ព័ត៌មាន​និង​ដំណឹង​ដ៏​សំខាន់​នៅ​មុន​ពេល​ការ​បោះឆ្នោត​ជាតិនៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា»។

រី​ឯ​គណៈ​អភិបាល​ផ្នែក​ការ​ផ្សាយ​វិញ​ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​របស់វិទ្យុវីអូអេ​និង​អាស៊ី​សេរី កាល​ពី​ថ្ងៃ​សុក្រក៏​បាន​ថ្កោល​ទោស​ការ​ហាមប្រាម​នោះ​ដែរ​ហើយ​ក៏​បាន​ដាក់ចេញ​ វិធានការ​បន្ទាន់​ភ្លាមៗ​ក្នុង​ការបន្ថែម​រលកធាតុ​អាកាស​ផ្សាយ។

លោក​វិកទ័រ អែស (Victor Ashe) ដែល​ជា​អភិបាល​មួយ​រូប​បាន​បញ្ជាក់​ថា៖
«ការ​បដិសេធ​ចោល​នូវ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ដំណឹង​និង​ព័ត៌មាន​ក្នុង​ពេល​ដ៏​សំខាន់​នេះ​គឺ​ជា​ការ​ប្រមាថ​ដល់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ឯង​និង​ជា​ការ​បដិសេធ​ចោល​ដោយ​អត់​អៀន​ខ្មាស់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កម្ពុជា​ខ្លួន​ឯង​ជា​អ្នក​សម្រេច​យក»។​

លោក​អភិបាល​វិកទ័រ អែស​ បាន​បន្ថែម​ថា​ពេល​ដែល​លោក​ទៅ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ខែ​ឧសភា​កន្លង​មក លោក​បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ខា​ង​អង្គការ​សង្គម​ស៊ីវិល​និង​បណ្តាញ​ព័ត៌មាន​ ហើយ​លោក​បាន​ដឹង​ថា ​តើ​អ្នក​ទាំង​នោះ​ពឹងផ្អែក​លើ​ការ​ផ្សាយ​របស់​វីអូអេ​និង​អាស៊ី​សេរី​យ៉ាង​ណា។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ​យល់​ថា ​ពលរដ្ឋ​នៅ​តែ​អាច​ទទួល​ព័ត៌មាន​តាម​ប្រភព​ផ្សេងៗ​បាន​ហើយ​ការហាម​ឃាត់​មិន​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​ទេ។

លោក​ ទេព នីថា​ អគ្គ​លេខា​ធិការ​នៃ​គជប​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​យប់​ថ្ងៃ​សៅរ៍​មុន​ពេល​ដែល​មាន​សេចក្តី​សម្រេច​របស់​ក្រសួង​ព័ត៌មាន​ថា៖ «ខ្ញុំ​គិត​ថា​មិនមែន​ជាមូលហេតុ​ប៉ុណ្ណឹង​ដែល​អាច​វាយ​តម្លៃ​ការ​ទទួល​ព័ត៌មាន​អំពី​អ្នក​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ថា​ខ្វះខាត​នោះទេ ព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ក៏​មាន​ច្រើន​ដែរ ហើយ​ម៉្យាង​ទៀត​ការ​ផ្សព្វផ្សាយ​ពី​បរទេស​គាត់​មាន​គោលនយោបាយ​របស់​គាត់​ដោយ​ឡែក​អញ្ចឹង​ទេ​អាច​មួ​យ​ចំណែក​នោះ​វាប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ដែល​កំពុង​ប្រកួត​ប្រជែង​ដែល​កំពុង​ធ្វើ​ការ​ឃោសនា​នៅ​ប្រទេ​ស​កម្ពុជា​»។​

លោក​ម៉ម សុណង់​ដូ​នាយក​វិទ្យុ​សំបុក​ឃ្មុំ​អេហ្វអឹម​១០៥​បាន​ប្រាប់​វីអូអេ​ថា​លោក​បាន​ដឹង​ពី​ការ​ប្រកាស​លើកលែង​បម្រាម​របស់​រដ្ឋាភិបាល​ហើយ​ ហើយ​លោក​នឹង​ដាក់​ផ្សាយ​កម្មវិធី​របស់​វីអូអេ​ឡើង​វិញ​ដូច​ធម្មតា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG