ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តីកម្ពុជាត្រៀមខ្លួនជួយម៉ាឡេស៊ីស៊ើបអង្កេតករណីសម្លាប់បងប្អូនមេដឹកនាំកូរ៉េខាងជើង


Ri Jong Chol ជន​សង្ស័យ​ឃាតករ​ សម្លាប់​លោក គីម ជុង ណាម។
Ri Jong Chol ជន​សង្ស័យ​ឃាតករ​ សម្លាប់​លោក គីម ជុង ណាម។

មន្រ្តី​កម្ពុជា​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ដើម្បី​ស៊ើប​អង្កេត​ការ​សម្លាប់​បង​ប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​លោក​គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង។​

កាលពី​ថ្ងៃទី​១៣​ ខែ​កុម្ភៈ ​លោក​គីម ជុងណាម ​ បងប្អូន​ប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ត្រូវ​បាន​សម្លាប់​នៅ​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី ​ដោយ​សារធាតុ​គ្រោះ​ថ្នាក់​ម្យ៉ាង​ដែលត្រូវ​បាន​ហាម​ឃាត់​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ​

ក្នុង​ចំណោម​មនុស្សដែល​ត្រូវបាន​ចាប់​ខ្លួន​ ​មាន​ស្រ្តីម្នាក់​ដែល​ជនជាតិ​វៀតណាម​ត្រូវ​បាន​រាយ​ការណ៍​ថា​ ធ្លាប់​មក​លេង​ប្រទេស​កម្ពុជា។ ​ទោះជាយ៉ាងណា ​រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ស្នើ​សុំឲ្យ​កម្ពុជា​ជួយស៊ើបអង្កេត​ករណី​នេះ​នៅ​ឡើយ​ទេ។ ​តែ​មន្រ្តី​កម្ពុជា​និយាយ​ថា កម្ពុជា​រីករាយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ ប្រសិន​បើ​មាន​ការ​ស្នើ​សុំ។​

មន្រ្តី​កម្ពុជា​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ដើម្បី​ស៊ើប​អង្កេត​ការ​សម្លាប់​បង​ប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​លោក​គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង។​

លោក​គីម ជុងណាម​បាន​ស្លាប់នៅ​ព្រលាន​យន្តហោះ​ក្រុង​កូឡាឡាំពួរ ​កាល​ពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ​ឆ្នាំ​២០១៧​ បន្ទាប់​ពី​ស្ត្រី​ជនជាតិ​វៀតណាម​ និង​ឥណ្ឌូនេស៊ីបាន​ខ្ទប់​មុខ​លោក​ជាមួយ​សាធារធាតុ​ម្យ៉ាង​ឈ្មោះ​ថា ​VX​ ដែល​ជា​ធាតុ​ពុល​ និង​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ​មាន​គ្រោះ​ថ្នាក់​បំផុត ​ហើយ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ​អ្នក​ស៊ើប​អង្កេត​ម៉ាឡេស៊ី​បាន​និយាយ​ថា​ លោក​គីម ជុងណាម​បាន​ស្លាប់​នៅ​មណ្ឌល​សុខភាព​មួយ​នៅ​ព្រលាន​យន្ត​ហោះ ​២០​នាទី​បន្ទាប់​ពី​ស្វែង​រក​ជំនួយ​ផ្នែក​ពេទ្យ។​

ស្រ្តី​ពីរ​នាក់ ​ម្នាក់​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី​ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​វៀតណាម ​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ពុធថា​ ​បាន​សម្លាប់​លោក​គីម ជុងណាម។​ ស្រ្តី​ជនជាតិ​វៀតណាម​ឈ្មោះ ​Doan Thi Huong ​ត្រូវ​បាន​រាយ​ការណ៍​ដោយ​សារ​ព័ត៌មាន​អន្តរជាតិ​ថា ​បាន​មក​លេង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មករា។​

លោក​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បានប្រាប់ ​VOA ថា​ រហូត​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ទទួល​សំណើ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅ​ឡើយ​ទេ។​ ទោះ​ជាយ៉ាងណា​ លោក​បញ្ជាក់​ថា ​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ នោះ​រដ្ឋាភិបាល​កម្ពុជា​នឹង​ជួយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន។​

លោក​ជុំ សន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​សំណើ​ស្នើ​សុំ​នោះ​ទេ។​ លោក​មិន​បាន​ដឹង​ថា​ស្រ្តី​ជនជាតិ​វៀតណាមធ្លាប់​មក​លេង​កម្ពុជា​នោះ​ទេ។

បណ្តាញ​សារ​ព័ត៌មាន​បាន​រាយ​ការណ៍​ថា​ នាង Doan Thi Huong ​បាន​មក​លេង​ប្រទេស​កម្ពុជា​ហើយ​បាន​បង្ហោះ​រូបថត​នៅ​លើ​គេហទំព័រ ​Facebook​ របស់​នាង។​ រូបថត​បាន​ឲ្យ​ដឹង​ថា ​នាង​បាន​មក​លេង​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែ​មករា​និង​បាន​ស្នាក់​នៅ​សណ្ឋាគារ​ដែល​មាន​ឈ្មោះ​ថា​ V Hotel​ ភ្នំពេញ។ ​ទោះជា​យ៉ាង​ណា​ មន្រ្តី​និយាយ​ថា ​ពួកគេ​មិន​បាន​ដឹង​អំពី​ទំនាក់​ទំនង​រវាង​ស្រ្តី​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ​ជាមួយប្រទេស​កម្ពុជា​នោះ​ទេ។​

បុគ្គលិក​នៅ​សណ្ឋាគារ​ V Hotel​ បាន​បញ្ជាក់​ថា ​Doan Thi Huong ​ពិត​ជា​បាន​មក​ស្នាក់​នៅ​សណ្ឋាគារ​នេះ​ជាមួយ​បុរស​បរទេស​ពីរ​នាក់​កាល​ពី​ខែ​មករា។​ ​បុគ្គលិក​រូប​នោះបាន​និយាយ​ថា​ ស្រ្តីជន​ជាតិ​វៀតណាម​ម្នាក់នោះ​បានមក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​ជាមួយ​បុរស​បរទេស​ពីរនាក់​ដែល​ស្ថិតក្នុង​វ័យ​៤០​ឆ្នាំ​ដូច​គ្នា។​

មន្រ្តី​សហ​រដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា ​លោក​គីម ជុងណាម​ត្រូវ​បាន​សម្លាប់​តាម​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​ លោក​គីម ជុងណាម​ បាន​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ម៉ាកាវ​នៃ​ប្រទេស​ចិន​ ចាប់​តាំង​ពី​លោក​លែង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាលកូរ៉េ​ខាង​ជើង។​

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឃុំ​ខ្លួន​បុរស​ជន​ជាតិ​កូរ៉េ​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​នេះ ហើយ​កំពុង​ស៊ើប​អង្កេត​ និ​ងស្វែង​រក​បុរស​ជា​ជន​ជាតិ​កូរ៉េ​ខាង​ជើង​មួយ​ចំនួន​ទៀត​ដែល​សង្ស័យ​ថា​ ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​នេះ។​

VOA​ មិន​អាច​សុំការ​ឆ្លើយ​តប​ពី​ស្ថានទូត​ម៉ាឡេស៊ី ​វៀតណាម​ និង​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ។​

ទោះ​ជាយ៉ាងណា ​ស្រ្តី​ឈ្មោះ​ Doan Thi Huong ​នោះ​ត្រូវបាន​រាយ​ការណ៍​ថា​ នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​លេង​សើច​មួយ​ដែល​នាង​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​យក​សារធាតុ​ម្យ៉ាង​ដាក់​នឹង​ដៃ​ហើយ​ខ្ទប់​មុខ​របស់​លោក​គីម ជុងណាម​ នៅ​ព្រលាន​យន្តហោះ។​

ដូច​គ្នា​ផង​ដែរ ​នាង ​Siti Aisyah ​ក៏​បាន​និយាយ​ថា ​នាង​ក៏​ចូលរួម​ក្នុង​កម្មវិធី​បែប​កំប្លែង​នោះ​ដែរ។ ​ទោះ​ជាយ៉ាងណា​ក៏ដោយ​ អាជ្ញាធរ​ម៉ាឡេស៊ី​និយាយ​ថា​ ​ស្រ្តី​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ជនជាតិ​កូរ៉េ​ខាង​ជើង​បង្វឹក​អំពី​របៀប​នៃ​ការ​សម្លាប់​នោះ។​

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ទាមទារ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​បញ្ជូន​សាកសព​របស់​លោក​គីម ជុងណាម​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​ ​តែ​ប្រទេស​ម៉ាឡេស៊ី​បាន​បដិសេធ​ការ​ស្នើ​សុំ​នោះ។​

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ហៅ​ការ​បដិសេធ​មិន​ព្រម​បញ្ជូន​សព​របស់​លោក​គីម ជុងណាម​ទៅ​កូរ៉េ​ខាង​ជើងគឺ​ជា​«ការ​ខុស​ច្បាប់​ និង​មិន​មាន​សីលធម៌» ​ខណៈ​ក្រុម​ចារកម្ម​របស់​កូរ៉េ​ខាង​ត្បូង​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ កូរ៉េ​ខាង​ជើង​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ៕

XS
SM
MD
LG