ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សម្លាប់​រង្គាល​ជា​លទ្ធផល​នៃ​ការ​ចោទ​ប្រកាន់​តៗគ្នា​

  • គង់ សុឋានរិទ្ធ

មេដឹកនាំ​​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ

មេដឹកនាំ​​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ

សាក្សី​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ជម្រិត​យក​ចម្លើយ​សារភាព​ដោយ​ជន​ដែល​ត្រូវ​ចោទ​ថា ជា​ខ្មាំង​របស់​អង្គការ​ខ្មែរក្រហម​គឺ​ជា​ដើមហេតុ​នៃ​ការ​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​រង្គាល​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។

ក្នុង​សម័យ​នោះ​មានប្រជាពលរដ្ឋ​កម្ពុជា​សរុប​យ៉ាង​តិច​១,៧​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​នោះ​ភាគច្រើន​គឺ​ស្លាប់​ដោយការ​សម្លាប់​ដោយ​ចោទ​ថា គឺ​ជា​សត្រូវ​របស់​អង្គការ។

លោកសួង ស៊ីគឿន អតីត​អនុប្រធាន​មន្ទីរ​ពិធីការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ក្រោម​អំណាច​របស់​អៀង សារី បានរៀបរាប់​ក្នុង​ការផ្តល់​សក្ខីកម្ម​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ខ្មែរក្រហម​បាន​ប្រឌិត​ការចោទ​ប្រកាន់​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជា​ខ្សែ​បណ្តាញ​រួច​នាំឲ្យ​មាន​ការសម្លាប់​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ។

«កាលណា​មានការចោទ​ប្រកាន់ ឬ​មួល​បង្កាច់​យ៉ាងណា​នោះ​គឺ​បាន (ឈាន​ដល់​ការ​ចាប់​ខ្លួន) ដូច្នេះ​បាន​ជា​មាន​វិនាសកម្ម​។ ហើយ​វិនាសកម្ម​នេះ ពេល​ខ្ញុំ​ទៅ​ដល់​ទួលស្លែង​គឺ​មិត្ត​ភក្តិ​ខ្ញុំ​ដែល​ស្លូតត្រង់​មនុស្ស​ល្អ ធ្វើ​គ្រូពេទ្យ។ ខ្ញុំ​ហួស​ចិត្ត​យក​គ្នា​ទៅ​សម្លាប់​ចោល»។

សាក្សី​ដដែល​បាន​បញ្ជាក់​ថា កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​ក្នុង​ក្រសួង​ការបរទេស​ជា​ច្រើន​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន​ការចោទ​ប្រកាន់​ពី​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​មុនៗ​ថា ជា​ខ្មាំង​របស់​បដិវត្តន៍។ រូប​លោក​ផ្ទាល់ និង​លោក​គាត ឈុន បច្ចុប្បន្ន​ជា​ឧបជានាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ កាលនោះ​ក៏ត្រូវ​ចោទប្រកាន់​ត​គ្នា​ដែរ។ អៀង សារី ដែល​ជា​រដ្ឋមន្ដ្រី​ការបរទេស​នៅ​សម័យ​នោះ​បានឲ្យ​លោក​សរសេរ​ប្រវត្តិរូប​ផ្ទាល់​ខ្លួន​ឡើង​វិញ។

លោក​សួង ស៊ីគឿន ដែល​ជា​កម្មាភិបាល​ខ្មែរក្រហម​តែ​ម្នាក់​គត់​ដែល​បាន​យក​ភរិយា​ជនជាតិ​បារាំង​របស់​ខ្លួន​ចូល​រស់នៅ​មួយរយៈ ជាមួយ​ពួក​ខ្មែរក្រហម​បានបង្ហាញ​ការសោកស្តាយ​ដោយ​ក្តី​ឈឺ​ចាប់​ដោយ​ងាក​ទៅ​សុំទោស​ជន​ជាប់ចោទ​ក្នុង​សំណុំរឿង​០០២​ដែល​កំពុង​ស្ថិត​ក្នុង​ការ​កាត់ទោស។

«វា​អណោច​អធ័ម​ណាស់។ សុំ​ទោស​បងៗ (មេ​ខ្មែរក្រហម​ដែល​កំពុង​ត្រូវ​កាត់​ទោស) បើ​ខ្ញុំ​ដឹង​មុន​ខ្ញុំ​អត់​ចូល​ជិត​ទេ។ វា​ដល់​ក ដល់​ធ្វើ​ដូច្នេះ​មិនមែន​សង្គមនិយម កុម្មុយនិស្ត​និយម វា​មិនមែន​បដិវត្តន៍​មិន​មែន​បម្រើ​ប្រជាជន បម្រើ​ជាតិ​ទេ ខ្ញុំ​ឈឺចាប់​ណាស់»។

ក៏​ដូច​ជា​សាក្សី​មុន​ៗ​មួយ​ចំនួន​ដែរ លោក សួង ស៊ីគឿន បាន​បញ្ជាក់​ថា អៀង សារី ដែល​កាន់កាប់​ក្រសួងការ​បរទេស​មាន​អំណាច​ការពារ​បុគ្គលិក​មួយ​ចំនួន​ក្នុង​ក្រសួង​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា អៀង សារី ក៏បាន​អនុញ្ញាត​ឲ្យ​មាន​ការចាប់​ខ្លួន​បុគ្គលិក​របស់​ខ្លួន​ដែរ បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​អ្នក​ទោស​នៅ​គុក​ទួលស្លែង​ដោយ​ចោទ​ប្រកាន់​បុគ្គលិក​របស់​ខ្លួន​ថា ជា​ខ្មាំង​បង្កប់​នោះ៕

XS
SM
MD
LG