ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​កោះកុង​ហាមឃាត់​ក្រុម​និស្សិត​មិន​ឱ្យ​បង្រៀន​ពី​សិទ្ធិ​មនុស្ស​ដល់​ពលរដ្ឋ​


​ថ្មីៗ​អាជ្ញាធរ​ខេត្ត​កោះកុង​ក៏​បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ផង​ដែរ។ ក្នុង​រូប​នេះ​អ្នក​គាំទ្រ​​លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ (រូបថត​ផ្តល់​ឲ្យ)

ការ​រារាំង​នេះ​ កើតឡើង​ចំ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ប្រារព្ធ​ពិធី​ខួប​២៤​ឆ្នាំ​នៃ​ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ទី២៣​តុលា​ ឆ្នាំ​១៩៩១​ ដែល​បាន​នាំ​​​លទ្ធិប្រជាធិបតេយ្យ​មក​ក្នុង​ប្រទេស​កម្ពុជា។​

អាជ្ញាធរ​ក្នុង​ខេត្ត​កោះ​កុង​បាន​រារាំង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​និស្សិត​ច្បាប់​មួយ​ក្រុម​ បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​រយៈ​ពេល​ពីរ​ថ្ងៃ ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​អណ្តូងទឹក​ ស្រុក​បទុម​សាគរ​ ដោយ​អាជ្ញាធរ​អះអាង​ថា​ និស្សិត​មួយ​ក្រុម​នោះ​ពុំបាន​សុំ​ច្បាប់​អនុញ្ញាតត្រឹម​ត្រូវ។​

ការ​រារាំង​នេះ​ កើតឡើង​ចំ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ប្រារព្ធ​ពិធី​ខួប​២៤​ឆ្នាំ​នៃ​ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ទី២៣​តុលា​ ឆ្នាំ​១៩៩១​ ដែល​បាន​នាំ​លទ្ធិប្រជាធិបតេយ្យ​មក​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​កញ្ញារិទ្ធ​ តំណាង​និស្សិត​ផ្នែក​ច្បាប់​មួយ​ក្រុម​នេះ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និយាយ​ប្រាប់​ VOA​ ថា ​អាជ្ញាធរ​បាន​ហាម​ឃាត់​ក្រុម​លោក​ បើ​ទោះ​ជា​ក្រុម​លោក​បាន​ដាក់​លិខិតប្រាប់​ពី​គោល​បំណង​នៃ​ការ​បណ្តុះបណ្តាល​ជម្រាប​ទៅ​កាន់​លោក ហ៊ី តាន់មេឃុំ​អណ្តូង​ទឹក​ក្នុង​ស្រុក​បទុម​សាគរ​ក៏​ដោយ។​ លោក​និយាយ​ដោយ​សំដៅ​ទៅ​លើ​លោក​ហ៊ី តាន់​មេឃុំ​អណ្តូង​ទឹក​យ៉ាង​ដូចេ្នះ​ថា៖​

«គាត់​ថា​ធ្វើ​ហ្នឹង​ ការ​ជូន​ដំណឹង​ហ្នឹង​អត់​មាន​ចេញ​ត្រា​ខាងណា​ ខាង​ស្ថាប័ន​អី​ណា​ ខាង​អញ្ចឹង​ទៅ​ណ៎ា។ ហើយ​ខ្ញុំ​ក៏បាន​និយាយ​ជាមួយ​គាត់​ទៅ​វិញ​ដែរ​ថា​ ដោយសារ​តែ​ពួក​ខ្ញុំ​មក​នេះ​ មិន​មែន​មក​ធ្វើ​ដូច​ថា​ ខុស​ច្បាប់​អ្វី​ទេ​ខ្ញុំ​ក៏​មាន​សិទ្ធិ​ ក្នុង​ការ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ជូន​ទៅ​ដល់​សហគមន៍​អញ្ចឹង​ទៅ​ណ៎ា​ ហើយ​ខ្ញុំ​ក៏​ប្រាប់​ខ្ញុំ​ជា​យុវជន​ស្ម័គ្រ​ចិត្ត​អញ្ចឹង​ ហើយ​ពេល​អញ្ចឹង​ទៅ​គាត់​ក៏​ថា​ ដាច់​អហង្ការ​ គាត់​អត់​ឲ្យ​ពួក​ខ្ញុំ​បើក»។​ ​

នៅ​ក្នុង​ការ​រារាំង​នេះ​ ត្រូវ​ក្រុម​អ្នក​តាមដាន​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា​ អាជ្ញាធរ​អាច​ប្រើ​ច្បាប់​ស្តី​ពី​សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ក្នុង​ការ​រារាំង​ក្រុម​និស្សិត​នេះ បើ​ទោះ​ជា​ពួក​គេ​មិន​បាន​ចង​ក្រង​ជា​ក្រុម​បណ្ដាញ​ជាក់​លាក់​ក៏​ដោយ។​

មាត្រា​៩​នៃ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ បាន​ចែងថា៖​ «សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ដែល​មិន​បាន​ចុះ​បញ្ជី​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ឡើយ»។​

ប៉ុន្តែ​លោក ​កញ្ញារិទ្ធ​ មិន​អាច​បញ្ជាក់​ថា​ អាជ្ញាធរ​ប្រើ​ច្បាប់​ដ៏រិតត្បិត​សិទ្ធិ​សេរី​ភាពនេះឬ​យ៉ាងណា​នោះ​ទេ​ ដោយ​លោក​បាន​ពន្យល់​ថា៖​ ​

«ខ្ញុំ​មិន​ដឹង​ថា​ គាត់​យក​អា​ច្បាប់​ហ្នឹង​ គាត់​អត់​និយាយ​ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ពន្យល់​ពី​ រដ្ឋធម្មនុញ្ញ​ ឬ​អី​ក៏ដោយ​ គឺ​គាត់​ គឺ​គាត់​អត់​ស្តាប់​ហេតុផល​»។​

លោ​ក​ហ៊ី​ តាន់​ មេឃុំ​អណ្តូង​ទឹក​ ​ ថ្លែងប្រាប់​ VOA ​ថា​ លោក​ពិត​ជា​បាន​ឃើញ​លិខិត​ចុះ​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១៥​របស់​ក្រុម​និសិ្សត​នោះ​ប្រាកដ​មែន​ តែ​លោក​នៅ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​និស្សិត​នេះ​ បើក​វគ្គ​បណ្តុះ​បណ្តាលទេ ពី​ព្រោះលិខិត​នោះ​មិន​មាន​បញ្ជាក់​ពី​ប្រភព​ច្បាស់​លាស់ ដោយ​មាន​តែ​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​នៅ​លើ​លិខិត​នោះ​ប៉ុណ្ណោះ។ ​

«អ្ហេ​បើ​លិខិត​ផ្លូវការ​ ជូន​ដំណឹង​ក្តី​អី​ក្តី​ វា​មាន​លេខ​ បើ​ថា​មិន​មាន​លេខ​ទេ ក៏​វា​មាន​ហេតុផល​ដែរ​ ហត្ថលេខា​ អ្នកណា​ ទទួល​ខុស​ត្រូវ​ ផ្នែក​អី​មក​ពី​ខាងណា​?»​។​

នៅ​ពេល​ VOA ​សួរ​ថា​ តើ​លោក​មេឃុំ​ប្រើ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាក់​ទិន​ករណី​នេះ​ឬទេ?​ លោក​មេឃុំ​មាន​ប្រសាសន៍​ថា៖​

«អាហ្នឹង​ទាល់​តែ​ អា​ហ្នឹង​តែ​ប្រើ​ច្បាប់​ ពី​សមាគម​ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​អី​ហ្នឹង»។​

ក្រៅ​ពី​ការ​បញ្ជាក់​ពី​ការ​ប្រើ​ច្បាប់​នេះ​ លោក​មេឃុំ​ហ៊ី តាន់​ បន្ថែម​ទៀត​ថា​ ការ​មិន​ឲ្យ​ក្រុម​និស្សិត​នេះ​ បើក​វគ្គ​បណ្តុះ​បណ្តាល​ គឺ​ដោយ​សារ​លោក​បារម្ភ​ថា​ និស្សិត​មួយ​ក្រុម​នេះ​ញុះញង់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លោក​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​មួយ​ប៉ះពាល់​ដល់​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ភូមិ​ឃុំ។​

«អាការ​ញុះ​ញង់​បំផុស​បំផុល​ ធ្វើ​ឲ្យ​មាន​អា​ចលាចល​នៅ​ក្នុង​មូលដ្ឋាន​ គឺ​អ៊ុំ​ខ្លាច​បំផុត ហើយ​មូលដ្ឋាន​របស់​អ៊ុំ​អត់ទាន់​មាន​ស្អី​ អត់ដែល​មាន​ស្អី​ផង​ អត់​មាន​ផល​របស់ អត់​មានដល់​សត្វ​ ឧប្បត្តិហេតុ​ស្អី​ផង​ ស្រាប់​តែ​ដល់​ពេល​មាន​និស្សិត​អី​មក​តាំង​ខ្លួន​ជា​ ឯករាជ្យ​ ឬក៏​តាំង​ជា​សិទ្ធិ​ ចង់​មកធ្វើ​អ្វី​ក៏បាន​នៅ​មូល​ដ្ឋាន ទាល់​តែ​ ទាល់​តែ​មានការ​ទំនាក់​ទំនង​ដែរ​ក្មួយ​ បើ​សិន​ជា​ សិទ្ធិ​វា​ធំ​ធេង​ពេក​។​ សិទ្ធិ​វា​លោភ​លន់​ពេក​ទៅ​អ៊ុំ​មិន​អាច​យក​បាន​ទេ​ដឹង​»។​ ​

ក្រោយ​ការ​អនុម័ត​ច្បាប់​នេះ​ដោយ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ និង​ការ​ទទួលស្គាល់​ច្បាប់​នេះ​ដោយ​ក្រុម​ប្រឹក្សា​ ​ធម្មនុញ្ញ​កម្ពុជា ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី បាន​ចេញ​ព្រះ​រាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ​កាលពី​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ។​ ច្បាប់​នេះ​ ទទួលការ​រិៈ​គន់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ និង​សហគមន៍​អន្តរជាតិ​តាំង​ពី​ការ​ចាប់​ផ្តើម​តាក់​តែង​រហូត​ដល់​បាន​ក្លាយ​ជា​ច្បាប់។​

លោក អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ ថ្លែង​ថា​ ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ​ នៅ​គ្រា​ដែល​អាជ្ញាធរ​ខេត្ត​កោះ​កុង​ប្រើ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ ​មក​បង្អាក់​សកម្មភាព​ចែក​រំលែក​ចំណេះ​ដឹង​របស់​និស្សិត​ច្បាប់​មួយ​ក្រុម​នោះ​។​

«ខ្ញុំ​គិត​ថា​ ការ​ប្រើ​ប្រាស់​នូវ​ច្បាប់​អង្គការ​ហ្នឹង​ ក៏​វា​អត់​ត្រូវ​ទេ​ ពី​ព្រោះ​អានេះ​ គឺ​ជាការ​បណ្តុះ​បណ្តាល​។​ អា​ផ្នែក​ហ្នឹង​បើ​យើង​មើល​ក្នុង​ច្បាប់​បាតុកម្ម ក៏​គេ​អត់​ចែង​ដែរ​ អា​វគ្គ​បណ្តុះ​បណ្តាល​ហ្នឹង​ មាន​កន្លែង​ណាមួយ​តម្រូវ​ឲ្យ​មាន​ការ​សុំ​ច្បាប់​ទេ​ លុះ​ត្រា​តែប្រើ​ប្រាស់​កន្លែង​សាធារណៈ​ បាន​ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ ប៉ុន្តែ​បើ​សិន​ជា​ប្រើ​ប្រាស់​ទីតាំង​ឯក​ជន​នៅ​ក្នុង​ភូមិ​ឬ​ក៏​ឯក​ជន​ទេ​មិន​មាន​ការ​ណាមួយ​តម្រូវ​ឲ្យ​ជូន​ដំណឹង​ទេ​ ព្រោះ​អា​ហ្នឹងគឺជា​វគ្គ​បណ្តុះ​បណ្តាល​ ហើយ​បើ​សិន​ជា​អាជ្ញាធរ​ចាប់​ផ្តើម​ធ្វើ​ការ​រារាំង​មិន​ឲ្យ​គេ​ មាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ទេ​ អាហ្នឹងវា​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​ចូល​រួម​ទទួល​បាន​ចំណេះ​ដឹង​ផ្សេងៗ​»។ ​

ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះ​កុង​ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​ប្រចាំ​នៅ​ខេត្ត​ជាប់​ប្រទេស​ថៃ​មួយ​នេះ​ មើល​ឃើញ​ថា​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​អាជ្ញាធរ​កាន់​តែ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួប​ជុំ​តវ៉ា​ និង​សម្តែង​មតិ​។​ ច្បាប់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ដាក់​ឲ្យ​ប្រើ​ប្រាស់​នេះ​ នឹង​អាច​បង្ក​ភាព​ស្មុគ​ស្មាញ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ដល់​សហគមន៍​តូចៗ ​ដែល​កំពុង​ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​នេះ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG