ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា​ប្រកាស​ជំហរ​មិន​ឆ្លងឆ្លើយ​នឹង​ខ្សែ​អាត់​សំដៅ​បង្ខូច​កេរ្តិ៍​ឈ្មោះ​


រូបភាព​ឯកសារ៖ លោក កឹម សុខា
រូបភាព​ឯកសារ៖ លោក កឹម សុខា

មន្ត្រី​សង្គម​ស៊ីវិល​កម្ពុជា​យល់​ថា​ នេះ​គឺ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ទុក​ពេល​វេលា​ធ្វើ​កិច្ចការ​ល្អ​បន្ថែម​ទៀត​សម្រាប់​សង្គម​កម្ពុជា​ ​ហើយ​អ្នក​នយោបាយ​កម្ពុជា​ពុំគួរ​យក​កិតិ្តយស​ស្ត្រី​ខ្មែរ​ ​ដើម្បី​ផល​ចំណេញ​នយោបាយ​ឬ​បុគ្គល​នោះ​ទេ។​​

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​កឹម សុខា​ ​ប្រកាស​យក​គោល​ការណ៍ ​«កុំឈ្លោះ​ ​កុំឆ្លើយ ​និង​កុំឆ្លង»​ ស្រប​ពេល​ដែល​ ​បណ្តាញ​សង្គម​ហេ្វសប៊ុក​ ​និង​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បន្ត​ចែក​ចាយ​ ខ្សែអាត់​សំឡេង​ ​ដែល​ចោទ​ថា ​រូប​លោក​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជា​មួយ​ស្ត្រីវ័យ​ក្មេង​ម្នាក់។

មន្ត្រី​សង្គម​ស៊ីវិល​កម្ពុជា​យល់​ថា​ នេះ​គឺ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ទុក​ពេល​វេលា​ធ្វើ​កិច្ចការ​ល្អ​បន្ថែម​ទៀត​សម្រាប់​សង្គម​កម្ពុជា​ ​ហើយ​អ្នក​នយោបាយ​កម្ពុជា​ពុំគួរ​យក​កិតិ្តយស​ស្ត្រី​ខ្មែរ​ ​ដើម្បី​ផល​ចំណេញ​នយោបាយ​ឬ​បុគ្គល​នោះ​ទេ។

ក្រោយ​ពី​កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​ប្រធាន​ស្តីទី​គណបក្ស​ជំទាស់ ​លោក​កឹម សុខា​ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​ខ្លួន​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ពង្រឹង​ជំហរ​ និង​រក្សា​សុឆន្ទៈ​របស់​ខ្លួន​ប្រឈម​និង​ឧបសគ្គ​នានា​ ​ដោយ​ភាព​អត់ធ្មត់។​

លោក​ប្រធាន​ស្តីទី​រូប​នេះ​បាន​សរសេរ​ថា៖​ ​«ដូច្នេះ​ ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​តទៅ​មុខ​ទៀត​នោះ​គឺ​ ​យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​គោល​ដៅ​ ​តាម​ផែន​ការ​យុទ្ធ​សាស្រ្ដ​របស់​យើង​តែ​ប៉ុណ្ណោះ។​ ​យើង​មិន​ត្រូវ​ធ្វើ​តាម​អារម្មណ៍​ ​ឬ​ ធ្វើអ្វី​តាមតែ​គេ​ចាក់​ឲ្យ​យើង​ លោត​នោះ​ទេ​ ត្រូវ​រក្សា​នូវ​ការ​អត់ធ្មត់​តទៅ​ទៀត​ ​ដូច​ដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា​ ​យើង​កុំ​ឈ្លោះ​ កុំឆ្លើយ​ និង​កុំ​ឆ្លង​»​។​

ការ​លើក​ឡើង​របស់​លោក ​កឹម សុខា​ ​ស្រប​ពេល​ដែល​មាន​ការ​ចោទ​ថា​ ​លោក​ ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​និង​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ឈ្មោះថា​ «អាម៉ុម​»។ ​ខ្សែអាត់​សំឡេង​ ​ដែល​គេ​ចោទ​ថា​ជា​ ​សំឡេង​ពិត​ ​របស់​លោក​កឹម សុខា​និង​ ​ស្ត្រី​វ័យ​ក្មេងម្នាក់​ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ ​គណនីហ្វេសប៊ុក​ ​ទើប​បង្កើត​ថ្មី​ មាន​ឈ្មោះ​ថា​ ​«Mon Srey»​ ​នា​ដើម​សប្តាហ៍​នេះ។​ ហ្វេសប៊ុក​ដែល​អះអាង​ថា​ខ្លួន​មាន​ឈ្មោះ​«Mon Srey‍»​និង​មាន​ទំនាក់់​ទំនង​ផ្លូវ​ភេទ​និង​លោក​កឹម សុខាបាន​បង្ហោះ​ ខ្សែអាត់​សំឡេង​ជា​បន្តបន្ទាប់។ ​ខ្សែអាត់​សំឡេង​ ​ច្រើន​ផ្សេង​ទៀត​ ​រួមទាំង​អត្ថបទ​សន្ទនា​ ​ក៏​ត្រូវ​បា​ន​គេ​ផ្សព្វ​ផ្សាយ​តាម​គណនី​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា​ ​«រឿង​ពិត​CNRP»​ និង​ត្រូវ​បាន​ដកស្រង់​ដោយសារព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។​

លោក​អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ប្រាប់​ VOA ​ថា​៖ ​«ខ្ញុំ​គិត​ថា​អ្នក​ដឹកនាំ​ អ្នក​នយោបាយ​មិន​ត្រូវ​ចំណាយ​ពេល​អ្វី​ ​អត់​ប្រ​យោជន៍​ ទៅ​ឆ្លង​ឆ្លើយ​ ​រឿង​អ្វី​អត់​ប្រយោជន៍​អីចឹង​ទេ។​ ​ហ្អា​ហ្នឹង​វា​គឺ​ជា​រឿង​អត់​ប្រយោជន៍​ព្រោះ​បើ​យើង​ឃើញ​គឺ​វា​ជា​រឿង​ដដែលៗ។​ ​ហើយ​យើង​គួរ​តែ​គិត​រឿង​ធំៗ​ ​សម្រាប់​ជាតិ​ប្រជា​ពល​រដ្ឋ​ហ្នឹង​វាល្អ​ជាង។ ​មួយ​ទៀត​ទោះ​បី​ពិត​ក៏​វា​ជា​ រឿង​បុគ្គល​ទេ ​វា​មិន​ពាក់​ព័ន្ធ​និង​ខាតបង់​ប្រយោជន៍​ជាតិ​ ឬ​ប៉ះ​ពាល់​ជាតិ​ទេ​។​ សំខាន់​បំផុត​នោះ​គឺ​ហ្អា​រឿង​ ប្រជា​ពល​រដ្ឋ​ ​និង​ប្រយោជន៍​ជាតិ»។​

លោក​ អំ សំអាត​ ​បន្ថែម​ថា​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ អ្នក​លួច​ថត​សំឡេង​ដោយ​គ្មាន​ការ​អនុញ្ញាត​ ត្រូវ​មាន​ ទោស​ជាប់​ពន្ធនាគារ​ពី​ ១ខែ​ដល់​១ឆ្នាំ​។​ ក៏ប៉ុន្តែ​បើ​សំឡេង​នោះ​មិន​ពិត​ ​អ្នក​ផ្សព្វផ្សាយ​អាច​នឹង​ប្រឈម​ពីប​ទ​បរិហារ​កេរ្តិ៍​និង​បង្កាច់​កេរិ៍្ត ​ផង​ដែរ។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​បន្ត​ថា​៖ ​«បើ​យើង​គិត​ពី​រឿង​សីលធម៌​វិញ​ក៏វា​ ​កាន់​តែ​ធ្ងន់ៗធ្ងរ​ដែរ​ ​ព្រោះ​ប្រទេស​យើង​ គឺ​ជា​ប្រទេស​ដែល​ប្រកាន់​ ​ព្រះពុទ្ធ​សាសនា​ ​ហើយ​យើង​ទៅ​ប្រើ​អសីលធម៌​អីចឹង​គឺ​វាមិន​ត្រឹមត្រូវ​ដែរ។ ​ហើយ​មួយ​ទៀត​ បើសិនជា​ខ្សែ​អាត់​ទាំង​ឡាយ​នេះ​វាពិត​ ​ហើយ​ចេញ​ពី​ក្រុមហ៊ុន​ទៀត​ ​មានន័យ​ថា​ក្រុមហ៊ុន​ទូរស័ព្ទ​ទៀត​ហ្អាហ្នឹង​ក្រុមហ៊ុន​ហ្នឹង​គឺ​មាន​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ ​ហើយ​ក៏​វា​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​ពី​អតិថិជន»។​

​លោក​ស្រី​ ​រស់ សុភាព​ ​នាយិកា​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ដែល​ធ្វើ​ការ​លើ​កម្ពស់​សិទ្ធិ​ស្ត្រី​កម្ពុជា​ ​បាន​ថ្កោល​ទោស​ចំពោះ​ការ​ប្រើប្រាស់​ស្ត្រី​ដើម្បី​ផលប្រយោជន៍​បុគ្គល​ ជាពិសេស​គឺ​នៅ​លើ​ឆាក​នយោបាយកម្ពុជា។​ ​

«ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់ ​អ្នក​ពាណិជ្ជកម្ម​ ​ជា​ពិសេស​អ្នក​ដែល​មាន​អំណាច​ អ្នក​នយោបាយ​ធំៗ​អ្វី​ជា​ដើម​ ​ហ្នឹង​គឺ​មិន​ត្រូវ មិន​ត្រូវ​យក​ស្ត្រីហ្នឹង​យក​ទៅ​ឡូកឡំ​ ​ពាក់ព័ន្ធ​នឹង​កិតិ្តនាម​របស់​ ​គាត់​ហ្នឹង​នោះ​ទេ ព្រោះ​រឿង​មួយ​ជា​រឿង​ឯកជន​ ​វាជា​រឿង​មួយ​ផ្សេង​របស់​គេ។​ ​ក៏ប៉ុន្តែ​បើ​ជា​អ្នក​បុគ្គល​ ​បុគ្គល​ដែល​មាន​ការរំលោភ​ទៅ​លើ​ច្បាប់​ ​ទៅ​លើ​ការ​ធ្វើ​បាប​ ស្ត្រី​អីណឹង​ ​ហ្អាហ្នឹង​វា​ជា​រឿង​ផ្សេង​មួយ​ទៀត»។​

លោក​ស្រី​ ​រស់ សុភាព ​ក៏​បាន​បញ្ជាក់​ពី​ក្តី​កង្វល់​ទាក់ទិន​នឹង​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា​៖​ «យើង​មើល​ទៅ​នយោបាយ​ស្រុកខ្មែរ​ដូចជា​មិនសូវ​គឺ​ថា ​វា​ពិបាក​ក្នុង​ការ​ឲ្យ​តម្លៃ​ដែរ​ ​ដោយ​សារ​ថា​ព្យាយាម​បន្ទុះ​បង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក។​ ​ហើយ​នឹង​ប្រើប្រាស់​ភាសា​ដែល​មិន​គួរ​ប្រើ​ ហើយ​នឹង​ប្រើ​ ​ឥឡូវហ្នឹង​គឺ​ឈាន​ដល់​ការ​ប្រើ​អ្វី ដែល​ថា​ជា​ហិង្សា​នយោបាយ​ ក៏​គួ​ឲ្យ​កង្វល់​ដល់​សង្គម​ដែរ។​ ដូច្នេះ​ហើយ​យើង​ពិបាក»។​

យ៉ាង​ណា​ក៏​ប្រជាពលរដ្ឋ​កម្ពុជា​និង​ ​មន្ត្រី​សង្គម​ស៊ីវិល​ នៅ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ទាក់ទិន​នឹង​ភាព​ពិត​នៃ​ខ្សែអាត់​សំឡេង​ ខណៈ​ពេល​ដែល​គណបក្ស​ជំទាស់​យល់​ថា​នេះគឺជា​ ​ល្បិច​កល​នយោបាយ​ដដែល​របស់​ដៃ​គូ​របស់​ខ្លួន។

ស្រដៀង​គ្នា​នោះ​ដែរ​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ ​មិន​ប៉ុន្មាន​ខែមុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ចេញ​មុខ​អះអាង​ ​ថា​ខ្លួន​ជា​ស្រី​កំណាន់​របស់​លោក​កឹម សុខា។​ ​ស្ត្រី​រូប​នោះ​និង​ម្តាយ​បាន​ចេញមុខ​ធ្វើការ ​ការ​តវ៉ា​ នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​លោក​ កឹម សុខា​ ​ទទួល​ខុស​ត្រូវ​និង​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​និង​កូន។យ៉ាងណា​ក៏​ដោយ​ការ​ទាមទារ​ ​នេះ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ ​ក្រោយ​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG