ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាស្នើឱ្យវៀតណាមស្វែងរក និងផ្ដន្ទាទោសអ្នក«ប្រមាថ»លោកហ៊ុន សែនតាមFacebook


រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ចុច​ទូរស័ព្ទ​​កំឡុង​ពេល​ការ​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ចុច​ទូរស័ព្ទ​​កំឡុង​ពេល​ការ​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ។

សេចក្ដីថ្លែងការណ៍នេះបានធ្វើការថ្កោលទោសចំពោះទង្វើនេះ ដោយលើកឡើងថា វាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រមុខដឹកនាំកំពូលនៃប្រទេសជាតិមួយដែលមានឯករាជ្យ និងអធិបតេយ្យភាព។

ក្រសួង​ការ​បរទេស​កម្ពុជា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​ចាត់​វិធានការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ និង​ផ្ដន្ទាទោស​បុគ្គល​ដែល​កម្ពុជា​ចាត់ទុក​ថា​ បាន​«ប្រមាថ»​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​តាម​បណ្ដាញ​សង្គម ​Facebook (ហ្វេសប៊ុក)​ ដោយ​បញ្ជាក់​ថា ​ដើម្បី​រក្សា​ទំនាក់ទំនង​ និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ។​

ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​លេង​បណ្ដាញ​សង្គម ​Facebook​ មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ​ដែល​ត្រូវ​គេ​យល់​ថា​ ​ជា​ជនជាតិ​វៀតណាម​នោះ​ បាន​រិះគន់​លោក​ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​២៧ ​ខែ​សីហា​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ បាន​លើក​ឡើង​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បង្ហាញ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ «មាន​កម្មាភិបាល​ និង​បុគ្គល​ជនជាតិ​វៀតណាម​មួយ​ក្រុម»​បាន​ចូល​ក្នុង​ទំព័រ ​Facebook ផ្លូវ​ការ​របស់​លោក​ហ៊ុន សែន ​ហើយ​បានជេរ​ប្រមាថ​លោក ​ដោយ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ ​និង​ព្រហើន​ជាទី​បំផុត។​

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​ ដោយ​លើក​ឡើង​ថា​ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ជាតិ​មួយ​ដែល​មាន​ឯករាជ្យ​ និង​អធិបតេយ្យ​ភាព។ ​សេចក្ដី​ថ្លែង​ការណ៍​នេះ​បន្ត​ដោយ​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​វៀតណាម​ចាត់​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ស្រាវជ្រាវ ​និង​កំណត់​អត្ត​សញ្ញាណ​«ព្រមទាំង​ធ្វើការ​ផ្ដន្ទាទោស​ក្រុមជន​ទាំង​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន ​ដើម្បី​ថែ​រក្សា​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា ​ក៏​ដូចជា​ទំនាក់​ទំនង​ជា​ប្រពៃណី ​និង​ភាព​ជាអ្នក​ជិត​ខាង​ល្អ​រវាង​កម្ពុជា ​និង​វៀតណាម»។​

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក​ជុំ សន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​អាទិត្យ​នេះ។​

លោក​អ៊ូ វីរៈ ​ប្រធាន​វេទិកាអនាគត​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អាទិត្យថា ​ការ​រិះគន់​របស់​អ្នកប្រើ​ Facebook គឺ​ទស្សនៈ​បុគ្គល ​មិនមែន​ជា​គោល​ជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល ​ឬ​ក្រសួង​ការ​បរទេស​វៀតណាម​ទេ​ ហើយ​ក្រសួង​ការ​បរទេស​កម្ពុជា​មិនគួរ​ធ្វើ​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​នោះ​ទេ។​

លោក​អ៊ូ វីរៈ​ បន្ថែម​ថា ​ប្រសិន​បើ​លោក​ហ៊ុន សែន ​មិន​ចង់​ឱ្យ​មាន​ការ​រំខាន ​ឬ​រិះគន់​នៅ​លើ​ Facebook ​នោះ លោក​គួរ​លុបចោល ​ឬ​ block ​អ្នក​ដែល​រិះគន់​ទាំង​នោះ។​

លោកមាន​ប្រសាសន៍​ថា៖​

«ហើយ​ខ្ញុំ​ជឿជាក់​ថា ​លោក​នាយក​រដ្ឋមន្ត្រី​គាត់​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ជួយ​ធ្វើ​ការ​គាត់។ ​អញ្ចឹង​បើ​គាត់​ឃើញ​អ្នក​ដែល​ចូល​មក​រំខាន​ គាត់​បិទ​ចោល​ទៅ ​ព្រោះ​អី​ Facebook គេ​ធ្វើ​អញ្ចឹង​ហើយ ​Facebook មិន​មាន​អី​ជា​ផ្លូវ​ការ​ទេ»។​

កម្ពុជា​បាន​ប្រកាស​ថា​ ខ្លួន​ប្រកាន់​យក​ជំហរ​ឯករាជ្យលើ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ជំរុញ​ឱ្យ​ភាគី​ជម្លោះ​ធ្វើ​ការ​ដោះស្រាយ​ជាលក្ខណៈ​ទ្វេភាគី។​ យ៉ាងណាក៏​ដោយ ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​រួមទាំង​វៀតណាម​ផង​ចង់​ឱ្យ​មាន​អន្តរាគមន៍​ពី​អន្តរជាតិ។​

ចាប់​តាំង​ពី​ចុង​ខែ​កក្កដា​មក ​ អ្នក​ប្រើប្រាស់ Facebook​ មួយ​ចំនួន​ដែល​ដាក់​ឈ្មោះ​មើល​ទៅ​ដូច​ឈ្មោះ​ជនជាតិ​វៀតណាម​ ត្រូវ​គេ​ដឹង​ថា​ បាន​ចូល​ទៅ​បញ្ចេញ​យោបល់​វាយ​ប្រហារ​នៅ​លើ​ទំព័រ​ Facebook ​ផ្លូវ​ការ​របស់​លោក​ហ៊ុន សែន។ ​អ្នក​ខ្លះ​បាន​សរសេរ​រិះគន់​ជា​ភាសា​វៀតណាម ​និង​អ្នកខ្លះ​បាន​សរសេរ​ជា​ភាសា​ខ្មែរ​ ដោយ​ចោទ​ថា ​លោក​ហ៊ុន សែន​«ក្បត់​វៀតណាម»។ ​ចំណែក​លោក​ហ៊ុន សែន​ បាន​ធ្វើ​ការ​ឆ្លើយ​តប​ជា​បន្តបន្ទាប់ ដោយ​លោក​ក៏​ធ្លាប់​បាន​តប​ថា ​លោក​មិន​មែន​ជា​អាយ៉ង​របស់​វៀតណាម​នោះ​ទេ៕

XS
SM
MD
LG