ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា​ឱ្យ​នៅ​ក្រៅ​ឃុំ


តុលាការ​កំពូល​​នៅ​​ថ្ងៃ​​សុក្រ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ បាន​សម្រេច​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ​បាន​បញ្ជា​ឱ្យ​សាលា​ឧទ្ធរណ៍​ពិនិត្យ​សំណុំរឿង​នេះឡើង​វិញ។ (រូបថត៖ ហេង រស្មី)
តុលាការ​កំពូល​​នៅ​​ថ្ងៃ​​សុក្រ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ បាន​សម្រេច​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ​បាន​បញ្ជា​ឱ្យ​សាលា​ឧទ្ធរណ៍​ពិនិត្យ​សំណុំរឿង​នេះឡើង​វិញ។ (រូបថត៖ ហេង រស្មី)
តុលាកា​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា​ ឱ្យស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ក្រោយ​ពី​អ្នក​ស្រី​បាន​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១៤​ខែ​ក្នុង​សំណុំ​រឿង​បង្ក​របួស​ស្នាម​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ចំនួន​ពីរ​នាក់​កាល​ពី​ឆ្នាំ​២០១២។​

ក្រោយ​ពី​បាន​បើក​សវនាការ​ប្រមាណ​ជិត​៣​ម៉ោងលោក​ ឃឹម ប៉ុន​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា​ ឱ្យនៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្នក៏ប៉ុន្តែ​លោកចៅក្រម​បាន​បង្វិល​សំណុំ​រឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ពិនិត្យ​សំណុំ​រឿង​នេះ​ឡើង​វិញ។​



ការ​សម្រេច​នេះ​បាន​បង្ក​ឱ្យមាន​ការ​រិះ​គន់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា​អ្នក​ស្រី​យ៉ោម បុប្ផា​មិន​ទាន់​បាន​ទទួល​សិទ្ធិ​សេរីភាព​ពេញ​លេញ​ទេ​ ដោយ​រង់​ចាំ​លទ្ធផល​ពី​សាលា​ឧទ្ធរណ៍​បន្ត​ទៀត។​

អ្នក​ស្រី​យ៉ោម បុប្ផា​ សកម្មជន​តវ៉ា​ដី​ធ្លី​នៅ​តំបន់​បឹងកក់​អាយុ​៣០​ឆ្នាំ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​បាន​ស្តាប់​ការ​ប្រកាស​សាលក្រម​ថា​អ្នក​ស្រី​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ​ទេ។​

អ្នក​ស្រី​និយាយ​ថា ​អ្នក​ស្រី​នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ​ដោយ​សារ​តែ​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្ត។​

អ្នក​ស្រី​និយាយ​ថា៖ «ទោះ​បី​ជា​មាន​ការ​ដោះ​លែង​ខ្ញុំ​មែន​តែ​ខ្ញុំ​នៅ​តែមិន​ពេញ​ចិត្ត​និង​សាល​ដីកា​នេះ​ពី​ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ។​ ខ្ញុំ​នៅ​តែ​អះអាង​ថា​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត។ ​ហេតុ​អ្វី​បាន​ជា​ត្រូវ​ដោះ​លែង​បណ្តោះ​អាសន្ន? ​អញ្ចឹង​ខ្ញុំ​ខ្លាច​ដូច​រឿង​ប៊ន​ សំណាង​និង​សុខ​ សំអឿន​ អញ្ចឹង​ដោះ​លែង​ហើយ​អាច​ចាប់​មក​វិញ​ទៀត»។​

អ្នក​ស្រី​យ៉ោម​ បុប្ផា​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ជាមួយ​និង​ស្វាមី​របស់​អ្នក​ស្រី​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​អ្នក​រត់​ម៉ូតូឌុប​ចំនួន​ពីរ​នាក់​និង​បង្គាប់​ឱ្យ​សង​សំណង​ជា​ប្រាក់​ប្រមាណ​៦០​លាន​រៀល។​

លោក​ លួស សាខន​ស្វាមី​អ្នក​ស្រី​យ៉ោម បុប្ផា​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ដូច​គ្នា​ផង​ដែរ​តែ​ទោស​ទាំង​ប៉ុន្មាន​ត្រូវ​ព្យួរ។​

សាលា​ឧទ្ធរណ៍​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​បាន​ប្តូរ​បទចោទ​អ្នក​ស្រី​យ៉ោម បុប្ផា​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មក​បទ​ផ្តើម​គំនិត​ឱ្យប្រព្រឹត្ត​អំពើ​ហិង្សា​វិញ​និង​បាន​កែ​ប្រែ​ទោស​ជាប់​ពន្ធនាគារ​ពី​បី​ឆ្នាំ​មក​នៅ​ត្រឹម​២​ឆ្នាំ​វិញ។​

នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​កំពូល​ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​យក​រំលោភ​ដី​ធ្លី​ពី​តំបន់​បឹងកក់​ បូរីកីឡា​ និង​សហគមន៍​ថ្មគោល​ជាច្រើន​រាប់​រយនាក់​ ព្រម​ទាំង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជាក្រោម​ជា​ច្រើន​អង្គ​បាន​និមន្ត​មក​តវ៉ា​ឱ្យដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា។​

ក្រុម​អ្នក​តវ៉ា​បាន​កាន់​ផ្កា​ឈូក​ បាន​លាប​មុខ​ម្ខាង​ពណ៌ស​និង​មួយ​ចំហៀង​ទៀត​លាប​ ពណ៌​ខ្មៅ​ ព្រម​ទាំងមាន​បូរណ៌​ចង​នៅ​លើ​ក្បាល​ទាមទារ​ឱ្យដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា។​

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​អបអរសារទរ​នៅ​ពេល​ដែល​សកម្ម​ជន​ដីធ្លី​របស់​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ត។​

«ជយោ!​ យុត្តិធម៌...!»​

អ្នក​ស្រី​ទេព វន្នី​ ជ័យ​លាភី​ស្រ្តី​ជាអ្នក​ក្លាហាន​និង​ជាតំណាង​អ្នក​ភូមិ​បឹងកក់​និង​បានលាប​មុខ​មួយចំហៀង​ពណ៌​ស​និង​មួយ​ចំហៀង​ទៀត​ពណ៌​ខ្មៅ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័តមាន​ថា​អ្នក​ស្រី​គ្មាន​ទំនុក​ចិត្តទេ​នៅ​ពេល​ដែល​តុលាការ​កំពូល​បាន​បង្វិល​សំណុំ​រឿង​ទៅ​សាលា​ឧទ្ធរណ៍។​

អ្នក​ស្រី​នៅ​តែ​បារម្ភ​ថា​អ្នក​ស្រី​យ៉ោម បុប្ផា​នឹង​មិន​ត្រូវ​ដោះ​លែង​ទេនៅ​ពេល​ជំនុំ​ជម្រះ​សារ​ជាថ្មី​នៅ​សាលាឧទ្ធរណ៍។​

អ្នក​ស្រី​និយាយ​ថា៖«​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពេល​នេះ​ខ្ញុំ​ចង់​ឱ្យកាត់​ជំនុំ​ជម្រះ​ក្តី​អ្នក​ស្រី​យ៉ោម បុប្ផា​ថ្ងៃ​នេះ​ឱ្យចប់​តែ​ម្តង​ដោយ​មិន​បាច់​ឱ្យ​មាន​កាត់បន្ត​នៅ​តុលាការ​ឧទ្ធរណ៍​ឬមួយ​ក៏នៅ​ក្រៅ​ឃុំ។ ​សូម​ឱ្យគាត់​មាន​សេរីភាព​១០០%​និង​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ»។​

មាន​ជន​រងគ្រោះ​ពីរ​នាក់​គឺ​វ៉ាត់​ ថៃសេង​និង​ ង៉ែត ចិត្ត​បាន​រងរបួស​ក្នុង​អំពើ​ហិង្សា​មួយ​កាល​ពី​ទី​៧​ខែ​សីហា​ឆ្នាំ​២០១២​នៅ​តំបន់​បឹងកក់។​

ង៉ែត ចិត្ត​អាយុ​៣១​ឆ្នាំ​ជន​រងគ្រោះ​មួយ​រូប​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​ពីរ​រូប​បាន​បញ្ជាក់​ថា​ លោក​មិន​ជំទាស់​និង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ទេតែ​លោក​នៅ​តែទាមទារ​ឱ្យមាន​សំណង​ជំងឺចិត្ត​ខ្លះ​ដើម្បី​ទៅ​ព្យាបាល​មុខ​របួស។​

លោក​និយាយ​ថា៖​ «ចង់​ទាម​ទារ​សំណង​បន្តិច​បន្តួច​សម្រាប់​មើល​ខ្លួន​ ចិញ្ចឹមជីវិត។ ​ខ្ញុំ​ស្រេច​តែ​ខាង​តុលាការ​គាត់​សម្រេច​ចិត្ត»។​

លោក​ យ៉េង វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​បញ្ជាក់​ថា​នេះ​ជា​លទ្ធផល​មួយ​ដែល​យើង​អាច​ទទួល​យក​បាន​បើទោះបី​ជាមិន​បាន​យុត្តិ​ធម៌​ដាច់ខាតក៏ដោយ។​

លោក​និយាយ​ថា៖ «លទ្ធផល​នេះ​វាជា​លទ្ធផល​ល្អ​បំផុត​សម្រាប់​កូន​របស់​បុប្ផា​ សម្រាប់​បុប្ផា​ខ្លួន​ឯង​ សម្រាប់​គ្រួសារ​គេ​ សម្រាប់​សហគមន៍​គាត់​ហើយ​នឹង​ពួក​យើង​ដែល​ចូល​រួម​ឈឺឆ្អាល​ទៅ​លើ​អំពើ​អយុត្តិធម៌​ដែល​កើតមាន​ចំពោះ​គាត់»។​

អ្នក​ស្រី​យ៉ោម បុប្ផា​នៅ​រសៀល​ថ្ងៃ​សុក្រ​ដដែល​នេះ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ PJ ​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​យើង​ក្រោម​ការ​ស្វាគមន៍​ពី​ក្រុម​គ្រួសារ​និង​សហគមន៍​រងគ្រោះ​ដី​ធ្លី​ជាច្រើន​រយ​នាក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG