ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូ​កម្ពុជា​នឹង​ទៅ​ពិនិត្យ​ទំនប់​វារី​អគិ្គសនី​សាយ៉ាបូរី​ក្នុង​ប្រទេស​ឡាវ


ទំ​បន់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រទេស​ឡាវ
ទំ​បន់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រទេស​ឡាវ

កម្ពុជា និងវៀតណាម​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​មាន​កម្លាំង១.២៨៥មេ​ហ្គា​វ៉ា​ត់​នេះ នៅលើ​ខ្សែទឹក​ទន្លេមេគង្គ​លើ​បើ​សិន​ជា​គ្មាន​ការ​សិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​ជាមុន​នោះ​ទេ។

ភ្នំពេញ៖ គណៈប្រតិភូរ​ជាន់​ខ្ពស់​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ត្រួតពិនិត្យ​ទំ​បន់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ​សម្រាប់​រយៈពេល​បី​ថ្ងៃ ដើម្បី​សង្កេត​ដោយ​ផ្ទាល់​អំពី​ដំណើរ​ការ​សាងសង់​ទំនប់​នេះ។
កម្ពុជា និងវៀតណាម​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​មាន​កម្លាំង១.២៨៥មេ​ហ្គា​វ៉ា​ត់​នេះ នៅលើ​ខ្សែទឹក​ទន្លេមេគង្គ​លើ​បើ​សិន​ជា​គ្មាន​ការ​សិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​ជាមុន​នោះ​ទេ។
លោក ស៊ិន លីនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ដែលមាន​សមាជិក​ចំនួនប្រាំបី​រូប​នៅ​ក្នុង​នោះ​មាន​សមាជិក​ម្នាក់​មក​ពី​អង្គការ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​NGOs Forum ដើម្បី​ធ្វើការ​តាមដាន​ការ​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​នេះ។
លោក ស៊ិន លី​នី បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​ប្រទេស​ឡាវ​កំពុង​សាង់សង់​ទំនប់​វារីអគ្គិសនី​នេះ​ដែល​ផ្ទុយ​ទៅ​នឹង​ការ​សន្យា និង​ការប្រកាស​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ប្រទេស​ឡាវ​ថា ខ្លួន​នឹងមិន​ធ្វើការ​សាង់សង់​នៅពេលដែល​កម្ពុជា និង​វៀតណាម​មិនទាន់​យល់ព្រម​នោះ​ទេ។
«ឡាវ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា មិន​ចាប់ផ្តើម​ធ្វើការ​សាងសង់​ទេ នៅ​ពេល​ណា​ដែល​មិន​ទាន់​បាន​ការ​ឯកភាព​គ្នា​ប្រទេស​ជា​សមាជិក​នៅក្នុង MRC។ វា​ជា​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​របស់​ឡាវ ប៉ុន្តែ​ព័ត៌មាន​ជាច្រើន​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​ថា ឡាវ​ចាប់​ផ្តើម​ធ្វើការ​សាង​សង់​ហើយ។ យើង​គ្រាន់តែ​ចង់​ឃើញ​ជាក់​ស្តែង វា​យ៉ាង​ម៉េច»។
កាលពី​ខែសីហា ក្រុមហ៊ុន ឆ​កាន​ឆាង របស់​ប្រទេស​ថៃ​ដែល​ធ្វើការ​វិនិយោគ​លើ​ការ​សាង​ស់ង​ទំនប់​វារី​អគ្គិសនី​សា​យ៉ា​បូរី​ដែល​មាន​តម្លៃ​៣.៥០០​លាន​ដុល្លារ​អាមេរិក​នេះ​បាន​ប្រកាស​ថា ក្រុមហ៊ុន កំពុង​តែ​ដំណើរការ​សាងសង់​ហើយ​នៅ​ខែ​ដដែល​នោះ​មន្ត្រី​នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​នៅ​ឡាវ​ក៏​បាន​អះ​អាង​ដូច​គ្នា​នេះ​ដែរ។
ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ ដោយ​បាន​លើក​ឡើង​ពី​ផលប៉ះពាល់​របប​ទឹក ការ​បម្លាស់​ទី​របស់​ត្រី ការ​បាត់​បង់​ទិន្នផល និង​ពូជ​ត្រី រួម​ទាំង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​មាន​ទំនប់​វារីអគ្គិសនី និង​តំបន់​ទន្លេមេគង្គ​ក្រោម​ដូចជា​ប្រទេស​វៀតណាម និង​កម្ពុជា​ជាដើម។
លោកស្រី ជា ផល្លី​កា អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​សហគមន៍ និង​ទំនប់​វារីអគ្គិសនី​របស់​អង្គការ GNOs Forum មាន​ប្រសាសន៍​ថា​ប្រជា​ពលរដ្ឋ​កម្ពុ​ជាជាង​មួយ​លាន​នាក់ នៅតាម​បណ្តោយ​ទន្លេមេគង្គ និង​នៅតាម​តំបន់​បឹង​ទន្លេសាប នឹង​ទទួលរង​ផលប៉ះពាល់​ពី​ការសាងសង់​ទំនប់​សាយ៉ាបូរី​នេះ។
«តាម​ទន្លេសាប​យើង​នេះ​គឺ​ច្រើន​ជាង​មួយ​លាន​នាក់​ហើយ ដែល​គាត់​ពឹង​ផ្អែក​លើ​ធនធាន​ជលផល។ រឿង​ហ្នឹង​គឺ​វា​អាច​ប៉ះពាល់​ដល់​ប្រជាជន​ដែល​នៅតាម​ដង​ទន្លេសាប ហើយ​នៅលើ​ទន្លេមេគង្គ។ ទន្លេ​មេគង្គ​ប៉ុន្មាន​ខេត្ត​ដែល គឺ​គាត​ត់​អាច​ប៉ះពាល់​ដែរ»។
គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនៈកិច្ច​នៅ​ពេល​នេះ​បន្ទាប់ពី​មានការ​លើក​ទឹក​ចិត្ត​ពី​នាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ នៅក្នុង​ពេលដែល​លោក​ចូល​សម្តែង​មរណៈទុក្ខ​ចំពោះ​ព្រះ​បរមសព​នៃ​សម្តេចឪ​នរោត្តម​សីហនុ​កាលពី​សប្តាហ៍​មុន។ នេះ​បើ​យោងទៅតាម​លោក ស៊ិន លី​នី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា៕
XS
SM
MD
LG