ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ហៅ​ប្រតិកម្ម​របស់​អាមេរិក​ទាក់ទង​នឹង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថា​ជា​«ប្រតិកម្ម​មិន​សម​ហេតុផល»


រូប​ឯកសារ៖ ទិដ្ឋភាព​ខាងក្រៅ​ក្រសួងការទេស​ និងកិច្ចសហប្រត្តិបត្តិការ​អន្តរជាតិ។ (នូវ ពៅលក្ខិណា/VOA)

សេចក្ដី​ថ្លែងការណ៍​៧​ចំណុច​របស់​ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​ហើយ​នេះ មិន​បាន​គំរាមកំហែង​ដល់​ប្រព័ន្ធ​នយោបាយ​ពហុបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ​ទេ។

ក្រសួងការបរទេស​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្ដែង​ការ ​«ខក​ចិត្ត​យ៉ាង​ខ្លាំង»​ ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិកទាក់ទង​នឹង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​កម្ពុជា ដោយ​បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​នេះ​ថា​ជា«ប្រតិកម្ម​មិន​សម​ហេតុផល»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

សេចក្ដី​ថ្លែងការណ៍​៧​ចំណុច​របស់​ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា ប្រទេស​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ ដោយ​ផ្អែក​លើ​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

(ខាងក្រោមនេះ​គឺជា សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និងកិច្ចសហប្រតិបតិ្តការ​អន្តរជាតិ)

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​ហើយ​នេះ មិន​បាន​គំរាមកំហែង​ដល់​ប្រព័ន្ធ​នយោបាយ​ពហុបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ​ទេ។

​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ ធ្វើ​ឡើង​ ពីរ​ថ្ងៃ​ក្រោយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​សម្ដែង«ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង»​របស់​ខ្លួន ចំពោះ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​កម្ពុជា ដែល​ត្រូវ​បាន​រដ្ឋសភា​កម្ពុជា អនុម័ត​នៅ​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ដដែល​នោះ។

សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​នេះ បញ្ជាក់​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មាន​ការ​ពិគ្រោះ​ឬ​ពិភាក្សា​គ្នា​ជា​សាធារណៈ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ថា វិសោធនកម្ម​នេះ «បាន​ផ្ដល់​អំណាច​យ៉ាង​ធំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​បញ្ចេញ​មតិ និង​សកម្មភាព​ស្របច្បាប់​នានា​របស់​គណបក្ស​នយោបាយ» ហើយ​នឹង​កំណត់​លក្ខខណ្ឌ​មិន​ច្បាស់លាស់ ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​នយោបាយ​តែ​ម្ដង។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​និង​សមាជិក​គណបក្ស​របស់​លោក តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ បាន​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ថា​មាន​គោលដៅ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG