ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ធំៗ​ទាំងពីរ មិន​ទាន់​បាន​ទម្លុះទម្លាយ​សំណុំ​រឿង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប


រូបឯកសារ៖ លោក នី សុខា (ឆ្វេង) លោក ណៃ វង់ដា (កណ្ដាល) និង​លោក យី សុខសាន្ត (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

រូបឯកសារ៖ លោក នី សុខា (ឆ្វេង) លោក ណៃ វង់ដា (កណ្ដាល) និង​លោក យី សុខសាន្ត (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ VOA ​ថា​ ក្រុម​មន្ត្រី​នៃ​​គណបក្ស​ប្រឆាំង​បាន​ព្យាយាម​ទាក់​ទង​ទៅ​ក្រុម​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​ ដើម្បី​ឲ្យ​មាន​ការ​ជួប​ជជែក​គ្នា​ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប។

ក្រុម​មន្ត្រី​គណបក្ស​ធំៗ​ទាំង​ពីរ​អះអាង​ថា បក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​បាន​នូវ​ជំនួប​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយនយោបាយ​សម្រាប់​បើក​ផ្លូវ​ឲ្យ​មាន​ការ​លើក​លែង​ទោស​មន្ត្រី​សិទ្ធិ​មនុស្ស​និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ទេ​ ដោយ​ពួកគេ​លើកឡើង​ពី​ហេតុផល​ផ្សេងៗ​ពី​គ្នា។ ​

​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​៤​នាក់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ដែល​រួម​មាន​លោក នី សុខា លោក យី សុខ​សាន​ ​លោក​ ណៃ​ វ៉ង់​ដា​ ​និង​ អ្នក​ស្រី លឹម មុនី​ ព្រមទាំង លោក នី​ ចរិយា​ ​អគ្គលេខាធិការ​រង​នៃ​គ.ជ.ប ​ដែល​ជា​អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​លេច​ធ្លោ​ម្នាក់​នៃ​សមាគម​អាដហុក​នេះ​ដែរ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ក្រោយ​ពី​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ចោទប្រកាន់ពួក​គេ​ពី​បទសូក​ប៉ាន់​សាក្សី​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៦​មក​ ពាក់ព័ន្ធ​នឹងរឿង​អាស្រូវ​ផ្លូវ​ភេទ​លោក​កឹម សុខា។

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ VOA ​ថា​ ក្រុម​មន្ត្រី​នៃគណបក្ស​ប្រឆាំង​បាន​ព្យាយាម​ទាក់​ទង​ទៅ​ក្រុម​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​ ដើម្បី​ឲ្យ​មាន​ការ​ជួប​ជជែក​គ្នា​ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប។

តែ​ទោះ​ជា​យ៉ាង​ណា​ ​លោក​ថា គណបក្ស​ប្រឆាំង​នឹង​ខិត​ខំស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​បំបែក​សំណុំ​រឿង​នេះ។

«បាទ​អា​ហ្នឹង​គឺ​ត្រូវតែរក​ដំណោះ​ស្រាយ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​សេរី​ និង​យុត្តិធម៌»។​

លោក សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ប្រាប់​VOA​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ជួប​សន្ទនា​គ្នា​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ មិន​ទាន់​អាច​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ឡើយ​ ដោយសារ​តុលាការមិន​ទាន់​បាន​បញ្ចប់​នីតិ​វិធី​កាត់​ទោស​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​រូប​នេះ។​

​លោក​សុខ ឥសាន បន្ត​ថា​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ អាច​នឹង​ធ្វើ​ការ​ពិចារណា​អំពី​ការ​ស្នើ​សុំព្រះ​រាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ ដូច​ករណី​លោក​ កឹម សុខា​ ដែល​ត្រូវ​បាន​ប្រោស​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ពី​មហាក្សត្រ បន្ទាប់​ពី​តុលាការ​បាន​បញ្ចប់​នីតិវិធី​ក្នុង​សំណុំ​រឿង​របស់​លោក។ ​

«កាល​ណា​ធ្វើ​ យើង​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់។ ដូច​ឯកឧត្តម កឹម សុខា​ គាត់​អត់​មាន​ប្ដឹង​ឧទ្ធរណ៍​ទេ។​ អញ្ចឹង​វា​ចប់​នីតិវិធី​របស់​តុលាការ​ហើយ។​ អញ្ចឹង​បាន​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ លោក​មាន​សិទ្ធិ​ដើម្បី​នឹង​ស្នើ​សុំ​ប្រោស​ព្រះរាជ​ទាន​ទោស​ពី​ព្រះ​ករុណា​បាន។​ ចុះ​ឥឡូវ​ អស់​លោក​ប៉ុន្មាន​នាក់​ហ្នឹង​ គាត់​ប្ដឹង​ឧទ្ធរណ៍​ទៅដល់​សាលា​កំពូល​ទៀត​ទៅ​ហើយ។​ អញ្ចឹង​ទេ​ វា​ទុកឲ្យ​តុលាការគេ​បញ្ចប់​ឲ្យ​ស្រួល​បួល​សិន​ អា​ហ្នឹង​វា​អាច​នឹង​មានការ​ពិនិត្យ​បាទ»។​ ​

ការ​ចាប់ខ្លួន​ក្រុម​មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​និង​មន្ត្រី​ គ.ជ.ប​ កើត​មាន​ឡើង ​ក្រោយ​ពី​ពួក​គេ​បានផ្ដល់​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ដល់​នារី​កាត់​សក់​ម្នាក់​ ដែល​ត្រូវ​គេ​ចោទ​ថា​ ​មាន​ទំនាក់​ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម​ សុខា​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ​កាលពី​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក​ កឹម​ សុខា​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥ខែ​ និង​ពិន័យ​ជា​ប្រាក់​៨០ម៉ឺន​រៀល​ ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ ពាក់ព័ន្ធ​នឹង​បទ​សញ្ចរកម្ម ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​ដែល​គេ​ចោទ​ប្រកាន់​ ជាមួយ​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​នាង ខុម ចាន់​តារ៉ាទី ហៅ​ស្រី​មុំ។​

ក្រោយពី​ការ​ផ្ដន្ទាទោស​នេះ​ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹម សុខា​ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​ បាន​សម្រេច​មិន​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍។​

លោក​ កឹម សុខា​ ក៏បាន​សរសេរ​លិខិត​មួយស្នើ​ឲ្យ​លោក​ ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជួយស្នើព្រះមហាក្សត្រ​ ឲ្យ​ប្រោស​ព្រះរាជទាន​លើក​លែង​ទោ​ស​រូប​លោក។​

លោក​ កឹម សុខា​ ទទួល​បានព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្ដេច​ នរោត្តម សីហមុនី​ កាលពី​ថ្ងៃ​ទី២ ខែ​ធ្នូ​ ឆ្នាំ​២០១៦។

បន្ទាប់​ពី​ប្រធាន​ស្តី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​នោះ​ លោក​មេ​ឃុំ​ ស៊ាង​ ចែត មក​ពី​គណបក្ស​ប្រឆាំង​ ​ដែល​ត្រូវ​បាន​តុលាការកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​ពី​បទ​សូក​ប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ក៏​ត្រូវ​បាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ផង​ដែរ។​ ​

លោក​ កឹម​ សុខា​ ក៏​បាន​វិល​ចូល​សភា​វិញ​នៅ​ក្នុង​ខែ​ធ្នូ​ដដែល​នោះ​ ហើយ​បាន​ជួប​ពិភាក្សា​ជា​លក្ខណៈ​ឯក​ជន​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ លោកស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​

លោក​ ស​ ខេង​ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ក្រុម​អ្នក​នយោបាយនៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​ នឹង​ពិនិត្យ​លើ​លទ្ធ​ភាព​ជួប​ជជែក​គ្នា​ លើ​ករណីមន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី​គ.ជ.ប។​

លោក​ ស ខេង​ បាន​ថ្លែងនៅ​ពេល​នោះ​យ៉ាង​ដូច្នេះ​ថា៖

«បើ​តាម​ខ្ញុំ​ដឹង​ មុន​ដំណាច់​ខែ​១២ [ឆ្នាំ​២០១៦]​នេះ​ ​នឹង​មាន​ការ​ដោះ​ស្រាយ​ករណី​មន្ត្រី​សិទ្ធិមនុស្ស​ សិទ្ធិមនុស្ស​ ហើយ​និង​ អគ្គលេខាធិការ​រង​គ.ជ.ប»។​

ក៏​ប៉ុន្តែ​ រហូត​មក​ដល់​ដើមខែ​មករា​នេះ​ ជំនួប​នេះ​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ឡើយ។​

ការ​ខកខាន​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ជួប​ជជែក​គ្នា​រវាង​ក្រុម​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ បាន​កើត​ឡើង​ នៅ​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ ​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួននៅ​ក្រៅ​ប្រទេស បាន​ធ្វើការ​អធិប្បាយ​ជា​បន្តបន្ទាប់​តាម​បណ្ដាញ​សារព័ត៌មាន​ ​និង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ព្យាករណ៍​ពី​ការ​ឈ្នះ​ឆ្នោត​របស់​គណបក្សប្រឆាំង​ និង​រិះគន់​ធ្ងន់ៗ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។​

អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ធំៗ​ទាំងពីរ​ មិន​ធ្វើ​ការ​អធិប្បាយ​លើ​ការ​ថ្លែង​របស់​លោក​ សម​ ​រង្ស៊ី​នោះឡើយ។

​លោក​ សំ ចន្ទគា​ អ្នកនាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ ថ្លែង​ថា​ គណបក្ស​កាន់​អំណាច​ នឹង​មិនទុក​ឲ្យ​រឿង​ក្តីក្តាំ​របស់​មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការ​ពារ​សិទ្ធិ​នេះ​ អូស​បន្លាយ​ពេល​បន្ត​ទៀត​នោះ​ទេ​ ដោយ​លោក​ថា ករណី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ខាត​បង់​ផល​ចំណេញ​ខាង​នយោបាយ។​

«ខាង​គណបក្ស​កាន់​អំណាច​ លោក​នឹង​គិតគូរហើយ​ពីព្រោះ​រឿង​នេះ​ កាលណា​គាត់​ទុក​បន្ត​ទៀត​ ក៏​វា​អត់​ចំណេញ​អី​ដល់​គណបក្ស​កាន់​អំណាច​ដែរ​ វា​មាន​តែ​ខាត​ទេ។ ដូច្នេះ​ ហើយ​ លោក​នឹង​ជា​ការ​ដោះ​លែង​ ឬមួយ​លោក​នឹង​ជំរុញ​ឲ្យ​តុលាការ​ ឆាប់​ពន្លឿន​នីតិវិធី​នេះ​ ជា​មិន​ខាន​ទេ»។

អ្នក​វិភាគ​នយោបាយ​កម្ពុជា​ បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​មក​ថា​ ការ​អត្ថាធិប្បាយ​របស់​លោក​ សម រង្ស៊ី​ អំពី​ជ័យជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​ អាច​ជា​កត្តា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ចរចា​ខាង​នយោបាយ​ សម្រាប់​បំបែក​សំណុំរឿង​នានា​ដែល​នៅ​សេសសល់​ រួមមាន​មន្ត្រី​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​ជាង​១០​រូប​និង​អ្នកស្រី ​ទេព​ វន្នី​ អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ៕

XS
SM
MD
LG