\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វីដេអូ​ឃ្លីប​បង្ហាញ​មន្ត្រី​នគរបាល​ព្រំដែន​ដែល​រង​ការ​រិះគន់ ដើរ​​ចេញ​ពី​ផ្ទះ​សំណាក់​មួយ​នៅ​ប្រទេស​ថៃ


លោក ឈាន ពិសិដ្ឋ ​មន្ត្រី​ប៉ូលិស​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នក​វិភាគ​ ក្រោយពី​វីដេអូ​ឃ្លីប​ចំនួន​បី​ដែលត្រូវ​បាន​គេ​ចែក​រំលែក​ បង្ហាញ​ថា​ មន្ត្រី​ប៉ូលិស​ព្រំដែន​រូប​នេះ​ បាន​ចាក​ចេញ​ពី​ផ្ទះ​សំណាក់​មួយ​ក្នុង​ប្រទេស​ថៃ​។

មន្ត្រី​ប៉ូលិស​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​មួយ​រូប​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នក​វិភាគ​ ក្រោយពី​វីដេអូ​ឃ្លីប​ចំនួន​បី​ដែលត្រូវ​បាន​គេ​ចែក​រំលែក​ បង្ហាញ​ថា​ មន្ត្រី​ប៉ូលិស​ព្រំដែន​រូប​នេះ​ បាន​ចាក​ចេញ​ពី​ផ្ទះ​សំណាក់​មួយ​ក្នុង​ប្រទេស​ថៃ​ មុន​ពេល​ក្រសួង​មហា​ផ្ទៃ​ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ​មន្ត្រី​ប៉ូលិស​រូប​នោះ​ មាន​របួស​ធ្ងន់ធ្ងរ​ ដោយ​សារ​រថយន្ត​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​ប្រធាន​សមាគម​មួយ​រូប​បុក​កាល​ពីសប្ដាហ៍​មុន។​

​កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​ ធ្នូ​ លោក​វរ​សេនីយ៍​ត្រី ឈាន​ ពិសិដ្ឋ​ នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ ត្រូវ​គេ​មើល​ឃើញ​ថា​ បានរារាំង​រថយន្ត​របស់​ប្រធាន​សមាគម​មួយ​រូប​ ​មិន​ឲ្យធ្វើ​ដំណើរ​ទៅមុខ​ បន្ទាប់​ពី​មាន​ការ​ប៉ះ​សម្ដី​គ្នា​ ​ពាក់​ព័ន្ធ​នឹង​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់។​

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​បាន​ឃើញ​លោក​ ឈាន ពិសិដ្ឋ រារាំង​រថយន្ត​របស់​លោក​ ឌិន​ ពុទ្ធី​ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ​បាន​ថតវីដេអូ​ជា​ឃ្លីប​ខ្លីៗ​ ដែល​បង្ហាញ​ថា​ លោក​ ឈាន​ ពិសិដ្ឋ​ បាន​ធ្វើ​ជា​ដួល​ដោយ​ខ្លួនឯង​ នៅ​មុខ​រថយន្ត​ របស់​លោក​ ឌិន​ ពុទ្ធី។​ ​

ក្រោយពេល​លោក ឈាន​ ពិសិដ្ឋ ដួល​ពី​មុខ​ឡាន​ លោក ឌិន ពុទ្ធី​ នៅ​លើ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ថៃ​ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​រួច​មក​នោះ​ ក្រុមមន្ត្រី​មាន​សមត្ថ​កិច្ច​ បាន​ឃាត់ខ្លួន​ប្រធាន​សមាគម​រូប​នេះ។

បន្ទាប់​មក ព្រះ​រាជអាជ្ញា​សាលាដំបូង​ខេត្តបន្ទាយ​មាន​ជ័យ​ បាន​ចោទ​ប្រកាន់​លោក ឌិន​ ពុទ្ធី ពី​បទ​ហិង្សា​ដោយ​ចេតនា មុន​ពេល​រូប​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ។

បន្ទាប់ពី​លោក​ ឌិន​ ពុទ្ធី​ ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​រាជអាជ្ញា​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រសួង​មហាផ្ទៃ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បញ្ជាក់​ថា​ លោក​ ឌិន​ ពុទ្ធី ពិតជា​បាន​បុក​លោក​ ឈាន​ ពិសិដ្ឋ​ ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់បាត់​ស្មារតី​ ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ខេត្ត​ស្រះ​កែវ​ ​ប្រទេស​ថៃ។

​ក៏ប៉ុន្តែ​ វីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម ​ហ្វេសប៊ុក​ បង្ហាញ​ថា លោក ​ឈាន​ ពិសិដ្ឋ​ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​ធ្នូ បាន​ដើរ​ចាក​ចេញ​ពី​ផ្ទះសំណាក់​មួយ​នៅ​ក្នុង​ប្រទេស​ថៃ ​ដោយ​មើល​ទៅ​ហាក់​ដូច​ជា​មិន​មាន​របួស​ធ្ងន់ធ្ងរ​ និងមាន​នារី​ម្នាក់​ដើរ​អម​ជា​មួយ​លោក​ផង​ដែរ។​

​លោក​ ស៊ុំ ចន្ទគា​ មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ដោយ​យោង​ទៅ​តាម​ វីដេអូ​ឃ្លីប​ទាំង​បី ​ដែល​ត្រូវ​បាន​ចែក​រំលែក​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះថា​ លោក​ ឈាន​ ​ពិសិដ្ឋ​ មើល​ទៅ​មិន​សម​ជា​អ្នក​មាន​របួស​ធ្ងន់​ ដោយសារ​មន្ត្រី​ប៉ូលិស​ព្រំដែនរូប​នេះ​ បាន​ដើរ​ចេញពី​ផ្ទះ​សំណាក់​ក្នុង​សភាព​ធម្មតា​ និង​ក្នុង​ក្ដី​រីក​រាយ។​ ​

«បាទ​ថ្ងៃ​ ២៧​ នេះ​ យើង​ឃើញ​មាន​វីដេអូ​ឃ្លីប​លោក​ ​ឈាន​ ពិសិដ្ឋ​ ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ បែរ​ទៅ​ជា​ឃើញ​នាំ​គ្នា​ដើរ​លេង​ ហាក់​ដូចជា​គ្មាន​ទុក្ខ​ព្រួយ​អី​បន្តិច​សោះ​ ហើយ​គួរ​តែ​អាសូរ​អាណិត​ ដល់​លោក​ ឌិន​ ពុទ្ធី​ ​វិញត្រូវ​បាន​តុលាការ​ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ដាក់​ពន្ធនាគារ​ទៅវិញ​បាទ»។​

នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​គេ​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​ ឈាន​ ​ពិសិដ្ឋ​ ត្រូវ​បានគេ​ឃើញ​ដើរ​ និង​មាន​កាយវិការ​លេងសើច​ជាមួយ​នារី​ម្នាក់​ នៅ​ពេល​លោក​ដើរ​ចេញ​ពី​ផ្ទះ​សំណាក់។​

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ ការ​អភិវឌ្ឍន៍​សង្គម និយាយ​ថា​ប្រសិន​បើ​រូបភាព​នោះ​ ជា​រូប​ភាព​ពិត​មែន​នោះ​ វា​ជា​ការ​បង្ហាញ​គំរូ​អាក្រក់​ដល់​ប្រជារាស្ត្រ​ខ្មែរ​ និង​ជា​ការ​អាម៉ាស់​ដល់​រដ្ឋាភិបាល​កម្ពុជា។​ ​

«បាទ​អានេះ​ បើ​សិន​ជា​រូប​ហ្នឹង​ រូបភាព​មួយ​ហ្នឹង​វា​ជា​រូប​ពិត​មួយ​ អា​ហ្នឹង​បង្ហាញ​ពី​គំរូអាក្រក់​ មហា​អាក្រក់​ ហើយ​ថោក​ទាប។ បើ​សិន​ជា​យើង​មើល​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​ថា​សង្គម​បែប​ហ្នឹង​ ខ្ញុំ​គិត​ថា​ ពល​រដ្ឋ​ខ្មែរ​គួរ​តែ​នាំគ្នា​ ពិនិត្យមើល​ ហើយ​ពិចារណា ទៅ​ថា​តើ​ថ្ងៃ​ក្រោយ​ យើង​ចង់​បាន​សង្គម​បែប​ណា​ បែប​ម៉េច​ ដែល​ចេះ​តែ​នាំ​គ្នា​យក​រឿង​ដែល​អយុត្តិធម៌​មក​ប្រើ​អញ្ចឹង»។

VOA មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ទេ​ ដោយ​សារ​លោកជាប់​រវល់​ក្នុង​ការ​ប្រជុំ។​

លោក​ សិទ្ធ​ ​ឡោះ​ ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រាប់​ VOA ថា​ លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ ទាក់​ទិន​ការ​ដើរ​កម្សាន្ត​របស់​លោក​ ឈាន​ ពិសិដ្ឋ​ នៅ​ប្រទេស​ថៃនោះ​ទេ​ ហើយ​ថា​ ករណី​នេះ​ ​បាន​ទៅ​ដល់​ដៃ​តុលាការ​ហួស​ពី​សមត្ថកិច្ច​របស់​ប៉ូលិស​ហើយ។​

«ដំណាក់​កាល​រឿង​នេះ​គឺ​ រឿង​ចំណាត់​ការ​ដល់​ផ្លូវ​តុលាការ​ហើយ​ ខ្ញុំ​ជា​នគរ​បាល​ គឺ​ផុត​ដៃ​ខ្ញុំ​ហើយ​ អញ្ចឹង​បង​បាទ»។​

​កាល​ពី​ម្សិល​មិញ​នេះ​ ក្រុម​គ្រួសារ​លោក​ ឌិន​ ពុទ្ធី​ ដែល​ជា​អនុប្រធាន​ប្រតិបត្តិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ធ្វើបាតុកម្ម​ជាមួយ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប កម្មករ​ ដែល​ជា​សមាជិក​របស់​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ប្រមាណ២០០​នាក់ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ លោក​ ឌិន​ ពុទ្ធី។

នៅ​ពេល​បាតុកម្ម​នោះ​ កម្លាំង​ប៉ូលិស​ បាន​បង្ក្រាប​ និង​ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​ ​ឈ្មោះ​ ឌិន​ វ៉ាន់​ ដែល​ត្រូវ​ជា​បង​ស្រី​របស់ លោក​ ឌិន​ ពុទ្ធី​ និង​ស្ត្រី​អ្នក​តវ៉ា​ ម្នាក់​ទៀត​ឈ្មោះ​ ឃុម ជ្រឿង។​ នេះ​បើ​យោង​ទៅ​តាម​កា​រ​បញ្ជាក់​ពី​អ្នក​ដែល​បាន​ឃើញ​ការ​តវ៉ា​នោះ​ និង ​សមាជិក​របស់​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។​

លោក​ ស៊ីម វណ្ណៈ​ សមាជិក​ សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ ត្រូវ​បាន​ដោះ​លែង​មក​វិញ​ បន្ទាប់​ពី​បាន​ធ្វើ​កិច្ច​សន្យា​ ថា​មិន​ធ្វើ​បាតុកម្ម​ទៅ​ថ្ងៃ​ក្រោយទៀត។​

«គេ​ចរចា​ឲ្យ​ឈប់​ធ្វើ​បាតុកម្ម​ គេ​យក​ពីរ​នាក់​ហ្នឹង​មក​វិញ​ណា៎​បង»។​

តែ​ទោះ​ជា​យ៉ាងណា​ លោក​ សិទ្ធ​ ​ឡោះ​ ស្នងការ​រង​ប៉ូលិស​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រាប់​ VOA ថា​ កម្លាំង​ប៉ូលិស​ ​មិន​បាន​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​នោះ​ឡើយ។​

លោក​អះអាងថា​ កម្លាំង​ប៉ូលិស​ គ្រាន់​តែ​ធ្វើ​ការ​សម្របសម្រួល​សណ្ដាប់​ធ្នាប់​ នៅ​ពេល​អ្នក​តវ៉ា​ប្រមូល​ផ្ដុំ​គ្នា​ប៉ុណ្ណោះ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី២៩​ ខែ​ធ្នូ បាន​ឲ្យដឹង​បន្ថែម​ថា​ ព្រះរាជ​អាជ្ញា​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​ទៅ​លើ​ឈ្មោះ​ ឌិន​ ពុទ្ធី​ ពី​បទ​«ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»​ តាម​បញ្ញត្តិ​មាត្រា​ ២១៨​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ និង​បញ្ជូន​សំណុំរឿង​នោះ​ទៅ​ចៅក្រម​ស៊ើប​សួរ​ ដើម្បី​បន្ត​នីតិវិធី។​

កាល​ពី​សប្ដាហ៍​មុន​ ក្រោយ​ពី​មាន​ការ​ចែករំលែក​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​រូបភាព​ លោក​ ឈាន​ ពិសិដ្ឋ​ ដួល​នៅ​ពី​មុខ​រថយន្ត លោក​ ឌិន​ ពុទ្ធី ក្រុម​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បាន​រិះគន់​ថាលោក​ ឈាន ពិសិដ្ឋ​ បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់។

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏បាន​ចែក​រំលែក​វីដេអូ​ឃ្លីប​នានា​ ដែល​បង្ហាញ​ពី​ការ​ធ្វើ​ត្រាប់​តាម​ លោក​ ឈាន​ ពិសិដ្ឋ។

វីដេអូ​ឃ្លីប​ត្រាប់មួយ​ចំនួន សុទ្ធតែ​បាន​បង្ហាញ​ពី​សកម្មភាព​មនុស្ស​ រត់​មកបុក​ឡាន​ទាំងអស់៕

XS
SM
MD
LG