ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ភូមិ​បឹងកក់​និង​បុរី​កីឡា​ទាម​ទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សា​មក​លើ​ក្រុម​របស់​ខ្លួន


ក្រុម​អ្នក​ភូមិ​បឹងកក់​ ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​កញ្ញា​នេះ ​បាន​តវ៉ា​​ទាមទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សាមួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​មក​លើ​ក្រុម​របស់​ខ្លួន​នៅឯ​រមនីយដ្ឋាន​វត្ត​ភ្នំ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​២២ ​ខែ​កញ្ញា​នេះ។
ក្រុម​អ្នក​ភូមិ​បឹងកក់​ ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​កញ្ញា​នេះ ​បាន​តវ៉ា​​ទាមទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សាមួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​មក​លើ​ក្រុម​របស់​ខ្លួន​នៅឯ​រមនីយដ្ឋាន​វត្ត​ភ្នំ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​២២ ​ខែ​កញ្ញា​នេះ។
ភ្នំពេញ៖ ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​ខឹង​សម្បារ​នឹង​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ក្នុង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​កញ្ញា​នេះ ​បាន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សាមួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​មក​លើ​ក្រុម​របស់​ខ្លួន​នៅឯ​រមនីយដ្ឋាន​វត្ត​ភ្នំ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​២២ ​ខែ​កញ្ញា​កន្លង​ទៅ។

ក្រុម​អ្នក​ភូមិ​អះអាង​ថា ​អាជ្ញាធរ​ខណ្ឌ​នេះ​បាន​បញ្ជា​ឲ្យ​មាន​ការ​បង្រ្កាប​ដោយ​ហិង្សា​ដោយ​ប្រើ​ដំបងឆក់ ​និង​ចំពាម​បាញ់​គ្រាប់​ឃ្លី​ជាដើម​ ដើម្បី​បំបែក​កូដកម្ម​បង្អត់​អាហារ​របស់​ពួក​គេ​នៅ​យប់​នោះ។

ការ​បង្រ្កាប​នោះ​បាន​បណ្តាល​ឲ្យ​រង​របួស​ទាំង​ស្រាល​ ទាំង​ធ្ងន់​ មនុស្ស​ប្រមាណ​១០​នាក់ ដោយ​រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​កាសែត​មួយ​ចំនួន​ផង។​

អ្នកស្រី ​សុង ស្រី​លាភ ​គឺ​ជា​អ្នក​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ម្នាក់​នៃ​ក្រុម​អ្នក​ភូមិ​បឹងកក់។​

«ពួក​ខ្ញុំដើរ​ទៅ​ផ្ទះ​ហើយ​ នៅដាក់​កង​កម្លាំង​ប៉េអឹម​អ.ហ.​ វ៉ៃពួកខ្ញុំ​ ហើយ​ប្រលែង​ពួក​ជន​ស៊ីវិល​ដែល​មាន​បំពង់ទីបដេញវ៉ៃពួក​ខ្ញុំ​ពេញ​ផ្លូវ។ ខ្ញុំមក​នេះ​ធ្វើ​សន្និសីទ​កាសែត​បញ្ជាក់​ពី​ទង្វើ​ព្រៃផ្សៃ​របស់​អភិបាល​ខណ្ឌដូនពេញដែល​គាត់​បញ្ជា​កង​កម្លាំង​ និង​ចូលរួម​ជាមួយ​ពួក​ទាំងនោះ​មកធ្វើ​បាប​ពួកខ្ញុំ។ ​ហើយ​ម៉្យាង​ទៀត​ ពួកខ្ញុំ​មក​ទាមទារ​សម្ភារៈដែល​ពួកគាត់​បាន​បំផ្លាញ​ និង​ដកហូ​តមក​ទីនេះ។​ ពួកខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់​ដែលពួក​គាត់​ជា​ស្ថាប័ន​មួយ​ ឋានៈ​អភិបាល​ខណ្ឌ​ដូនពេញ​ទាំងមូល ​ទៅ​វ៉ៃ​ប្រជា​ពលរដ្ឋ​បឹងកក់​និង​បុរីកីឡា ​ដោយ​គ្រាន់​តែពួក​ខ្ញុំ​អង្គុយ​អត់​អាហារ ​ដើម្បី​ទាមទារ​យុត្តិធម៌​និង​សន្តិភាព​ដើម្បី​សម្មាធិ​តែ​ប៉ុណ្ណោះ»។

អ្នក​ស្រី ​ទេព វន្នី ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ ​គឺ​ជា​អ្នក​ដឹកនាំ​ក្រុម​អ្នក​តវ៉ាទាំង​នេះ។​

​«ពួកខ្ញុំ​ជាប្រជា​ពលរដ្ឋ​រងគ្រោះ​នៃការ​បណ្តេញ​ចេញ​ដោយបង្ខំ​ ហើយ​រងនឹង​ការ​ប៉ុនប៉ង​ធ្វើឃាដ​នេះ នៅ​វត្តភ្នំ​នេះ។​ ​ពួកខ្ញុំសូម​ថ្កោលទោស​បុគ្គល​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើឲ្យ​ពួកខ្ញុំ​រងគ្រោះ​ជាទម្ងន់។​ ឥឡូវនេះ​ជីវិត​របស់លោក​ពូ​ណាមី ​និង​ម្តាយខ្ញុំ​មិន​ទាន់ដឹង​ថា​ យ៉ាងម៉ិច​នៅ​ឡើយ​ទេ»។​

​ហេតុការណ៍​បង្រ្កាប​ដោយ​ហិង្សា​ទៅលើ​ក្រុម​អ្នក​ភូមិ​បឹងកក់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ​ក៏​បាន​បណ្តាល​ឲ្យ​ខូច​ខាត​រថយន្ត​និង​សម្ភារៈ​មួយ​ចំនួន​របស់​បាតុករ​និងអ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ផង​ដែរ។​

លោកវន ពៅ​គឺ​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​អ្នកភូមិ​ក្នុង​ការ​ទាមទារ​យុត្តិ​ធម៌​ និង​សម្ភារៈ​ដែល​បាន​បាត់​បង់​នៅ​យប់​នោះ​ដូច​ជា​រ៉ឺម៉កកង់បី​ ​និង​ម៉ូតូ​ជាដើម។​

លោក​និយាយថា៖ ​«អាជ្ញាធរ​គឺជា​អ្នក​ទទួលខុស​ត្រូវ ​ប៉ុន្តែ​អាជ្ញាធរ​ហាក់​ដូចជា​មិនទាន់​អើពើ​ចំណុចនេះ​នៅ​ឡើយ​ទេ​ បាទ»។​

ពេល​អ្នក​កាសែត​សួរ​ថា តើ​មាន​ភស្តុតាង​អ្វី​ដើម្បី​ដាក់​បន្ទុក​ទៅ​អាជ្ញាធរ​នោះ លោក​វន ពៅ​ឆ្លើយ​ថា៖

«ជាទូទៅ​ ពេលនោះ​មាន​កម្លាំង​ប៉េអឹម ​និង​អ្នក​បង្ក្រាប​ ដែល​សុទ្ធសឹង​ជា​អាជ្ញាធរ។​ អញ្ចឹង​គឺអាជ្ញាធរ​នៅ​ទីនោះ​ជាអ្នក​ទទួល​ខុសត្រូវ​ ការពារ​ប្រជា​ពលរដ្ឋ​ មិនមែន​អាជ្ញាធរ​បណ្តោយឲ្យពួក​ស្ទារ​យក​ចំពាម ​យកគ្រាប់​ឃ្លី​មក​បាញ់​ប្រជា​ពលរដ្ឋ​ យក​ដំបង​ទៅវ៉ៃ​ប្រជា​ពលរដ្ឋ ​ហើយ​យក​ដុំថ្ម​មក​គប់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ សូម្បី​ឡាន​របស់ខ្ញុំ​ក៏ខ្ទេច​នោះ​ទេ។​ អញ្ចឹង​តួនាទី​អាជ្ញាធរ​ជាអ្នក​ទទួល​ខុសត្រូវ។ ​កើត​ហេតុ​កន្លែង​ហ្នឹង​ អត់​ទទួល​ខុស​ត្រូវ​យ៉ាងម៉េច? បើខ្លួន​ឯង​ដើរទន្ទឹម​ជាមួយ​ពួក​ខូច​ហ្នឹងដែរ​ មកវ៉ៃ​បំផ្លាញ​សម្បត្តិ​ប្រជា​ពលរដ្ឋ។ ​រឿង​អី​ថា ​មិន​ទទួលខុស​ត្រូវ? អាជ្ញាធរ​ជាអ្នក​ទទួល​ខុសត្រូវ​រឿង​ហ្នឹង»។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​អាជ្ញាធរ​ខណ្ឌ​អះអាង​ថា​ ខ្លួន​គ្រាន់​តែ​ជា​អ្នក​រៀបចំ​សណ្តាប់​ធ្លាប់និង​ប្រមូល​ទ្រព្យ​សម្បត្តិ​ដែល​ក្រុម​បាតុករ​បាន​ទុកចោល ​ក្រោយ​ពី​ហេតុការណ៍​នោះ​តែ​ប៉ុណ្ណោះ។​

លោក​គឹម វុត្ថា​គឺ​ជា​ប្រធាន​ផ្នែក​សណ្តាប់​ធ្លាប់​របស់​សាលា​ខណ្ឌ​ដូនពេញ ​ដែល​គ្រប់គ្រង​លើ​រមនីយដ្ឋាន​វត្ត​ភ្នំ​នោះ។​

​លោក​និយាយ​ថា៖ «ប្រគល់ជូន​វិញ។ ​សាលាខណ្ឌ​ជាអ្នក​រក្សាទុក​ឲ្យ។​ នេះជា​ទ្រព្យ​សម្បត្តិ​ដែល​បងប្អូន​រត់ចោល»។​

ពេល​អ្នកកាសែត​ប្រាប់​ថា​ ប្រជា​ពលរដ្ឋ​អះអាង​ថា ​គេ​លួច​ទ្រព្យ​សម្បត្តិ​របស់​គាត់​ លោកគឹម វុត្ថា​បានបដិសេធ​ថា៖​ «មិនមែនលួច​ទេ។ ​គាត់ទុក​នៅ​ទីហ្នឹង។ ​ក្រោយ​ពីកើត​ហេតុ​ទៅ​ គាត់​រត់ចោល»។​

អ្នក​កាសែត​សួរ​អំពីបញ្ហា​របួសស្នាក​ លោក​គឹម វុត្ថា​បដិសេធ​ថា​ លោក​មិន​ដឹង​ទេ។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​បាន​ដឹកនាំ​កម្លាំង​មួយ​ក្រុម​មក​ដោះស្រាយ​ជាមួយ​អ្នក​ភូមិ​បឹងកក់​និង​បុរី​កីឡា​នៅ​ទី​នេះ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​ភូមិ​ទាំង​នេះ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ។​

ថ្វីបើ​រង​អំពើ​ហិង្សា​កាល​ពីថ្ងៃ​អាទិត្យ​យ៉ាង​ណា​ក៏​ដោយ ​ក៏​ក្រុម​អ្នក​ភូមិ​ទាំង​នេះ​អះអាង​ថា​ ពួកគេ​នឹង​បន្ត​ការ​ទាមទារ​រក​យុត្តិធម៌​របស់​ពួក​គេ​តទៅ​ទៀត​ ឲ្យ​ខាង​តែ​បាន ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​នេះ៕​
XS
SM
MD
LG