ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅបន្តនៅបឹងកក់ដោយមិនមានការបង្រ្កាបពីអាជ្ញាធរ


ក្រុម​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​សហគមន៍​បឹងកក់ មាន​គ្នា​ ​ប្រមាណ​ជាង​ ១០​ នាក់​ បាន​បើក​«​យុទ្ធនា​ការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​ ម្តងទៀត​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ លោក​ស្រី​ ទេព វន្នី​ ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​​អង្គការ​ Vital Voices ដែល​រងការ​ចោទប្រកាន់​ពីបទ​ «ហិង្សា​ដោយចេតនា»​។ (ហ៊ុល រស្មី/VOA)

ក្រុម​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​សហគមន៍​បឹងកក់ មាន​គ្នា​ ​ប្រមាណ​ជាង​ ១០​ នាក់​ បាន​បើក​«​យុទ្ធនា​ការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​ ម្តងទៀត​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ លោក​ស្រី​ ទេព វន្នី​ ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​​អង្គការ​ Vital Voices ដែល​រងការ​ចោទប្រកាន់​ពីបទ​ «ហិង្សា​ដោយចេតនា»​។ (ហ៊ុល រស្មី/VOA)

ការ​បន្ត​ការ​ធ្វើ​យុទ្ធនាការ​នេះ​បាន​កើត​មាន​ឡើង​​ នៅ​ក្រោយ​ពេល​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​​ចោទ​ប្រកាន់​លោក​ស្រី​ ទេព វន្នី​ពី​បទ​ «ហិង្សា​ដោយ​ចេតនា»​​ និង​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ស្រី​ជា​បណ្តោះ​អាសន្ន​រង់ចាំការ​កាត់​ទោស។​

ក្រុម​ប្រជារាស្រ្ត​ខ្មែរ​ក្នុង​សហគមន៍​បឹងកក់​ ដែល​ប្រឆាំងនឹង​ការ​គាបសង្កត់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ នាព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​បន្ត​ធ្វើ «យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ ដោយ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ដោយសារ​ពួកគេ​ធ្វើ​សកម្ម​ភាព​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​ប្រជារាស្ត្រ​ជា​អ្នក​តវ៉ា​ មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បញ្ឈប់​ការ​ធ្វើ​បាប​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សុំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ បញ្ឈប់​ការ​លាប​ពណ៌​ ដែល​ចោទ​ថា​ ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅមាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង។​

ការ​បន្ត​ការ​ធ្វើ​យុទ្ធនាការ​នេះ​បាន​កើត​មាន​ឡើង នៅ​ក្រោយ​ពេល​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានចោទ​ប្រកាន់​លោក​ស្រី​ ទេព វន្នី​ពី​បទ​ «ហិង្សា​ដោយ​ចេតនា» និង​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ស្រី​ជា​បណ្តោះ​អាសន្ន​រង់ចាំការ​កាត់​ទោស។​ ការ​ចោទ​ប្រកាន់​នេះ​ គឺធ្វើ​ឡើង​ក្រោយ​ពេល​ លោក​ស្ រី​ទេព វន្នី​ ដែលជា​ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices ​បាន​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៥​ ខែ​សីហា​កន្លង​ទៅ។​

ការ​ចោទ​ប្រកាន់​នេះ ​ត្រូវ​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា​ មិន​ជាប់​ពាក់​ព័ន្ធ​នឹងយុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ​ទេ​ ប៉ុន្តែជា​ការ​ចោទ​ភ្ជាប់​នឹងការ​តវ៉ា​មួយ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៣​ នៅ​មុខ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

អ្នកស្រី អ៊ុំ សាខន​ អាយុ៦៥​ឆ្នាំ​ ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា​នៅ​សហគមន៍​បឹងកក់ នាព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​បាន​ប្រាប់​ VOA ថា​ តុលាការ​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​លោក​ស្រី​ទេព វន្នី​ និង​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ដែល​កំពុង​ទទួល​ការ​ធ្វើ​បាប​តាម​ផ្នែក​ច្បាប់​ បំបិទ​សំឡេងរបស់​ពួក​គេ។​ អ្នកស្រី​និយាយ​ថា​ ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នឹងមិន​បញ្ឈប់​នោះ​ទេ​ បើទោះ​បី​មិន​មាន​លោក​ស្រី​ទេព វន្នី​ដឹក​នាំ​ក៏ដោយ។​

«ទោះ​ជា​អត់​មាន​ទេព វន្នី​មក​ដឹកនាំ​ក៏ដោយ​ ក៏ពួក​ខ្ញុំ​នៅ​តែ​ធ្វើ​ដែរ​ច៎ា។ ​ច៎ា​ ពីព្រោះ​អី​ ពួក​ខ្ញុំ​បោះ​ឆ្នោត​ឲ្យ​ទេព វន្នី​ធ្វើ​ជា​តំណាង​ មិន​មែន​ទេព វន្នី​មកដឹកនាំ​ពួកខ្ញុំ​ឲ្យ​ធ្វើ​ទេ។​ រយៈកន្លង​មក​ គឺ​ពួក​ខ្ញុំ​ស្ម័គ្រចិត្ត​ថា​ យើង​ត្រូវ​ធ្វើ​អញ្ចេះ ធ្វើ​អញ្ចុះ​ ឲ្យ​យោបល់​ហ្នឹង​ទៅ​វន្នី។ ​ វន្នី​ថា​ ឥឡូវ​ត្រូវ​ធ្វើ!​ ធ្វើ​អញ្ចឹង!​ ​បង​ប្អូន​ចង់​ធ្វើ! ​ធ្វើ»។​

អ្នក​តវ៉ា​ម្នាក់​ទៀត​គឺ​អ្នកស្រីអ៊ីម ស្រីទូច​បាន​និយាយ​តាម​ឧបករណ៍​បំពង​សំឡេង​ថា​ រដ្ឋាភិបាល​ឈប់​ធ្វើ​បាប​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ឈប់ចោទ​ប្រកាន់ថា​ ប្រជារាស្ត្រ​ដែលធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះមាន​បំណង​ធ្វើ​បដិវត្តន៍​នោះ។​ អ្នកស្រី​និយាយ​ថា​ ការ​បោះឆ្នោត​ជា​ជម្រើស​តែមួយ​សម្រាប់​ប្តូរ​នាយក​រដ្ឋ​មន្ត្រី។​

«ប្រជា​ពលរដ្ឋ​ពាក់​អាវ​ខ្មៅ​ពេញ​មួយ​ប្រទេស​ក៏អត់​អាច​ដូរ​នាយក​រដ្ឋមន្ត្រីបាន​ដែរ​ តែ​បើសិន​នាយក​រដ្ឋមន្ត្រី​មិន​គិតគូរដល់​ប្រជា​ពលរដ្ឋ​ណ៎ា​ ធ្វើបាប​ប្រជា​ពលរដ្ឋ​គ្រប់​កន្លែង​ណ៎ា​ គឺ២០១៨​ បើ​ប្រជា​ពលរដ្ឋ​អត់​បោះ​ឆ្នោត​ឲ្យ​ អាហ្នឹង​ទើប​អាចដូរ​នាយករដ្ឋមន្ត្រី​បាន។​ អញ្ចឹង​ឈប់​លាប​ពណ៌​ប្រជា​ពលរដ្ឋ​ទៀត​ទៅ! ធ្វើ​ខ្លួន​ឲ្យ​ល្អ​ ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទៅ! ធ្វើ​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ ​ ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​ទៅ!»​

ក្រុម​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​សហគមន៍​បឹងកក់ មាន​គ្នា​ ​ប្រមាណ​ជាង​ ១០​ នាក់​ បាន​បើក​«​យុទ្ធនា​ការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​ ម្តងទៀត​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ លោក​ស្រី​ ទេព វន្នី​ ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់អង្គការ​ Vital Voices ដែល​រងការ​ចោទប្រកាន់​ពីបទ​ «ហិង្សា​ដោយចេតនា»​។ (ហ៊ុល រស្មី/VOA)

ក្រុម​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​សហគមន៍​បឹងកក់ មាន​គ្នា​ ​ប្រមាណ​ជាង​ ១០​ នាក់​ បាន​បើក​«​យុទ្ធនា​ការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​ ម្តងទៀត​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ លោក​ស្រី​ ទេព វន្នី​ ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់អង្គការ​ Vital Voices ដែល​រងការ​ចោទប្រកាន់​ពីបទ​ «ហិង្សា​ដោយចេតនា»​។ (ហ៊ុល រស្មី/VOA)

សកម្មជន​សហគមន៍​បឹងកក់​មិន​ទទួល​រងការ​បង្រ្កាប​ពី​អាជ្ញាធរ​នោះ​ទេ​ នា​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ទោះជា​ កម្លាំង​សន្តិសុខមួយ​ចំនួន​ត្រូវ​គេ​ឃើញ​ថា​ ​បាន​ដាក់​ឲ្យ​ឈរ​ជើង​នៅ​មុខ​វិហារ​ឥស្លាម​ ស្ថិត​ក្នុង​សហគមន៍​បឹងកក់​ក៏ដោយ។​

លោក​មាន ចាន់យ៉ាដា​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ទេ​ ដោយ​លោក​និយាយ​ថា ​ ជាប់​ប្រជុំ។​

យ៉ាងណាក៏ដោយ​ លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​កំពុង​ពង្រឹង​នីតិរដ្ឋ​ ដោយ​ការ​ឲ្យ​អាជ្ញាធរ​បង្រ្កាប​សកម្មភាព​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។​ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​តវ៉ា​ក្នុង​សហគមន៍​បឹងកក់​គួរ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ ដើម្បី​ចូលរួម​កសាង​នីតិ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា។​ លោក​បន្ថែម​ថា​ ការ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​ជា​ទង្វើ​ខុសច្បាប់​ និង​ផ្ទុយ​ពី​ការ​ពង្រឹង​នីតិរដ្ឋ។​

«អ្នក​ជាប់​ទោស​ វា​មាន​ដីកា​តុលាការ​គេ​សម្រេច​កាត់​ទោស​ ឲ្យ​ជាប់​ពន្ធនាគារ​ អញ្ចឹង​ចង់​ដោះលែង​ វា​ត្រូវ​ទៅ​រក​តុលាការ។​ ដីកា​តុលាការ​ទៅ​ដោះ​លែង​អ្នក​ជាប់​ទោស​ មិនមែន​អ្នក​ធ្វើ​បាតុកម្ម​ទេ។​ អញ្ចឹង​វាខុស​ច្បាប់​ហើយ​ អាបាតុកម្ម​ ហើយ​និង​អាដេញ​ចលនា​យុទ្ធនាការ​អាវ​ខ្មៅ​ អាវ​ស​ អីហ្នឹង។​ អញ្ចឹង​វា​ខុស​ច្បាប់​ហើយ។ ​បើគាត់​ចង់​បាន​នីតិរដ្ឋ​ ដូចគាត់​ថា​ អញ្ចឹង​ អាហ្នឹង​គឺ​ថា គាត់​ឈប់​ធ្វើ​ទៅ ​វាចប់​ហើយ!​ វា​លែង​មាន​អ្វី​ដែល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ហើយ»។​

នៅស្រប​ពេល​ដែល​យុទ្ធនា​ការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​នេះ​បាន​បន្ត​ទៅមុខទៀត​ សកម្មជន​បីរូប​នៃ​សហគមន៍បឹងកក់​ក៏​បានរង​ការ​ចោទ​ប្រកាន់​នានា​កាលពី​ពេល​មុនព្រម​គ្នា។​ ការ​ចោទប្រកាន់​ទាំង​នោះ​គឺ​មាន​ការ​ជាប់​ពាក់​ព័ន្ធការ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លីមួយ​ ដែល​បាន​កើត​ឡើង​កាលពី​ឆ្នាំ​ ២០១១។​ ​សកម្មជន​ទាំង​បី​នាក់នោះ​មាន​អ្នកស្រី​គង់ ចន្ថា​ អ្នកស្រី​បូ ឆវី​ និង​អ្នកស្រីហេង មុំ។​ លោក​ស្រី​ទេព វន្នី​ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​សកម្ម​ជនក្នុង​សហគមន៍​បឹងកក់។​

អ្នក​ស្រី​បូ ឆវី​ អាយុ​៤០​ឆ្នាំ​ ដែល​ស្ថិត​ក្នុង​ការ​តវ៉ា​ នា​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ប្រាប់​ ​VOA​ ថា​ ​អ្នកស្រី​មិនទាន់​ទទួល​បាន​ដីកាកោះ​ហៅ​របស់​តុលាការ​នោះទេ តែ​អ្នកស្រី​ជឿ​ថា​ ​បើ​តុលាការ​នៅតែ​មិន​ឯករាជ្យ​ សកម្ម​ជន​ដីធ្លី​ផ្សេង​ទៀត​ រួម​ទាំង​អ្នកស្រីផង​ នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។​ នៅ​ក្នុង​ការ​តវ៉ានេះ​ ​អ្នក​ស្រីបាន​ស្រែក​ប្រកាស​ថា​ អ្នកស្រី​នឹង​ចូលខ្លួន​ទៅ​តុលាការ​ តាម​ដីកា​កោះ​ហៅ។

ការ​ចាប់​ឃុំ​ខ្លួន​លោក​ស្រី​ទេព វន្នី​បាន​រងការ​រិះគន់​ពី​ក្រុម​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា។​ អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចំនួន​៦០​ ​កាលពី​ពាក់​កណ្តាល​ខែ​សីហា​នេះ​ បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទចោទ​ប្រកាន់​ជា​បន្ទាន់​ប្រឆាំង​នឹង​លោក​ស្រី​ទេព វន្នី​ ​ដែល​នឹង​ត្រូវ​នាំមក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្តង​ទៀត​នាថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ខាង​មុខ​នេះ៕​

XS
SM
MD
LG