ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ចាប់ផ្តើម​វិញ​ក្រោយពី​អ្នកតវ៉ា​ខកចិត្ត


រូបឯកសារ៖ អ្នកតំណាងសហគមន៍​​បឹងកក់​​​ តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​ បូវ​ សោភា​ ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​អ្នកតំណាងសហគមន៍​​បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​ «​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។ (ឡេង​ ឡែន/VOA)

រូបឯកសារ៖ អ្នកតំណាងសហគមន៍​​បឹងកក់​​​ តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​ បូវ​ សោភា​ ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​អ្នកតំណាងសហគមន៍​​បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​ «​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។ (ឡេង​ ឡែន/VOA)

​អ្នក​ធ្វើ​យុទ្ធ​នាការ​​អះ​អាង​ថា ​តុលាការ​ចាប់​ឃុំ​សកម្មជន​ទាំង​នោះ​ដោយ​ភាព​អយុត្តិធម៌ ​និង​ក្រោម​សម្ពាធ​នយោបាយ។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​នៅ​តំបន់​បឹង​កក់​បាន​បើកយុទ្ធនាការ​ថ្ងៃចន្ទ​ពណ៌​ខ្មៅ​ជា​ថ្មី បន្ទាប់ពីរដ្ឋាភិបាល​មិនបាន​ដោះ​លែង​សកម្មជនបឹងកក់ ​មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក​ ​និង​អគ្គ​លេខាធិការរង​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) តាម​ការ​រំពឹង​ទុក​របស់​ពួកគេ។

ថ្ងៃចន្ទ​ទី​៩ ខែ​មករា ​នេះ គឺ​ជា​សប្តាហ៍​ទី​៣៦ ​នៃ​យុទ្ធនាការ​ថ្ងៃចន្ទ​ពណ៌ខ្មៅ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណងទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ ​អ្នក​ធ្វើ​យុទ្ធ​នាការអះ​អាង​ថា ​តុលាការ​ចាប់​ឃុំ​សកម្មជន​ទាំង​នោះ​ដោយ​ភាព​អយុត្តិធម៌ ​និង​ក្រោម​សម្ពាធ​នយោបាយ។ ក្រុម​អ្នកតវ៉ាបានផ្អាក​យុទ្ធ​នា​ការនេះ​ចំនួន​ពីរ​សប្តាហ៍​បន្ទាប់ពី លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ ​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំងនៅ​រដ្ឋ​សភា​ កាល​ពី​ដើម​ខែ​ធ្នូ ហើយ​លោក ស ខេង ​បាន​ឲ្យ​ដឹង​ថា​ នឹង​មានការពិនិត្យ​លើ​ការ​ឃុំ​ខ្លួន​អ្នក​ការ​ពារ​សិទិ្ធមនុស្ស​ និង​មន្ត្រី គ.ជ.ប​ ឲ្យ​បាន​មុន​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ​២០១៦។​

អ្នក​ការ​ពារ​សិទ្ធិមនុស្ស​៤នាក់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​ដែល​រួម​មាន ​លោក នី សុខា លោក យី សុខសាន​ ​លោក ណៃ​ វ៉ង់​ដា​ ​និង​ អ្នក​ស្រី លឹម មុនី​ ព្រមទាំង លោក នី​ ចរិយា​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ ដែល​ជា​អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​លេច​ធ្លោ​ម្នាក់​នៃ​សមាគម​អាដហុក​នេះ​ដែរ ​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៦​មក។

ការ​ចាប់ខ្លួន​ពួកគេ​កើត​មាន​ ​ក្រោម​បទ​ចោទសូកប៉ាន់ ​និង​សមគំនិត​សូកប៉ាន់​សាក្សី ​ទាក់ទង​នឹង​ការ​ផ្ដល់​ការ​ប្រឹក្សា​ច្បាប់​ដល់​នារី​កាត់​សក់វ័យ​ក្មេងម្នាក់​ ឈ្មោះ​នាង ​ខុម ចាន់តារ៉ាទី ​ហៅស្រីមុំ ​ដែល​ត្រូវ​គេ​ចោទ​ថា ​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នកស្រី​ ទេព វន្នី​ ដែល​បាន​ចូលរួម​ និង​ដឹកនាំ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​យ៉ាង​សកម្ម​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​និង​កាត់​ទោស​ក្នុង​ករណី​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា។

កញ្ញា សុង ស្រីលាភ ​សកម្មជន​បឹងកក់​ម្នាក់​ដែលបាន​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​យុទ្ធនា​ថ្ងៃចន្ទ​ពណ៌​ខ្មៅ​នៅព្រឹក​នេះ​ប្រាប់​ VOA ​ថា ​ប្រជាសហគមន៍​បឹង​កក់ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅឡើង​វិញ​ ដោយ​សារ​ការ​លើក​ឡើង​របស់​លោក ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថា​នឹងមានការ​ដោះ​លែង​អ្នក​កំពុងជាប់​ឃុំ​នៅ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៦ ​មិន​ត្រូវ​បាន​អនុវត្ត​។

កញ្ញា​បញ្ជាក់​ថា៖ «កាល​ពី​សប្តាហ៍​មុន​យើង​ផ្អាក​ដោយសារ​យើង​បាន​ឮ​ការ​ផ្សព្វផ្សាយ​ពី​ឧបនាយក​រដ្ឋមន្រ្តី​ ស ខេង ​ដោយ​ផ្ទាល់ ​ដោយ​គាត់​បាននិយាយ​ថា​ នៅ​ចុង​ឆ្នាំ​២០១៦​ ក្នុង​ខែ​១២​ហ្នឹង នឹង​មានការ​ដោះ​លែង​មន្រ្តី​សង្គម​ស៊ីវិល និង​សកម្មជន​ដទៃ​ទៀត។ អញ្ចឹង​នៅ​ពេល​យើង​ឮអញ្ចឹង​ យើង​មាន​អារម្មណ៍​ថា​នៅ​ពេល​អ្នក​នយោបាយ​ធ្វើ​ការ​ចរចារ​គ្នា ​និង​កម្ដៅ​នយោបាយ​វា​ចាប់​ផ្តើម​ធ្លាក់​ចុះ អញ្ចឹង​ការ​ដោះ​លែង​នឹង​អាច​មាន​ដូច​អ្វី​ដែល​គាត់​មានប្រសាសន៍​ តែ​ផ្ទុយ​ទៅវិញ​ក្តី​រំពឹង​របស់​យើង​វា​បាន​ប្រែ​ជារឿង​មួយ​ដែល​ខកចិត្ត​យ៉ាង​ខ្លាំង»។

កញ្ញា​បន្ថែមថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង៤រូប​ មន្ត្រី​ គ.ជ.ប​ លោក នី ចរិយា ​និង​អ្នកស្រី ទេព វន្នី ​ទេ ​ប្រជា​សហគមន៍​នឹង​នៅ​តែ​ធ្វើ​យុទ្ធនាការ​នេះ​បន្ត​ទៀត ដែល​នឹង​ឈានដល់ការ​ធ្វើ​យុទ្ធនាការជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​ខាង​មុខ។

លោក ខៀវ សុភ័គ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ VOA ​ថា ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃចន្ទ​ពណ៌ខ្មៅ​របស់​សហគមន៍​បឹងកក់ ​គឺជា​សកម្មភាព​ដែល​គ្មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ​ហើយ​លោក​ថា ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ ឬ​យ៉ាង​ណា​នោះ ​គឺ​សម្រេច​លើ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ។ ទោះជាយ៉ាង​ណា​លោក ខៀវ សុភ័គ បន្ថែមថា ជំនួប​រវាង​លោក ស ខេង និង​លោក​ កឹ​ម សុខា ក្រោយ​ថ្ងៃទី​១១ ខែ​មករា​នេះ​ អាច​នឹង​មាន​ពន្លឺ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​នោះ​។

លោក​មាន​ប្រសាសន៍​ថា៖ «​នៅ​ក្នុង​លិខិត​មួយ​ដែល​សម្តេច​ ស ខេង បាន​ផ្ញើ​ជូន​ឯក​ឧត្តម កឹម សុខា កន្លង​ទៅ​ហ្នឹង​លោក​បាន​កំណត់​ថា​ក្រោយថ្ងៃ​១១ ​លោក​នឹង​មើលកម្មវិធី​ដើម្បី​ជួប​ឯកឧត្តម​ កឹម សុខា។​ ហើយ​ខ្ញុំ​គិត​ថា​កិច្ចជួប​គ្នា​ហ្នឹងអាច​នឹង​មាន​ផល​ប្រយោជន៍ ​ឬក៏​អាច​នឹង​មាន​ដោះ​ស្រាយ​បញ្ហាដែល​នៅ​សេសសល់​ហ្នឹង»។​

ថ្នាក់​ដឹកនាំ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ​និង​បញ្ហា​នយោបាយ​ដែល​នៅ​សេសសល់​តាម​ការ​ស្នើ​សុំ​របស់​លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ​។ លោក ស ខេង ​ប្រធាន​ថ្នាក់​ដឹកនាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រាប់​លោក កឹម សុខា ​ដែល​ទើប​ក្លាយ​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិថា ​ជំនួប​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំងពីរ​អាច​ធ្វើឡើង​បាន​ក្រោយ​ថ្ងៃទី​១១​ ខែ​មករា​ ដោយ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់លាក់។

លោក​ អំ​ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស លីកាដូ​ ប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​បានយក​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់ឃុំ​ទាំង​អស់​នោះ​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការ​ចរចារ​នយោបាយ ​ដូច្នេះ​លោក​ថា ​ការ​លើកឡើង​ពី​ការ​ដោះ​លែង​ តែ​បែរ​ជា​មិន​មាន​ការ​ដោះ​លែង ដោយសារ​ស្ថានភាព​នយោបាយ​មានការ​ផ្លាស់​ប្តូរ។

លោក​បញ្ជាក់​ថា៖ «ថ្ងៃចន្ទ​ពណ៌ខ្មៅ​ដែល​ឃើញ​ចាប់​ផ្តើម​វិញ​ពី​សហគមន៍​បឹងកក់​នេះ ​ឃើញ​ថា​ដោយ​សារតែអ្នក​នយោបាយ​ទាំងអស់​ហ្នឹងគឺយក​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ​និង​សកម្មជនការ​ពារ​ដី​ធ្លី​នេះ គឺជា​ឧបករណ៍​សម្រាប់​អ្នក​នយោបាយ​ក្នុង​ការ​ចរចា​គ្នា​កន្លង​មក​ហ្នឹង។​ នៅ​ពេល​ដែល​ស្ថាន​ភាព​នយោបាយ​ចរចា​ត្រូវ​រ៉ូវ​គ្នា​ទៅ​ហាក់ដូច​មាន​ពន្លឺ​ក្នុងការ​ដោះ​លែង ​ប៉ុន្តែ​នៅ​ពេល​សភាព​ការណ៍តានតឹង​ ការ​ដោះ​លែង​របស់អ្នក​ទាំង​ហ្នឹង​ហាក់​បាត់​ព័ត៌មាន​ឈឹង»។

កម្រង​ករណី​សិក្សា​លើ​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា ​ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាលពីថ្ងៃ​ទី​ ១០​ ធ្នូ​ ឆ្នាំ​២០១៦​ បង្ហាញថា​ ក្នុង​យុទ្ធ​នា​ការ​ ​«ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ»​ មាន​ការ​ចាប់​ខ្លួនមនុស្ស​ចំនួន​៣៣​លើក ដែល​ពាក់​ព័ន្ធ​នឹង​បុគ្គល​ចំនួន​២១​នាក់​ ហើយ​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ ​មួយ​ចំនួន​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ច្រើន​ដងរួច​មក​ហើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG