ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប៊ិន​ ឈិន​នឹង​ជំនួស​តំណែង​លោក​សុខ អាន


រូបភាពឯកសារ៖​ លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធាន​​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

រូបភាពឯកសារ៖​ លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធាន​​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

លោក​ ប៊ិន ឈិន​ ដែល​ត្រូវ​គេ​ដឹង​ផង​ដែរ​ថា​ ជា​មនុស្ស​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទុក​ចិត្ត​បំផុត​នោះ​គឺ​ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ភ្លាមៗ​ ក្រោយ​ពី​​មាន​ការ​ផ្សព្វផ្សាយ​លិខិត​ស្នើ​​ប្រាក់​ចំនួន​៣.០០០​លាន​រៀល​ (ឬ​ ៧៥០.០០០​ដុល្លារ)​ ដែល​ចេញ​ដោយ​រដ្ឋមន្ត្រី​ស្តី​ទី​ម្នាក់​ទៀត​ គឺ​លោក​ ប៊ុន អ៊ុយ សម្រាប់​រៀបចំ​ពិធី​បុណ្យ​សព​លោក​ សុខ អាន។

លោក​ប៊ិន ឈិន​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ កំពុង​រង់​ចាំ​ការ​យល់ព្រម​ពី​រដ្ឋសភា​ជាតិ​ ដើម្បី​កាន់​តំណែង​ជា​ផ្លូវការ​ជំនួស​លោក​ សុខ អាន​ ដែល​បាន​ទទួល​មរណភាព​កាល​ពីសប្តាហ៍​មុន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ សុខ​ អាន​ ដែល​គេ​ដឹង​ថា​ បាន​កាន់​តួនាទី​ជា​ច្រើន​នៅ​ក្នុង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ក្រៅ​តែ​ពី​មាន​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នោះ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​រោគាពាធ​ក្នុង​អាយុ​៦៦​ឆ្នាំ។

លោក​ ប៊ិន ឈិន​ ដែល​ត្រូវ​គេ​ដឹង​ផង​ដែរ​ថា​ ជា​មនុស្ស​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទុក​ចិត្ត​បំផុត​នោះ​គឺ​ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ភ្លាមៗ​ ក្រោយ​ពីមាន​ការ​ផ្សព្វផ្សាយ​លិខិត​ស្នើប្រាក់​ចំនួន​៣.០០០​លាន​រៀល​ (ឬ​ ៧៥០.០០០​ដុល្លារ)​ ដែល​ចេញ​ដោយ​រដ្ឋមន្ត្រី​ស្តី​ទី​ម្នាក់​ទៀត​ គឺ​លោក​ ប៊ុន អ៊ុយ សម្រាប់​រៀបចំ​ពិធី​បុណ្យ​សព​លោក​ សុខ អាន។

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​ ប៊ិន ឈិន​ កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​រដ្ឋសភា​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ សម្រេច​តែងតាំង​លោក​ ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

រូបភាពឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

រូបភាពឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

លោក​សុខ ឥសាន​ ថ្លែង​ថា៖

«ក៏ប៉ុន្តែ​ វា​នៅ​មាន​នីតិវិធី​ គេ​មិន​តែងតាំង​ជា​ស្ថាពរ​ភ្លាម​ទេ​ ពីព្រោះ​នៅ​មាន​នីតិវិធី​សុំ​ការ​ជឿទុកចិត្ត​ពី​សភា​ អង្គ​នីតិបញ្ញត្តិ​ទៀត​បាទ»។

លោក​ ប៊ិន​ ឈិន​ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី។​ លោក​ក៏ធ្លាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ និង​ជា​អ្នក​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​កិច្ចការ​នយោបាយ​ផង​ដែរ។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះថា​ លោក​ ប៊ិន ឈិន​ មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ ដើម្បី​កាន់​ការងារ​ជំនួស​លោក​ សុខ​ អាន ដោយ​យោង​តាម​បទពិសោធន៍​ការងារ​យូរ​ឆ្នាំ​របស់​លោក​ក្នុង​កិច្ចការ​នយោបាយ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា៖

«ខ្ញុំ​ជឿ​ទីមួយ​ ការ​ចាត់​តាំង​ ការ​ចាប់​ផ្តើមចាត់​តាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ ប្រចាំការ​ បាន​សេចក្តី​ថា​ ឯកឧត្តម​ ប៊ិន ឈិន​ ទទួល​បាន​ការ​ទុក​ចិត្ត​ ពី​នាយករដ្ឋមន្ត្រី​រួចស្រេច​ទៅ​ហើយ​ ចំណុច​ទីមួយ។​ ចំណុច​ទីពីរ​ ដោយសារ​វប្បធម៌​ការងារ​របស់​គណបក្ស​ប្រជាជន​ តែង​តែ​យក​ការ​សម្រេច​ជា​សមូហភាព​ ប៉ុន្តែ​ទទួល​ខុសត្រូវ​ និង​អនុវត្ត​ដោយ​ឯកជន​ អា​នេះ​ ជា​ទិសដៅ​ ជា​គោលការណ៍​ល្អ​ណាស់​ ដូច្នេះ​ខ្ញុំ​អត់​មាន​មន្ទិល​ស្អី​សង្ស័យ​ថា​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប៊ិន ឈិន​ មិន​មាន​សមត្ថភាព​នោះ​ទេ»។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​ ២០១៦​ ក្នុង​ពេល​លោក​ធ្វើ​សុន្ទរកថា​ ពាក់ព័ន្ធ​នឹង​កិច្ចការ​បរិស្ថាន​ និង​ការ​ផ្តល់​ដី​សម្បទាន​ សេដ្ឋកិច្ច​ លោក​ ប៊ិន ឈិន​ បាន​ព្រមាន​ដល់​មន្ត្រី​រដ្ឋាភិបាល​អំពី​ការ​អាច​ចាញ់​ក្នុងបោះឆ្នោត​ដែល​នឹង​ខិត​ជិត​មក​ដល់​ ប្រសិន​បើ​មន្ត្រី​មក​ពី​ក្រសួង​ចំនួន​បី​ដែល​រួម​មាន​ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម​ និង​ក្រសួង​រៀបចំ​ដែនដី​ នគររូបនីយកម្ម និង​សំណង់​ មិន​សហការ​គ្នា​ធ្វើ​កិច្ចការ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​កិច្ច​ការពារ​តំបន់​អភិរក្ស​ និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឡេង​ ប៉េងឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ​ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ សភា​នឹង​កោះប្រជុំ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ ដល់​លោក​ ប៊ិន​ ឈិន​ បាន​នៅ​ឡើយ​ទេ។ លោក​ថ្លែង​បន្ត​ថា​ លោក​ពុំ​មាន​សេចក្តី​បញ្ជាក់​អំពី​ឥស្សរជន​ណា​មួយ​ដែល​នឹង​ជំនួស​លោក​ សុខ អាន​ ក្រៅ​តែ​ពី​លោក​ ប៊ិន ឈិន​ នោះ។

រូបភាពឯកសារ៖ ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​និង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​អង្គប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

រូបភាពឯកសារ៖ ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​និង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​អង្គប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក ឡេង​ ប៉េងឡុង បញ្ជាក់​ប្រាប់ VOA ថា៖

«មិន​ដឹង​ គ្មាន​នរណា​ដឹង​ទេ​ ស្រេច​តែ​សម្តេច​នាយក​នោះ​បាទ»។

លោក សុខ អាន បាន​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​តាំង​ពី​ឆ្នាំ​២០០៤​ និង​មាន​តួនាទី​ជា​ច្រើន​ទៀត​ ក្នុង​នោះ​មាន​ការ​គ្រប់គ្រង​អាជ្ញាធរ​ប្រេងកាតជាតិ​ ជា​គណៈកម្មាធិការ​និង​គណៈកម្មការ​ផ្សេងៗ​របស់​រដ្ឋាភិបាល។

លោក​ មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​ប្រាប់ VOA​ ថា រដ្ឋាភិបាល​ត្រូវ​បន្ត​កំណែ​ទម្រង់​ដាក់​មន្ត្រី​វ័យ​ក្មេង​ឲ្យ​កាន់​ការងារ​ជំនួស​មន្ត្រី​ចាស់ៗ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​រដ្ឋ​ ដែល​ប្រទេស​ក្បែរ​ខាង​កំពុង​ធ្វើ​និង​មាន​ល្បឿនលឿន​ជាង​ប្រទេស​កម្ពុជា​ផង​នោះ។

អ្នក​សិក្សា​ស្រាវជ្រាវ​ពន្យល់​ថា៖

«អា​នេះ ​គួរ​តែ​មាន​កំណែ​ទម្រង់​ទៅ​ណ៎ា ដើម្បី​ទុក​កន្លែង​ ទុក​នាទី ​ជា​ពិសេសក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ដឹកនាំ​មន្ត្រី​ក្មេងៗ​ជំនាន់​ក្រោយ​ អាច​ឡើង​កាន់​តំណែង​ខ្លះៗ​ ឲ្យ​គ្នា​រៀន​ធ្វើការ​ខ្លះ​ទៅ។ កុំ​ឲ្យ​តែ​ការងារ​ហ្នឹង​ វា​ឃើញ​តែ​អ្នក​ដែល​មាន​វ័យ​ចំណាស់ៗ​ត្រាំ​ត្រែង​នៅ​កន្លែង​ហ្នឹង​ យឺត​ពេល​ហើយ​នេះ​ ជា​របៀប​មួយ​ដែល​យើង​ឃើញ​ថា​ ប្រទេស​ជិត​ខាង​ គេ​កំពុង​តែ​ដើរ​ទៅ​ផ្លូវ​ហ្នឹង​ហើយ​ ការងារ​ហ្នឹងគេ​ចាប់​រំលែក​មក​ឲ្យ​មន្ត្រី​ក្មេងៗ​ ប៉ុន្តែ​ស្រុក​យើង​មើល​ទៅ​មាន​ការ​ផ្លាស់ប្តូរ​ ប៉ុន្តែ​ហាក់​ដូច​យឺត បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង»។

លោក​បន្ថែម​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​តួនាទី​ជាក់លាក់​មួយ​ ជាមួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​ ជា​ជាង​ការ​មាន​តួនាទី​ច្រើន​ក្នុង​ពេល​តែ​មួយ ដែល​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​ប្រសិទ្ធភាព​ការងារ​នោះ​ឡើយ។

នៅ​ស្រប​ពេល​ដែល​លោក​ ប៊ិន ឈិន​ កំពុង​ត្រៀមឡើង​កាន់​ការងារ​ជំនួស​លោក​ សុខ អាន ​ពេញ​ច្បាប់ ក្នុង​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​នោះ​ តំណែង​ផ្សេង​ទៀត​របស់​លោក ​សុខ​ អាន​ត្រូវ​គេ​ដឹង​ថា​ នៅ​ទំនេរ​នៅ​ឡើយ​ផង​ដែរ៕

XS
SM
MD
LG