ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

VOA ផ្តាច់មុខ៖ ក្រោយ​ការ​បញ្ចាំង​ភាពយន្ត លោកស្រី Jolie គ្រោង​នឹង​បន្ត​លើក​ស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា


តារា​និង​ជា​អ្នក​ដឹក​នាំ​រឿង​ហូលីវូដ​ ដ៏ល្បីល្បាញ​ ​លោកស្រី Angelina Jolie (ស្តាំ) និង​លោក​ស្រី​ អ៊ឹង លឿង​ អ្នកនិពន្ធ​សៀវភៅ​ ​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ារបស់ខ្ញុំ​»​ ​ផ្តល់កិច្ចសម្ភាស​ផ្តាច់មុខដល់​VOA​បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នាខេត្តសៀមរាប​​ក្នុងថ្ងៃទី​ ១៨ខែកុម្ភៈឆ្នាំ២០១៧។ (រូបថតដោយ៖​ នៅ វណ្ណារិន/VOA)

តារា​ហូលីវូដ​លោកស្រី Angelina Jolie ថ្លែង​ថា លោកស្រី​មាន​គម្រោង​ឲ្យ​កូន​ប្រុស​​ចិញ្ចឹម​ជន​ជាតិ​ខ្មែរ​ឈ្មោះ Maddox ជួយ​ដឹកនាំ​គម្រោង​សប្បុរសធម៌​មួយ​ចំនួន​របស់​លោកស្រី​​​នៅ​កម្ពុជា ក្រោយ​ពេល​រូប​គេ​គម្រប់​អាយុ​១៨​ឆ្នាំ។

កំណត់​និពន្ធ៖ តារា​ហូលីវូដ​ដ៏​ល្បី​របស់​អាមេរិក​និង​ជា​អ្នក​ដឹកនាំ​ភាពយន្តគឺ​លោកស្រី Angelina Jolie បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ នៅ​ឯ​ពិធី​សម្ពោធ​ការ​បញ្ចាំង​ជា​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជានូវ​ខ្សែ​ភាពយន្ត​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» (First They Killed My Father) ថា ភាពយន្ត​ហូលីវូដ​ជា​ភាសា​ខ្មែរ​នេះ ជា​អំណោយ​របស់​លោកស្រី​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ជា​ស្រុក​កំណើត​របស់​លោក Maddox កូន​ចិញ្ចឹម​របស់​លោកស្រី។ នៅ​ចំពោះ​មុខ​វត្តមាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​អញ្ចើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ពិធី​បញ្ចាំង​ភាពយន្ត​កណ្តាល​វាល​នៅ​ព្រះលាន​ជល់​ដំរី​ក្នុង​ឧទ្យាន​អង្គរ​ខេត្ត​សៀមរាប លោកស្រី Jolie មាន​ប្រសាសន៍​ដោយ​អួល​ដើម​ក​ថា បើ​គ្មាន​ប្រទេស​កម្ពុជា​នោះ​ទេ «ខ្ញុំ​ក៏​ប្រហែល​មិន​បាន​ក្លាយ​ជា​ម្តាយ​មួយ​រូប​ដែរ»។ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​បញ្ចាំង​ភាពយន្តនេះ​នៅ​លើ​ទឹកដី​អង្គរ លោកស្រី Jolie និង​លោកស្រី Loung Ung សកម្មជន​សិទ្ធិ​មនុស្ស​ជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​ ដែល​ត្រូវ​ក្រុមហ៊ុន​ Netflix យក​ទៅ​ថត​ជា​ខ្សែ​ភាពយន្ត​មួយ​នេះ បាន​ពិភាក្សា​ជាមួយ​លោក សឹង សុផាត នៃ VOA អំពី​គម្រោង​ផ្សេង​ទៀត​ដែល​មាន​បន្ទាប់​ពី​ភាពយន្ត​នេះ។​

VOA៖ លោកស្រី​មាន​សញ្ជាតិ​កម្ពុជា ហើយ​ពួកយើង​បាន​ទៅ​ខេត្ត​បាត់ដំបង​ ហើយ​យើង​បាន​ឃើញ​មូលនិធិ Maddox។ ​ដូច្នេះវា​មិន​មែន​ជា​ការ​បំផ្លើស​ទេ​ដែល​ថា លោក​ស្រី​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​នឹង​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ទៀត ខ្ញុំ​ចង់​ដឹង​ថា ​តើ​អ្នកស្រី​មាន​គម្រោង​អ្វី​ផ្សេង​ទៀតទេ​តទៅ​មុខ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្រៅ​ពី​ការ​ផលិត​ខ្សែ​ភាពយន្តមួយ​នេះ?

លោកស្រី Angelina Jolie៖ ខ្ញុំ​នឹង​បន្ត​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​អស់​រយៈពេល​ជាង​១២​ឆ្នាំ​មក​នេះ នៅ​តំបន់​ស្រុក​សំឡូត (ខេត្ត​បាត់ដំបង)។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​ធនធាន​ធម្មជាតិ​និង​ការ​រុករក​រ៉ែ​ខុស​ច្បាប់។ ទាំង​នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​និង​កំពុង​ផ្តោត​លើ​ជា​បន្ត។ ប្រាកដ​ណាស់​ការងារ​ដែល​ខ្ញុំ​ផ្តោត​សំខាន់​ទៅ​លើ​ គឺ​សាលារៀន​សម្រាប់​កុមារ​ និង​សេវា​សុខភាព។ ហើយ​ពួកយើង​បាន​មើល​ថែ​ទាំ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​តាម​រយៈ​សកម្មភាព​ក្នុង​សហគមន៍​របស់​យើង។ ខ្ញុំ​គិត​ថា វា​ជា​រឿង​សំខាន់​ដែល​ នៅ​ពេល​អ្នក​ធ្វើ​ការ​ជា​លក្ខណៈ​អន្តរជាតិ ​អ្នក​ត្រូវ​ធ្វើការ​ជាមួយ​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។ អ្នក​ប្រគល់​ការងារ​ឲ្យ​អ្នក​ក្នុង​ស្រុក​មើល​ការ​ខុស​ត្រូវ។ បន្ទាប់​មក​ វា​ក្លាយ​ជា​គម្រោង​ដែល​គ្រប់​គ្រង​ដោយ​ពួកគេ នោះ​ហើយ​ជា​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ។ ប្រធាន​ក្រុម​របស់​យើង​គឺ​លោក មុន្នីច័ន្ទ។ គាត់​ពិត​ជា​អស្ចារ្យ ហើយ​ក្រុម​ទាំង​មូល​ពិត​ជា​អស្ចារ្យ​ណាស់។ ខ្ញុំ​នៅ​ទីនោះ​មែន​ ប៉ុន្តែ​គឺ​ដើម្បី​ពួក​គេ។ ពួកគេ​អាច​ធ្វើ​បាន​ដោយ​មិន​ចាំ​បាច់​មាន​វត្តមាន​របស់​ខ្ញុំ​ឡើយ។ នេះ​ហើយ​ជា​អ្វី​ដែល​សំខាន់។

VOA: មូលនិធិ​របស់​លោកស្រី​គឺ​ស្ថិត​ក្រោម​ឈ្មោះ​របស់​ Maddox ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ។ តើ​លោកស្រី​មាន​ផែនការ​ជាក់​លាក់​ណា​ខ្លះ​សម្រាប់​ Maddoxធ្វើ​កិច្ចការ​តទៅ​មុខ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​ទេ?​

លោកស្រី Angelina Jolie: Maddox​ ដឹង​ច្បាស់​ណាស់​ថា​ គម្រោង​នេះ មិន​មែន​គ្រាន់​តែ​ស្ថិត​នៅ​ក្រោម​ឈ្មោះ​របស់​គាត់​នោះ​ទេ ប៉ុន្តែ​វា​គឺ​សម្រាប់​គាត់​គ្រប់គ្រង​នៅ​ពេល​ដែល​គាត់​គម្រប់​អាយុ​១៨​ឆ្នាំ។ ដូច្នេះ​គាត់​នឹង​ទទួល​ខុស​ត្រូវ​ទៅ​លើ​គម្រោង​នោះ​ ហើយ​ការងារ​ទាំង​ពាក់ព័ន្ធ​នឹង​មូលនិធិ​នេះ​នៅ​ពេល​ដែល​គាត់​អាយុ​១៨​ឆ្នាំ។ ខ្ញុំ​ជឿ​ទៅ​លើ ការ​មិន​ជំរុញ​កូន​របស់​អ្នក​ឲ្យ​ត្រូវស្រឡាញ់​ប្រទេស​ណា​មួយ​ដោយសារ​គ្រាន់​តែ​គេមាន​កំណើតពី​ប្រទេស​នោះ​ទេ ពី​ព្រោះ​ថា ការ​ជំរុញ​បែប​នេះ​វា​នឹង​មិន​បាន​ផល​អ្វី​នោះ​ទេ។ អ្នកគ្រាន់​តែ​ត្រូវ​ណែនាំ​គាត់​ឲ្យ​ស្គាល់​អំពី​ប្រទេស​(កម្ពុជា)​នេះ​ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍ស្និទ្ធស្នាល​និង​មាន​មិត្ត​ភក្តិ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នោះ។ នោះ​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដោយ​ឯកឯង ដោយ​ពុំ​ចាំ​បាច់​ជំរុញ​គាត់​នោះ​ទេ។ គាត់​បាន​សុំ​ខ្ញុំ​មក​លេង​កម្ពុជា។ គាត់​បាន​សុំ​ខ្ញុំ​មក​ចំណាយ​ពេល​នៅទីកន្លែង​កំណើត​របស់​គាត់។ គាត់​ពិត​ជា​ចាប់​ផ្តើម​ភ្ជាប់​ទំនាក់ទំនង​ពិត​ប្រាកដ។ វា​ពិត​ជា​ល្អ​ណាស់។ ដូច្នេះ​ពិត​ណាស់ ខ្ញុំ​រំពឹង​ថា​ គាត់​នឹង​អាច​ធ្វើ​ការងារ​ទាំង​នោះ​ដោយ​ផ្ទាល់​បាន​នា​ពេល​អនាគត។

VOA៖ ងាក​មក​លោកស្រី Loung Ung វិញ​ ក្នុង​នាម​ជា​អ្នក​និពន្ធខ្មែរ​អាមេរិកាំង វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ដែល​អាច​ក្លាយ​ជា​អ្នក​និពន្ធ​សម្រាប់​ភាព​យន្ត​ហូលីវូដ​នោះ​ ហើយ​ក៏​មិន​មាន​មនុស្ស​ច្រើន​ដែរ ដែល​ខ្សែភាព​យន្ត​របស់​ពួកគេ​បាន​ដាក់​បញ្ចាំង​នៅ​លើ​ Netflix។ តើ​លោកស្រី​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​តើ​អ្នកស្រី​អាច​មាន​គម្រោង​អ្វី​បន្ទាប់​ទៅ​ទៀត?

លោកស្រី Loung Ung៖ ខ្ញុំ​កំពុង​សរសេរ​រឿង​ប្រលោមលោក​មួយ​ ហើយ​វា​កើត​ឡើង​ក្នុង​ស្រុក​ខ្មែរ។ ខ្ញុំ​បាន​មក​ស្រុក​ខ្មែរ​តាំង​ពី​ឆ្នាំ១៩៩៥ គឺ​ប្រហែល​ជាង​៣៥​ដង​ហើយ។​ ដូច្នេះ​បេះដូង​របស់​ខ្ញុំ​គឺ​នៅ​ស្រុក​ខ្មែរ។ វិញ្ញាណ​គឹ​នៅ​ស្រុក​ខ្មែរ។ ដួង​ព្រលឹង​របស់​ខ្ញុំ​គឺ​នៅ​ស្រុក​ខ្មែរ។​ វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដែល​ខ្ញុំ​មិន​អាច​និយាយ​ភាសា​ខ្មែរ​បាន​ពិរោះ​ស្តាប់​ដូច​ប្រជាជន​ខ្មែរ​ឯទៀត ពីព្រោះ​ខ្ញុំ​បាន​ចាកចេញ​ពី​ស្រុក​ខ្មែរ​តាំង​ពី​ខ្ញុំ​អាយុ​១០ឆ្នាំ។ ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ទីនេះ វា​ជា​រឿង​រីករាយ​មួយ​ដែល​ខ្ញុំ​បាន​និយាយ​ភាសា​ខ្មែរ​ បាន​បរិភោគ​ម្ហូប​ខ្មែរ បាន​ស្តាប់​ចម្រៀង​ខ្មែរ​និង​បាន​ឃើញ​ទេសភាព​ស្រុក​ខ្មែរ។ ហើយ​សម្រាប់ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ ស្កប់ស្កល់​នៅ​ពេល​ដែល​ខ្ញុំ​ជា​ខ្មែរ​ទាំង​រូប​កាយ​ ចិត្ត​និង​វិញ្ញាណ។ ដូច្នេះ​នៅ​ពេល​ដែល​ខ្ញុំ​មើល​ទេសភាព​ស្រុក​ខ្មែរ​វា​បាន​ដក់​ជាប់​ក្នុង​កែវ​ភ្នែក​ខ្ញុំ​យ៉ាង​ច្បាស់ គ្មាន​បាត់​បង់​អ្វី​ឡើយ​ គ្រប់​យ៉ាង​គឺ​ពេញ​លេញ​បរិបូណ៌។ ដូច្នេះ​ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​នៅ​ពេល​ដែល​ខ្សែ​ភាពយន្ត​នេះ​ បាន​បង្ហាញ​អ្វី​ទាំង​នោះ​ វា​ពិត​ជា​ស្អាត​ខ្លាំង​ណាស់។ លោកស្រី Jolie បាន​ផ្តិត​យក​មិន​ត្រឹម​តែ​សាច់​រឿង​នោះ​ទេ ប៉ុន្តែ​រួម​មាន​ទាំង​ទំនាក់ទំនង​ក្រុម​គ្រួសារ​ វប្បធម៌ និង​ទេសភាព ផ្កាឈូក សត្វ​កន្ទុំរុយ ស្រូវ និង​វាល​ស្រែ​បៃតង​ផង​ដែរ។ នោះ​ជា​រូបភាព​ដែល​ខ្ញុំ​គិត​ថា​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ឃើញ​ពី​ស្រុក​ខ្មែរ ព្រោះរបប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហមមាន​រយៈពេល​តែ​ជិត៤ឆ្នាំ​ប៉ុណ្ណោះ​ ក្នុង​ប្រវត្តិសាស្រ្ត​២.០០០​ឆ្នាំ​របស់​ខ្មែរ។ វា​ជា​កិត្តិយស​មួយ​និង​ជា​ការ​ត្រេកអរ​មួយ​ដែល​យើង​បាន​ត្រឡប់​មក​ទីនេះ​ មក​ប្រាសាទ​អង្គរវត្ត​ដើម្បី​សម្ពោធ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​នេះ​ជា​លើក​ដំបូង​នៅ​ចំណុច​ស្នូលនៃ​អរិយធម៌​ខ្មែរ​របស់​យើង​ ទី​ដែល​ជា​បេះ​ដូង ជា​ដួង​ព្រលឹង​និង​ជា​មោទនភាព​របស់​ជាតិ​យើង ​ហើយ​ខ្សែ​ភាពយន្ត​នេះ​បាន​ចាប់​យក​រូបភាព​ទាំង​នោះ គឺ​មិន​ត្រឹម​តែ​សាច់​រឿង​ធំៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដូច​ដែល​អ្នកបាន​ដឹង​ហើយ​ក្នុង​នាម​ជា​ខ្មែរ វា​ក៏​មាន​រឿង​តូចៗ​ជា​ច្រើន​ទៀត​ដូច​ជា​ ស្នាម​ញញឹម​របស់​ខ្មែរ សម្រស់​របស់​ខ្មែរ ការ​សំពះ​ជម្រាប​សួរ​របស់​ខ្មែរ ខ្ញុំ​ពិត​ជា​ស្រឡាញ់​វា​ខ្លាំង​ណាស់។ អ្នកស្រី Angie ពិត​ជា​ជា​មាន​ភ្នែក​មុត​និង​លម្អិត​ណាស់​ នៅ​ពេល​ដែល​យើង​ឃើញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត ហើយ​យើង​ជម្រាបសួរ។ អ្នកស្រី​ធ្វើ​បាន​ត្រឹមត្រូវ។ អ្នកស្រី​ដឹង​ថា ​យើង​មិន​និយាយ​ហេឡូ​ទេ ប៉ុន្តែ​ជម្រាបសួរ​ដោយមាន​សំពះ​ទៀត។ វា​បង្ហាញ​ពី​ទិដ្ឋភាព​ពិតៗ​របស់ខ្មែរ ហើយ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ពិភពលោក​បាន​ឃើញ​ទិដ្ឋភាព​នេះ​របស់​ប្រទេស​កម្ពុជា គឺ​ប្រទេស​កម្ពុជា​ទាំងមូល។ ពួក​គេ​នឹង​មិន​មើល​រំលង​អ្វី​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​បាន​ទស្សនា​រឿង​នេះ អ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ពេញ​លេញ​បរិបូណ៌៕

XS
SM
MD
LG