ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជា​ពល​រដ្ឋ​រង​​ការ​បណ្ដេញ​ចេញ​​​ពី​តំបន់​បឹង​កក់ បន្ត​ទាមទារ​សំណង​បន្ថែម​ពី​ធនាគារ​ពិភពលោក


ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​កាន់​បដា ​នៅ​មុខការិយាល័យ​​ធនាគារ​ពិភព លោក​ ទាម​ទារសំណង​បន្ថែម​ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​នាថ្ងៃ​ ទី​ ២៤​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧។​​ (ហ៊ុល​ រស្មី​/VOA)

ប្រជា​ពលរដ្ឋ​ទាំងនេះ ស្ថិត​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ជាង ​៣០០០​គ្រួសារ​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះសម្បែង​​​របស់​ពួក​គេ​ជា​ថ្នូរ​នឹង​សំណង​តិច​តួច​ដើម្បី​បុព្វ​ហេតុ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។​

អតីត​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បឹង​កក់ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង​ ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល ​ដើម្បី​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍន៍​តំបន់​នោះ​ បាន​បន្ត​ទាម​ទារ​សំណង​បន្ថែមពី​ធនាគារ​ពិភព​លោក​ ដែល​ខក​ខាន​មិន​បាន​អនុវត្ត​គម្រោង​ឆ្នាំ​២០០៦​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​ឲ្យ​រដ្ឋាភិបាលចេញ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ពួកគេ។​

អ្នក​ស្រី​ អ៊ឹម​ ស្រី​ទូច​ តំណាង​ប្រជា​ពលរដ្ឋ​បាន​បន្ទោស​ធនាគារ​ពិភពលោក​ថា​ ជា​ដើមហេតុ​នាំឲ្យ​ ​អតីត​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ រង​ទុក្ខ​លំបាក​ដោយ​ការ​បណ្ដេញ​ចេញ។​

អ្នក​ស្រី បន្ត​ថា រឿង​ទាំងនេះ​កើត​ឡើង​ដោយ​សារ​ធនាគារ​នេះ​ មិន​បាន​ពិនិត្យ​តាមដាន​ឲ្យបាន​ល្អិតល្អន់​ទៅ​លើ​ថវិកា​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ខ្លួន។

«គាត់​អត់​បាន​តាម​ដាន​លុយនេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​យក​លុយ​នេះ​ ហើយ​យក​ទៅ​បណ្ដេញ​ពួក​យើង​ចេញ​ទាំង​សាហាវ​ឃោរឃៅ​ ដែល​ធ្វើ​ឲ្យ​ពួក​យើង​អស់​ផ្ទះ អស់​ដី។ ចេញ​ទៅ​ហ្នឹង​រងគ្រោះ​ វេទនា​ ខ្លះ​អត់​ផ្ទះ​នៅ​ ជំពាក់​បំណុល​គេ​ ធ្លាក់​ខ្លួន​ឈឺ អត់​លុយ​មើល​ស្លាប់​ជា​បន្ត​បន្ទាប់។​ អញ្ចឹង​ ធនាគារ​ពិភព​លោក​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​ភាព​ក្រី​ក្រ​របស់​ពួក​យើង»។

អ្នកស្រី​ អ៊ឹម​ ស្រី​ទូច​ តំណាង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​នៅ​តំបន់​បឹង​កក់ ទទូច​ស្នើ​ឲ្យប្រធានធនាគារ​ពិភពលោកនៅ​កម្ពុជា​ បើក​ការ​ប្រជុំ​អំពី​សំណង​បន្ថែម​នៅថ្ងៃ​ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)

អ្នកស្រី​ អ៊ឹម​ ស្រី​ទូច​ តំណាង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​នៅ​តំបន់​បឹង​កក់ ទទូច​ស្នើ​ឲ្យប្រធានធនាគារ​ពិភពលោកនៅ​កម្ពុជា​ បើក​ការ​ប្រជុំ​អំពី​សំណង​បន្ថែម​នៅថ្ងៃ​ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)

អ្នក​ស្រី​ បន្ថែម​ថា​ ​មន្ត្រី​របស់​ធនាគារ​ពិភពលោកបញ្ជាក់​ថា​ ការ​ជួប​ប្រជុំ​ពិភាក្សា​មួយ​រវាង​ធនាគារ​ពិភពលោក​និង​ប្រជាជន​ដើម្បី​រក​ដំណោះស្រាយ នឹង​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍ក្រោយ​នេះ។​

លោក ​ប៊ូ សារឿន​ មន្ត្រី​ទំនាក់​ទំនង​របស់​ធនាគារ​ពិភពលោក​ សុំ​មិន​ធ្វើ​សេចក្ដី​អធិប្បាយ​ទាក់​ទិន​ការទាម​ទារ​របស់​អ្នក​តវ៉ា​នា​ថ្ងៃ​សុក្រ​នេះ។

អតីត​អ្នក​រស់​នៅ​ក្នុង​សហគមន៍​បឹងកក់​ចំនួន​១៦៩​គ្រួសារ​ ត្រូវ​បង្ខំ​ចិត្ត​ទទួល​សំណង​ ហើយ​ទៅ​រស់នៅ​បុរី​សន្តិភាព ​២ ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ ​តំបន់​ដំណាក់​ត្រយឹង ​ដែល​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ។

លោក​ ប៊ូ​ សារឿន​ មន្ត្រី​ទំនាក់​ទំនង​នៃ​ធនាគារ​ពិភព​លោក​ ឈរក្នុងបរិវេណនៃ​ការិយាល័យ​ធនាគារ​ពិ​ភពលោក​ នា​ថ្ងៃទី ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)​

លោក​ ប៊ូ​ សារឿន​ មន្ត្រី​ទំនាក់​ទំនង​នៃ​ធនាគារ​ពិភព​លោក​ ឈរក្នុងបរិវេណនៃ​ការិយាល័យ​ធនាគារ​ពិ​ភពលោក​ នា​ថ្ងៃទី ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)​

ប្រជា​ពលរដ្ឋ​ទាំងនេះ ស្ថិត​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ជាង ​៣០០០​គ្រួសារ​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួក​គេ​ជា​ថ្នូរ​នឹង​សំណង​តិច​តួច​ដើម្បី​បុព្វ​ហេតុ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។​

ក្រុម​អ្នក​ភូមិ​ដែល​មក​តវ៉ា​នៅ​ថ្ងៃ​នេះ​ និយាយ​ថា ​ពួក​គាត់​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ក្រោយ​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគាត់នៅ​ក្នុង​តំបន់​បឹងកក់។

អ្នកស្រី​ ស៊ឹម​ សំអឿន​ វ័យ​ ៦៦​ ឆ្នាំ​ ប្រាប់​ VOA ​ថា​ សំណង​ប្រាក់​ដុល្លារ​ចំនួន​ ៨០០០​ដុល្លារ​ និង​លុយ​ខ្មែរ​ចំនួន​ ២លាន​រៀល​ បាន​ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយ​ជា​មនុស្ស​គ្មាន​ទីជម្រក។​

«អត់​ហាន​ជួល​ទេ​ណា៎។ ​កាល​ណា​ជួល​ទៅ​ លុយ​ថ្លៃ​ផ្ទះ​ ថ្លៃ​ទឹក​ ថ្លៃ​ភ្លើង​ហូប​ចុក​ ស្លៀក​ពាក់​ សាប៊ូ​ ចាន​ឆ្នាំង​គ្មាន។​ គេ​រក​ឲ្យ​ខ្ញុំ​គ្រប់​គ្នា​ចាន​ឆ្នាំង​ ប៉ុន្តែ​ខ្ញុំ​ថា​អត់​ទេ។​ ខ្ញុំ​មិន​អាចទាន់​ទទួល​ទេ។​ ខ្ញុំ​ចាំ​មើល​ ដំណើរការ​របស់​ខ្ញុំ​ ប្រសិន​បើ​ដំណើរការខ្ញុំ​ ​គេ​ដោះស្រាយ​ឲ្យ។ ​រដ្ឋាភិបាល​ដោះ​ស្រាយ​ឲ្យ ​អា​ហ្នឹង​ខ្ញុំ​រក​ខ្ទម​នៅ»។​

អតីត​អ្នក​រស់​នៅតំបន់​បឹង​កក់​ទាំង​អស់នេះ​ បាន​ស្វែង​រក​ការ​គាំទ្រ​ និង​ការ​ជួយ​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ផងដែរកាល​ពី​ពេល​កន្លងមក តែ​ពួក​គេ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ឡើយមក​ទល់​ពេល​នេះ៕

XS
SM
MD
LG