ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​​ប្រើ​​​បច្ចេកវិទ្យា​​ឈាន​​មុខ​គេ​ក្នុង​​តំបន់​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង​​

  • Ralph Jennings

យន្តហោះចម្បាំងប្រភេទ J-15 នៅ​លើ​កប៉ាល់​ដឹក​យន្តហោះ​ចម្បាំង​ Liaoning របស់​ចិន ធ្វើ​លំហាត់​សម​ប្រយុទ្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៧។

​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​ទំនើប​​ឈាន​មុខ​ជាង​គេ​​ជា​គុណ​ប្រយោជន៍​មួយ ​ដែល​អ្នក​វិភាគ​និយាយ​ថា​ អាច​នឹង​រុញ​ច្រាន​​បណ្តា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាប​ជាង​ ឲ្យ​នៅ​កាន់​តែ​​ឆ្ងាយ​ពី​ការ​ប្រឈម​នឹង​ការ​ទាម​ទារដែន​សមុទ្រ​ទ្រង់​ទ្រាយ​ធំ​ដោយ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​ពី​សក្តានុពល​នៃ​បច្ចេកវិទ្យា​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ខែ​មុន​ ពេល​ដែល​ទូក​សង្រ្គោះ​មួយ​របស់​ខ្លួន​រើស​បាន​យន្ត​ហោះ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ដ្រូន​របស់​អាមេរិក​ នៅ​ក្រោម​សមុទ្រ​ចម្ងាយ​៩៣​គ.ម​ពី​ប្រទេស​ហ្វីលីពីន​ ជា​ទី​ដែល​មាន​កងទ័ព​ជើង​ទឹក​ខ្សោយ​ជាង​គេ​ ដោយ​និយាយ​ថា​ខ្លួន​មិន​បាន​ដឹង​ពី​ឧប្បត្តិហេតុ​នេះ​ទេ។​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​តវ៉ា​រឿង​នេះ​ ហើយ​ប្រទេស​ចិន​ដែល​បាន​ចោទ​ប្រកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ថា​ បាន​ព្យាយាម​ពង្រីកដែន​ដី បាន​បញ្ជូន​យន្តហោះ​ដ្រូន​នេះ​ទៅ​ឲ្យ​អាមេរិក​វិញ។​

សមត្ថភាព​ក្នុងការត្រួត​ពិនិត្យ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

អ្នក​វិភាគ​និយាយ​ថា​ ប្រទេស​ចិន​អាច​រក​ឃើញ​សកម្មភាព​របស់ប្រទេស​ផ្សេងៗ ​យ៉ាង​ជំនាញ​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ដូច​ជាប្រព័ន្ធ​រ៉ាដា​ យន្តហោះ​ដ្រូន​ និង​យ៉ាង​ហោច​ណាស់​ប្រព័ន្ធ​ផ្កាយ​រណប​ដែល​គ្រប​ដណ្តប់​ផ្នែក​ជា​ច្រើន​នៃ​ប្រជុំកោះ​ Spratlys ​និង​ Paracel។ ប្រទេស​ផ្សេង​ទៀត​ខ្វះ​ទាំង​ថវិកា ទាំង​បច្ចេកទេស ក្នុងការ​ប្រកួត​ជាមួយ​បច្ចេកវិទ្យា​ដែន​សមុទ្រ​របស់​ប្រទេស​ចិន​ ​ដែល​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​លាត​ត្រដាង​ចាប់តាំង​ពី​ឆ្នាំ២០១០ តែ​មិន​បាន​បង្ហាញ​ពី​ចំនួន​ថវិកា​នោះ​ទេ។

លោកស្រី​ Yun Sun ​សហការី​ជាន់​ខ្ពស់​នៅ​ East Asia Program ​របស់​មជ្ឈមណ្ឌល​ Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្លែង​ថា៖

«ចិន​អាច​ប្រើ​បច្ចេក​វិទ្យា​របស់​ពួក​គេ​ ឬ​ប្រើប្រាស់​ការ​ការ​ពារ​ដើម្បី​ទាមទារ​ថា ខ្លួន​បាន​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ ឬ​រដ្ឋបាល​ ឬ​ក៏​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​របស់​ខ្លួន ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ នេះ​អាច​ជា​បញ្ហា​មួយ​នៅ​ពេល​អនាគត»។

បច្ចេក​វិទ្យា​ខ្ពស់​ពង្រឹង​ការ​ទាមទារ​តាម​ផ្លូវ​ច្បាប់​ចំពោះ​សមុទ្រ​

លោកស្រី​ Sun​ ​និយាយ​ថា​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ទំនង​ជា​ជួយ​គាំទ្រ​ដល់​ការ​ប្រជែង​ទាមទារ​តាម​ផ្លូវ​ច្បាប់ណា​មួយ​របស់​ក្រុង​ប៉េកាំង ​ក្នុង​ពេល​អនាគត។​ តុលាការអាជ្ញាកណ្តាល​អន្តរជាតិ​បាន​កាត់​សេចក្តី​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ចិន​លើដែន​សមុទ្រ​ប្រហែល​៩៥ ភាគរយ​ ដោយ​ពឹង​ផ្អែក​លើ​កំណត់​ត្រា​ប្រវត្តិសាស្រ្ត។​ ចិន​បាន​បដិសេធ​មិន​ព្រម​ទទួល​សាលក្រម​នេះ​ទេ។

«ចិន​អាច​បង្កើត​បាន​បញ្ជី​រៀបរាប់​ឧបករណ៍​ដែល​ពួក​គេ​បាន​ដាក់​ពង្រាយ​ក្នុង​តំបន់ ​ហើយ​វា​អាច​បង្ហាញ​ពី​អធិបតេយ្យភាព​របស់​ពួកគេ»។

សមុទ្រ​ក្នុង​តំបន់​ត្រូពិក​ដែល​គ្របដណ្តប់​ដែន​ទឹក​ជាង​៩លាន​គីឡូម៉ែត្រ​ការេ លាត​សន្ធឹង​ទៅ​ភាគ​និរតី​ពី​កោះ​តៃ​វ៉ាន់​កាត់​ប្រទេស​ចិន​ទៅ​ដល់​ប្រទេស​សិង្ហបុរី។​ សមុទ្រ​នេះ​សម្បូរ​ដោយ​មច្ឆជាតិ​ ផ្លូវ​ទឹក​សម្រាប់​ដឹក​ជញ្ជូន ហើយនឹង​ប្រេង​ឥន្ធនៈ​ហ្វូស៊ីល។ ​ប្រទេស​ព្រុយ​ណេ​ ម៉ាឡេស៊ី​ ​វៀត​ណាម​ តៃវ៉ាន់​ និង​ប្រទេស​ហ្វីលីពីន​ក៏​បាន​ធ្វើ​ការ​ទាមទារ​ដែរ។​ សហរដ្ឋ​អាមេរិក​មិន​មែន​ជា​អ្នក​ទាមទារ​នោះ​ទេ​ប៉ុន្តែ​បាន​ទទូច​សុំ​សេរីភាព​ក្នុង​ការ​ធ្វើ​នាវា​ចរ។ ​បច្ចេក​វិទ្យា​យោធា​អាមេរិក​ ​យ៉ាង​ហោច​ណាស់​ក៏​អាច​ប្រកួត​ជាមួយ​ចិនដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​ពង្រាយ​ឧបករណ៍​ណាមួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ឡើយ។

រូបឯកសារ៖ នាវា​បំផ្លាញ​មីស៊ីល USS Lassen មក​ដល់​កំពង់​ផែ​ក្រុង​សៀងហៃ​ ប្រទេស​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​គ្រោង​ទុក​មួយ។

រូបឯកសារ៖ នាវា​បំផ្លាញ​មីស៊ីល USS Lassen មក​ដល់​កំពង់​ផែ​ក្រុង​សៀងហៃ​ ប្រទេស​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​គ្រោង​ទុក​មួយ។

ប្រទេស​ចិន​នាំមុខ​គេ​ក្នុង​ការ​ពង្រាយ​បច្ចេក​វិទ្យា​ទំនើប

លោក​ Collin Koh អ្នក​ស្រាវជ្រាវ​ផ្នែកសន្តិសុខ​សមុទ្រ​នៅ​សាកល​វិទ្យាល័យ​បច្ចេក​វិទ្យា Nanyang Technological University ​នៅ​ប្រទេស​សិង្ហបុរីបាន​និយាយ​ថា ​ប្រទេស​វៀតណាម​ដែល​មាន​ជម្លោះ​ដែន​សមុទ្រជាមួយ​ចិន​ម្តងម្កាល​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០​មក​នេះ មាន​បច្ចេកវិទ្យា​សម្រាប់​ប្រើ​ប្រាស់​លើ​ផ្ទៃ​សមុទ្រ ប៉ុន្តែ​ខ្វះ​ខាត​បច្ចេក​វិទ្យា​ទំនើប​ក្រោម​ទឹក​ដូចប្រទេស​ចិន។​ ចំណែក​បច្ចេក​វិទ្យា​ក្នុង​ប្រទេសដែល​ទាម​ទារ​ផ្សេង​ទៀត គឺ​កាន់​តែ​យឺត​យ៉ាវ​ជាង​នេះ​ទៅ​ទៀត។​

«ប្រទេស​ដែល​ទាម​ទារ​ឯ​ទៀតៗ​តិច​ឬ​ច្រើន ​ពួកគេ​ នៅ​តែ​ជាប់​គាំង​ជាមួយប្រព័ន្ធ​តាម​ដានបែប​ប្រពៃណី​ដូច​ជា​ករណី​បច្ចេកវិទ្យា​តាម​អាកាស ​និង​លើ​ផ្ទៃ​សមុទ្រ។ នៅ​ទី​នេះ​យើង​កំពុង​ប្រឈម​នឹង​ការ​រីកសាយ​អាវុធ​នៃ​បច្ចេកវិទ្យា​ថ្មីដែល​មិន​មាន​លក្ខណៈ​ដូច​គ្នា​និង​មិន​ស្មើ​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។​

បច្ចេក​វិទ្យា​ប្រទេស​ចិន​អាច​កំណត់​បាន​ថា​តើ​កោះ​តូចៗ​មួយ​ណា​សម​ស្រប​សម្រាប់​វិស័យ​ទេសចរ ពាណិជ្ជកម្ម​ ឬ​ការ​ទាម​ទារ​ដី​កោះ​ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោកស្រី​ Sun។ ​បច្ចេកវិទ្យា​ទាំង​នោះ​ភាគ​ច្រើន​គឺ​ដំឡើង​នៅ​តាម​ផ្ទះ។​ ឧបករណ៍​ទំនើបៗ​របស់​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​ថ្ងៃ​ណា​មួយ​អាច​នឹង​បង្កើត​ជា​ឧបសគ្គ​ជុំវិញ​សម្ភារៈ​យោធា​ដែល​មាន​ស្រាប់​នៅ​ដែន​សមុទ្រ។​

នាវា​ដឹក​យន្តហោះ​ចម្បាំង​ Liaoning របស់​ប្រទេស​ចិន​ធ្វើ​លំហាត់​សម​ប្រយុទ្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​រូបថត​ថត​បាន​កាល​ពីខែ​ធ្នូ ឆ្នាំ​២០១៦។

នាវា​ដឹក​យន្តហោះ​ចម្បាំង​ Liaoning របស់​ប្រទេស​ចិន​ធ្វើ​លំហាត់​សម​ប្រយុទ្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​រូបថត​ថត​បាន​កាល​ពីខែ​ធ្នូ ឆ្នាំ​២០១៦។

បច្ចេក​វិទ្យា​ទំនើប​ជួយ​ដល់​ការ​ទាម​ទារ​អធិបតេយ្យភាព​

សារព័ត៌មាន​ផ្លូវ​ការ​ China Daily ​បាន​រាយការណ៍​ថា ១​ខែ​បន្ទាប់​ពី​ការ​ចេញ​សាលក្រម​របស់​តុលាការ​ពិភពលោក​ប្រឆាំង​នឹង​ការទាមទារ​របស់​ចិន​ ទីក្រុង​ប៉េកាំង​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ផ្កាយ​រណប​របស់​ខ្លួន​ចំនួន​៣​ដើម្បី​ចាប់​យក​រូបភាព​ ដែលមាន​គុណ​ភាព​ខ្ពស់​របស់​ប្រជុំ​កោះ​តូចៗ​ នាវា​ផ្សេងៗ​ អណ្តូង​ប្រេង ​និង​អាកាសធាតុ​នៅ​សមុទ្រ។​

លោកស្រី​ Sun​ និយាយ​ថា​ចិន​ប្រហែល​ជា​អញ្ជើញ​អ្នក​តំណាង​បរទេស​ជាច្រើន​ដើម្បី​មក​ធ្វើ​ទស្សនកិច្ច​ការ​តម្លើង​បច្ចេក​វិទ្យា​ទំនើប​មួយ​នា​ពេល​អនាគត​នៅ​ដែន​សមុទ្រ​ ហើយ​នេះក៏​ដើម្បី​អួត​ពី​ការ​ទាម​ទារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ផង​ដែរ។​

ប្រទេស​ទាម​ទារ​ឯ​ទៀតជា​ពិសេស​វៀត​ណាម ​និង​ហ្វីលីពីន​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ដាក់​យោធា​របស់​ចិន​នៅ​ដែន​សមុទ្រ​ ​ជាពិសេស​នៅពេល​ដែល​នាវា​របស់​ចិន​ចូល​ក្នុង​ដែន​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​មហា​សមុទ្រ​ដែល​បាន​កំណត់​ដោយ​ប្រទេស​ទាំង​នោះ។​

លោក Ibrahim Suffian ប្រធាន​កម្មវិធី​របស់​មជ្ឈមណ្ឌល​ដែល​ធ្វើការ​ស្ទង់មតិ​ឈ្មោះ​ថា Merdeka Center​ មាន​មូលដ្ឋាន​ទីក្រុង​កូឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា​ នៅ​ម៉ាឡេស៊ី​ដែល​ទាមទារ​ផ្នែក​នៃ​ប្រជុំ​កោះ Spratlys និង​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ជា​អ្នក​រុករក​ឧស្ម័ន​ និង​ប្រេង​នៅ​សមុទ្រ​នោះ ពលរដ្ឋ​នៃ​ប្រទេស​នេះ​ជា​ច្រើន​បារម្ភ​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​របស់​ចិន។

«មាន​ការ​យល់​ដឹង​ជា​ទូទៅ​មួយ​ដែល​ថា​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​តូច​មួយ​ដែល​សមត្ថភាព​នៅ​មាន​កម្រិត​ ដូច្នេះ​យុទ្ធសាស្រ្ត​ល្អ​បំផុត​គឺ​ការ​ជៀស​វាង​ពី​ជម្លោះ។ ពួកគេ​មិន​ពេញ​ចិត្ត​នឹង​គំនិត​ដែល​ចិន​នឹង​បង្កើន​អាវុធ​យោធា​និង​បច្ចេកវិទ្យា​ក្នុង​តំបន់​នោះ​ទេ។ ពួកគេ​ក៏​មិន​ចង់​ឲ្យ​ប្រទេស​មហាអំណាច​ផ្សេង​ទៀត​ដូច​ជា​សហរដ្ឋ​អាមេរិក​មាន​វត្តមាន​កាន់​តែ​ច្រើន​នោះផង​ដែរ»៕

ប្រែសម្រួល​ដោយ​ ទុំ​ ម្លិះ

XS
SM
MD
LG