ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​និយាយថា​ ការទូរស័ព្ទ​របស់​ប្រធានាធិបតី​តៃវ៉ាន់​ទៅ​លោក Trump គ្រាន់​ជា​ល្បិច​តូច​មួយ


រូបឯកសារ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​កោះតៃវ៉ាន់​លោកស្រី Tsai Ing-wen។

រូបឯកសារ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​កោះតៃវ៉ាន់​លោកស្រី Tsai Ing-wen។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ លោក Wang Yi បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​មិន​ត្រូវ​បាន​ជ្រៀតជ្រែក​ឬ​បំផ្លាញ​នោះ​ទេ បន្ទាប់​ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក Donald Trump និង​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen រួច​មក។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​ហៅ​បទ​សន្ទនា​នោះ​ថា«​គ្រាន់​តែ​ជា​ល្បិច​តូច​មួយ​របស់​តៃវ៉ាន់​ប៉ុណ្ណោះ»។

ប្រទេស​ចិន​ទាមទារ​ដោយ​ប្រជាធិបតេយ្យ​ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន ហើយ​ចិន​មិន​ដែល​ប្រើប្រាស់​កងកម្លាំង​យោធា​ ដើម្បី​យក​កោះ​តៃវ៉ាន់​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​ឡើយ។

លោក Trump ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​សុក្រ​ចំពោះ​ការទូរស័ព្ទ​ទៅ​មេដឹកនាំ​តៃវ៉ាន់ ប៉ុន្តែ​លោក​បាន​ឆ្លើយតប​ទៅ​នឹង​អ្នក​រិះគន់​របស់​លោក​នៅ​ក្នុង​សារ​មួយ​លើ​បណ្តាញ​សង្គមTwitter ថា «ប្រធានាធិបតី​តៃវ៉ាន់​បាន​ទូរស័ព្ទ​មក​ខ្ញុំ​នៅ​ថ្ងៃ​នេះ ដើម្បី​អបអរ​សាទរ​ចំពោះ​ជ័យ​ជម្នះ​ក្លាយ​ជា​ប្រធានាធិបតី​របស់​ខ្ញុំ»​។

បន្ទាប់​មក លោក Trump បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter មួយ​ទៀត​ថា «គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​សហរដ្ឋអាមេរិក​លក់​គ្រឿង​សព្វាវុធ​ក្នុង​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដល់​តៃវ៉ាន់ ប៉ុន្តែ​ខ្ញុំ​មិន​គួរ​លើក​ទូរស័ព្ទ​មក​អបអរ​សាទរ​នោះ​ទេ»៕

XS
SM
MD
LG