ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក BBG ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី


លោក Jeff Shell ជា​នាយក​គណៈអភិបាល​នៃ​ការ​ផ្សាយ BBGនិង​ក៏​ជា​នាយក​ប្រតិបត្តិ NBC។
លោក Jeff Shell ជា​នាយក​គណៈអភិបាល​នៃ​ការ​ផ្សាយ BBGនិង​ក៏​ជា​នាយក​ប្រតិបត្តិ NBC។

នាយក​គណៈអភិបាល​នៃ​ការ​ផ្សាយ BBG និង​ក៏​ជា​នាយក​ប្រតិបត្តិ NBC លោក Jeff Shell ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​ និង​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​រាប់​ម៉ោង នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មូស្គូ​ដើម្បី​បំពេញ​ការងារក្នុង​សប្តាហ៍​នេះ។

លោក Shell ដែល​ជា​នាយក​ទីភ្នាក់ងារ​សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​អឺរ៉ុប​សេរី ​និង​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ដទៃទៀត ត្រូវ​បាន​គេ​រុញ​ចេញ​ពី​ជួរ​រង់ចាំ​ នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃ​អង្គារ និង​ត្រូវ​បាន​គេ​ឃុំខ្លួន បើ​ទោះ​បី​ជា​លោក​មាន​ទិដ្ឋាការ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​មិន​ទាន់​ផុត​កំណត់​ក៏​ដោយ។
យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ BBG បាន​ឲ្យ​ដឹង​ថា លោក Shellត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ក្នុង​បន្ទប់​ចាក់​សោរ​មួយ​អស់​រយៈពេល​រាប់ម៉ោង។ ហើយ​បន្ទាប់​មក លោក​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​រុស្ស៊ី​នាំ​ឡើង​យន្តហោះ​ទៅ​កាន់​ទីក្រុង​អាំស្ទែដាំ (Amsterdam)។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ លោក Shell បាន​ថ្លែង​ប្រាប់​ក្រុម​ការងារ​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​ថា អាជ្ញាធរ​ពង្រឹង​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​នោះ​បាន​និយាយ​ថា ការ​ហាមឃាត់​លោក​មិន​ឲ្យ​ចូល​ទៅ​កាន់​ប្រទេស​រុស្ស៊ី​គឺ​មាន​លក្ខណៈ​អចិន្ត្រៃយ៍​និង​ជា​ការ​ហាមឃាត់​អស់​មួយ​ជីវិត។ ​

BBG បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​មាន​ការ​ពន្យល់​បកស្រាយ​ណាមួយ​ត្រូវ​បាន​ផ្តល់​ដល់​លោក Shell ចំពោះ​ការ​ឃុំខ្លួន​លោក​នៅ​ឡើយ​ទេ ហើយ BBG ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​មន្ត្រី​នៃ​ទីភ្នាក់ងារ​នេះ​បាន​ជួប​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង មូស្គូ លោក John Tefft កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​អំពី​ហេតុការណ៍​នេះ។ ​
ហេតុការណ៍​កាល​ពី​ថ្ងៃ​អង្គារ​នេះ​បាន​កើតឡើង ខណៈ​ពេល​ដែល​មាន​ភាពតានតឹង​ផ្លូវ​ទូត​កើត​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ​

ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា មន្ត្រី​ការ​ទូត​រុស្ស៊ី​២​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មិថុនា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ហេតុការណ៍​មួយ​ដែល​បាន​កើតឡើង​កាល​ពី​ដើម​ខែ​មិថុនា ដោយសារ​តែ​មន្ត្រី​ប៉ូលិស​រុស្ស៊ី​ម្នាក់​បាន​វាយ​តប់​មន្ត្រី​ការ​ទូត​អាមេរិក​ម្នាក់​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​មូស្គូ៕

XS
SM
MD
LG