ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមរភូមិ​នៅ​ទីក្រុង​មូស៊ុល​ត្រូវ​ផ្អាក ខណៈ​តួលេខ​ជនស៊ីវិល​ដែល​ស្លាប់​មាន​ចំនួន​ខ្ពស់​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​


ក្រុម​ប៉ូលិស​សហព័ន្ធ​របស់​អ៊ីរ៉ាក់គ្រាប់បែក​ធំ​ទៅកាន់​ក្រុម​រដ្ឋឥស្លាមក្នុង​ទីក្រុង​ម៉ូស៊ុល​ ប្រទេស​អ៊ីរ៉ាក់។​ ក្រុម​មន្រ្តី​បាន​និយាយ​ថា​ប្រតិបត្តិការ​នេះ​នឹង​ផ្អាក​បណ្តោះអាសន្ន​ដោយ​ពួក​គេ​វាយ​តម្លៃថា​នឹង​ធ្វើ​ដូចម្តេចទើប​អាច​វាយ​ប្រហារ​រដ្ឋឥស្លាម​ដោយ​មិនប៉ះពាល់ដល់​ប្រជាជនស៊ីវិលដែល​នៅ​ជុំវិញ​កាល​ពី​ថ្ងៃទី​០២ មីនា ២០១៧។

រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​នឹង​ផ្អាក​សមរភូមិ​ដណ្តើម​យក​ទីក្រុង​មូស៊ុល​ពី​ក្រុម​រដ្ឋ​ឥស្លាម​មួយ​រយៈ​សិន បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​នានា​ចេញ​ផ្សាយ​ពី​ជនស៊ីវិល​ដែល​បាន​ស្លាប់​មាន​ចំនួន​ច្រើន។ ​នេះ​បើ​យោង​តាម​សម្តី​របស់​អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​សន្តិសុខ។ ​

ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នេះ​ត្រូវ​បាន​ប្រកាស ខណៈ​ដែល​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​មួយ​ទៅ​លើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា ថ្មីៗ​នេះ​ខ្លួន​បាន​សម្លាប់​ជនស៊ីវិល​អស់​ជាង​១០០​នាក់​នៅ​ក្នុង​តំបន់ Jidideh ដែល​ស្ថិត​នៅ​ក្បែរ​ទីក្រុង មូស៊ុល​នោះ។

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុម​សម្ព័ន្ធមិត្ត​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បើក​ការ​វាយតម្លៃ​ជា​ផ្លូវការ​ទៅ​លើ​តួលេខ​ជនស៊ីវិល​ដែល​បាន​ស្លាប់​នៅ​ក្នុង​ករណី​ចោទប្រកាន់​នេះ។

សេចក្តីថ្លែងការណ៍​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា យន្តហោះ​របស់​ក្រុម​សម្ព័ន្ធមិត្ត​តែងតែ​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់​នេះ ហើយ​កងកម្លាំង​របស់​ក្រុម​សម្ព័ន្ធមិត្ត​ប្រុងប្រយ័ត្ន​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​នៃ​ការ​រៀបចំ​ផែនការ​និង​ការ​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​អាកាស ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​ប៉ះពាល់​ដល់​ជន​ស៊ីវិល៕

XS
SM
MD
LG