ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដាក់បិទផ្លូវហែញត្តិជាការខាតប្រយោជន៍រដ្ឋាភិបាល និងគណបក្សកាន់អំណាច


ស្ថានភាព​ចរាចរណ៍​ពី​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​នៅ​ពេល​ក្រុម​អាជ្ញាធរមាន​សមត្ថកិច្ច​នៅ​ព្រឹកថ្ងៃច័ន្ទទី​៥​ ខែ​កញ្ញា ឆ្នាំ​២០១៦​ ដាក់របាំងសន្តិសុខរារាំងខណៈពេល​ដែល​ការ​ត្រៀម​ដង្ហែរញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់​តាមស្ថានទូតនានា​ប្រចាំ​នៅកម្ពុជា។​(ឡេង ឡែន/VOA)
ស្ថានភាព​ចរាចរណ៍​ពី​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​នៅ​ពេល​ក្រុម​អាជ្ញាធរមាន​សមត្ថកិច្ច​នៅ​ព្រឹកថ្ងៃច័ន្ទទី​៥​ ខែ​កញ្ញា ឆ្នាំ​២០១៦​ ដាក់របាំងសន្តិសុខរារាំងខណៈពេល​ដែល​ការ​ត្រៀម​ដង្ហែរញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់​តាមស្ថានទូតនានា​ប្រចាំ​នៅកម្ពុជា។​(ឡេង ឡែន/VOA)

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ​ការ​ពង្រាយ​សមត្ថកិច្ច​រាប់រយ​នាក់ ​និង​ការដាក់​រនាំង​ដែក​បិទ​ផ្លូវ​ប្រឆាំង​នឹង​ការ​ហែញត្តិ​របស់​គណបក្ស​ជំទាស់ ​បង្ហាញ​ពី​ការ​រំលោភ​ច្បាប់ ​និង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​កាន់​តែ​ធ្លាក់​ប្រជាប្រិយភាព។​

រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​សមត្ថកិច្ច​រាប់​រយ​នាក់ ​និង​ដាក់​របាំង​បិទ​ផ្លូវ​ប្រឆាំង​នឹង​ការ​ហែញត្តិ​របស់​គណបក្សជំទាស់​ដាក់ទៅ​ស្ថានទូត​ដែល​ជា​ប្រទេស​ហត្ថលេខី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស សុំ​ឲ្យ​ជួយ​ការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះ ​សមត្ថកិច្ច​រាប់​រយ​នាក់​បាន​ដាក់​រនាំង​បិទ​ផ្លូវ​ចាប់ពី​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​រហូត​ដល់​ហួស​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ។ ​ការ​បិទ​ផ្លូវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ប៉ា សុជាតិវង្ស ​ អភិបាល​រាជធានី​ភ្នំពេញ ​ប្រកាស​មិន​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ហែ​ញត្តិ​ទៅ​កាន់​ស្ថានទូត​នានា​ដើម្បី​ស្នើ​ឲ្យ​ជួយ​ការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ប្រជាពលរដ្ឋ​ខកខាន​មិន​អាច​ធ្វើ​ដំណើរ​ដោយសារក្រុម​អាជ្ញាធរដាក់របាំងសន្តិសុខរារាំង​បិទផ្លុវ​នៅ​សង្កាត់​ចាក់​អង្រែ​លើ (ថ្ងៃច័ន្ទទី​៥​កញ្ញា​ឆ្នាំ​២០១៦/ឡេង ឡែន VOA)​
ប្រជាពលរដ្ឋ​ខកខាន​មិន​អាច​ធ្វើ​ដំណើរ​ដោយសារក្រុម​អាជ្ញាធរដាក់របាំងសន្តិសុខរារាំង​បិទផ្លុវ​នៅ​សង្កាត់​ចាក់​អង្រែ​លើ (ថ្ងៃច័ន្ទទី​៥​កញ្ញា​ឆ្នាំ​២០១៦/ឡេង ឡែន VOA)​

ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​នេះ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​គឺលោក​សុន ឆ័យ​បាន​អាន​លិខិត​ដែល​ដាក់​ទៅ​ស្ថានទូត​ទាំងនោះ​ ដែល​មាន​ខ្លឹមសារ​ជំរុញ​ឲ្យ​មេ​ដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស ​និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​បំពេញ​តួនាទី​របស់​ខ្លួន​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដើរ​លើ​គន្លង​ប្រជា​ធិបតេយ្យ ​គោរព​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោបាយ ​និង​សេរីភាព​បញ្ចេញ​មតិ។​

លោក​សុន ឆ័យបាន​អាន​បន្តថា ​ការ​ចាប់ឃុំខ្លួន​អ្នក​តំណាង​រាស្ត្រ​ទាំង​មាន​អភ័យ​ឯក​សិទ្ធិ​សភា ​ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅច្បាប់ ​ដោយ​មិន​បាន​ចាប់​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​មក​ផ្តន្ទាទោស​គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់​ប្រជា​ធិបតេយ្យ ​បើ​សហគមន៍​អន្តរជាតិ​មិន​ទប់ស្កាត់​ទាន់​ពេល​វេលា។​

លោក​សុន ឆ័យ​ថ្លែង​ថា ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ដើម្បី​រារាំង​ការ​ហែ​ញត្តិរបស់​តំណាង​រាស្រ្ត​ដែល​មានចំនួន​៨​នាក់ ​និង​រថយន្ត​៣​គ្រឿង​គឺ​ជា​ការ​រំលោភ​ច្បាប់​ ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​ជាតិ។​

លោក​បន្ថែមថា៖​

«ការ​គ្រប់គ្រង​ប្រទេស​មិនត្រូវ​បង្កឲ្យ​មាន​ការ​ព្រួយបារម្ភ​អត់​ប្រយោជន៍​បែប​ហ្នឹង​ទេ ​ព្រោះ​យើង​ត្រូវ​ការ​វិនិយោគទុន​មក​ប្រទេស​កម្ពុជា​យើង។ ​យើង​ត្រូវការ​ឲ្យ​មាន​ទេសចរណ៍​មក​កម្សាន្តនៅ​ក្នុង​ប្រទេស​យើង ​ដែល​រដ្ឋាភិបាល​តែងតែ​អះអាង​ថា ​ប្រទេស​ដែល​មាន​សន្តិភាព​នោះ។ ​បើ​មើល​ព្រឹកមិញ ប្រទេស​កម្ពុជា​គឺ​អត់​មាន​សន្តិភាព​ទេ។ គណបក្ស​សង្គ្រោះជាតិ​យល់​ថា​ មិន​គួរ​បណ្តោយ​ឲ្យ​មាន​ហេតុ​ការណ៍​នេះ​ត​ទៅ​ទៀត»។​

ការ​បិទ​ចរាចរណ៍​ព្រឹកមិញ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ។ ​

អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​លើក​ឡើង​ថា ​ពួកគេ​ត្រូវ​ខកខាន​ការងារ។​ ខ្លះថា​ គេ​មិន​បាន​ជូន​កូន​ទៅ​រៀន និង​ខ្លះ​ទៀត​ខកខាន​មិន​បាន​ទៅ​ព្យាបាល​ជំងឺ​ជាដើម។​

លោក​មាន ចាន់យ៉ាដា ​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ អះអាង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ហែ​ញត្តិ​ចំនួន​៥៥​នាក់ ​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ដូច្នេះ​សាលា​រាជធានី​បាន​ពង្រាយ​កម្លាំង​សមត្ថកិច្ចដើម្បី​រារាំង ​ដោយ​បារម្ភ​អំពី​អសន្តិសុខ​សង្គម។​

លោក​បញ្ជាក់​ថា៖​

«ប្រទេស​នីមួយៗគឺតែង​តែមាន​ច្បាប់។ ​ការ​ហែក្បួន ​ឬ​ការ​ជួបជុំ​គឺ​ត្រូវ​តែ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច ​នៅ​ក្នុង​ការចូល​រួម​ថែ​ររក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់ ​ហើយ​និង​សុវត្ថិភាព​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ។ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ទូទៅ​គឺ​មិន​រងការរំខាន​ដល់​ប្រក្រតី​ភាព​នៃ​ជីវភាព​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទេ​ គឺ​អ្នក​ទៅ​ធ្វើការ នៅ​ទៅធ្វើ​ការ។ ​អ្នកដែល​រក​ស៊ី​ប្រកប​អាជីវកម្ម ​នៅ​ប្រកប​អាជីវកម្ម។​ គាត់​ទៅ​ធ្វើប្រកប​អាជីវកម្ម​របស់​គាត់​ជា​ធម្មតា»។​

​អាជ្ញាធរ​ដាក់របាំងបិទផ្លូវ​នៅ​សង្កាត់​ចាក់​អង្រែ​លើ។ (ថ្ងៃច័ន្ទទី​០៥​ខែ​កញ្ញាឆ្នាំ​២០១៦/ឡេង ឡែន) ​
​អាជ្ញាធរ​ដាក់របាំងបិទផ្លូវ​នៅ​សង្កាត់​ចាក់​អង្រែ​លើ។ (ថ្ងៃច័ន្ទទី​០៥​ខែ​កញ្ញាឆ្នាំ​២០១៦/ឡេង ឡែន) ​

លោក​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯក​រាជ្យប្រាប់ VOA ​ថា ការ​ដាក់​ញត្តិ​នេះ​គឺ​ជា​យុទ្ធសាស្រ្ត​ដែល​គណបក្ស​ប្រឆាំង​ស្វែង​រកប្រជា​ប្រិយភាព​របស់​គណបក្ស​ខ្លួន។​ ប៉ុន្តែ​លោក​បន្ត​ថា​ គណបក្ស​កាន់​អំណាច​បាន​បញ្ចេញ​ប្រតិកម្ម​ខុស​ដោ​យសារ​ភាព​ភ័យ​ខ្លាច​ជ្រុល។​

លោក​មាន​ប្រសាសន៍​ថា៖​

«រឿង​ហ្នឹង​ត្រូវ​ជា​រឿង​តូចទេ ប៉ុន្តែ​មិន​បាន​ទៅ​សម្រប​សម្រួល​រឿង​នេះ​ឲ្យ​ទៅ​ជា​តូច​ បែរជា​ទៅ​រារាំង​ទៅ​វិញ។​ ខ្ញុំ​មើលទៅ​ជា​រឿងមួយបរាជ័យ​របស់​រដ្ឋាភិបាល ​ឬ​បរាជ័យ​របស់​សាលា​ក្រុង​ ហើយការ​បរាជ័យ​របស់​សាលាក្រុង​នេះធ្វើ​ឲ្យគេ​ខឹង​រដ្ឋាភិបាល​ជាមួយ​សាលា​ក្រុង​ទៅ​វិញ។ ​ជា​យុទ្ធ​សាស្រ្ត ​ខ្ញុំ​គិត​ថា​ ជា​យុទ្ធសាស្រ្ត​នយោបាយ​មួយ​ខាតសម្រាប់​រដ្ឋាភិបាល»។​

លោក​បន្ថែម​ថា ​ទាំង​រដ្ឋាភិបាល ​និង​គណបក្ស​ប្រឆាំង​គួរ​តែគិត​គូ​រឿង​ជាតិ​ជាធំ ​ជា​ជាង​ស្វែង​រក​ប្រយោជន៍ផ្ទាល់ខ្លួន៖​ «ទី១​គឺ​ពួក​គាត់​ឆ្លើយ​តប​ជ្រុល​លើស​ពីអ្វី​ដែល​ចាំបាច់។​ ទី២ ​ខ្ញុំ​មើល​ទៅ​អ្នក​ក្លាហាន​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ គាត់​ចង់​ឲ្យ​គាត់​ហ្នឹង​មាន​តម្លៃ។​ អញ្ចឹង​គាត់​រុញ​ឲ្យ​ធ្វើ​បែប​ហ្នឹង។ ហើយ​ខាង​គណបក្ស​ប្រឆាំង​វិញ​ក៏​អញ្ចឹង​ដែរ​ អ្នក​ក្លាហាន​ចូលចិត្ត​ជំរុញ​ឲ្យ​ឈ្លោះ​ដូចគ្នា​ ព្រោះអី​ពួក​គាត់​មាន​តម្លៃ​ដូចគ្នា។​ អញ្ចឹង​រឿង​ហ្នឹង ​បើ​ចិត្ត​ខ្ញុំ​វិញ ​ខ្ញុំ​គិត​ថា ​វា​ខាត​សម្រាប់​ជាតិ ​ហើយ​ខ្ញុំ​បន្ទោស​ទាំង​សងខាង​ដែរ។​ ប៉ុន្តែ​យើង​គួរប្រកួត​ប្រជែង​អ្នក​ចេះ​ដឹង​និង​គំនិត​វិញ​ ទើប​ចំណេញ​ជាតិ​ជាង»។​

ប៉ូលិសដាក់របាំង​រារាំងការ​ត្រៀម​ដង្ហែ​ញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់តាមស្ថានទូតនានា​។ (ថ្ងៃច័ន្ទទី​៥ខែកញ្ញា​ឆ្នាំ​២០១៦​/ ​ឡេង ឡែន/VOA)
ប៉ូលិសដាក់របាំង​រារាំងការ​ត្រៀម​ដង្ហែ​ញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់តាមស្ថានទូតនានា​។ (ថ្ងៃច័ន្ទទី​៥ខែកញ្ញា​ឆ្នាំ​២០១៦​/ ​ឡេង ឡែន/VOA)

មានប្រទេស​ចំនួន​១៨ ​កាលពី​២៥​ឆ្នាំ​មុន​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​២៣ ​តុលា​១៩៩១​ ដើម្បី​ធានា​នូវ​សន្តិភាព​ផ្ទៃក្នុង ​និង​ការពារ​បូរណភាព​ទឹកដីកម្ពុជា​មិន​ឲ្យ​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ជិត​ខាង។​

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសគឺជា​ចំណុច​ផ្តើម​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជាដែល​អូស​បន្លាយ​២០​ឆ្នាំ។​ សន្ធិ​សញ្ញា​នេះ​កើត​ឡើង​ដោយ​បួន​ភាគីគឺ​ភាគី​ហ៊្វុនស៊ិនប៉ិចរបស់​សម្ដេច​នរោត្តម ​សីហនុ​ ភាគីរណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​របស់​លោក​សឺន សាន ​ ភាគី​ខ្មែរ​ក្រហម​ និង​ភាគី​រដ្ឋ​កម្ពុជា​របស់​លោក​ហ៊ុន សែន​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នៅ​ថ្ងៃ​២៣ ​តុលា​១៩៩១​នៅ​ទីក្រុង​ប៉ារីស។​

កន្លង​មក​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​តែង​លើក​ឡើង​ថា ស​ន្ធិ​សញ្ញា​ទីក្រុង​ប៉ារីសឆ្នាំ​១៩៩១​ត្រូវ​ចប់​ចាប់​តាំងពី​ពេលរដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​បង្កើត​មក​ម្ល៉េះ។

បន្ទាប់ពី​មាន​ការ​រារាំង​ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​លុប​ចោល​គម្រោង​នៃ​ការ​ហែញត្តិ​ពីស្នាក់​ការ​គណបក្ស​របស់​ខ្លួន ​ដោយ​សម្រេច​ឲ្យ​តំណាងរាស្ត្រ​៥រូប​ធ្វើ​ដំណើរ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ទាំង​១៥​ដែល​គណបក្ស​នេះ​អះអាង​ថា​ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បញ្ជៀស​ការ​ប៉ះទង្គិច​រវាង​ក្រុម​អ្នក​ហែ​ក្បួន ​និង​សមត្ថ​កិច្ច៕​

XS
SM
MD
LG