ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​ខេត្ត​កោះកុង​​ឆែក​ឆេរ​ទីស្នាក់ការ​ចលនា​មាតា​ធម្ម​ជាតិ​ដោយ​គ្មាន​ដីការ​ ក្រោយ​ពី​ឃុំ​ខ្លួន​សកម្ម​ជនបីនាក់


រូបភាពថតពី​ទំព័រ Facebook ចលនា​​មាតា​​ធម្មជាតិ​ (Mother Nature Cambodia)។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ក្រុង​ខេមរៈ​ភូមិន្ទ​ ខេត្ត​កោះកុង​ បាន​ចុះ​ទៅ​ឆែក​ឆេរ​ផ្ទះ​ជួល​មួយ​ ដែល​ជា​ទីស្នាក់​ការ​របស់​ចលនា​​មាតា​ធម្មជាតិ​ ​ ដោយ​គ្មាន​ដីការ​ពី​តុលាការ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ក្រុង​ខេមរៈ​ភូមិន្ទ​ ខេត្ត​កោះកុង​ បាន​ចុះ​ទៅ​ឆែក​ឆេរ​ផ្ទះ​ជួល​មួយ​ ដែល​ជា​ទីស្នាក់​ការ​របស់​ចលនាមាតា​ធម្មជាតិ​ ​ ដោយ​គ្មាន​ដីការ​ពី​តុលាការ។​ នេះ​បើ​តាម​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ និង​សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្ម​ជាតិ។​

ការ​ចុះឆែក​ឆេ​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋក្នុង​ខេត្តកោះកុង​មក​ពី​សហគមន៍​ឃុំ​ព្រែក​ខ្សាច់​ សហគមន៍​ឃុំកោះ​ស្រឡៅ​ ស្រុក​កោះកុង ​សហគមន៍​ឃុំ​ជីខ​ក្រោម​ស្រុក​ស្រែអំបិល​ សហគមន៍​អារ៉ែង​ស្រុក​ថ្មបាំង​ និង​សហគមន៍​អណ្តូង​ទឹក​ ហើយ​និង​សហគមន៍​កណ្តុរ​ ​ស្រុក​បទុមសាគរ​ បន្ត​ការ​តវ៉ា​នៅ​មុខ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​បីនាក់​នៃ​បណ្តាញ​មាតា​ធម្មជាតិ​ដែល​តុលាការ​បាន​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​ច័ន្ទ។​

លោក​ អ៊ិន គង់​ជិត​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​នៅ​ខេត្ត​កោះកុង​ ឲ្យ​ដឹង​ថា​ លោក ​ប៉ែន ប៊ុនឈួយ​ អភិបាល​រង​ក្រុង​ខេមរៈភូមិន្ទ​ និង​លោក ​រៀល ច័ន្ទតារា​ ​ស្នងការ​ប៉ូលិស​ក្រុង​ខេមរៈ​ភូមិន្ទ​ បាន​ដឹក​នាំ​កម្លាំង​មាន​សមត្ថ​កិច្ច​ចុះ​ទៅ​ឆែក​ឆេរ​ទីស្នាក់ការ​នៃ​ចលនា​មាតា​ធម្មជាតិ​ ដោយ​យក​លេស​ថា​ ជា​ការ​ចុះ​ធ្វើ​រដ្ឋបាល។

លោក​អ៊ិន គង់​ជិត​និយាយ​ថា៖ «យុវជន​ដែល​គាត់​ស្នាក់​នៅ​ ដែល​គាត់​កំពុងឈរ​នៅ​ក្នុង​ផ្ទះ​ហ្នឹង​ គាត់​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ហ្នឹង​ អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​ទាំង​អស់​ចេញ​ ចេញ​មក​ក្រៅ។​ ហើយ​អាជ្ញាធរ​បាន​ឲ្យ​ម្ចាស់​ផ្ទះ​យក​សោរ។​ ម្ចាស់​ផ្ទះ​ជួល​ហ្នឹង​យក​សោរ​ទៅ​ចាក់​គ្រប់​បន្ទប់​ ហើយ​ចាក់​ឆែក​គ្រប់​បន្ទប់​អញ្ចឹង​ ដើម្បី​ត្រួត​មើល​មនុស្ស​ មើល​អី។​

ប៉ុន្តែ​យើង​ឃើញ​ថា ​ ការ​ធ្វើ​បែប​នេះ​អត់​មាន​ដីការ​ពីសាលា​ដំបូង​ខេត្ត​កោះកុង​ទេ ហើយ​អញ្ចឹង​ធ្វើ​ឲ្យ​អ្នក​ដែល​នៅ​ទីនោះ​មាន​ការ​ភ័យ​ខ្លាច​ ហើយ​អាជ្ញាធរ​ក៏​បាន​ស្រង់​ឈ្មោះ​អ្នក​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ផ្ទះ​ហ្នឹង ​គឺ​មាន​ចំនួន​២១​នាក់​ ហើយ​បាន​បង្ខំ​ឲ្យ​ពួក​គេ​ផ្តិត​មេដៃ​ ប៉ុន្តែ​ពួក​គេ​មិន​ផ្តិត​មេដៃ​ ហើយ​ក្រោយ​មក​អាជ្ញាធរ​ក៏​បាន​ត្រឡប់​ទៅ​វិញ​អស់»។​

លោក ​សុត រដ្ឋា​ អាយុ​២៣​ឆ្នាំ​ សមាជិក​នៃ​ចលនា​មាតា​ធម្មជាតិ​ និយាយ​ថា​ អាជ្ញាធរ​មូលដ្ឋាន​ និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ប្រមាណ​២០នាក់នៅ​ក្នុង​សង្កាត់​ដងទុង​ ស្រុក​ស្មាច់​មានជ័យ​ ក្រុង​ខេមរៈ​ភូមិន្ទ​ បានចុះ​មក​ឆែកឆេរ​ទីស្នាក់​ការ​នៃ​ចលនា​មាតា​ធម្មជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មាន​ទាហាន​អម​ជាមួយ​ផង​ដែរ។​

«គាត់​បាន​ព្យាយាម​មក​ស៊ើប​សួរ​ពួកយើង​ទាក់ទង​រឿង​ការ​ជួល​ផ្ទះ​របស់​មាតា​ធម្ម​ជាតិ​អី​អញ្ចឹង នរណា​អ្នក​ជួល​ នរណា​អ្នក​ចុះ​ហត្ថលេខា​អី​អញ្ចឹង​ផ្សេងៗ​ ហើយ​គាត់​បាន​បង្ខំ​ឲ្យ​យើង​ចុះ​វត្តមាន​ ទាំង​អស់​ ទាំង​អ្នក​ដែល​មក​ពី​សហគមន៍​ ទាំង​ពួក​ខ្ញុំ​ទាំងអី​ ទាំងអស់ហ្នឹង។​ គាត់​បាន​មក​ស្រង់​យក​វត្ត​មាន​ ហើយ​គាត់​បាន​នាំ​គ្នា​ឃាត់​ពួក​យើង​អត់​ឲ្យ​ចេញ​ទៅ​ណា​ ដូច​ជា​ជិត​មួយ​ម៉ោង​ដែរ»។​

ការ​ចុះ​ឆែកឆេរ​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​សកម្ម​ជន​បរិស្ថាន​បី​នាក់​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​គំរាម​កំហែង​ និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។​ សកម្មជន​ទាំង​បី​នាក់​នោះ​រួមមាន​លោក​ សាន់ ម៉ាឡា ​អាយុ​២៣​ឆ្នាំ ជា​សហស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក ​ទ្រី សុវិគា​ អាយុ​២៤​ឆ្នាំ​ និង​លោក​ ស៊ីម សំណាង​ អាយុ​២៦​ឆ្នាំ។​

លោក​ គឹម រី អាយុ​២៣​ឆ្នាំ​ សមាជិក​ម្នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ បាន​ហៅ​ការ​ចុះ​ឆែក​ឆេរ​នេះ​ថា​ ជា​ការ​គំរាម​កំហែង​ និង​បំភិត​បំភ័យធ្វើ​ឲ្យ​ចលនា​មាតា​ធម្មជាតិ​ និង​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​សហគមន៍នានា ឈប់​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​បី​រូប​ដែល​កំពុង​ជាប់​ឃុំ។​

«យើង​ឃើញ​ថា​ ការ​យក​ប៉ូលិស​ប៉េអឹម​មកគគ្រឹក​គគ្រេង​ នៅ​ក្នុងស្នាក់​ការ​របស់​យើង​គឺ​ហាក់​ដូច​ជា​ការ​គំរាម​កំហែង​មួយ​មក​លើ​ពួក​យើង​ ហើយ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ ហើយ​ធ្វើ​ឲ្យ​សហគមន៍​ហ្នឹង​គាត់​ភ័យ​ខ្លាច​ គាត់បាក់​ទឹក​ចិត្ត​ គាត់​លែង​ហ៊ាន​ធ្វើការ​តវ៉ាទាមទារ​អី​មួយ»។​

លោក​បាន​បញ្ជក់​ផង​ដែរ​ថា​ អាជ្ញាធរ​ភូមិ​ឃុំ​ក្នុង​សង្កាត់​ដងទុង​បាន​ស្នើឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ទីស្នាក់ការ​ចលនា​មាតា​ធម្មជាតិ​ ​ផ្តល់​ស្នាម​មេដៃ​ដើម្បី​ជា​ការ​គាំទ្រ​ក្នុង​ការ​បណ្តេញ​ចលនា​មាតា​ធម្មជាតិ។​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​រស់​នៅ​ទី​នោះ​ពុំ​បាន​ធ្វើ​តាម​ទេ។​

លោក​ប៉ែន ប៊ុនឈួយ​ អភិបាល​រង​ក្រុម​ខេមរៈ​ភូមិន្ទ ​បានបដិសេធ​មិន​ធ្វើ​អធិប្បាយ​ទេ​ ដោយ​លោក​និយាយ​ថា​ ​លោក​ជាប់​ប្រជុំ។​ វីអូអេ​ពុំអាច​ទាកទងលោក​រៀល​ ច័ន្ទតារា​ ស្នងការ​ប៉ូលិស​ក្រុង​ខេមរៈ​ភូមិន្ទ​បាន​ទេ​ ដោយ​សារ​ទូរស័ព្ទ​របស់​លោក​មិន​ដំណើរ​ការ។​

ការ​សម្រច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បីនាក់​កើត​មាន​ឡើង​បន្ទាប់​ពី​ពួក​គេ​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា​ ដើម្បី​បណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ ​គឺ​ក្រុមហ៊ុន​ Direct Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរ​ការ​ជា​ច្រើន​ខែ​មក​ហើយ ​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្តូង​ទឹក​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង។​

សកម្មជន​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា​ ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពីការតវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ចលនា​មាតា​ធម្មជាតិ​ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារី​អគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ៕

XS
SM
MD
LG