ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្រ្តាលី​ព្រមាន​ពី​​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​រដ្ឋធានី​គូឡាឡាំពួ


ផែនទីបង្ហាញពី​រដ្ឋធានីគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ អូស្រ្តាលី​ព្រមាន​ពី​​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​រដ្ឋធានី​គូឡាឡាំពួ។
ផែនទីបង្ហាញពី​រដ្ឋធានីគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ អូស្រ្តាលី​ព្រមាន​ពី​​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​រដ្ឋធានី​គូឡាឡាំពួ។

កាលពី​ថ្ងៃ​អាទិត្យ​ប្រទេស​អូស្ត្រាលី​បានព្រមាន​ថា ​ពួក​ភេរវជនប្រហែល​គ្រោង​ធ្វើការ​វាយ​ប្រហារ​នៅ​ខាងក្នុង​និង​នៅ​ជុំវិញ​ក្រុង​គូឡាឡាំពួ ដែល​ជាក្រុង​ធំជាង​គេ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាននិយាយ​នៅ​ក្នុង​សេចក្តី​ណែនាំ​ខាង​ការ​ធ្វើដំណើរ​មួយ​ថា ​កំពុង​មានការ​គំរាមកំហែង​ភេរវកម្មនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​កត់សម្គាល់​ថា​ អាជ្ញាធរ​នៅ​ទី​នោះ​បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ ដែល​ទាក់ទិន​នឹង​គម្រោងធ្វើការ​វាយ​ប្រហារទាំងនេះ ដោយ​មាន​រួម​បញ្ចូល​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​កន្លែង​កម្សាន្ត​ក្នុង​ក្រុងគូឡាឡាំពួ​ផង​ដែរ។​

ស្ថានទូត​នេះ​បាននិយាយ​នៅ​ក្នុង​សេចក្តីណែនាំ​ ដែលបានត្រូវផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​ខ្លួនថា «ពួក​ភេរវជន​ប្រហែល​គ្រោង​ធ្វើការ​វាយប្រហារ​នៅ​ខាង​ក្នុង​និង​នៅ​ជុំវិញ​ក្រុង​គូឡាឡាំពួ។​ ការ​វាយប្រហារ​អាច​ត្រូវ​ធ្វើ​ដោយមិន​រើសមុខ​ និងប្រហែល​យក​ផលប្រយោជន៍​បស្ចឹម​ប្រទេស​និង កន្លែង​ដែល​ប្រជាជន​បស្ចឹម​ប្រទេស​ទៅមក​ដោយញឹកញាប់​ធ្វើ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ។​

អាជ្ញាធរ​ Malaysia បាន​បង្កើនកម្រិតនៃ​ការ​ប្រុងប្រយ័ត្ន​ខាង​សន្តិសុខនៅ​ក្រោយ​ការ​វាយ​ប្រហារកាលពី​ថ្ងៃ​ទី​១៤ ​ខែ​មករា ក្នុង​ក្រុង​ចាកាតា ដែល​ជា​រដ្ឋធានី​នៃប្រទេស​ឥណ្ឌូនេស៊ី​នៅ​ជិតខាង ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៨នាក់​ស្លាប់។​

ជា​ការ​ឆ្លើយតប​នឹង​ការ​ព្រមានរបស់​ប្រទេសអូស្ត្រាលី​ លោក Tajuddin Mohamad Isa មេ​ប៉ូលិស​ក្រុង​គូឡាឡាំពួ​បាននិយាយ​ប្រាប់កាសែត​ The Star ជា​ភាសា​អង់គ្លេស​ថា​ មាន​ការ​បង្កើន​កិច្ចការពារ​សន្តិសុខ​កាល​ពី​ពីរ​បីខែមុននេះ​ហើយ​ថា​គ្មាន​ការ​បញ្ជាក់​ថា​ នឹង​មានការ​វាយ​ប្រហារទេ។​

ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក​ អាជ្ញាធរ​ម៉ាឡេស៊ី​បានចាប់ខ្លួន​មនុស្ស​ជាង​១៥០នាក់​ដែលជាប់សង្ស័យ​ថា មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​រដ្ឋ​ឥស្លាម។​ កាល​ពី​ខែមុន​ បុរសម៉ាឡេស៊ី​ម្នាក់​ អាយុ២៨​ឆ្នាំ បានត្រូវចាប់ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​នៅមុន​ពេល​ជន​នោះគ្រោង​នឹង​បំផ្ទុះ​ខ្លួនឯង​នៅ​ក្នុង​កន្លែង​កម្សាន្ត​មួយក្នុង​ក្រុង​គូឡាឡាំពួ។​

សេចក្តី​ណែនាំអំពីការ​ធ្វើដំណើរនេះក៏​បាន​សុំ​ដល់ប្រជាជន​អូស្ត្រាលី​ឲ្យចៀសវៀង​ពី​ការ​ធ្វើដំណើរ​ទៅ​កាន់រដ្ឋ​ Sabah នៅ​លើកោះ​ Borneo នា​ផ្នែក​ខាងកើត​នៃប្រទេស​ម៉ាឡេស៊ី ដែល​ល្បី​ឈ្មោះ​ដោយសារ​មានកន្លែង​មុជ​ក្នុង​សមុទ្រ ពីព្រោះ​មាន​ការគំរាមកំហែង​ខ្លាំងដោយសារ​ការ​ចាប់​ពង្រត់​ដោយ​ពួក​ឧទ្ទាម​នៅ​ហ្វីលីពីន។

សេចក្តី​ណែនាំ​នេះ​និយាយ​ថា​ ​អូស្ត្រាលីគួរ«មានការ​ប្រុងប្រយ័ត្នជា​ធម្មតា​ខាងសុវត្ថិភាព» នៅ​ពេលពួក​គេ​ឋិត​នៅទូទាំង​ប្រទេស​ម៉ាឡេស៊ី៕

XS
SM
MD
LG