ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី អង់សាន ស៊ូជី នឹង​ពិភាក្សា​ពី​ជំនួយ​សេដ្ឋកិច្ច និង​កំណែ​ប្រែ​ទណ្ឌកម្ម​ក្នុង​​ដំណើរ​ទស្សនកិច្ច​​នៅ​​សហរដ្ឋ​អាមេរិក


ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​អ្នកស្រី​អង់សាន​ ស៊ូជីដើរ​ក្នុង​កិច្ច​ប្រជុំអាស៊ាន​​កំពូលក្នុង​ទីក្រុង​វៀងចន្ទន៍ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី ០៦ កញ្ញា ២០១៦។

មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី អង់សាន ស៊ូជី នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ពុធ​ស្អែក ដើម្បី​ពិភាក្សា​អំពី​ថា​តើ​ការ​កែប្រែ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​អាច​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដែល​ត្រូវការ​ជា​ចាំបាច់ ឬ​យ៉ាង​ណា​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​មីយ៉ាន់ម៉ា​មួយ​រូប។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ស៊ូជី​ដែល​ជា​ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា ចាប់​តាំងពី​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ចាប់ផ្ដើម​អាណត្តិ​របស់​ខ្លួន​កាល​ពី​ចុង​ខែ​មិនា​កន្លង​មក​នេះ។ ការ​ផ្លាស់ប្ដូរ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​ការ​គ្រប់គ្រង​ដោយ​ពួក​យោធា​អស់​រយៈពេល​ប៉ុន្មាន​ទសវត្ស​កន្លង​មក ត្រូវ​បាន​ចាត់ទុក​ថា​ជា​ជោគជ័យ​ផ្នែក​គោលនយោបាយ​ការបរទេស​ដ៏​ធំ​មួយ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama ដែល​កំពុង​ធ្វើការ​ពិចារណា​អំពី​ថា​តើ​សហរដ្ឋ​អាមេរិក​អាច​ជួយ​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​តាម​របៀប​ណា។

លោក Zaw Htay អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​លោកស្រី ស៊ូជី បាន​និយាយ​ថា លោកស្រី ​កំពុង​ស្វែងរក​ការ​ជួយ​ជ្រោមជ្រែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ និង​ការ​ផ្ដាច់​ខ្លួន​ឲ្យ​នៅ​ឯកា​តែ​ម្នាក់​ឯង​ពី​អន្តរជាតិ​របស់​អតីត​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា។ ការ​ស្វះស្វែង​រក​ការ​ជួយ​ជ្រោមជ្រែង​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​បំពេញ​ក្ដី​សង្ឃឹម​របស់​អ្នកគាំទ្រ​នូវ​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​មុន។

លោក Zaw Htay បាន​ប្រាប់ VOA ថា៖ «ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​មាន​ក្ដី​រំពឹង​យ៉ាង​ខ្លាំង​ថា ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាច​ជា​សញ្ញាណ​ដ៏​ខ្លាំង​មួយ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​មុខ​នៅ​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា‍»។

ក្នុង​ពេល​ជួប​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Obama លោក​អនុ​ប្រធានាធិបតី Joe Biden លោក​រដ្ឋមន្ត្រី​ការបរទេស John Kerry និង​សមាជិក​សំខាន់ៗ​នៃ​សភា​សហរដ្ឋ​អាមេរិក ដែល​មាន​ទាំង​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​លោក John McCain ផង​នោះ លោកស្រី អង់សាន ស៊ូជី នឹង​ទំនង​ជា​ថ្លែង​អំពី​ការ​ប្រឈម​ផ្សេងៗ​ដែល​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​កំពុង​ជួប​ប្រទះ​ផង​ដែរ៕

XS
SM
MD
LG