ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​មួយ​រូប​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រៀក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក


រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក​ Jeff Sessions។
រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក​ Jeff Sessions។

បន្ទាប់​ពី​ចូលកាន់​តំណែង​បាន​រយៈពេល​បី​សប្តាហ៍ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​លោក Jeff Sessions បាន​ប្រឈម​មុខ​ជាមួយ​នឹង​បណ្តាញផ្សព្វផ្សាយ​ ខណៈពេល​មាន​ការ​កើត​ឡើង​នូវ​រឿងរ៉ាវ​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​ទំនាស់ផលប្រយោជន៍​ ដែល​អាច​កើត​មាន។

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក​ Jeff Sessions បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២ មីនា ថា លោក​នឹង​ដកខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត​នា​ពេល​បច្ចុប្បន្ន ឬ​អនាគត ​ពាក់ព័ន្ធ​នឹង​ការ​លូកដៃ​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។ ខណៈពេល​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ជុំវិញ​កិច្ចជំនួប​ចំនួនពីរលើក​កាល​ពី​ឆ្នាំ​មុន​រវាង​លោក Sessions និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ទៅ​កាន់​សហរដ្ឋអាមេរិក​ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​លើកឡើង​សារជាថ្មី​ពី​ជំនឿជាក់ «យ៉ាងពេញលេញ» របស់​លោក​ទៅ​លើ​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​រូប​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តំណាងរាស្រ្ត​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​អំពាវនាវ​សារជាថ្មី​ឲ្យ​លោក​រដ្ឋមន្រ្តី​ Jeff Sessions លាលែង​ពី​តំណែង។

បន្ទាប់​ពី​ចូលកាន់​តំណែង​បាន​រយៈពេល​បី​សប្តាហ៍ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​លោក Jeff Sessions បាន​ប្រឈម​មុខ​ជាមួយ​នឹង​បណ្តាញផ្សព្វផ្សាយ​ ខណៈពេល​មាន​ការ​កើត​ឡើង​នូវ​រឿងរ៉ាវ​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​ទំនាស់ផលប្រយោជន៍​ ដែល​អាច​កើត​មាន។

លោក Jeff Sessions បាន​និយាយ​ថា៖ «ខ្ញុំ​បាន​សម្រេចថា នឹង​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេតទាំងឡាយ​ដែល​ធ្វើ​ឡើង​នៅ​ពេល​បច្ចុប្បន្ន ឬអនាគត​ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក»។

លោករដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​កំពុង​ប្រឈម​មុខ​នឹង​ការ​ស៊ើបអង្កេត​ថ្មី​មួយ​ ខណៈពេល​មាន​សេចក្តីរាយការណ៍កាល​ពី​ឆ្នាំ​មុន​ថា លោក​បាន​ជួប​ជាមួយ​នឹង​អគ្គរដ្ឋទូត​រុស្ស៊ី​ទៅ​កាន់​សហរដ្ឋអាមេរិក​ លោក Sergey Kislyak កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​បាន​ខកខាន​ក្នុង​ការ​លាតត្រដាង​ពី​ជំនួបទាំងនោះ​អំឡុងពេល​សវនាការ​តែងតាំង​កាល​ពី​ខែ​មករា។

​លោក Sessions ដែល​ជា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​ត្រាំ​ដំបូង​គេ​បង្អស់​មួយ​រូប បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ទៅ​លើ​ការ​ចោទប្រកាន់​ដែល​ថា លោក​មិនបាន​ផ្តល់​ពាក្យ​ពិត​ពេល​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា។

«ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់​ពី​រឿង​នេះ គឺ​ថា ខ្ញុំ​មិនដែល​មាន​ជំនួប​ណាមួយ​ជាមួយ​នឹង​ភ្នាក់ងារ​សម្ងាត់​ ឬ​អ្នកតំណាង​រុស្ស៊ី​ណាមួយ​ទាក់ទង​នឹង​យុទ្ធនាការ​ឃោសនា​របស់​លោក​ត្រាំ​ទេ។ ពាក្យ​ដែល​ថា ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ​ព័ត៌មាន​អំឡុងពេលយុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក​ត្រាំ​រវាង​អ្នកតំណាង​របស់លោកត្រាំ​និង​អ្នកតំណាង​រដ្ឋាភិបាល​រុស្ស៊ីគឺ ​មិន​ពិត​សោះ​ឡើយ»។

ទោះ​បី​ជា​មាន​រឿង​ចម្រូងចម្រាស​ក៏ដោយ ក៏​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី០២ ខែ​មីនា​កន្លង​ទៅ​នេះ លោក​ត្រាំ​បាន​បង្ហាញ​ពី​ការ​បន្ត​គាំទ្រ​របស់​លោក​ចំពោះលោក Sessions ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Alabama ​ខណៈពេល​លោក​ត្រាំ​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើ​នាវា​ចម្បាំង​មួយ​ក្នុង​រដ្ឋ Virginia។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោក​ប្រធានាធិបតី​បាន​ហៅ​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ថាជា «បុរស​ស្មោះត្រង់ម្នាក់» ដែល​ប្រហែលគួរ​តែឆ្លើយ​នៅ​សវនាការ​ឲ្យ​ត្រឹមត្រូវ​ជាង​នេះ។

ក្រុម​តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​នៅ​វិមាន​សភា​ Capitolបាន​ជំរុញ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ដោយ​លើកឡើង​ពី​ព្រឹត្តិការណ៍​ ដែល​កំពុង​តែ​វិវត្តឡើង​ជា​បន្តបន្ទាប់។

សមាជិក​ព្រឹទ្ធសភា​លោកស្រី​ Joni Ernst ​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Iowa បាន​និយាយ​ថា «ប្រសិនបើ​មាន​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការ​ធ្វើខុសណា​មួយ គឺ​ច្បាស់​ណាស់​ថា​ រឿង​នោះ​ជា​ការ​ពិត។ ប៉ុន្តែ​យើង​មិនមាន​ភស្តុតាង​បញ្ជាក់​ការ​ពិត​នៅ​ឡើយ​ទេ»។

ប៉ុន្តែ​តំណាងរាស្រ្ត​គណបក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​នានា​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​លោក Jeff Sessions លាលែង​ពី​តំណែង។

សមាជិក​ព្រឹទ្ធសភា​លោក Charles Schumer ដែល​ជាមេដឹកនាំ​ក្រុម​សំឡេង​ភាគ​តិច​នៅ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ New York​ បាន​និយាយ​ថា «សម្រាប់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​ គឺ​មិន​អាច​មាន​ការសង្ស័យ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ភាព​ឥត​លម្អៀងនិង​យុត្តិធម៌​លើ​តំណែង​ជា​មន្រ្តី​អនុវត្ត​ច្បាប់​ជាន់ខ្ពស់​ក្នុង​ប្រទេស​ទេ។ បន្ទាប់​ពី​រឿងរ៉ាវ​ដែល​បាន​កើត​មាន​ឡើង វា​ច្បាស់​ណាស់​ថា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក Sessions មិន​មាន​ភាព​ស្អាតស្អំ​សម្រាប់​តំណែង​នេះ​ទេ។ ម្យ៉ាង​វិញ​ទៀត ដោយសារ​តែ​ក្រសួងយុត្តិធម៌​មិន​គួរស្ថិត​នៅ​ក្រោម​ការ​រិះគន់ណាមួយ​នោះ​ទេ ដើម្បី​ហេតុផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ម៉្លោះ​ហើយ​លោក​រដ្ឋមន្រ្តី​ Sessions គួរ​តែចុះចេញ​ពី​តំណែង»។

នៅ​ខាង​ក្រៅ​ក្រសួង​យុត្តិធម៌ មនុស្សរាប់​សិប​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​លោករដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌។

លោក Daniel Ingram ដែល​រស់នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និយាយ​ថា លោក​ព្រួយបារម្ភ​អំពី​ទំនាក់ទំនង​ដែល​អាច​មាន​ណា​មួយ​រវាង​រុស្ស៊ី និង​រដ្ឋបាល​របស់​លោកត្រាំ។

«ខ្ញុំ​មិន​ដឹង​អ្វី​ដែល​គាត់​បាន​ប្រាប់​ទៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ឬ​អ្វី​ដែល​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​បាន​ប្រាប់​ទៅ​គាត់​នោះទេ។ ប៉ុន្តែ​លោក​រដ្ឋមន្រ្តី​បាន​គេចវេស​មិន​និយាយ​អ្វី​សោះ​លើ​បញ្ហា​នេះ និង​កំពុង​តែ​មិន​ទទួលដឹង​ពី​សារៈសំខាន់​នៃ​រឿងនេះ។ អញ្ចឹង​ហើយ គាត់​មិន​គួរ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​នៃ​សហរដ្ឋអាមេរិក​នោះ​ទេ»។

យ៉ាងណាក៏ដោយ រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ច្បាស់​ជានឹង​អូសបន្លាយ​បន្ត​នៅ​ក្នុងមួយ​រយៈពេល​ទៅ​មុខ​ទៀត៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG