ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​១០០​នាក់បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​តាលីបង់​លើ​មូលដ្ឋាន​ទ័ព​អាហ្វហ្គានីស្ថាន


ក្រុម​តាលីបង់​បាន​ចេញ​រូប​ភាព​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ក្នុង​អាហ្វហ្គានីស្ថាន Mazar-i-Sharif កាល​ពី​ថ្ងៃទី ២១ មេសា ២០១៧។
ក្រុម​តាលីបង់​បាន​ចេញ​រូប​ភាព​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ក្នុង​អាហ្វហ្គានីស្ថាន Mazar-i-Sharif កាល​ពី​ថ្ងៃទី ២១ មេសា ២០១៧។

គេរាយ​ការណ៍ថា​ការ​ឆ្មក់វាយ​ប្រហារ​អត្តឃាតមួយ​នៅ​ពេល​យប់​ដោយ​ពួក​តាលីបង់​លើ​មូលដ្ឋានយោធាធំមួយ​ក្នុងប៉ែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់១៣៥​នាក់​ស្លាប់ដោយ​ភាគច្រើន​ជា​ពួក​ទាហាន​នៅ​ក្នុងការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​លើ​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ចាប់តាំង​ពី​ឆ្នាំ២០០១មក។​

​អ្នក​ឃើញ​ហេតុការណ៍​ដោយផ្ទាល់​បាននិយាយ​ថាអ្នកដាក់គ្រាប់បែក​អត្តឃាត​១០នាក់​មាន​អាវុធ​ច្រើនបាន​ជិះ​ក្នុងយានយន្ត​យោធា​ពី​រគ្រឿង​ហើយ​បាន​ក្លែង​ខ្លួន​ជាទាហាន​រដ្ឋាភិបាល​បាន​ឆ្មក់វាយ​លុក​លើ​ទី​បញ្ជាការ​ធំនៃ​កងយោធា​ Shaheen Corps ទី​២០៩របស់​កងទ័ព​ជាតិអាហ្វហ្គានីស្ថាន​នៅ​ឯMazar-i-Sharif ទី​រួម​ខេត្ត Bakh នាភាគ​ខាង​ជើង​ប្រទេស​កាល​ពី​ថ្ងៃ​សុក្រ។

ស្ថានីយ៍​ទូរទស្សន៍​ TOLO បានដក​ស្រង់ពាក្យ​សម្តី​មន្ត្រី​សន្តិសុខ​ម្នាក់ដែលគេ​មិន​ប្រាប់​ឈ្មោះ​ដែល​បាននិយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ «មាន​ទាហាន​យ៉ាង​តិច​ណាស់១៣៥​នាក់​បានបាត់បង់ជីវិតនៅ​ក្នុងការ​វាយ​ប្រហារ​កាលពីរសៀលថ្ងៃ​សុក្រ...ហើយ​មាន​ទាហាន​យ៉ាងហោច​ណាស់៦០​នាក់ទៀត​បាន​របួស»។

បើ​តាម​ពួក​មន្ត្រី​ក្នុង​តំបន់ថា​ ពួកអ្នកវាយ​ប្រហារតាលីបាន់​មួយក្រុម​បានបាញ់​ទៅលើទាហានរដ្ឋាភិបាល អាហ្វហ្គានីស្ថាន​នៅ​ពេល​ទាហាន​ទាំងនេះ​ចាកចេញពី​ព្រះវិហារ​ មួយនៅក្រោយ​ការ​សូត្រធម៌​ពេល​រសៀល ចំណែក​ឯតាលីបង់​មួយ​ក្រុម​ទៀត​បានវាយ​ប្រហារ​លើ​កន្លែង​ទទួល​ទានអាហារ​ពេល​យប់​នៅ​ក្នុង​បរិវេណ​អាគារ​យោធា​នេះនៅ​មុន​កងកុម្មង់ដូ​រដ្ឋាភិបាល​ឡោមព័ទ្ធ​ហើយ​ប្រយុទ្ធ​យ៉ាង​សាសហាវ​។

អ្នកនាំ​ពាក្យ​ពួក​តាលីបង់​ឈ្មោះ Zabihullah Mujahid បានយក​កិត្តិយស​ជា​បន្ទាន់​ចំពោះ​ការ​វាយ​ប្រហារ​នេះ។​ គាត់​បានចេញ​ផ្សាយ​សេចក្តី​ល្អិតល្អន់នៃ​ការ​វាយ​ប្រហារ​នេះ​ប្រាប់ពួក​អ្នកកាសែត​នៅ​ថ្ងៃ​សៅរ៍​នេះជាមួយ​រូបថតមួយ​នៃ​ពួក​ជន​ដែល​ពួក​តាលីបង់​ថា​ជា​ពួក​អ្នកបំផ្ទុះ​គ្រាប់បែក។ Mujahid បាន​និយាយ​អះអាង​ថា​ការ​ឡោមព័ទ្ធ​នេះ​មានរយៈពេល​១០ម៉ោង​ហើយ​ថា «មាន​ទាហាន​សត្រូវ​រ​ហូត​ដល់​ ​៥រយ​នាក់បានត្រូវសម្លាប់និង​ត្រូវ​របួស​ដោយមាន​រួម​បញ្ចូល​ទាំង​នាយ​ទាហាន​សំខាន់ៗ​ផង​ដែរ»៕

XS
SM
MD
LG