\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅ​ខួប​ទី​៤៩ អ្នក​វិភាគ​ថា​អាស៊ាន​ទទួល​បាន​សមិទ្ធផល​សេដ្ឋកិច្ច​ច្រើន​ជាង​នយោបាយ

  • ហ៊ាន សុជាតា

នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក Thongloun Sisoulith (រូប​ទី​៦​ពី​ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​លោក Saleumxay Kommasith (រូប​ទី​៦​ពី​ស្តាំ​) ឈរ​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៩ នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ ថ្ងៃ​ទី​២៤ ខែ​កក្កដា ២០១៦។ (រូបភាព៖ AP/Sakchai Lalit)

នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក Thongloun Sisoulith (រូប​ទី​៦​ពី​ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​លោក Saleumxay Kommasith (រូប​ទី​៦​ពី​ស្តាំ​) ឈរ​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៩ នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ ថ្ងៃ​ទី​២៤ ខែ​កក្កដា ២០១៦។ (រូបភាព៖ AP/Sakchai Lalit)

ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ដូច​ជា​វិញ្ញាសា​​សាក​ល្បង​មួយ​ថា​ តើ​អាស៊ាន​មាន​ភាព​រឹង​មាំ​ និង​សាមគ្គីភាព​គ្នា​​ដល់​កម្រិត​ណា។

សមាគម​អាស៊ាន​ដែល​បង្កើត​ឡើង​ក្នុង​បំណង​ដើម្បី​ពង្រឹង​សក្ដានុពល​សេដ្ឋកិច្ច​និង​ស្ថិរភាព​ក្នុង​តំបន់​នោះ មាន​អាយុ​កាល​៤៩​ឆ្នាំ​ហើយ​ គិត​ត្រឹមថ្ងៃទី៨​ ខែ​សីហា ឆ្នាំ​២០១៦​នេះ។ អ្នក​ជំនាញ​មើល​ឃើញ​ថា​ អាស៊ាន​ ផ្តល់​ផល​ប្រយោជន៍​សេដ្ឋកិច្ចច្រើន​ដល់​ប្រទេស​ជា​សមាជិក។​ ក៏​ប៉ុន្តែ​អាស៊ាន​ក៏​មាន​ភាព​ចម្រូងចម្រាស​កើត​ឡើង​ដែរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​គឺ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

ផ្តើម​ចេញ​ពី​ប្រទេសសហ​ស្ថាបនិក​ចំនួន​៥​ គឺ​ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ ថៃ​ និង​ឥណ្ឌូណេស៊ី ​នៅ​ឆ្នាំ​១៩៩៩ ​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ទី​១០​នៃ​សមាគម​អាស៊ាន​ បន្ទាប់​ពី​ប្រទេស​ប្រ៊ុយណេ​ វៀតណាម​ ឡាវ​ និង​មីយ៉ាន់ម៉ា។ សហគមន៍​សន្តិសុខ​នយោបាយអាស៊ាន​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ​និង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​ គឺ​ជាសសរ​ស្ដម្ភសំខាន់​ទាំង​៣​របស់​អាស៊ាន។​

​ក្នុង​នោះ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​វិវត្តន៍​ទៅ​មុខ​លឿន​ជាង​គេ។ ជាក់​ស្តែង​ នៅ​ចុង​ឆ្នាំ​២០១៥​ អាស៊ាន​ បាន​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ានរួម​គ្នា​មួយ​ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​អាស៊ាន​មាន​ទំហំ​ដល់​ជាង​២០០.០០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​មាន​ចំនួន​ប្រជាជន​សរុប​របស់​សហគមន៍ជាង​៦០០​លាន​នាក់។​

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​វិវត្តន៍​ក្នុង​តំបន់​អាស៊ាន​ លើក​ឡើង​ថា សមាហរណកម្ម​សេដ្ឋកិច្ច​បាន​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ និង​បង្កើន​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់។​

ក៏​ប៉ុន្តែ​ អ្នក​ជំនាញ​ យល់​ថា​ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​មាន​អាយុ​កាល​ជិត​មួយ​ឆ្នាំ​នេះ​ នៅ​ត្រូវ​ការ​ពេល​យូរ​ទៀត​ដើម្បី​មើល​ពី​សក្ដានុពលជាក់ស្ដែង។

លោក​សាស្ត្រាចារ្យ​ John Ciorciari (ចន ស៊ៀអ័រស៊ៀរី) ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ Michigan​ ​នៃ​សហរដ្ឋ​អាមេរិក​ ឲ្យ​ដឹង​ថា ​ទីផ្សារ​រួម​នៃ​តំបន់​អាស៊ាន​ បាន​ធ្វើ​ឲ្យពាណិជ្ជកម្ម​ក្នុង​តំបន់​មាន​ភាព​ងាយ​ស្រួល​ ហើយទី​ផ្សារ​អាស៊ាន​មាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​ច្រើន​ជាង​មុន។​ ក៏​ប៉ុន្តែ​ លោក​ថា ​ដំណើរការ​សេដ្ឋកិច្ច​អាស៊ាន​នេះ​នៅ​មាន​ភាព​យឺតយ៉ាវ។​

ក្នុង​ការ​ឆ្លើយឆ្លង​តាម​រយៈ​សារ​អេឡិចត្រូនិក​ជាមួយ​ VOA លោក​ John Ciorciari ​ បាន​សរសេរ​ថា៖ «ក៏​ប៉ុន្តែ​ ដំណើរការ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​មាន​លក្ខណៈ​យឺតយ៉ាវ​ ដោយសារ​តែ​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​នៅ​មាន​គម្លាត​គ្នា​ច្រើន​ ព្រម​ទាំង​មាន​គំនាប​នយោបាយ​ និង​ឧបសគ្គ​ជា​ច្រើន​ដែល​មាន​ នៅ​លើ​លំហូរ​ទំនិញ​ ដើម​ទុន​ និង​កម្លាំង​ពលកម្ម។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​នៅ​តែ​ជា​គម្រោង​រយៈពេល​វែង​មួយ»។

លោក​ ឡាក់​ ចាន់សុខ ​សាស្ត្រាចារ្យ​នៃ​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​និង​ជា​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព​ CICP​ ឲ្យ​ដឹង​ថា​ សមាជិក​អាស៊ាន​អាច​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ពី​ទីផ្សារ​រួម​របស់​អាស៊ាន​ ជា​ពិសេស​នៅ​ពេល​ចរចា​ជាមួយ​ប្រទេស​មហាអំណាច។

លោក ចាន់សុខ បញ្ជាក់​ប្រាប់ ​VOA ថា៖

«អាស៊ាន​ វា​ល្អ ល្អ​ត្រង់​វា​ធ្វើ​ឲ្យ​ប្រទេស​ទាំង​១០​ មាន​ទឹក​មាត់​ប្រៃ​ក្នុង​ការ​ជជែក​ជាមួយមហាអំណាច។ បើ​សិន​ត្រឡប់​ទៅ​ក្រោយ​វិញ​ មុន​ពេល​កម្ពុជា​ និង​ប្រទេស​ផ្សេង​ទៀត​មិន​ទាន់​ចូល​ជា​សមាជិក​អាស៊ាន​ យើង​ពិបាក​និយាយ​រក​មហា​អំណាច​មែន​ទែន​ដោយសារ​ប្រទេស​យើង​តូច»។

ទោះជា​អាស៊ាន​បាន​បង្កើត​តាំង​ពី​ឆ្នាំ​១៩៦៧​ ក៏​ប៉ុន្តែ​អាស៊ាន​ទើប​តែបង្កើតធម្មនុញ្ញ​អាស៊ាន​នៅ​ដើម​ឆ្នាំ​២០០៨​ប៉ុណ្ណោះ។ ពេល​នោះ​ហើយ​ ដែលគេ​លែង​ចាត់​ទុក​អាស៊ាន​ថា​ជា​ស្ថាប័ន​ដែល​ទន់ខ្សោយ និង​គ្មាន​រចនាសម្ព័ន្ធច្បាស់លាស់​ទៀត​នោះ​ទេ។​ បន្ថែម​ពី​លើ​នេះ​ អាស៊ាន​ក៏​កំណត់​យក​ផង​ដែរ​ នូវ​គោលការណ៍​សំឡេង​ឯកច្ឆន្ទ និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ជា​សមាជិក​ដទៃ។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បញ្ហា​ចម្រូងចម្រាស​សម្រាប់​តំបន់​អាស៊ាន។ ហើយបញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ ​នៅ​តែ​ស្ថិត​ក្រោម​ការ​ពិភាក្សា​ថា​តើ​វា​ជា​ជម្លោះ​ទ្វេភាគី​ ឬ​របស់​អាស៊ាន​ទាំង​មូល។​

លោក​បណ្ឌិត​ John Ciorciari ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ ​Michigan​ ​សហរដ្ឋ​អាមេរិក ​ដែល​សិក្សា​អំពី​តំបន់​អាស៊ី​អាគ្នេយ៍​ ឲ្យ​ដឹង​ថា ភាព​បត់​បែន​នៃ​របៀបរបប​ការទូត​អាស៊ាន​បាន​ជួយ​ឲ្យ​អាស៊ាន​រួម​គ្នា​នៅ​ពេល​មាន​ភាព​តានតឹង។​ ក៏​ប៉ុន្តែ​លោក​ថា​ ​គោលការណ៍​អាស៊ាន​នេះ​ ​ក៏បាន​រឹតត្បិត​លទ្ធភាព​អាស៊ានក្នុង​ការ​ដោះស្រាយ​បញ្ហា​ធំៗ​ក្នុង​តំបន់​ផង​ដែរ​ ជា​ឧទាហរណ៍​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក ​John Ciorciar ​បាន​សរសេរ​ក្នុងសារ​អេឡិចត្រូនិកថា៖

«កម្ពុជា​ជា​ញឹកញាប់​ បាន​ស្ថិត​នៅ​កណ្តាល​នៃ​ជម្លោះ​ក្នុង​តំបន់។ ហើយ​នា​ពេល​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អាស៊ាន​ជា​ថ្មី​ម្តង​ទៀត​ ទាក់ទង​នឹង​ជំហរ​កម្ពុជា​ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ខណៈ​ដែល​សមាជិក​ខ្លះ​នៃ​អាស៊ាន​ចាត់​ទុក​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ថា​ជា​ជម្លោះ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​នោះ»។

លោក​បណ្ឌិត ​អៀ ​សុផល ​សាស្ត្រាចារ្យ​មួយ​រូប​នៅ​មហា​វិទ្យាល័យ​ Occidental ​សហរដ្ឋ​អាមេរិក​លើកឡើង​ថា​ វា​ជា​រឿង​មិន​អាច​បដិសេធ​បាន​ដែល​ថា​ ប្រទេស​ចិន​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​ ជា​ពិសេស​គឺ ប្រទេស​កម្ពុជា​ ឡាវ និង​មីយ៉ាន់ម៉ា​នោះ។​ ហើយ​ឥទ្ធិពល​របស់​ប្រទេស​ចិន​នេះ បាន​រំខាន​ដល់​សំឡេង​ឯកច្ឆន្ទ​របស់​អាស៊ាន​ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ក្នុង​ការ​ឆ្លើយឆ្លង​តាម​រយៈ​សារ​អេឡិចត្រូនិច​ជាមួយ​ VOA លោក​បណ្ឌិត ​អៀ ​សុផល បញ្ជាក់​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ អាស៊ាន​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ជា​មួយ​ប្រទេស​ចិន​ ដោយសារ​តែ​ការ​សម្រេចរបស់​អាស៊ាន​ គឺ​ផ្អែក​ទៅ​លើ​ការ​សម្រេច​រួម​គ្នា​តែ​មួយ ​(Consensus)។ ​

ដូចគ្នា​ដែរ លោក​ ឡាក់​ ចាន់សុខ សាស្ត្រាចារ្យ​នៃ​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ​លើក​ឡើង​ថា​ យន្តការ​សំឡេង​តែ​មួយ​របស់​អាស៊ាន​គឺ​ដូច​ជា​កាំបិត​មុខ​២៖

«យន្តការ​ Consensus ដូច​ជា​កាំបិត​មុខ​២អី​ចឹង។​ វា​មាន​ផល​ប្រយោជន៍​ផង និង​ផល​វិបាក​ផង។​ ផល​ប្រយោជន៍​ហ្នឹង​គឺ​អាស៊ាន​មក​ដល់​ឆ្នាំ​២០១៦​ហ្នឹង បាន​៤៩ឆ្នាំ​ហ្នឹង​ គឺ​ដោយសារ​ Consensus ហ្នឹង​ផង​ដែរ ​ដោយសារ​តែ​ប្រទេស​នីមួយៗ​ត្រូវ​តែ​គោរព​តាម​ហ្នឹង។​ ហើយ​ផល​វិបាក​ហ្នឹង គឺ​ដោយសារ​ភាគ​ច្រើន​ពិបាក​ជជែក។ អីចឹង​ពេល​គាត់​ចង់​ធ្វើ​អី​មួយ​ ត្រូវ​ការសំឡេង​ឯកច្ឆន្ទ​ពី​ប្រទេស​ទាំង​១០»។ ​

លោក​ ឡាក់​ ចាន់សុខ យល់​ថា​ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដ៏​ចម្រូងចម្រាស​ និង​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​ គឺ​បញ្ហា​ប្រឈម​២សំខាន់​របស់​អាស៊ាន។ សម្រាប់​លោក ​ឡាក់ ចាន់សុខ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ដូច​ជា​វិញ្ញាសាសាក​ល្បង​មួយ​ថា​ តើ​អាស៊ាន​មាន​ភាព​រឹង​មាំ​ និង​សាមគ្គីភាព​គ្នាដល់​កម្រិត​ណា។

សាស្ត្រាចារ្យ​រូប​នេះ​ ​លើក​ឡើង​ថា​ ភាព​ស្និទ្ធ​ស្នាល​រវាង​កម្ពុជា និង​ចិន​ អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​ទំនាក់ទំនង​អាស៊ាន​និង​ប្រទេស​ចិន ​ចំពោះ​កិច្ច​សហប្រតិបត្តិការនានា​ និង​ការ​ដោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។​

លោក​បន្ថែម​ថា​ ទោះ​ជា​អាស៊ាន​បង្កើត​បាន​៤៩​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ប្រទេស​ក្នុង​អាស៊ាន​នៅ​មានគម្លាត​គ្នា​ចំពោះ​វិស័យ​ខ្លះ​ដែរ ជា​អាទិ៍​ ភាព​ក្រីក្រ​ បច្ចេកវិទ្យា ធនធាន​មនុស្ស​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ដើម។​

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​វិវត្តន៍​ក្នុង​តំបន់​អាស៊ាន​ទាំង​នេះ ​យល់​ថា​ អាស៊ាន​ទំនង​ជា​មិន​អាច​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​នឹង​កាត់​ប្រទេស​ណា​មួយ​ចេញ​ពី​សមាជិកភាព​អាស៊ាន​នោះ​ទេ។​ ពួកគេ​យល់​ថា​ ​ការ​ដក​សមាជិកភាព​ពី​ប្រទេស​ណាមួយ​នោះអាច​បង្កើត​ជា​គំរូ​មិន​ល្អ​ ​បង្ក​អស្ថិរភាព​ក្នុង​តំបន់​ ព្រម​ទាំង​ផ្ទុយ​ពី​ធម្មនុញ្ញ​អាស៊ាន​ដែល​ភាព​រួបរួម​គ្នា​គឺ​ជា​ស្មារតី​មូលដ្ឋាន​ដ៏​សំខាន់​អាស៊ាន​នោះ៕

XS
SM
MD
LG