ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុន​ថ្ងៃ​កំណត់


អ្នក​បោះ​ឆ្នោត​​ដើម​កំណើត​ចិន​កំពុង​កាន់​សន្លឹក​ឆ្នោត​ ខណៈ​គាត់​ត្រូវ​បាន​ជួយសម្រួល​ដោយ​អ្នក​​បក​ប្រែ កាល​ពី​ថ្ងៃ​អង្គារ ទី​៨ ខែ​វិច្ឆិកា។
អ្នក​បោះ​ឆ្នោត​​ដើម​កំណើត​ចិន​កំពុង​កាន់​សន្លឹក​ឆ្នោត​ ខណៈ​គាត់​ត្រូវ​បាន​ជួយសម្រួល​ដោយ​អ្នក​​បក​ប្រែ កាល​ពី​ថ្ងៃ​អង្គារ ទី​៨ ខែ​វិច្ឆិកា។

ការ​កើន​ឡើង​នៃ​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​មុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់ គឺ​ដោយសារតែ​លោក ​Donald Trump ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ។ ភស្តុតាង​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រជាពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​កំពុង​មាន​ឥទ្ធិពល​កើន​ឡើង​នៅ​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន ​Catalist ​ដែល​ជា​ក្រុមហ៊ុន​វិភាគ​ប្រជាសាស្ត្រ​បាន​រាយការណ៍​ថា ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ចំនួន​កើន​ឡើង​ច្រើន​ជាង​មុន​នៅ​តាម​រដ្ឋ​មួយ​ចំនួន ដែល​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា ដែល​រដ្ឋ​ទាំង​នេះ​អាច​ជា​រដ្ឋ​ដែល​កំណត់​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ នេះ។

លោក ​Ted Lieu​ ដែល​ជា​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី បាន​និយាយ​ថា ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​ដែល​មាន​ដើម​កំណើត​អាស៊ី គឺ​អាច​បណ្ដាល​មកពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump។

លោក Lieu បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​ក្រឡេក​មើល​លើ​ការ​បោះ​ឆ្នោត​មុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ក្នុង​រដ្ឋ Nevada និង​រដ្ឋ Florida គឺ​អ្នក​ប្រាកដ​ជា​ឃើញ​ថា ដោយសារតែ​លោក Trump បាន​ជា​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាមេរិក​ឡាទីន និង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ជា​ច្រើន​ចេញ​ទៅ​បោះ​ឆ្នោត។ យើង​ឃើញ​មាន​ក្រុម​មនុស្ស​ភាគ​តិច​ដែល​មិន​សូវ​មាន​ទំនោរ​បោះ​ឆ្នោត បាន​ចេញ​ទៅ​បោះ​ឆ្នោត ដោយសារតែ​ពួកគេ​ខ្លាច ឬ​ក៏​មិន​ពេញ​ចិត្ត​លោក Donald Trump»។

ការ​កើន​ឡើង​នៃ​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ក្នុង​ការ​ចេញ​ទៅ​បោះ​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ ក៏​បង្ហាញ​ថា អ្នក​បោះ​ឆ្នោត​ដើម​កំណើត​អាស៊ី​ជា​ក្រុម​មួយ​ដែល​កំពុង​តែ​ទទួល​បាន​នូវ​អំណាច​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

XS
SM
MD
LG