ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លំហរ​ឱកាស​សម្រាប់​អាស៊ាន​ ពេល​លោក​ខាង​លិច​មិន​ប្រាកដ​ប្រជា


រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក Thongloun Sisoulith (រូប​ទី​៦​ពី​ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​លោក Saleumxay Kommasith (រូប​ទី​៦​ពី​ស្តាំ​) ឈរ​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៩ នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ ថ្ងៃ​ទី​២៤ ខែ​កក្កដា ២០១៦។ (រូបភាព៖ AP/Sakchai Lalit)

ក្នុង​ពេល​ដែល​និន្នាការ​នៃ​រលក​ចលនា​សេដ្ឋកិច្ច​គាំពារ​និយម​កំពុង​កើន​ឡើង​នៅ​តំបន់​អឺរ៉ុប ​និង​អាមេរិក​ ​ដែល​មាន​ជា​អាទិ៍​ ការ​ត្រៀម​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​​ (Brexit) ​និង​ការ​ជាប់​ឆ្នោត​របស់​​លោក​ប្រធានាធិបតី ​ត្រាំ ​ដែល​មាន​និន្នាការ​ទប់​ស្កាត់​ជន​អន្តោ​ប្រវេសន៍​ ​អ្នក​ជំនាញ​បាន​មើល​ឃើញ​ទិដ្ឋ​ភាព​នេះ​ថា​ ជា​ការ​បាត់បង់​តួនាទី ​និង​ការ​ទទួល​ខុស​ត្រូវ​ជា​សកល​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច។

នៅ​មុន​ពេល​ដែល​លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា ​បោះ​ជើង​ចូល​ទៅ​ក្នុង​យន្ត​ហោះ​ពិសេស ​Air​ Force ​One ​របស់​លោក ​ត្រៀម​ចាក​ចេញ​ពី​ទីក្រុង​វៀងចន្ទន៍​ ​ទី​ដែល​លោក​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​មេ​ដឹកនាំ​អាស៊ាន ​និង​បណ្ដា​ប្រទេស​ចុង​បូព៌ា​ផ្សេង​ទៀត​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ​ ​លោក​បាន​បែរ​មក​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​ ​និង​ក្រុម​មន្ត្រី​អ្នក​មុខ​អ្នក​ការ ​ហើយ​លើក​ដៃ​ប្រណម្យ​សំពះ​លា​ ជា​កាយ​វិការ​ប្រពៃណី​របស់​ប្រទេស​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ​មួយ​នេះ។​

តែ​នៅ​គ្រា​នោះ ​មិន​មាន​អ្នក​ណា​អាច​រំពឹង​ទុក​ជា​មុន​ឡើយ​ថា ​ការ​សំពះ​លា​របស់​លោក​អូបាម៉ា ​មិន​ត្រឹម​តែ​ជា​កាយ​វិការ​គួរ​សម​ចាក​ចេញ​ពី​ប្រទេស​ឡាវ​នោះ​ទេ ​តែ​វា​ប្រៀប​បាន​ដូច​ជា​ប្រផ្នូល​នៃ​ការ​ចាក​ចេញ​នៃ​យុទ្ធនាការ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី ​(Asia ​Pivot) ​ដែល​ជា​គោល​នយោបាយ​ការ​បរទេស​ចម្បង​របស់​លោក ​អូបាម៉ា ​ដែល​ផ្ដោត​លើ​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច​របស់​អាមេរិក​នៅ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក។​

រូបឯកសារ៖ លោក​អតីតប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា ​បោះ​ជើង​ចូល​ទៅ​ក្នុង​យន្ត​ហោះ​ពិសេស ​Air​ Force ​One ​របស់​លោក ​ត្រៀម​ចាក​ចេញ​ពី​ទីក្រុង​វៀងចន្ទន៍ កាលពី​ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​អតីតប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា ​បោះ​ជើង​ចូល​ទៅ​ក្នុង​យន្ត​ហោះ​ពិសេស ​Air​ Force ​One ​របស់​លោក ​ត្រៀម​ចាក​ចេញ​ពី​ទីក្រុង​វៀងចន្ទន៍ កាលពី​ខែកញ្ញា ឆ្នាំ២០១៦។

នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ ​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​បារ៉ាក់ ​អូបាម៉ា​ ត្រូវ​បាន​ស្នង​ដោយ​បេក្ខជន​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​គឺ​លោក ​ដូណាល់ ត្រាំ ​ដែល​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ខែ​វិច្ឆិកា​ជាមួយ​នឹង​វោហា​ស័ព្ទ​នយោបាយ​អភិរក្ស​និយម ​និង​មាន​គោល​ជំហរ​សេដ្ឋកិច្ច​គាំពារ​និយម ​យក​អាមេរិក​ជា​ធំ។​

ក្នុង​ពេល​ដែល​និន្នាការ​នៃ​រលក​ចលនា​សេដ្ឋកិច្ច​គាំពារ​និយម​កំពុង​កើន​ឡើង​នៅ​តំបន់​អឺរ៉ុប ​និង​អាមេរិក​ ​ដែល​មាន​ជា​អាទិ៍​ ការ​ត្រៀម​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ​និង​ការ​ជាប់​ឆ្នោត​របស់លោក​ប្រធានាធិបតី ​ត្រាំ ​ដែល​មាន​និន្នាការ​ទប់​ស្កាត់​ជន​អន្តោ​ប្រវេសន៍​ ​អ្នក​ជំនាញ​បាន​មើល​ឃើញ​ទិដ្ឋ​ភាព​នេះ​ថា​ ជា​ការ​បាត់បង់​តួនាទី ​និង​ការ​ទទួល​ខុស​ត្រូវ​ជា​សកល​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច។​

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធិ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ ​បាន​លើក​ឡើង​ថា​ បរិការ​នេះ​ហើយ​ជា​លំហ​ឱកាស​សម្រាប់​ក្រុម​ប្រទេស​តូច​និង​មធ្យម ​នៅ​តំបន់​ចុង​បូព៌ា ​រួម​មាន​អាស៊ាន​ជា​ដើម ​ដើម្បី​ឆ្មក់​យក​ឱកាស​ ក្តាប់​យក​តួនាទី​ស្នូល​លំដាប់​សកល​នានា​ក្នុង​កាលៈទេសៈ​ ដែល​ឋានានុក្រម​អំណាច​របស់​ពិភព​លោក​កំពុង​ស្ថិត​ក្នុង​អន្តរ​កាល។​

លោក​បណ្ឌិត វណ្ណារិទ្ធិ ​បាន​ថ្លែង​ដូច្នេះ​ថា៖​ «វា​បង្កើត​ជា​ចន្លោះ​មួយ ​ឬ​ក៏​ជា​ឱកាស​មួយ​ដែរ​ដល់​ប្រទេស​ផ្សេងៗ ​នៅ​ក្នុង​តំបន់​យើង​នេះ​ ក៏​ដូច​ជា​តំបន់​ផ្សេង ​ដើម្បី​ឈរ​ឡើង ​តាក់​តែង​នូវ​របប​សន្តិសុខ​ ក៏​ដូច​ជា​អ្វី​ដែល​គេ​ហៅ​ថា​«ស្ថាបត្យ​កម្ម​តំបន់»​មួយ​ដើម្បី​ផ្ដល់​នូវ​ផល​ប្រយោជន៍​ដល់​តំបន់ ​ក៏​ដូច​ជា​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​ប្រទេស​ទាំង​នោះ»។​

លោក ​វណ្ណារិទ្ធិ​ បាន​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​ឃើញ​ថា​ ចិន​នឹង​ត្រូវ​មក​ជំនួស​[អាមេរិក]​ហើយ​នៅ​ក្នុង​តំបន់​យើង​នេះ ​ទៅ​វែង​ឆ្ងាយ។ ​អីចឹង​ទេ​ បើ​ប្រទេស​ដែល​មាន​អំណាច​មធ្យម​ហ្នឹង​ចង​ក្រង​គ្នា​ជា​ប្រព័ន្ធ​មួយ ​វា​អាច​ទប់​ទល់​ជា​ពិសេស​ទៅ​នឹង​ឥទ្ធិពល​របស់​ចិន​ហ្នឹង​ដែរ​នៅ​ក្នុង​តំបន់ ​ដើម្បី​ប៉ះ​ប៉ូវ​នូវ​វត្តមាន​ និង​តួនាទី​របស់​សហរដ្ឋ​អាមេរិក»។​

ខណៈ​សេត​វិមាន ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីងតោន​ កំពុង​ប្រឈម​នឹង​បញ្ហា​ចម្រូង​ចម្រាស​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន ​ជាង​ពីរ​ខែ​ក្រោយ​ពី​ចូល​កាន់​តំណែង​ ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​និង​ក្រុម​មន្ត្រី​ក្រម​ការ​របស់​លោក​មិន​ទាន់​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ និង​គោល​នយោបាយ​ជា​ដុំ​កំភួន​ណា​មួយ​មក​លើ​តំបន់​អាស៊ាន​នោះ​ឡើយ។

កុំ​ថា​ឡើយ​ដល់​ការ​ប្រមើ​មើល​ឱកាស​ថា​ លោក​អាច​នឹង​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​នា​ពេល​ខាង​មុខ​ ដូច​ដែល​លោក​អូបាម៉ា​ធ្លាប់​ធ្វើ ​សូម្បី​តែ​ពាក្យ​ថា​«អាស៊ាន»​មួយ​ម៉ាត់​ក៏​លោក​ដូណាល់ ត្រាំ​ មិនទាន់​បាន​បន្លឺ​ឡើង​ជា​សាធារណៈ​ក្នុង​សុន្ទរកថា​ណា​មួយ​របស់​លោក​នៅ​ឡើយ​ដែរ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​ក្នុង​តំបន់​នៅ​តែ​ជឿ​ជាក់​ថា ​អាមេរិក​នៅ​មិន​ទាន់​បោះបង់​ចោល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​ស្រុង​នៅ​ឡើយ​នោះ​ទេ។ ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ បាន​នឹង​កំពុង​សម្ញែង​ឫក​ដាក់​ប្រទេស​ចិន​ដើម្បី​កាង​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​បូព៌ា​ គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​ប្រទេស​ជប៉ុន ​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែងពី​សំណាក់​នុយក្លេអ៊ែរ​ប្រទេស​កូរ៉េ​ខាង​ជើង។​

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សេតវិមាន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សេតវិមាន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

កាល​ពី​ខែ​កុម្ភៈ ​កង​នាវា​ជើង​ទឹក​អាមេរិក​បាន​បញ្ជូន​នាវា​ខ្នាត​យក្ស​ផ្ទុក​យន្តហោះ​ធុន​ប្រយុទ្ធ​មក​ប្រតិបត្តិ​ការណ៍​ល្បាត​«ជា​ប្រចាំ»​ ​និង​ក្រវែល​ចុះ​ឡើង​នៅ​តំបន់​ទឹក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​ជា​ចំណុច​ប្រទាំង​ប្រទើស​ផ្នែក​ដែន​អធិបតេយ្យ​រវាង​ចិន ​និង​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន។​

នៅ​លើ​នាវា​ល្បាត​មួយ​ដែល​លោក​ទទួល​បន្ទុក​គ្រប់​គ្រង​ក្នុង​ចំណោម​នាវា​ល្បាត​ផ្សេង​ទៀត​ ​លោក​ឧត្ដម​នាវី ​James ​Kilby ​(ជេមស៍ ​គីលប៊ី) ​ត្រូវ​បាន​ទី​ភ្នាក់ងារ​ព័ត៌មាន ​AP ​ដក​ស្រង់​សម្ដី​កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

«យើង​ធ្លាប់​មក​បើក​ប្រតិបត្តិ​ការ​[យាម​ល្បាត]​នៅ​ទី​នេះ ​កាល​ពី​ពេល​អតីត​កាល ​ហើយ​យើង​ក៏​នឹង​នៅ​តែ​បន្ត​ប្រតិបត្តិការ​បែប​នេះ ​ក្នុង​ពេល​អនាគត។ ​យើង​នឹង​នៅ​តែ​បន្ត​ធានា​សន្តិសុខ​ជូន​សម្ព័ន្ធ​មិត្ត​របស់​យើង»។​

ទោះ​បី​អាស៊ាន​មាន​លំហ​ឱកាស​ដើម្បី​បង្កើន​តួនាទី ​និង​ការ​ទទួល​ខុស​ត្រូវ​ជា​សកល​របស់​ខ្លួន​ ស្រប​ពេល​ដែល​លោក​ខាង​លិច​កំពុង​មានភាព​មិន​ប្រាកដ​ប្រជា​យ៉ាង​ណា​ក្ដី​ ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​បន្ត​ជា​ឧបសគ្គ​សម្រាប់​អង្គការ​ថ្នាក់​តំបន់​មួយ​នេះ​ដើម្បី​ចាប់​យក​ឱកាស​ខាង​លើ។ ​នេះ​បើ​តាម​អ្នកនាង ​Elina ​Noor ​(អេលីណា ​ន័រ) ​នាយិកា​សិក្សាធិការ​ផ្នែក​នយោបាយ​ការ​បរទេស ​និង​សន្តិសុខ​ នៅ​ឯ​វិទ្យាស្ថាន​ម៉ាឡេស៊ី​សម្រាប់​ការសិក្សា​យុទ្ធ​សាស្ត្រ​ និង​អន្តរជាតិ ​(ISIS ​Malaysia)។​

ជា​រឿយៗ​ក្នុង​រយៈកាល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូច​គ្នា​តែង​មាន​ភាព​រកាំ​រកូស​ ​និយាយ​មិន​ចុះ​សម្រុង​នឹង​គ្នា ​និង​ចរចា​មិន​ស៊ី​សង្វាក់​គ្នា​ទៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ឯង ​ដ្បិត​មាន​ប្រទេស​ខ្លះ​គាំទ្រ​ប្រទេស​ចិន​រឿង​មិន​ធ្វើ​អន្តរជាតូបនីយ​កម្ម​បញ្ហា​សមុទ្រ​ចិន​នេះ ​ស្រប​ពេល​ដែល​សមាជិក​ផ្សេង​ទៀត ​ដែល​ជា​ភាគី​ជម្លោះ​ទទូច​ចង់​ដាក់​បញ្ហា​នេះ​ទៅ​ជា​បញ្ហា​សមូហ​ភាព ​ឬ​បញ្ហា​សាកល។

អ្នកនាង ​Elina ​Noor ​បាន​លើក​ឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ​ភាព​ខុស​គ្នា​លើ​បញ្ហា​ផល​ប្រយោជន៍​ និង​បញ្ហា​អាទិភាព​[ក្នុង​ចំណោម​បណ្ដា​រដ្ឋ​ជា​សមាជិក​នីមួយៗ] ​ជះ​ផល​ប៉ះ​ពាល់​ដល់​ឯកភាព​របស់​អាស៊ាន​ទាំង​មូល។ ​ម្ល៉ោះ​ហើយ​បើ​សិន​ជា​អាស៊ាន​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចក្ខុ​វិស័យ​សហគមន៍​ឆ្នាំ​២០២៥​ និង​ពេល​បន្ទាប់​ពីនេះ​មែន​នោះ អាស៊ាន​ត្រូវ​តែ​ឈរ​លើ​ទីតាំង​ដែល​មាន​ចរឹត​ហ្មត់​ចត់ ​និង​ចាស់​ទុំ ​លើ​របៀប​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន និង​ទៅ​លើ​ថា​តើ​អាស៊ាន​គួរ​ប្រតិបត្តិ​បែប​ណា​ទើប​សមស្រប»។​

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ បាន​ប្រាប់​ VOA ​បន្ថែម​ថា​ អាស៊ាន​គួរ​ណាស់​តែ​ព្យាយាម​កុំ​ឱ្យ​មាន​ការ​បែក​បាក់​ប្រេះ​ឆា​ក្នុង​ចំណោម​រដ្ឋ​សមាជិក ​បើ​ពុំ​ដូច្នោះ​ទេ​តំបន់​ទាំង​មូល​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អស្ថិរភាព​ក្នុង​ពេល​ណា​មួយ​ជាក់​ជា​មិន​ខាន។​

យ៉ាង​ណា​ក្ដី​តួនាទី​ជា​មេ​នាំ​មុខ​របស់​អាស៊ាន​លើ​បញ្ហា​តំបន់ ​និង​សកល​នានា​ត្រូវ​បាន​បង្ហាញ​ជូន​ជា​បណ្ដើរៗ​រួច​ទៅ​ហើយ​នា​ពេល​កន្លង​មក។​

លោកស្រីនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May ចុះហត្ថលេខាលើសំណុំឯកសារ​ស្នើ​ទៅកាន់​ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលើ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។
លោកស្រីនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May ចុះហត្ថលេខាលើសំណុំឯកសារ​ស្នើ​ទៅកាន់​ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលើ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​អាស៊ាន​បាន​ទទួល​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​ជា​ច្រើន ​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​មហា​អំណាច​ផ្សេងៗ ​ដូច​ជា​អាមេរិក ចិន ​និង​រុស្ស៊ី ​ជា​ដើម ​ហើយ​បាន​លើក​យក​របៀប​វារៈ​កម្រិត​សកល​នានា​យកមក​ពិភាក្សា។​

លោក​អគ្គ​លេខាធិការ​អាស៊ាន ​Le ​Luong ​Minh ​(ឡេ ​លឿងមិញ) ​បាន​ប្រាប់ ​វីអូអេ​ផ្នែក​ខេមរ​ភាសា ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​អាស៊ាន​តែង​តែ​ប្រកាន់​ខ្ជាប់​ស្មារតី និង​ភាព​ជា​អ្នក​ដឹកនាំ​ដើម្បី​ការពារ​សុខុមាលភាព​ពលរដ្ឋ​ខ្លួន​ និង​ស្ថិរ​ភាព​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

លោក ​Le ​Luong ​Minh ​បាន​សរសេរ​ក្នុង​សំណេរ​ដែល​មាន​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ការ​កសាង​ពីការ​ចំណេញ​នៃ​ការ​ចូលរួម​របស់​អាស៊ានជាមួយ​សាកល​លោក និង​ការ​ផ្តួចផ្តើម​ការធ្វើសមាហរណ​កម្ម​សេដ្ឋ​កិច្ច​របស់​ខ្លួន អាស៊ាន​អាច​ទទួល​យក​តួនាទី​ធំ​ជាង​នេះ​ក្នុង​ការ​សហការ​ជាមួយ​ដៃ​គូ​ក្នុង​តំបន់ ​និង​ដៃ​គូ​កម្រិត​សាកល​នានា​ក្នុងការ​ស្វែងរក​ការ​តភ្ជាប់​ជា​យុទ្ធសាស្រ្ត ​ដើម្បី​បន្ត​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ជាពិសេសជាមួយ​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​កំពុងរីកចម្រើន​ និង​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​មាន​ជំនឿ​ទៅ​លើ​គុណ​តម្លៃ ​និង​មាន​គោលការណ៍​ដូច​គ្នា លើ​ការធ្វើឲ្យជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​របស់​ពួក​គេ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច»។​

ក៏​ប៉ុន្តែ​អ្នក​ជំនាញ​មើល​ឃើញ​ថា ​អាស៊ាន​ហាក់​ចាប់​យក​ឱកាស​មិន​សូវ​បាន​ច្រើន​ពី​បរិការ​នេះ ​ដើម្បី​បញ្ចូល​គំនិត​ផ្ដួច​ផ្ដើម​សកល​ដែល​យក​អាស៊ាន​ជា​គោល ​ហើយ​ម្យ៉ាង​អាស៊ាន​មិន​ទាន់​មាន​រដ្ឋ​ជា​សមាជិក​ណាមួយ​ចេញ​មុខ​ស្វែង​រក​វិធី​ដើម្បី​បញ្ចូល​គោល​តម្លៃ​អាស៊ានក្នុង​របៀប​វារៈ​សកល​នៅ​ឡើយ​ទេ។​ នេះ​បើតាម​ការ​មើល​ឃើញ​របស់​អ្នកនាង ​Elina ​Noor។​

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​និយាយ​បន្ថែម​ថា៖​

«ម្ល៉ោះ​ហើយ ​យើង​ត្រូវ​ការ​រដ្ឋ​ជា​សមាជិក​ដែល​អាច​នាំ​មុខ ​ហើយ​ការ​ព្រម​ព្រៀង​ជា​ចម្បង​នានា​ត្រូវ​តែ​អាច​សម្រេច​បាន ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ធានា​ថា​ ​អាស៊ាន​ក្លាយ​ជា​សហគមន៍​មួយ​ដែល​មាន​ស្មារតី​នាំ​មុខ ​និង​សមូហភាព»។​

ក៏​ប៉ុន្តែ​ការណ៍​នេះ​ក៏​មិន​ងាយ​នឹង​សម្រេច​បាន​ដែរ ​នៅ​ចំ​ពេល​ដែល​នយោបាយ​ក្នុង​ស្រុក​ក្នុង​បណ្ដា​រដ្ឋ​សមាជិក​នីមួយៗ​របស់​អាស៊ាន​កំពុង​តែ​ល្អក់​កករ​ដោយ​សារ​បញ្ហា​ផ្សេងៗ​ពី​គ្នា ​រាប់​ចាប់​តាំង​ពី​ការ​បង្ក្រាប​ក្រុម​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​នៅ​ប្រទេស​ហ្វីលីពីន ​អន្តរកាល​រាជានិយម​នៅ​ប្រទេស​ថៃ ​បញ្ហា​រ៉ូហ៊ីងយ៉ា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​និង​បញ្ហា​ពុក​រលួយ​ថ្នាក់​អន្តរ​ជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ជា​តឹក​តាង​ស្រាប់៕

XS
SM
MD
LG