ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកវិភាគ៖ សមាជិក​អ្នកមាន​ក្នុង​អាស៊ាន​នៅតែ​បង្ក​ឧបសគ្គ​ដល់​សមាជិក​ក្រីក្រ

  • ម៉ែន គឹមសេង

រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក Thongloun Sisoulith (រូប​ទី​៦​ពី​ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​លោក Saleumxay Kommasith (រូប​ទី​៦​ពី​ស្តាំ​) ឈរ​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៩ នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ ថ្ងៃ​ទី​២៤ ខែ​កក្កដា ២០១៦។ (រូបភាព៖ AP/Sakchai Lalit)

រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក Thongloun Sisoulith (រូប​ទី​៦​ពី​ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​លោក Saleumxay Kommasith (រូប​ទី​៦​ពី​ស្តាំ​) ឈរ​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤៩ នៅ​ក្នុង​ទី​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ ថ្ងៃ​ទី​២៤ ខែ​កក្កដា ២០១៦។ (រូបភាព៖ AP/Sakchai Lalit)

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធិ​ នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​បាន​បញ្ជាក់​នៅក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា៖ «របាំង​មិនមែន​ពន្ធគយ​នៅតែ​មាន​ជា​ពិសេស​​​ចំពោះ​​ប្រទេស​​កំពុង​​អភិវឌ្ឍន៍​​នៅ​ក្នុង​​អាស៊ាន​‍»។​

ប្រទេស​អ្នកមាន​នៅក្នុង​តំបន់​អាស៊ាន​នៅ​តែ​បង្ក​ការលំបាក​ដល់​ប្រទេសក្រីក្រ​ដូចជា​កម្ពុជា​បើទោះបីជា​សមាជិក​ទាំង១០​នៃ​សមាគម​នេះ​បាន​បង្កើត​ចេញ​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​មួយ​ឆ្នាំហើយ​ក៏ដោយ។​


លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធិ​ នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​បាន​បញ្ជាក់​នៅក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា៖ «របាំង​មិនមែន​ពន្ធគយ​នៅតែ​មាន​ជា​ពិសេស​ចំពោះប្រទេសកំពុងអភិវឌ្ឍន៍នៅ​ក្នុងអាស៊ាន​‍»។​

របាំង​មិនមែន​ពន្ធគយ​នេះ​មាន​ដូចជា​អំពើ​ពុករលួយ​ ភាពមិនប្រក្រតី​ក្នុង​ការយកពន្ធ ​ការរឹតត្បិត​លើស្តង់ដា​គុណភាព​និង​ការមិន​ជួយ​សម្រួល​ឱ្យ​សមាជិក​ក្រីក្រ​ប្រើប្រាស់​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​សមាជិក​អភិវឌ្ឍន៍​មាន​ជាដើម។

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

លោកឈាង ​វណ្ណារិទ្ធិ​បាន​លើក​ឧទាហរណ៍​ពាក់ព័ន្ធ​នឹង​ការរឹតត្បិត​លើ​គុណភាព​ផលិតផល​របស់​ប្រទេស​កម្ពុជា​និងការមិន​ជួយ​សម្រួល​ច្រកនាំចេញដោយ​ប្រទេស​វៀតណាម​និង​ថៃ​ជាដើម។​

លោក​បន្ថែម​ថា៖ «អ្នកនាំចេញ​កម្ពុជា​យើង​ក៏​ជួបប្រទះ​បញ្ហា​ដែរ​ទាក់ទឹន​ទៅនឹង​គុណភាព​ដែល​ជា​ឧទាហរណ៍​មួយ។ នៅពេល​ដែល​យើង​នាំ​ផលិតផល​ជាពិសេស​ផលិតផល​កសិកម្ម​ហ្នឹង​ជាដើមទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏​យើង​ជួបប្រទះ​នឹង​បញ្ហា​គុណភាព​ហ្នឹង​ដែរ។ ហើយ​ប្រទេស​ក្នុងតំបន់​ក៏​ពុំទាន់​បើកទ្វារ​ចំហរ​ឱ្យ​អស់​ដែរ​‍»។

លោក​បាន​លើក​ឧទាហរណ៍​ថា​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​ប្រើ​ប្រាស់​កំពង់​ផែរបស់ប្រទេស​ថៃដើម្បី​ជួយ​សម្រួល​ដល់​ការនាំចេញ​ផលិត​ផល​កសិកម្ម​ខ្មែរ​ដែល​នៅ​តំបន់​ក្បែរ​ព្រំដែន​ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​មិន​ទាន់​បាន​បង្ហាញ​ការគាំទ្រអ្វីទេ។ រីឯប្រទេស​វៀតណាម​ក៏​រឹតត្បិត​កម្ពុជា​លើ​ផ្នែក​គុណភាព​នេះដែរ។​

មួយ​ឆ្នាំ​កន្លង​មកនៃ​ការអនុវត្ត​កម្មវិធី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​កម្ពុជា​បាន​ខិតខំ​ជំរុញ​កំណែទម្រង់​ជាច្រើន​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច​ថ្មី​នេះ​ក្នុងនោះ​មានដូច​ជាការ​ជំរុញ​កំណែ​ទម្រង់​ខាង​ផ្នែក​ច្រក​ព្រំដែន​និង​គយ​និង​ច្រកចេញ​ចូល​តែ​មួយ​ជាដើម។ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោកឈាង វណ្ណារិទ្ធ។​ ប៉ុន្តែ​លោក​បាន​បន្ថែមថា​អំពើ​ពុករលួយនិងភាព​មិន​ប្រក្រតី​នៃ​ពន្ធគយ​ជាពិសេស​នៅ​តាម​ច្រក​ព្រំដែន​ផ្សេងៗ​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការនាំចេញ​និង​នាំ​ចូល។ ​

លោក​វណ្ណារិទ្ធ​ផ្តល់​អនុសាសន៍ថា​ដើម្បីទាញ​យកផលប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កម្ពុជា​ដាច់ខាត​ត្រូវ​តែ​ធ្វើការ​កែ​ទម្រង់​ផ្នែក​អភិបាលកិច្ច។

សក្តានុពល​ដែលសមាជិក​អាស៊ានអាច​ជួយគ្នា​ដើម្បី​ពង្រឹង​ទីផ្សារ​នាំចេញ​គឺ​ផលិតផល​អង្ករ​ដែល​កម្ពុជា​ វៀតណាម​ ថៃ​និង​ភូមា​គួរតែ​ចងជា​ចង្កោម​ក្នុង​ការស្វែងរក​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប​និង​ជប៉ុន​ជាដើម។ ​នេះ​បើតាម​ការស្នើ​ឡើង​របស់​លោក​ឈាង វណ្ណារិទ្ធ។

ប៉ុន្តែ​ការប្រកួត​ប្រជែង​ផ្ទៃក្នុង​អាស៊ាន​ក៏​នៅ​មាន​ដែរ​រវាង​ប្រទេស​ដែល​មាន​លទ្ធភាព​ខ្លាំង​ជាង​ដែល​មិន​ចង់​ចែក​រំលែក​ព័ត៌មាន​ទីផ្សារ​ជាមួយ​នឹង​ប្រទេស​ទន់ខ្សោយ​និង​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ហើយ​លោក​សង្ឃឹម​ថា​ប្រទេស​ថៃ​និង​វៀតណាមនឹង​សហការ​ជាមួយ​កម្ពុជា ​ភូមា​ឡាវ​ជួយ​ពង្រឹង​ស្ថានភាព​និង​ជីវភាព​របស់​កសិករ។

«ដើម្បី​ឱ្យ​មាន​សហគមន៍ ​អាស៊ាន​មួយ​ដែល​រឹងមាំ​យើង​ត្រូវ​តែ​ជួយគ្នា​ទៅវិញទៅមក​បើ​យើង​គិត​តែ​ពី​ផលប្រយោជន៍​ជាតិ​គិត​តែ​ប្រកួតប្រជែង​យកតែ​ឈ្នះ​ឬក៏​យក​ផលប្រយោជន៍​តែ​ម្នាក់​ឯងខ្ញុំ​គិត​ថា​វា​ពិបាក​នឹង​ទៅមុខ​។ យើង​គ្រាន់តែ​សង្ឃឹម​ទៅថ្ងៃ​អនាគត​ទៅ​ប្រទេស​ថៃ​ក៏ដោយ​ប្រទេស​វៀតណាម​ក៏ដោយ​នឹង​សហការ​ជាមួយ​នឹង​កម្ពុជា​ក៏​ដូចជា​ភូមា​និង​ឡាវ​ដើម្បី​ធ្វើ​យ៉ាងណា​ដើម្បី​ពង្រឹង​នូវ​ស្ថានភាព​ជីវភាព​កសិករ​នៅក្នុង​ប្រទេស​ដែល​ក្រីក្រ​ដូចជា​កម្ពុជា​ភូមា​និង​ឡាវ​ជាដើម។ ​

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ចាប់​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៦​ដែល​ទើបតែ​កន្លង​ផុត​ទៅនេះ​ហើយ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥​មុន​នឹង​ក្លាយជា​សហគមន៍​អាស៊ាន​មួយ។

បច្ចុប្បន្ន​អាស៊ាន​បាន​ក្លាយ​ជា​មហា​សេដ្ឋកិច្ច​ទីបី​នៅ​អាស៊ី​និង​ទី៧​នៅលើ​ពិភពលោក៕

XS
SM
MD
LG