ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​រួមទាំង​កម្ពុជា នឹង​ជួប​ប្រជុំ​ពិសេស​មួយ​នៅ​វ៉ាស៊ីនតោន

  • សុខ ខេមរា

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានថតរូបរួមគ្នានៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

កិច្ចប្រជុំ​នេះ​ត្រូវ​គេ​អធិប្បាយ​ថា​ ទំនងជា​អាច​នឹង​ពិភាក្សា​អំពី​ជំហរ​អាមេរិក​ចំពោះ​សមាគម​អាស៊ាន​លើ​បញ្ហា​សមុទ្រចិន​ខាងត្បូង បញ្ហា​ពាណិជ្ជកម្ម បញ្ហា​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ។

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក ប្រាក់ សុខុន នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ដូច​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ផ្សេងទៀត​ដែរ។ នេះ​បើ​តាម​លិខិត​និង​ការ​អះអាង​របស់​មន្ត្រី​ក្នុង​តំបន់។

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទាំង​១០​ប្រទេស​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា​ខាងមុខ មួយថ្ងៃ​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ក្រុម​ការងារ​អាស៊ាន​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់ ដែល​គេ​គ្រោង​នឹង​ធ្វើ នៅ​ថ្ងៃទី​៣​ខែ​ឧសភា។ នេះ​បើ​តាម​ការ​ជូនដំណឹង​របស់​អាស៊ាន​កាល​ពី​សប្តាហ៍​មុន ​ដែល​វីអូអេ​ទទួល​បាន។

កិច្ចប្រជុំ​នេះ​ត្រូវ​គេ​អធិប្បាយ​ថា​ ទំនងជា​អាច​នឹង​ពិភាក្សា​អំពី​ជំហរ​អាមេរិក​ចំពោះ​សមាគម​អាស៊ាន​លើ​បញ្ហា​សមុទ្រចិន​ខាងត្បូង បញ្ហា​ពាណិជ្ជកម្ម បញ្ហា​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ។

ការ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នេះ​ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ ក្រោយពេល​ដែល​មន្ត្រី​អាមេរិក បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក នៅតែ​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា ​អាស៊ាន​គឺជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ហើយ​អះអាង​ថា ​អាមេរិក នឹង​បន្ត​ធ្វើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន​តទៅ​ទៀត៕

XS
SM
MD
LG