ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅ​ពេល​ដែល​មីយ៉ាន់ម៉ា​មិន​អើ​ពើ​នឹង​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ ជន​រ៉ូហ៊ីងយ៉ា​បន្ត​រងការ​ឈឺ​ចាប់


ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​បាន​សម្រុក​ចូល​ទៅ​នៅ​ជំរំ Kutapalong បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ទៅ​កាន់​ប្រទេស​បង់ក្លាដែស។

នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​​ដែល​មាន​សភាព​ទ្រុឌទ្រោម​នៅ​ពាស​ពេញ​តំបន់​ព្រំដែន​​បង់ក្លាដែស​និង​មីយ៉ាន់​ម៉ា ក្តី​រំពឹង​ថា​នឹង​មាន​ការ​ត្រឡប់​មក​កាន់​ទីលំនៅ​របស់​ខ្លួន​វិញ​របស់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ ​ស្ទើរ​តែ​មិន​អាច​កើត​មាន​ឡើយ។

អស់រយៈ​ពេល​៧​ខែ​ហើយ​ចាប់​តាំងការ​បង្ក្រាប​ដោយ​យោ​ធា​បាន​ចាប់​ផ្តើមធ្វើ​ឡើង​ទៅ​លើ​សហគមន៍​នៃ​ជន​រ៉ូហ៊ីងយ៉ា​ ​នៅ​ក្នុង​ខេត្ត​រដ្ឋ​ Rakhine ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​អំពើ​ហិង្សា​នោះ​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ មាន​ការ​រំលោភ​សេព​សន្ថវៈ ​ការ​សម្លាប់​រង្គាល និង​ការ​រត់​ភៀសខ្លួន​របស់​ជន​រ៉ូហ៊ីង​យ៉ា​ប្រហែល​៧​ម៉ឺន​នាក់ទៅ​ប្រទេស​បង់ក្លាដែស​ ជិត​ខាង។

ប៉ុន្តែ​ខណៈ​ដែល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ស៊ើប​អង្កេតលើ​បញ្ហា​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដោយ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ការ​ចោទ​ប្រកាន់​ពី​អំពើ​ឃោរឃៅ​មិន​សូវ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​នោះ ​ការ​ដង្ហោយរក​យុត្តិធម៌​នឹង​គ្មាន​អ្នក​ណា​យក​ត្រចៀក​ស្តាប់​ឡើយ។
ទន្ទឹម​នឹង​នេះ​ដែរ មាន​ការ​ព្រួយ​បារម្ភ​ថា បញ្ហា​នេះ​នឹង​បង្ខំ​ឲ្យ​មាន​ការនិរទេស​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ជំនាន់​ចុង​ក្រោយ​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា។

លក្ខខណ្ឌ​ក្នុង​ការ​វិល​ត្រឡប់

នៅ​ជំរំ​ Balu Kali ដែល​មាន​ទីតាំង​ក្នុង​ស្រុក​ Cox's Bazar ​ប្រទេស​បង់ក្លាដែស ក្រុម​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​កំពុង​សាង​សង់​អាគារ​ស្នាក់​នៅ​សម្រាប់​ពេល​អនាគត នៅ​មុន​ពេល​រដូវ​វស្សា​ចូល​មក​ដល់។

នៅ​ប្របនឹង​ខ្ទម​ដែល​ទើប​តែ​សាង​សង់​ថ្មីៗ គេ​បាន​គរ​ឥដ្ឋទុក​នៅ​លើ​ការដ្ឋា​សំណង់ដើម្បី​បូក​ធ្វើជា​សំណង់​អាគារ។

ជំរំ​ Balu Kali ​ស្ថិត​ក្នុង​ស្រុក​ Cox’s Bazar​ ប្រទេស​បង់ក្លាដែស។ ស្រុក​នេះ​នៅ ​តាម​ព្រំ​ដែន​ប្រទេស​មីយ៉ាន់ម៉ា​និង​ជា​ទឹកដី​នៃ​ជន​រ៉ូហ៊ីងយ៉ា​ប្រមាណ​៧​ម៉ឺន​នាក់​ដែល​បាន​ភៀស​ខ្លួន​មក​ប្រទេស​បង់ក្លាដែស កាល​ពី​ពេល​ថ្មីៗ​នេះ។
ជំរំ​ Balu Kali ​ស្ថិត​ក្នុង​ស្រុក​ Cox’s Bazar​ ប្រទេស​បង់ក្លាដែស។ ស្រុក​នេះ​នៅ ​តាម​ព្រំ​ដែន​ប្រទេស​មីយ៉ាន់ម៉ា​និង​ជា​ទឹកដី​នៃ​ជន​រ៉ូហ៊ីងយ៉ា​ប្រមាណ​៧​ម៉ឺន​នាក់​ដែល​បាន​ភៀស​ខ្លួន​មក​ប្រទេស​បង់ក្លាដែស កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក Mohammed Anwar ​គិត​ថា ​នឹង​មាន​ភ្លៀង​បោក​បក់​យ៉ាង​ខ្លាំង ​ប៉ុន្តែ​លោក​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា លោក​នឹង​អាច​ឃើញ​ភូមិ​មួយ​ដែល​លោក​បាន​រត់​ភៀសខ្លួន​ចេញកាល​ពី​៣​ខែ​មុន។

យ៉ាង​ណា​ក៏​ដោយ ​គាត់​មាន​ជំហរ​រឹងមាំ​ថា​ គាត់​នឹង​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​គាត់​អាច​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ។

លោក​និយាយ​ថា៖ «បើ​សិន​គេ​ទទួល​ស្គាល់​យើង​ត្រឹម​ត្រូវ​ថា​ជន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា ហើយ​មាន​ការ​សន្យា​ថា​គេ​នឹង​មិន​ធ្វើ​ទារុណកម្ម​យើងទេ នោះ​យើង​នឹង​ត្រឡប់​ទៅ​វិញ។ បើ​មិន​អីចឹង​ទេ យើង​មិន​ត្រឡប់​ទៅ​វិញ​ទេ»។

លក្ខខណ្ឌរបស់​លោក Anwar ក្នុង​ការ​ត្រឡប់​ទៅ​វិញ​នេះ ត្រូវ​បាន​អ្នក​រស់​នៅ​ទី​នេះ​និយាយ​ដូច្នេះ​ដែរ។

ជន​អំបូរ​រ៉ូហ៊ីងយ៉ា​គឺ​ជា ​ក្រុម​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនា​ព្រះពុទ្ធ។ ពួក​គេទទួល​រង​ការ​បំបាត់​សិទ្ធិ​សេរីភាព សូម្បី​តែ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា រួម​មាន​សិទ្ធិ​មាន​សញ្ជាតិ និង​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ជាដើម។

មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​បាន​ចាត់​ទុក​ពួក​គេ​ថា​ជា ជន​ចំណូល​ស្រុក​មក​ពី​តំបន់​បេងហ្គាល់ (Bengal) បើ​ទោះ​ជា​ពួក​គេ​មាន​វត្តមាន​ក្នុង​តំបន់​នេះ​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ​ក្តី។

ប៉ុន្តែ​នៅ​ពេល​ដែល​ក្តីសង្ឃឹម​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សហគមន៍​អន្តរជាតិ​បែប​នេះ ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​មាន​ភាព​យឺត​យ៉ាវ។

ការ​ឈាន​ដល់​ភាព​ជាប់​គាំង

ប្រតិបត្តិការ​របស់​យោធា​មីយ៉ាន់ម៉ា ត្រូវ​បាន​ជំរុញ​ដោយ​សារ​ការ​ស្លាប់​ប៉ូលិសចំនួន​៩​នាក់ ក្រោម​ស្នា​ដៃ​ក្រុម​បះ​បោរ​នៃ​ជន​រ៉ូហ៊ីងយ៉ា កាល​ពី​ខែ​តុលា ឆ្នាំមុន។ ប៉ុន្តែ​ការ​បង្រ្កាប​លើ​ក្រុម​បះបោរ​នោះ បាន​ក្រសោប​យ៉ាង​ឃោរឃៅ​ទៅ​លើ​ជន​ស៊ីវិល និងការ​សម្លាប់​រង្គាល​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ដូច្នេះ​ត្រូវ​បាន​ប្រទេស​មីយ៉ាន់ម៉ា​ច្រាន​ចោល។

បើ​ទោះ​ជា​យោធា​មីយ៉ាន់ម៉ា​បាន​ចេញ​សេចក្តី​ប្រកាស​ថា ពួក​គេ​បាន​បញ្ចប់ប្រតិបត្តិការ​យោធា​នៅ​ក្នុង​រដ្ឋ Rakhine កាល​ពី​ខែ​កុម្ភៈ​ហើយ​ក៏​ដោយ មាន​របាយការណ៍​ថា មាន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ពីរបី​នាក់​ប៉ុណ្ណោះ​បាន​ត្រឡប់​មក​រស់​នៅ​វិញ​ជា​អចិន្ត្រៃយ៍។

ចាប់​តាំង​ពី​ពេល​នោះ​មក ការ​ខិត​ខំ​ប្រឹង​ប្រែង​ជាក់ស្តែង​ដើម្បី​រក​ឲ្យ​ឃើញ​ថា​មាន​អ្វី​កើត​ឡើង​ពិត​ប្រាដ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​តិច​តួច​ប៉ុណ្ណោះ។

ស្រប​ពេល​ដែល​ខ្លួន​បាន​ច្រាន​អង្គការ​សហប្រជាជាតិ​ចោល ប្រទេស​មីយ៉ាន់ម៉ា​បាន​បញ្ជូន​ក្រុម​បេសកកម្ម​ដែល​គាំទ្រ​ដោយ​រដ្ឋ ទៅ​កាន់​ជំរំ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ប៉ុន្តែ​លោក Sultan Ahmad ដែល​មាន​វត្តមាន​នៅ​ទីនោះ​បាន​ប្រាប់​ VOA ថា «ពួក​គេ​មិន​ស្តាប់ ឬ ខ្វល់​ពី​អ្វី​ដែល​យើង​និយាយ​ឡើយ»។

លោក Ahmad ដែល​រស់​នៅ​ក្នុង​ជំរំ Kuptalong នៅ​ជិត​នោះ​និយាយ​ថា៖ «យើង​និយាយ​អំពី​ការ​ដុត​បំផ្លាញ​ភូមិ​ជា​ច្រើន និង​ការ​ដុត​សម្លាប់​ក្មេងៗ​ដោយ​សារ​តែ​ការ​ចាក់​សោរ​ទុក​ក្មេងៗ​ដែល​ទើប​កើត​ក្នុង​ផ្ទះ​នោះ»។

«យើង​បាន​សួរ​ពួក​គេ​ថា​ហេតុ​អ្វី​ពួក​គេ​កុហក បើ​សិន​ពួក​គេ​បាន​ប្រព្រឹត្ត​ដូច្នោះ​ហើយ​នោះ ហើយ​ពួក​គេ​និយាយ​ថា​គឺ​យើង​ទេ​ជា​អ្នក​និយាយ​កុហក​ទៅ​វិញ»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ភាព​ស្រងាក់​ចិត្ត​នេះ​ក៏​កើត​មាន​ដោយ​សារ​តែ​មេដឹកនាំ​មីយ៉ាន់ម៉ា​ លោកស្រី អង់ សានស៊ូជី​ ផង​ដែរ។

លោក​ស្រី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភ្លើង​បំភ្លឺ​ផ្នែក​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​នេះ ហើយ​ត្រូវ​បាន​គេ​ផ្តល់​តួនាទី​ឲ្យ​ក្នុង​ជួរ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​មុន​ក្រោយពេល​គណបក្ស​លោក​ស្រី​បាន​ឈ្នះ​ការ​បោះ​ឆ្នោតភ្លូក​ទឹក​ភ្លូក​ដី​នោះ លោក​ស្រី​បន្ត​មិន​មាត់​មិន​ក​អំពី​ប្រធាន​បទ​រឿង​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​នេះ​ទេ។ លោក​ស្រី​បាន​ថ្លែង​ការពារ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​សប្តាហ៍​មុន ដោយបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​អំពី​ការ​បោស​សម្អាត​អំបូរ​ជាតិ​សាសន៍។

រូបឯកសារ៖ លោក​ស្រី​ អង់ សានស៊ូជី ​ទី​ប្រឹក្សា​រដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ថ្លែង​ទៅ​កាន់​គណៈ​កម្មាធិការ​រួបរួម​នៃ​កិច្ច​សន្ទនា​ដើម្បី​សន្តិភាព​សហជីប UPDJC នៅ​ទីក្រុង​ Naypyitaw​ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​កុម្ភៈ។
រូបឯកសារ៖ លោក​ស្រី​ អង់ សានស៊ូជី ​ទី​ប្រឹក្សា​រដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ថ្លែង​ទៅ​កាន់​គណៈ​កម្មាធិការ​រួបរួម​នៃ​កិច្ច​សន្ទនា​ដើម្បី​សន្តិភាព​សហជីប UPDJC នៅ​ទីក្រុង​ Naypyitaw​ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​កុម្ភៈ។

លោក​ស្រី​ថ្លែង​ថា៖ «យើង​មិន​សង្ឃឹម​ថា ​នឹង​មាន​វិធានការ​វិជ្ជមាន​ណា​មួយ​ពី​ភាគី​មីយ៉ាន់ម៉ា​ទេ»។

ធនធាន​ដ៏​ទូលំ​ទូលាយ

នៅ​ក្នុង​ជំរំ​ Kutapalong ក្រុម​ជន​ភៀស​ខ្លួន​ដែល​ទើប​មក​ដល់​ថ្មី​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ក្តី​អាណិត​មេត្តា។

ទិដ្ឋភាព​មួយ​ផ្នែក​នៃ​ជំរំរបស់​ជន​ជាតិរ៉ូហ៊ីងយ៉ា ក្នុង​ប្រទេស​បង់ក្លាដែស។
ទិដ្ឋភាព​មួយ​ផ្នែក​នៃ​ជំរំរបស់​ជន​ជាតិរ៉ូហ៊ីងយ៉ា ក្នុង​ប្រទេស​បង់ក្លាដែស។

គេ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ចន្លោះ​ពី ៣០​ម៉ឺន​ទៅ​៥០​ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ ដោយ​បាន​រត់​ភៀស​ខ្លួន​ដោយ​សារ​តែ​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ជា​ការ​ធ្វើទុក្ខ​បុកម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​បន្ត​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​ហើយ។

ពួក​គេ​ជា​ច្រើន​រស់​នៅ​ក្នុងផ្នែក​ដែល​លាត​សន្ធឹង​ពី​ជំរំ​ Kutapalong នេះ ដែល​មាន​ផ្ទះ​ជា​ច្រើន​ត្រូវ​បាន​សាង​សង់​យ៉ាង​រឹងមាំ និង​មាន​ថ្ម​ថ្នូរ​ត្រង់​នេះ​បន្តិច​ត្រង់​នោះ​បន្តិច​ក្នុង​កន្លែង​កប់​សព។

ការ​សាង​សង់​នៅ​តែ​បន្ត​នៅ​ក្នុង​តំបន់​ដែល​មនុស្ស​ទើប​មក​រស់​នៅ​ថ្មីៗ​នៃ​ជំរំ Kutapalong។ វិហារ​ឥស្លាម សាលារៀន និង​ផ្ទះ​សម្បែង​ត្រូវ​បាន​គេ​សាង​សង់​រៀង​រាល់​ថ្ងៃ។
ការ​សាង​សង់​នៅ​តែ​បន្ត​នៅ​ក្នុង​តំបន់​ដែល​មនុស្ស​ទើប​មក​រស់​នៅ​ថ្មីៗ​នៃ​ជំរំ Kutapalong។ វិហារ​ឥស្លាម សាលារៀន និង​ផ្ទះ​សម្បែង​ត្រូវ​បាន​គេ​សាង​សង់​រៀង​រាល់​ថ្ងៃ។

នាង Minuara Begum ដែល​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​កាល​ពី​ឆ្នាំ​២០១២ មាន​ការ​បារម្ភ​ថា បើ​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​ដោយ​គ្មាន​ដំណោះ​ស្រាយ​ដូច្នេះ អ្នក​ដែល​ទើប​មក​ដល់​ថ្មីៗ​អាចនឹង​បញ្ចប់​វាសនា​របស់​ពួក​គេ​នៅ​ទី​នេះ។

ប៉ុន្តែ​ខណៈ​ដែល​ជំនួយ​សម្រាប់​ជន​រ៉ូហ៊ីងយ៉ា​មាន​កាន់​តែ​ច្រើន នាង​ក៏​មាន​ក្តីបារម្ភ​មួយ​ទៀត​ថា ការ​អត់​ធ្មត់​របស់​រដ្ឋាភិបាល​បង់ក្លាដែស​អាច​នឹង​សាប​រលាប​អស់។

នាង​និយាយ​ថា៖ «មនុស្ស​កាន់​តែ​ច្រើន​បន្ត​ចូល​មក​ប្រទេស​បង់ក្លាដែស ដូច​យើង​អ៊ីចឹង​គឺ​យើង​រស់​នៅ​ទី​នេះ។ ដូច្នេះ​អាច​មាន​បញ្ហា​លើ​ចំនួន​ប្រជាជន និង​តម្លៃ​ម្ហូប​អាហារ ហើយ​របស់​របរ​សំខាន់ៗ​ផ្សេង​ទៀត ​កំពុង​ឡើង​ថ្លៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ»។

ប្រភព​ព័ត៌មាន​ពី​អង្គការ​មួយ​ដែល​សុំ​មិន​បញ្ចេញ​អត្ត​សញ្ញាណ​បាន​ប្រាប់​ VOA ​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​មាន​ការ​ជួយ​ដល់​ជន​រ៉ូហ៊ីងយ៉ា​ក៏​ដោយ ការ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ជន​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​គ្មាន​ទទួល​បាន​ជំនួយចាំបាច់»។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បង់ក្លាដែស​បាន​ស្នើ​ឲ្យ​មាន​ការ​ប្តូរ​ទី​តាំង​សម្រាប់​ក្រុម​អំបូរ​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​កោះ​ Thengar Char​ ដែល​នៅ​ដាច់​ស្រយាល​និង​ងាយ​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់ ក្នុង​ឈូង​សមុទ្រ​បេងហ្គាល់ (Bengal) ប៉ុន្តែ​គំនិត​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ជា​ច្រើន​ពី​សំណាក់​ក្រុម​ការពារ​សិទ្ធិ​មនុស្ស។

VOA បាន​ស្នើ​សុំ​យោបល់ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ ប៉ុន្តែ​សំណើ​នោះ​ត្រូវ​មិន​ត្រូវ​បាន​ឆ្លើយ​តប​ឡើយ។

ប៉ុន្តែ​នៅ​កម្រិត​មូលដ្ឋាន​វិញ លោក Kazi Abdul Rahman អនុ​ប្រធាន​មន្ត្រី​បេសកកម្ម​សម្រាប់​ស្រុក Cox's Bazar បាន​និយាយ​ពី​ការ​បន្ត​មាន​វត្តមាន​របស់​ជន​រ៉ូហ៊ីងយ៉ា​ជា​ការ​ព្រួយ​បារម្ភ ដោយ​លើកឡើង​ថា ពួកគេ​នឹង​ «រង់ចាំ​សេចក្តី​សម្រេច​មួយ» ពាក់ព័ន្ធ​នឹង​កោះ Thengar Char។

គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ

មនុស្ស​មួយ​ចំនួន​បន្ត​រង់ចាំ​ពី​ព្រោះ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ដូច្នោះ។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ក៏​សម្រេច​ចិត្ត​មិន​វិល​ត្រឡប់​ទៅ​វិញ​ដែរ។

ដោយ​មាន​វត្តមាន​របស់​អង្គការ​ក្រៅរដ្ឋាភិបាល មនុស្ស​មួយ​ចំនួន​មាន​លទ្ធភាព​ទទួល​បាន​ជំនួយ​ដូច​ជា​ការ​ថែទាំ​សុខភាព​ដែល​ពួក​គេ​មិន​ទទួល​បាន​ទេ​នៅ​ឯ​ស្រុក​កំណើត​របស់​ពួកគេ ទោះ​បី​ជា​មនុស្ស​មួយចំនួន​ធំ​កំពុង​រស់​នៅ​ដោយ​ញាំ​អាហារ​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

អ្នកស្រី​ Rashida Begum ត្រូវ​បាន​បំបែក​ចេញ​ពី​កូន​ស្រី​របស់​អ្នកស្រី​ឈ្មោះ​ Senuara ក្នុង​ពេល​មាន​ការ​វាយ​ឆ្មក់​ដោយ​កង​យោធា​ទៅ​លើ​ភូមិ​របស់​អ្នកស្រី​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ អ្នកស្រី​មាន​ការ​ភ័យ​ខ្លាច​ថា កូនស្រី​អ្នកស្រី​កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃក្រុម​ទាហាន។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ថា៖ «តើ​នាង​ស្លាប់​ឬ​រស់នោះ ខ្ញុំ​មិន​ដឹង​ទេ»។

ប៉ុន្តែ​នៅ​ស្រប​ពេល​ដែល​អ្នកស្រី​ស្វះស្វែង​រក​ព័ត៌មាន​អំពី​កូន​ស្រី​ដោយ​សាក​សួរ​អ្នក​ដែល​ទើប​មក​ដល់​ថ្មីៗ​នោះ គំនិត​ដែល​គិត​ថា ​អ្នកស្រីត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកស្រី​ហាក់​ពោរពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច។​

អ្នកស្រី​និយាយ​ថា៖ «មិន​មាន​សន្តិភាព​ទេ​នៅ​មីយ៉ាន់ម៉ា ហើយ​សន្តិភាព​នឹង​មិន​កើត​មាន​ឡើយ។ ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​ទេ បើ​ទោះ​ជា​មាន​សន្តិភាព​ក៏ដោយ។ នៅ​ទី​នោះ​ខ្ញុំ​ដេក​មិន​លក់​ទេ​ពេល​យប់​ឡើង។ នៅ​ទីនេះ​ ទោះ​ជា​ខ្ញុំ​មាន​ការ​ស្រេក​ឃ្លាន​ក៏​ដោយ ក៏​ខ្ញុំ​អាច​ដេក​លក់​ដោយ​សន្តិភាព»៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG