ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​អាមេរិកាំង​ចង់​បាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ដូច​អាមេរិក

  • សុខ ខេមរា

រូបឯកសារ៖ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ ចាប់​ដៃ​គ្នា​នៅ​ក្នុង​ជំនួប​នៅ​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Pablo Martinez Monsivais)

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ចាត់​ទុក​ថា​ នេះ​ជា​កេរមតក៌​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ជាង​២៤០ឆ្នាំ​របស់​ស.រ.អា. ​ឬ​ការ​ផ្ទេរ​អំណាច​លើក​ទី៥៨ ​ចំពោះ​ប្រធានាធិបតី​លើក​ទី៤៥ ​ដែល​គ្មាន​ប្រវត្តិ​ក្រាញ​អំណាច​ និង​រក​លេស​បន្ត​កាន់​អំណាច​នោះ​ទេ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចង់​ឃើញ​ការ​ផ្ទេរ​អំណាច​ដំណើរការ​ដោយ​រលូន​ នៅពេល​ដែល​ពួកគេ​សង្កេត​ឃើញ​ការ​រៀបចំ​ការ​ផ្ទេរ​តំណែង​ប្រធានាធិបតី​ស.រ.អា.​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ជាង​២៤០ឆ្នាំ។ ​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​ថ្លែង​ថា ការ​តម្កល់​ច្បាប់​ជា​ធំ​ការ​មាន​ឆន្ទៈ​បម្រើ​ប្រទេស​ជាតិ​ ហើយ​នឹង​ការ​ជួយ​ដល់​អ្នក​កាន់​អំណាច​ថ្មី​បាន​ចូល​កាន់​មុខ​តំណែង​ គឺជា​ការឆ្លុះ​បញ្ចាំង​ថា មេដឹកនាំ​នយោបាយ​ក្នុង​ប្រទេស​គឺជា​អ្នក​គិតគូរ​ពី​ផលប្រយោជន៍​ប្រទេស ​និង​ប្រជាពលរដ្ឋ​ជា​ធំ។

នៅក្នុង​សុន្ទរកថា​ចុងក្រោយ​របស់​លោក​ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់​ អូបាម៉ា​ដែល​ត្រៀម​ចេញ​ពី​មុខ​តំណែង ​បាន​សន្យាថា​ នឹង​ជួយ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច ​ដោយ​សន្តិវិធី​ទៅកាន់​ប្រធានាធិបតី​ជាប់​ឆ្នោត​គឺ ​លោក ​ដូណាល់ ត្រាំ​ ដូច​ដែល​លោក​ប្រធានាធិបតី​ ចច ដាប់ប៊ែយូ ប៊ូស​ បាន​ធ្វើ​ចំពោះ​រូប​លោក​ដែរ។

សន្ទរកថា​ចុង​ក្រោយ​នៅ​សប្តាហ៍​នេះ ​បាន​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរអាមេរិកាំង​មួយ​ចំនួន​ចង់​ឃើញ​ថា ការ​ផ្ទេរ​អំណាច​នៅ​កម្ពុជា​ ដែល​ពុំ​ធ្លាប់​កើត​មាន​ដោយ​រលូន​នោះ​ អាច​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ ដូចនៅ​ស.រ.អា​ និង​មាន​ការ​រៀបចំ​ទុក​ច្បាស់​លាស់​អំពី​រឿង​នេះ​មុន​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ចាត់​ទុក​ថា​ នេះ​ជា​កេរមតក៌​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ជាង​២៤០ឆ្នាំ​របស់​ស.រ.អា. ​ឬ​ការ​ផ្ទេរ​អំណាច​លើក​ទី៥៨ ​ចំពោះ​ប្រធានាធិបតី​លើក​ទី៤៥ ​ដែល​គ្មាន​ប្រវត្តិ​ក្រាញ​អំណាច​ និង​រក​លេស​បន្ត​កាន់​អំណាច​នោះ​ទេ។

រូបឯកសារ៖ លោក គុជ ច័ន្ទលី អ្នក​វិភាគ​ឯករាជ្យ​នៅ​រដ្ឋ​ម៉ារីឡែន សហរដ្ឋ​អាមេរិក ចូលរួម​ពិភាក្សា​នៅ​ក្នុង​កម្មវិធី​ Hello VOA ជុំវិញ​ការ​ដេញដោល​មតិ​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក គុជ ច័ន្ទលី អ្នក​វិភាគ​ឯករាជ្យ​នៅ​រដ្ឋ​ម៉ារីឡែន សហរដ្ឋ​អាមេរិក ចូលរួម​ពិភាក្សា​នៅ​ក្នុង​កម្មវិធី​ Hello VOA ជុំវិញ​ការ​ដេញដោល​មតិ​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

លោក​គុជ ច័ន្ទលី ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅរដ្ឋ​ម៉ារីឡែន​ បាន​កត់​សម្គាល់​ថា តាម​លោក​សង្កេត​មើល​ទៅ​សហរដ្ឋ​អាមេរិក​ គេ​យក​ច្បាប់​រដ្ឋធម្មនុញ្ញ​ជាគោល​ ហើយ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។​ លោក​ថា​ ប្រធានាធិបតី​ណា​ក៏​ដោយ​ឲ្យ​តែ​ផុត​អាណត្តិ​៤ឆ្នាំ​ឬ​៨ឆ្នាំ​របស់​ខ្លួន​ ត្រូវតែ​ចុះចេញ​ពីអំណាច​ ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រធានាធិបតី​ថ្មី​ណា​មួយ​ឬ​គណបក្ស​ថ្មី​ឡើង​មក​កាន់​អំណាច​បន្ត។

«យើងពុំ​ដែល​ឃើញ​ការផ្ទេរ​តំណែង​ណាមួយ​នៅក្នុង​ស.រ.អា.នេះ​ ដែល​ជួប​ប្រទះ​នឹង​ការ​ប្រទាញ​ប្រទង់ ​ប្រទូស​រ៉ាយ​គ្នា ឬ​ក៏​ធ្វើ​ចម្បាំង​រាំង​ជល់​អី​នោះ​ ក៏​អត់​ឃើញ​ដែរ។ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិកាំង​នេះ​ កាលណា​មាន​បេក្ខជន​ណា​ឈ្នះឆ្នោត​ហើយ​ គឺថា​គេ​ត្រូវ​ទទួល​ស្គាល់​ រាប់​ចាប់​តាំង​ពី​សាធារណជន​ទូទៅ​ពេញ​ផ្ទៃប្រទេស​ទាំងមូល​ ហើយ​នឹង​ទោះបី​នៅក្នុង​គណបក្ស​ដែល​ចាញ់​ឆ្នោត​នោះក្តី​ ត្រូវតែ​អបអរ​សារទរ ​ហើយ​មក​ជួយ​រៀបចំ​ប្រារព្ធ​ពិធី​ផ្ទេរ​តំណែង​នេះ​ដោយ​សន្តិវិធី​ និង​ដោយ​រលូន​ ពុំឲ្យ​មាន​បញ្ហា​ច្របូក​ច្របល់​គ្នា​ទេ»។

លោក​បន្តថា ​រឿងនេះ​ខុស​ពី​ប្រទេស​មួយ​ចំនួន​នៅលើ​ពិភពលោក​ ដែល​អ្នក​ឈ្នះ​តែង​តាម​កម្ទេច​អ្នក​ចាញ់ ​ហើយ​អ្នក​ចាញ់​នៅតែ​តស៊ូ​ប្រឆាំង​វិញ នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ដែល​មើល​ទៅ​មិនមែន​ជា​របៀប​ថ្លៃថ្នូរ ​និង​ជា​អ្នក​នយោបាយ​ចាស់ទុំ ដែល​គិតគូរ​ពី​ផលប្រយោជន៍​ប្រទេស​ និង​ប្រជាពលរដ្ឋ​ជាធំ​ដូច​ដែល​បាន​ស្បថ​សច្ចាប្រណិធាន​ថា​ ជា​អ្នក​បម្រើ​ឬ​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ ​ដែល​មាន​គោលដៅ​កសាង​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន។

«វា​ខុស​ពី​ប្រទេស​តូចតាច​មួយ​ចំនួន​ដ៏ទៃទៀត​ដែលពុំ​ទាន់​មាន​ស្មារតី​ជាតិ​និយម​ច្បាស់​លាស់​ ក្នុង​ចំណោម​អ្នកដឹកនាំ​ហ្នឹង​ គឺថា​តែងតែ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ថា​មាន​តែ​ខ្លួន​ទេ​ អាច​បំរើ​ប្រទេស​កើត​ បក្ស​ដ៏ទៃ​ទៀត​ បេក្ខជន​ដ៏ទៃទៀត​ហ្នឹង​គឺថា​មិន​មាន​សមត្ថភាព ​ឬក៏​ក្បត់ជាតិ​ ឬ​ក៏​ចេះ​តែលាប​មុខ​ លាភ​ពណ៌គ្នា​ទៅ។ ​ម្លោះ​ហើយ​វា​កើត​ទៅ​ជា​ទំនាស់ ​វា​កើត​ទៅ​ជា​សង្គ្រាម ​កាប់​សម្លាប់​គ្នា ​ចាប់គ្នា​ដាក់គុក​ ទៅវិញ​ទៅ​មក​មិន​ចេះចប់។ អាហ្នឹង​គឺថា​ វា​ខ្វះ​ស្មារតី​ជាតិ​និយម​ និង​ខ្វះ​គំនិត​ស្នេហា​ជាតិ​ហើយ‍»។

លោក​គុជ ច័ន្ទលី​ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដ៏ទៃទៀត​ប្រាថ្នា​ចង់​ឃើញ​ការ​ផ្ទេរ​អំណាច​ក្នុង​នយោបាយ​ប្រទេស​កំណើត ​គឺ​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​គ្មាន​ការ​ក្រាណ​អំណាច​ គ្មាន​ការ​រក​លេស​ចាប់ចង​ គ្មាន​ការ​រកលេស​ចោទ​ប្រកាន់​ហើយ​គ្មាន​ការ​រកលេស​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​គណបក្ស​ និង​បេក្ខជន ​តាមឆន្ទៈ​របស់​ពលរដ្ឋ។

«ខ្ញុំចង់​ឃើញ​ការ​ផ្ទេរ​តំណែង​នៅ​ស្រុក​ខ្មែរ​យើង​អនុវត្ត​ដូចនៅ​ស្រុក​អាមេរិក​អញ្ចឹង គឺថា​យើង​ត្រូវ​ឲ្យ​មាន​ការ​គោរព​ដល់​អ្នក​ឈ្នះ​ ហើយ​អ្នកចាញ់​ត្រូវតែ​គោរព​អ្នកឈ្នះ ហើយ​អ្នកឈ្នះ​ត្រូវតែ​ទទួល​ស្គាល់​ គុណ​សម្បត្តិ​ខ្លះ​ដែល​អ្នក​ចាញ់​មាន។ ​ហើយ​កុំ​ឲ្យ​តាម​កម្ទេច​អ្នក​ចាញ់ ​ហើយ​អ្នក​ចាញ់​កុំឲ្យ​តាម​ឆាឆៅ​រក​រឿង​ហេតុ​អ្នក​ឈ្នះ​ ឲ្យ​មាន​ការ​ផ្ទេរ​តំណែង​ហ្នឹង ដោយ​រលូន​ដោយ​សេចក្តី​ថ្លៃថ្នូរ​ដូច​ប្រទេស​គេ​អញ្ចឹង‍»។

លោក​ ព្រហ្ម សៅនរ៉ា ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុងរដ្ឋ​ វីជីនៀ​ បានថ្លែង​ថា លោក​ចង់​ឲ្យ​របៀប​ផ្ទេរ​តំណែង​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ដោយ​សន្តិវិធី​ ដូចនៅ​ស.រ.អា.​តែ​នៅ​កម្ពុជា​មាន​តែ​ការ​ក្រាញ​អំណាច​ និង​មិន​ព្រម​អនុវត្ត​ច្បាប់។

«អាហ្នឹង​វា​ជា​រឿង​មួយ ​អ្នក​ដែល​កាន់​អំណាច​ទេ​ ដែល​មិន​ព្រម​ធ្វើ។ តាម​ការពិត​ទៅ​វា​ត្រូវ​មាន​ក្រុម ​ឬ ​Team ​មួយ​ទៅ​ប្តូរ​អំណាច​ហើយ​ស្រេច ​រៀបចំ​ស្រេច​ប្តូរម្តង​មួយៗ‍»។​

លោកថា​ នៅស.រ.អា.​ក្រុម​របស់​លោក​អូបាម៉ា ​បាន​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់​តាម​ក្រសួង​និង​កន្លែង​ធ្វើ​ការងារ ​ជាពិសេស​ចំពោះ​មន្ត្រី​ដែល​ទទួល​ការ​តែងតាំង​ពី​ប្រធានាធិបតី​ គឺ​គ្មាន​ការ​រអាក់​រអួល​នោះ​ទេ។

«អាហ្នឹង​វា​ជា​រឿង​ត្រឹមត្រូវ​តាម​ច្បាប់​គេ​ វា​ត្រូវ​ធ្វើ​អញ្ចឹង​តែម្តង ​គឺ​អត់​មាន​ត្រូវ​រអាក់​រអួល​អត់​មាន​ទាល់តែ​សោះ។​ ស្រុកគេ​គឺថា​ កាលណា​ប្រធានាធិបតី​ជាប់​ឆ្នោត​ហើយ​ គេ​ឲ្យ​មាន​ការ​រៀបចំ​គណៈរដ្ឋមន្ត្រី​ហើយ​ គេ​រៀបចំ​មុន​ហើយ​ស្រេច។​ ហើយ​គណៈរដ្ឋ​មន្ត្រី​នីមួយៗ​ហ្នឹង​ គេ​យក​ទៅដេញ​ទៅដោល​ ហើយ​រដ្ឋមន្ត្រី​ណា​ដែល​គេ​មិន​ឲ្យ​ដាក់​ហ្នឹង​គឺ​គេ​ប្តូរ​ហើយ​ជាស្រេច។ ចប់​សេចក្តី ​គឺ​គេមាន​គណៈកម្មាការ​មួយ​សម្រាប់​រៀបចំ​ផ្ទេរ​អំណាច‍»។

រូបឯកសារ៖ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន (ស្តាំ) ចាប់​ដៃ​គ្នា​នៅ​រដ្ឋ​សភា​ជាតិ កាលពី​ខែ​មេសា ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន (ស្តាំ) ចាប់​ដៃ​គ្នា​នៅ​រដ្ឋ​សភា​ជាតិ កាលពី​ខែ​មេសា ឆ្នាំ​២០១៥។

ទោះជា​ការ​រៀបចំ​ផ្ទេរ​តំណែង​ត្រូវគេ​គិតថា ​គ្មាន​ការ​រារាំង​ក្តី​ តែ​ក៏​មាន​ការ​រំពឹង​ទុក​ថា​ នឹង​មាន​បាតុកម្ម​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ថ្មី ​ក្នុង​ថ្ងៃ​ផ្ទេរ​អំណាច ​ឬ​ពិធី​ផ្ទេរ​តំណែង​ជា​ផ្លូវការ​នៅថ្ងៃ​ទី២០ ​ខែមករា ​ឆ្នាំ​២០១៧ ​ទាក់ទង​នឹងរឿង​អនាគត​ជនអន្តោ​ប្រវេសន៍ ​រឿង​ជីវិភាព​ និង​ច្បាប់​ធានា​រាប់រង​សុខភាព ​ហើយនឹង​បញ្ហា​ចោទ​ប្រកាន់​ប្រទេស​រុស្ស៉ី​ដែល​លប​ចូល​យក​ព័ត៌​មាន​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ធ្វើឲ្យ​មាន​បញ្ហា​ដល់​ការ​បោះ​ឆ្នោត​នៅ​ស.រ.អា.។​ តែ​មិនមែន​ប្រឆាំង​នឹង​ការ​ឡើង​កាន់​តំណែង​ទេ។

លោក​បណ្ឌិត​ ទន់ សុវណ្ណ​ ពលរដ្ឋ​ខ្មែរក្នុង​រដ្ឋម៉ារីឡែន​ បាន​ថ្លែង​ថា​ ស.រ.អា.​គេមាន​ច្បាប់ ហើយ​នឹង​មាន​សេរីភាព​ក្នុងការ​ធ្វើការ​តវ៉ា។ ​នៅពេល​ដែល​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​រឿង​អ្វីមួយ​ គេ​មិន​អាច​រារាំង​ពលរដ្ឋ​បាន​ទេ។ ​តែ​លោក​ថា លោក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជាង​៤០ឆ្នាំ​ហើយ គ្មាន​ភាពរកាំ​រកូស​ក្នុងការ​ផ្ទេរតំណែង​ប្រធានាធិបតី​ទេ។​ ទោះជា​គេ​បាន​រិះគន់​គ្នា​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ក្តី​ តែ​គេ​បាន​អត់ឱន​ និង​បង្រួប​បង្រួម​គ្នា​ធ្វើការ​ជាមួយ​គ្នា​ក្រោយ​ការ​បោះឆ្នោត​ ហើយ​បំភ្លេច​ចោល​បញ្ហា​ដែល​បាន​កើតឡើង។

លោក​បន្ថែម​ថា​ នៅក្នុង​សហរដ្ឋ​អាមេរិក​ការ​ផ្ទេរ​តំណែង​ នឹង​មាន​ភាព​រលូនដោយសារ​គេ​យក​ច្បាប់​ជា​គោល​ ហើយ​មន្ត្រី​ធ្វើការ​ក្នុង​រដ្ឋការ​ត្រូវ​ប្រកាន់​និន្នាការ​អព្យាក្រឹត​ ទោះ​ជា​ខ្លួន​ចូលចិត្ត​គណបក្ស​ណា​ក្តី​ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​បណ្តេញ​ចេញ។​ មួយ​វិញ​ទៀត​ការ​រៀបចំ​ផ្ទេរ​តំណែង​តាម​ក្រសួង ​និង​ទីភ្នាក់ងារ​នានា​ត្រូវបាន​បញ្ជូន​ឬ​រៀបចំ​មន្ត្រី​ដែល​ធ្វើការ​ក្នុង​ស្ថាប័ន​នានា​នោះ​ ទោះ​ជា​ប្រកាន់​គណបក្ស​ណា​ក៏ដោយ​ក៏​មិនអាច​លាក់​ព័ត៌មាន​ចំពោះ​មន្ត្រី​ថ្មី​បាន​ដែរ។

«ពីព្រោះ​អីគេ​យក​រដ្ឋធម្មនុញ​ជា​ធំ ​គឺថា​គេ​តោង​តែ​ផ្ទេរ​តំណែង​អញ្ចឹង​ អ្នក​ដែល​ធ្វើការ​ក្នុង​រដ្ឋាភិបាល​ហ្នឹង​ គឺ​អត់​មាន​គណបក្ស​ណា​ទេ​ សូម្បីតែ​យើង​នៅ​ក្នុង​គណបក្ស​ណា​ក៏​ដោយ​ យើង​អត់​អាច​ធ្វើ​កិច្ចការ​ហ្នឹង​ឲ្យ​គណបក្ស​ហ្នុង​បាន​ទេ ​បើមិន​អញ្ចឹង​គឺ​ខុស​ច្បាប់​ហើយ។ តែ​ខុសច្បាប់​ហ្នឹង​ គេ​អាច​ដេញ​ចេញ​ហើយ‍»។

លោក​បាន​បន្ត​ថា​ រឿង​នេះ​វា​ខុស​ពី​កម្ពុជា ​ដែល​គណបក្ស​កាន់​អំណាច​នៅបន្ត​កាន់​អំណាច ​ហើយ​មិន​សម្រួល​ការ​ផ្ទេរ​អំណាច​កាល​ពីឆ្នាំ​១៩៩៣។ ​លោក ​ទន់ សុវណ្ណ​បាន​ថ្លែង​ថា នៅ​ប្រទេស​កម្ពុជា​មាន​ការ​លំបាក​ក្នុងការ​ផ្ទេរ​អំណាច ​ដោយ​សារ​មន្ត្រី​រាជការ​ភាគច្រើន​ត្រូវ​ចូល​ទៅក្នុង​គណបក្ស​កាន់​អំណាច​ ដើម្បី​អាច​ធ្វើការ​បាន។ ហើយ​រឿងនេះ​មិន​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​ផ្ទេរ​អំណាច​ទេ​ បើសិន​ជា​គណបក្ស​កាន់​អំណាច​មិន​ចង់​ផ្ទេរ​អំណាច​ ហើយ​ក៏​ធ្វើ​ឲ្យ​ខូចខាត​ដល់​ការ​ផ្ទេរ​អំណាច។

«មក​ពី​អីទេ​ មក​ពី​អ្នក​មាន​អំណាច​សព្វថ្ងៃ​ចង់​បៀម​អំណាច​នៅហ្នឹង​ គឺថា​ធ្វើអត់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បាន​ស្រួល​បួល​ទេ​ ពីព្រោះ​អី​ អ្នក​កាន់​អំណាច​ឥឡូវ​ចង់តែ​បន្ត​អំណាច​របស់​ខ្លួន​តទៅ​ទៀត។​ ដូច​យើង​ធ្លាប់ឃើញ​ហើយ​កាលពី​ឆ្នាំ១៩៩៣ ​ដែល​មាន​អ៊ុនតាក់​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​លើក​ដំបូង​ឃើញ​ទេ ​ហ៊ុន សែន​ចាញ់​ឆ្នោត​ហើយ គាត់​មិន​ចុះ​ចេញ​ធ្វើ​ម៉េច​គាត់។​ គាត់​នៅ​មាន​អំណាច​អញ្ចឹង។​ ដល់​អញ្ចឹង​ទៅ​តោង​តែ ចែក​អំណាច​គ្នា។​ យើងឈ្នះ​ឆ្នោត​ ហើយ​អត់​ហ៊ាន​យក​អំណាច​មក​ពេញ​ខ្លួន​ទេ​ ពី​ព្រោះ​ខាង​ណោះ​គេ​អត់​ចុះ​ ហេតុ​ដូច្នេះ​ហើយ​យើង​តោង​ចែក​អំណាច​គ្នា។ ​មិន​ដែល មាន​នៅ​ក្នុង​ប្រទេស​ណា​ហើយ ​ដែល​ឈ្នះ​ឆ្នោត​ហើយ​ទៅ​ចែក​អំណាច​ដល់​អ្នក​ដែល ចាញ់​ឆ្នោត​ហ្នឹង​ទេ​ ព្រោះ​អី​បើ​មិន​ចែក​អំណាច​ទេ ​គេ​អត់​ចុះ​ចេញ​ ក៏​យើង​មិន​ដឹង​ទៅ​ធ្វើ​ម៉េច​គេ​ដែរ‍»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បន្ត​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ហើយ​ ក្រោយ​ពេល​ចាញ់ឆ្នោត​នៅឆ្នាំ​១៩៩៣​ នៅពេល​អ៊ុនតាក់​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដំបូង ​បន្ទាប់​ពី​មាន​កិច្ចព្រម​ព្រៀង​ក្រុងប៉ារីស​ថ្ងៃទី២៣ ​ខែតុលា​ឆ្នាំ១៩៩១។​ ការ​តវ៉ា​ជាមួយ​នឹង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ បានធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ ដែល​ជា​គណបក្ស​ចាញ់​ត្រឡប់​ទៅ​ជា​ឈ្នះ​ ហើយ​បាន​ធ្វើ​ឲ្យ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ីនប៉ិច​របស់​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ ចែក​អំណាច។

លោក ​តាន់ វិបុល ​ពលរដ្ឋខ្មែរ​នៅក្នុង​រដ្ឋ វីជីនៀ​ បានថ្លែង​ថា​ លោក​ចង់​ឃើញ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​សហរដ្ឋ​អាមេរិក​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ឆន្ទៈ​មិនមែន​ការ​ក្រាញ​អំណាច ​ឬក៏​តាម​ទ្រឹស្តី​អ្នក​ណា​មាន​អាវុធ​នៅតែ​ឈ្នះ ​ទោះបី​ជា​ចាញ់​នោះ​ទេ។

«គឺ​ទាល់​ម្នាក់ៗ​មាន​ឆន្ទៈ ​ហើយ​ឆន្ទៈ​ហ្នឹង​ គឺ​ឆន្ទៈ​ពិតប្រាកដ​ មិនមែន​ឆន្ទៈ​នៅលើ​តែ​បបូរ​មាត់ទេ ​មិនមែន​នៅលើ​តែ​ចុង​ស្លាប់​ប៉ាកការ ​ឥត​បាន​ការ​ហ្នឹងទេ។ តែ​ឆន្ទៈ​ហ្នឹង​គឺ​យើង​ធ្វើ​បង្ហាញ​ថា​ យើង​ធ្វើ​មែន​ដើម្បី​យើង​ចាញ់​ យើង​សឿង ​យើង​ចុះ​មែន។​ រឿង​ហេតុអី​បាន​យើង​ចាញ់​យើង​នៅតែ​ចង់​នៅ​ទៀត​ ព្រោះ​ប្រជាជន​មាន​ចង់​ឲ្យ​យើង​ទៀត​ឯណា។​ អញ្ចឹង​ហើយ​បាន​ជា​គេ​បោះឆ្នោត​ឲ្យ​យើង​ចុះ។​ ដូច​ខ្ញុំ​អញ្ចឹង​ សូម​ជំរាប​ត្រឡប់​មក​ក្រោយ​វិញ ​ខ្ញុំអត់​បាន​បោះឆ្នោត​ជូន​លោក​ប្រធានាធិបតី​ ត្រាំ ​ទេ។​ ខ្ញុំ​បោះ​ឆ្នោត​ជូន​លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​តែ​នៅពេល​លោក​ ត្រាំ​ ឈ្នះ​ ខ្ញុំ​ទទួល‍»។

ការ​ថ្លែង​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​គឺ​មុន​ពេល​មិន​យូរ​ប៉ុន្មាន​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​ បន្ទាប់ពី​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ​២០១៧​នេះ។ ​គណបក្ស​ជាច្រើន​កំពុង​ត្រៀម​តតាំង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា​ជាង​៣ទសវត្សរ៍។ ​ក្តី​បារម្ភ​នេះ​ត្រូវគេ​លើក​យក​មក​ជជែក​គ្នា​ជា​ហូរហែរ​អំពី​ការណ៍​ដែល​គណបក្ស​កាន់​អំណាច​ មិន​ប្រគល់​អំណាច​ជូន​អ្នក​ឈ្នះ។ ​តែមេ​ដឹកនាំ​ខ្មែរ​លោក​ហ៊ុន សែន ​ម្តងម្កាល​បាន​សន្យា​ថា​ លោក​នឹង​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៨ ខែ​សីហា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៨ ខែ​សីហា ឆ្នាំ២០១៥។

លោក​ គល់ បញ្ញា​ នាយក​ប្រត្តិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ឈ្មោះ ​ខុមហ្វ្រែល ​បាន​កត់​សម្គាល់​ថា ​ប្រទេស​កម្ពុជា​មិនមាន​ការ​សាក​ល្បង​ផ្ទេរ​អំណាច​ពី​គណបក្ស​កាន់​អំណាច​ទៅ​គណបក្ស​មួយ​ផ្សេង​ទៀត​ទេ​ គឺ​នៅ​មាន​ជា​បញ្ហា។

«ហើយ​នីតិវិធី​យើង​មាន​ដែរ​នៅក្នុង​រដ្ឋធម្មនុញ្ញ​យើង ​ហើយនឹង​នីតិវិធី​ក្នុង​ច្បាប់​បោះឆ្នោត។ ប៉ុន្តែ​យើង​ប្រហែល​ជា​ត្រូវ​ដកពិសោធន៍​ក្នុងការ​អនុវត្ត​ជាក់​ស្តែង​ចំពោះ​ការ​ផ្ទេរ​អំណាច​មួយ​ដោយ​សន្តិវិធី។​ ហើយ​ខ្ញុំ​ជឿ​ថា​ ប្រហែល​ជា​មិន​មាន​បញ្ហា​អីទេ​ការ​ផ្ទេរ​អំណាច​ហ្នឹង។​ ប្រហែល​វា​គ្រាន់​តែ​អាច​ពេល​អនុវត្ត​មាន​ការ​លំបាក​ខ្លះ​ នឹង​មាន​ដំណើរការ​ទៅ​ជា​ធម្មតា​ទេ​ ប្រហែល​ជា​អាច​លើក​នេះ​ មិន​ដូច​ជា​ទសវត្សរ៍​១៩៩០។ នៅ​ពេល​នោះ​ វា​មាន​បញ្ហា​រឿង​លើក​ដំបូង​នៃ​ការ​អនុវត្ត​នៃ​ការ​ផ្ទេរ​អំណាច‍»។

នៅក្នុង​ប្រទេស​កម្ពុជា​ការ​ផ្ទេរ​អំណាច ​ឬ​មុខ​តំណែង​តម្រូវ​ឲ្យ​ធ្វើតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​បោះឆ្នោត​ ដែល​ពិធី​នោះ​មាន​ដំណើរការ​នីតិវិធី​ច្បាប់​ជាច្រើន​ហូរហែរ​ ដោយ​រួម​ទាំង​ការ​បង្កើត​សភា​ក្រោយ​ការ​បោះឆ្នោត​ ការ​ចាត់​តាំង​នាយក​រដ្ឋ​មន្ត្រី​ដោយ​ព្រះមហាក្សត្រ​ចេញ​ពី​គណបក្ស​ជាប់ឆ្នោត​ ហើយ​រៀបចំ​គណៈរដ្ឋមន្ត្រី​ ដើម្បី​ឲ្យ​សភា​ផ្តល់​ការ​ទុកចិត្ត​ដោយ​សំឡេង​៥០​ភាគរយ​បូក១។

លោក​គល់ បញ្ញា ​កត់​សម្គាល់​ថា ​តាំងពី​ទសវត្សរ៍​១៩៩០​មក ​បញ្ហា​សំខាន់​គឺ​រឿង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដោយ​ភាគី​នានា​ចាត់ទុក​ថា មាន​ការក្លែង​បន្លំ ​ជា​ការ​បោះឆ្នោត​មិន​សេរី និង​យុត្តិធម៌។​ តែ​ទោះជា​មាន​រឿង​ដូច្នេះ​ក្តី ​បញ្ហា​ការ​តវ៉ា និង​ពហិកា​មិន​ចូល​ប្រជុំសភា​ក្នុង​គោលដៅ​ធ្វើឲ្យ​គាំង​ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការ​បោះឆ្នោត​នេះ ​នឹង​មិន​អាច​កើតឡើង​បាន​ទៀត​ទេ ​ដោយសារ​ប្រទេស​កម្ពុជា​បាន​បង្កើត​នីតិវិធី​មួយ​ថា​ ប្រសិន​ណា​បើ​គណបក្ស​ណា​ពហិកា​មិន​ចូល​ប្រជុំសភា​ដើម្បី​បង្កើត​ស្ថានប័ន​នេះ​ក្រោយការ​បោះឆ្នោត​ទេ​ នោះ​នឹង​មាន​ការ​បែកចែក​អាសនៈ​របស់​គណបក្ស​ដែល​ពហិកា​នោះ​ ទៅ​ដល់​គណបក្ស​ផ្សេង​ទៀត។

ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​គុល បញ្ញា​ បាន​ចាត់​ទុក​ថា​ នីតិវិធី​ការ​ផ្ទេរ​អំណាច​នៅ​សហរដ្ឋ​អាមេរិក ​មាន​ការ​រៀបចំ​បាន​ច្បាស់​ល្អ​ មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​អ្នក​ឈ្នះ​ក្នុងការ​រៀបចំ​គណៈរដ្ឋមន្ត្រី​ ដែល​លោក​នៅតែ​សង្ឃឹម​ថា​ រឿងនេះ​នឹង​កើត​ឡើង​ដូចគ្នា​ក្នុង​ប្រទេស​កម្ពុជា​នៅពេល​អនាគត៕

XS
SM
MD
LG